ហ៊ីយ៉ាន់ដាយ​ ព្រលះ​រ៉ឺម៉ក​ដឹក​ ដូង​ពេញ​ទំហឹង​ ស្លាប់​១​ដង្ហើម​ ចង្រិត​២​នាក់

8/01/2013 0 Comments A+ a-

កំពង់ធំ ​៖ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​វាល​សរសៃ​ ឃុំ​សូ​យោង ​ស្រុក​បារាយណ៍ ​ខេត្ត​កំពង់ធំ​ បណ្ដាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​របួសធ្ងន់​២​នាក់​ កាលពី​រសៀល​ម៉ោង​៣​និង១៧​នាទីថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ ២០១៣។
តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ​២​តោន​កន្លះ ពណ៌ ខៀវ ពាក់​ស្លាក​លេខ​ ភ្នំពេញ 3A-4424 បាន​បើក​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ​លុះ​មកដល់​កើតហេតុ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង ក៏បាន​បើក​បុក​យ៉ាង​ពេញ​ទំហឹង​ទៅលើ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​ដូង​បណ្តាល​ឲ្យ​ម្ចាស់​រ៉ឺម៉ក​ខ្ទាតទៅ​ទើរ​លើ​រ៉ឺម៉ក ដាច់ខ្យល់​ស្លាប់​លើ​បង្គង​រ៉ឺម៉ក​យ៉ាង​វេទនា​ជាទីបំផុត។ ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរ​នេះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ មួង ផាត ភេទ ប្រុស​អាយុ ៤២​ឆ្នាំ មានមុខ​របរ​ដឹក​ដូង​លក់ មាន​ទីលំនៅ​ភូមិ កំ​ប៉ាល ឃុំ ក​ណ្តែ​ក ស្រុក បាធាយ ខេត្តកំពង់ចាម។ ប្រភព​បាន​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​ខាង​លើ​នោះ ​រថយន្ត​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ឌុប​បន្ត​ទៀត ខណៈ​ពេល​ដែល​កំពុង​ធ្វើដំណើរ​ជិះ​គ្នា​៣​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ៣​នាក់ ទី​១. ​ឈ្មោះ អិន សំណាង អាយុ ២៩​ឆ្នាំ នៅ​ស្រុក​ស្ទោង ទី​២.ឈ្មោះ សន ស៊ី​ណេ​ត ភេទ​ស្រី បែកក្បាល រស់នៅ ខេត្តព្រៃវែង ទី​៣. ឃុន សុធា ភេទ​ស្រី​អាយុ ២៣​ឆ្នាំ រស់នៅ​ខេត្តព្រៃវែង ជនរងគ្រោះ​ទាំងអស់ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ចំណែក​តៃកុង​ឡាន ឃើញ​សភាពការណ៍​មិន​ស្រួល ក៏បាន​ចុះ​ពីលើ​រថយន្ត ដាក់​មេ​ប្រូច​បាត់ស្រមោល។
តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ នេះ​គឺ​បណ្តាល​មកពី តៃកុង​ឡាន​មិន​គោរព​ច្បាប់​ចរាចរ រំលោភ​បំពាន​ទាំ​ស្រុង​ទៅលើ​ម៉ូតូ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង។ ក្រោយពី​កើតហេតុ វត្ថុតាង​មាន​រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​បាន​នាំ​យក​មក​រក្សាទុក​នៅ​អធិការ​ស្រុក​បារាយណ៍ ដើម្បី​ឲ្យ​ភាគី​ទាំងសងខាង ចូល​មក​ដោះស្រាយ​តាម​នីតិ​វិធី​នៃ​ច្បាប់៕ប្រភព កម្ពុជាថ្មី
ប៊ុន រដ្ឋា​
a