អ្នកទិញជ្រូក បន្លំភ្នែកជញ្ជីង ដែលតែង តែបោកប្រាស់ អ្នកស្រុកត្រូវ ប៉ូលិសស្រុក បន្ទាយមាសបង្ក្រាប
កំពត ៖ ក្រុមមនុស្សទិញជ្រូកឆបោក៥នាក់ត្រូវបានសមត្ថកិច្ចស្រុកបន្ទាយមាសឃាត់ខ្លួនមកសាកសួរ បន្ទាប់ពីម្ចាស់ជ្រូករាយការណ៍ថា បានទិញជ្រូកដោយកេងបន្លំភ្នែកជញ្ជីងស្រស់ៗ ហើយដឹកជ្រូកបំណងគេចខ្លួនតែត្រូវម្ចាស់ជ្រូកដេញតាមទាន់ក៏ប្ដឹងប៉ូលិសឲ្យឃាត់ខ្លួនមកសាកសួរតែម្តង។
ជនឆបោកទាំង៤នាក់ខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១២និង២០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ត្រង់ចំណុចភូមិត្រពាំងមន្ត្រី ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ក្រោយពីជនឆបោកខាងលើបានទិញជ្រូកបន្លំភ្នែកជញ្ជីងគេនៅភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ប្រមាណ៣ម៉ោងមុខ។
តាមការអះអាងពីសំណាក់ម្ចាស់ជ្រូកឈ្មោះស្រីលាភ បានរៀបរាប់ថា កាលពីព្រឹកមិញខណៈប្ដីមិននៅផ្ទះ ស្រាប់តែមានឈ្មួញចំនួន៥នាក់មករកទិញជ្រូក ដោយឲ្យតម្លៃក្នុង១គីឡូ៨២០០រៀល ហើយជ្រូកដែលត្រូវលក់មានចំនួន៥ក្បាល លុះពេលថ្លឹងជ្រូកទាំ៥ក្បាលបានត្រឹមតែ១៩៩គីឡូ ទើបគាត់សង្ស័យ ហើយក៏ទូរស័ព្ទទៅប្រាប់ប្ដីរបស់គាត់ឲ្យជួយឃាត់ឡានជ្រូក ដើម្បីសុំថ្លឹងម្តងទៀត លុះពេលប្ដីគាត់តាមទាន់សុំប្រគល់លុយឲ្យហើយសុំយកជ្រូកវិញ ស្រាប់តែអ្នកទិញជ្រូកបែរជាបើករថយន្តគេចមិនទទួលខុសត្រូវ ទើបគាត់ជិះម៉ូតូដេញតាមយ៉ាងប្រផាប់ប្រភីង ទីបំផុតក៏តាមទាន់នៅចំណុចភូមិត្រពាំងមន្ត្រី ឃុំសំរោងលើ ស្រុកបន្ទាយមាស ដែលមានចំងាយពីកន្លែងទិញប្រមាណជាង២០គីឡូម៉ែត្ររួចប្ដឹងប៉ូលិសឲ្យជួយអន្តរាគមន៍ភ្លាម។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ច ក៏បានឲ្យអ្នកទិញជ្រូកថ្លឹងជ្រូក៥ក្បាលនេះឡើងវិញ ទើបដឹងថាក្រុមនេះពិតជាក្រុមឆបោក ព្រោះជ្រូកទាំង៥ក្បាលពេលថ្លឹងត្រឹមត្រូវបានរហូតដល់ទៅ២៨០គីឡូក្រាម គឺខុសគ្នារហូតដល់ទៅ៨១គីឡូក្រាម បើប្រៀបធៀបកាលពីថ្លឹងនៅកន្លែងលក់បានត្រឹមតែ១៩៩គីឡូប៉ុណ្ណោះ ខណៈនោះដោយសមត្ថកិច្ចដឹងថាក្រុមនេះពិតជាក្រុមបោកប្រាស់ ទើបឲ្យពួកគេមកនិយាយគ្នានៅអធិការដ្ឋាននគរបាលស្រុកបន្ទាយ ប៉ុន្តែពេលពួកគេបើករថយន្តបែរជាបើករត់បំណងគេចខ្លួន ប៉ូលិសក៏ទាក់ទងតាមអាយកូមឲ្យសមត្ថកិច្ចនៅគោលដៅខាងមុខក្របួតបានរួចនាំខ្លួនជនឆបោកព្រមទាំងរថយន្តដឹកជ្រូកមកសាកសួរនៅអធិការដ្ឋានតែម្តង។
បច្ចុប្បន្នក្រុមទិញជ្រូកឆបោកអ្នកស្រុកខាងលើត្រូវសមត្ថកិច្ចស្រុកបន្ទាយមាសកំពុងសាកសួរ និងចាត់ការតាមនីតិវិធីហើយ៕ប្រភព កម្ពុជាថ្មី
