ស្ត្រី២នាក់ ម្នាក់ប្រចណ្ឌប្តី ម្នាក់សង្សារបែកចិត្ត លេបថ្នាំប៉ងធ្វើ អត្តឃាតក្នុងថ្ងៃតែមួយ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ដោយសារប្រចណ្ឌប្តី បានលេបថ្នាំ ប៉ារ៉ាសេ តាមុលអស់៥បន្ទះ ស្មើនឹង៥០គ្រាប់ប៉ងធ្វើអត្តឃាត តែមិនបានសម្រេច ហើយត្រូវក្រុមគ្រួសារ ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យទាន់ពេល។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៧ សីហា នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
បើតាមបុរសជាប្តីបានឱ្យដឹងថា រូបគេជាជាងសំណង់ និងជាងពិតានតាមរោងចក្រ មានប្រពន្ធឈ្មោះស្រី រ័ត្ន អាយុ១៩ឆ្នាំ ។ គាត់បន្តថា ឆ្លៀតពេលទំនេរ ពីការងារ នៅពេលល្ងាចគាត់បានទៅរៀនភាសាចិនដើម្បីងាយស្រួលនិយាយជាមួយជនជាតិចិនជាថៅកែរោងចក្រ ដោយទើបតែទៅរៀនបានរយៈពេល២០ថ្ងៃប៉ុណ្ណោះ គឺរៀនរយៈពេល២ទៅ៣ម៉ោង ប៉ុន្តែប្រពន្ធមិនជឿ ថាគាត់ទៅរៀនចិនទេ បែរជាប្រចណ្ឌ ថារូបគាត់មានស្រីនៅខាងក្រៅទៅវិញ ទើបនៅថ្ងៃកើតហេតុនាងបានផឹកថ្នាំប៉ារ៉ាសេតាមុលអស់៥បន្ទះរហូតសន្លប់ស្តូកស្តឹង ហើយត្រូវក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យលាងក្រពះជម្រះជាតិពុលបានធូរស្រាលឡើងវិញ។
ដោយឡែកស្ត្រីម្នាក់ទៀត ដោយខូចចិត្តនឹងសង្សារ ក្បត់ចិត្តបានលេបថ្នាំ ប៉ារ៉ាសេ តាមុលអស់២បន្ទះ ស្មើនឹង២០គ្រាប់ ប៉ងធ្វើអត្តឃាត តែមិនបានសម្រេចកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៧ សីហា នៅបន្ទប់ជួលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នារីរូបនេះត្រូវបានគេស្គាល់ឈ្មោះជាង ហ៊ឹម អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរនៅម្តុំស្ទឹងមានជ័យ មានស្រុកកំណើតនៅខេត្តកំពង់ធំ ស្នាក់នៅបន្ទប់ជួលខាងលើ។ តាមការបង្ហើបឱ្យដឹងពីសាច់ញាតិថា មូលហេតុដែលបណ្តាលឱ្យ នាងលេបថ្នាំសម្លាប់ខ្លួននេះ ដោយសារ ខូចចិត្តនឹងសង្សារបែកចិត្តទៅមានស្រីថ្មី។ប្រភព កោះសន្តិភាព