នគរបាល ខណ្ឌដង្កោ រវល់ពេញ១យប់ ដោយសារស្រ្តីម្នាក់ អត់លុយសងគេ ប្រើល្បិចថា ចោរប្លន់

8/07/2013 0 Comments A+ a-

ភ្នំពេញ៖ ស្ត្រីម្នាក់ដោយសារ តែអត់លុយ សងគេ បានប្រើល្បិច បំបោង សភាពការណ៍ថា ត្រូវ ចោរប្លន់យកលុយ និងម៉ូតូសេ១២៥ ស៊េរី២០១៣ ទៅបាត់ ធ្វើឲ្យ មានការភ្ញាក់ផ្អើល ដល់កម្លាំង នគរបាល ខណ្ឌដង្កោចម្រុះ ចុះដល់ចំណុចកើតហេតុ ។ ប៉ុន្តែក្រោយពី ធ្វើការសាកសួរ ស្ត្រីរូបនោះបានឆ្លើយសារភាពថា កាលដែល គាត់ធ្វើបែបនេះ គឺដោយសារ តែគាត់ជំពាក់ លុយគេហើយ គ្មានលុយសង ។
មន្ត្រីនគរបាល ខណ្ឌដង្កោប្រាប់ឲ្យដឹងថា ស្ត្រីដែលប្រើល្បិច បំបោងសភាពការ ធ្វើឲ្យសមត្ថកិច្ចមានការឈឺក្បាល នេះមានឈ្មោះ ទ្រី ចាន់ដេត អាយុ៤៨ឆ្នាំ មុន របរលក់ដូរ រស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៌មាន ពីមន្ត្រីនគរបាល ខាងលើប្រាប់ថា ក្រោយពីបង្កភាព ចលាចលស្ត្រីឈ្មោះ ទ្រី ចាន់ដេត បានប្រាប់ថា នៅយប់កើតហេតុរូប គាត់បានធ្វើដំណើរចេញ ពីស្ទឹងមានជ័យ ដោយជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ស៊េរី ២០១៣ ដែលទើបនឹងទិញក្នុងតម្លៃ១៣០០ដុល្លារ ហើយនៅពេលធ្វើ ដំណើររូបគាត់ បានទុកលុយ នៅក្រោម កែបម៉ូតូ ចំនួន១លានរៀល សម្រាប់សងគេ លុះមកដល់ចំណុច ក្បែរស្ថានីយ ប្រេងតេលា ភូមិឬស្សី សង្កាត់ ស្ទឹងមានជ័យ ក៏ត្រូវចោរប្លន់យកទៅបាត់ ។ បន្ទាប់មកគាត់ក៏បានដើរតាមផ្លូវ ២១៧ រហូតមកដល់មុខហាង នំប៉័ងបាយ័ន ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រូបគាត់បានស្រែកឆោឡោថា មានចោរប្លន់ យកម៉ូតូ របស់ គាត់ទៅបាត់ហើយធ្វើមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច នគរបាលខណ្ឌដង្កោ ដែលដឹកនាំដោយលោក យឹម សារ៉ាន់ ចុះមក ដល់ចំណុចកើតហេតុ ដើម្បីជួយអន្តរាគមន៍។ ប៉ុន្តែហេតុការណ៍នេះ ក្រោយធ្វើការ សាកសួរ ក៏បែកធ្លាយរឿងជំពាក់លុយគេ ហើយគ្មានលុយសង ក៏បំបោង សភាពការនេះតែម្តង។
ទាក់ទិនទៅនឹងករណីនេះផងដែរ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ដង្កោប្រាប់ឲ្យដឹងថា ហេតុការណ៍ ដែលធ្វើឲ្យលោក ឈឺក្បាលនេះ បានកើតឡើងកាល ពីវេលាម៉ោង ២០និង៣០នាទី យប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ ដោយសារតែស្ត្រីរូបនោះ ជំពាក់លុយគេ ប៉ុន្តែគ្មានលុយសង ក៏ធ្វើបែបនេះ៕





ដោយៈ ដើមអម្ពិល