ខ្មោច​ព្រាយ​បិសាច​ លង​បន្លាច​ប្រជាពល​រដ្ឋ​ រស់​នៅ​ក្បែរ​មាត់​អូរ​

8/07/2013 0 Comments A+ a-

ខេត្តប៉ៃលិន ៖ បើសិនជាមានគេនិយាយ រៀបរាប់រឿងខ្មោចព្រាយបិសាច ប្រាប់ដល់ក្មេងតូចៗ ដែលកំពុងជួបជុំគ្នា នៅកន្លែងណាមួយនោះ គឺពួកគេតែងតែអង្គុយ ឬឈរសម្ងំចំហមាត់ចាំស្តាប់ យ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត ទោះបីជារឿងនោះ ពិត ឬជារឿងនិទានបែបកុហកក៏ដោយ ថែមទាំងធ្វើឱ្យពួកគេម្នាក់ៗ មានអារម្មណ៍ថាភ័យខ្លាចរហូតព្រឺរោម ដៃជើងផងដែរ ។
ទាក់ទិនទៅនឹងបញ្ហាទាំងនេះ មានអ្នកខ្លះជឿថា ពិតជាមានខ្មោចព្រាយបិសាចមែន តែក៏មានអ្នកខ្លះទៀតអត់ជឿទាល់តែសោះថាមានខ្មោច ព្រោះមើលអត់ឃើញ ហើយក៏មានតែនៅក្នុងខ្សែភាពយន្តដែលគេនិពន្ធឡើងប៉ុណ្ណោះ ។ មិនដឹងថា អស់លោកអ្នកមានយោបល់បែបណាជុំវិញការផ្សាយព័ត៌មានពីខ្មាចព្រាយប ិសាចនេះ ឡើយ ទោះបីជាបែបណា នេះគ្រាន់តែជារឿងភ្ញាក់ផ្អើលដែលបានកើតឡើងប៉ុណ្ណោះ ។
រឿងខ្មោចព្រាយបិសាចខាងលើ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយចំនួនរស់នៅក្បែរមាត់អូរក្នុង ភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បាននិយាយរៀបរាប់ថា ពិតជាមានអាប ខ្មោចព្រាយបិសាចប្រាកដមែននៅលើផែនដីយើងនេះ មិនមែនតែនៅក្នុងខ្សែភាពយន្តឬវីដេអូនោះទេ ព្រោះពួកគេបានឃើញផ្ទាល់នឹងភ្នែក ថែមទាំងមានការភ័យខ្លាចរហូតដល់អ្នកខ្លះឈឺជ្រុះសក់ស្ទើរតែ ស្លាប់ថែមទៀតផង ។ ពលរដ្ឋទាំងនោះបានអះអាងថា ពេលខ្លះពួកគាត់ឃើញភ្លើងពណ៌ក្រហម ខៀវ លឿង មានទំហំប៉ុនចង្អេរ ហោះនៅពាក់កណ្តាលអធ្រាត្រ ដោយហោះតាមបណ្តោយមាត់អូរ និងទំលើដើមឈើនៅក្បែរអូរនោះ ។ ពេលខ្លះទៀត ពួកគាត់ឃើញជារូបភាពផ្សេងៗដូចជា ឃើញមនុស្សស្លៀកពាក់សដើរនៅពេលយប់ ឬក្លែងធ្វើជារូបសត្វប្លែកៗគួរឱ្យខ្លាច ។
បុរសឈ្មោះ ហុី សំណាង អាយុ៥២ឆ្នាំ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីមួយខែមុននេះពេលគាត់ងើបពីដំណេកនៅវេលាម៉ោង៤ទៀបភ្លឺ ក៏បានដើរទៅបង់ត្រីតែម្នាក់ឯងនៅក្នុងអូរ ។ លុះទៅដល់មាត់អូរក្បែរផ្នូរខ្មោចក្មេងស្រីម្នាក់ដែលស្លាប់ដោយ ផឹកថ្នាំពុលធ្វើអត្តឃាត ហើយត្រូវឪពុកម្តាយយកទៅកប់នៅក្រោមដើមឈើធំមួយជិតអូរ ស្រាប់តែលេចចេញសត្វឆ្កែញីសំគមមួយក្បាលយ៉ាងធំពណ៌ក្រហម ដើរឆ្វែលជើងគាត់ ថែមទាំងសម្លឹងមើលមុខគាត់ចុះឡើងៗ។ ពេលនោះគាត់នឹកឃើញថា មិនមែនជាឆ្កែញីធម្មតាទេ គឺជាខ្មោចលងហើយ ទើបគាត់និយាយទៅឆ្កែនោះថា បើឯងពិតជាខ្មោចមែន សូមទៅឱ្យឆ្ងាយចុះ ព្រោះអញអត់ធ្វើអ្វីដល់ឯងទេ គឺអញដើរកាត់តាមផ្លូវនេះប៉ុណ្ណោះ ដើម្បីមកបង់ត្រីយកទៅលក់យកប្រាក់ចិញ្ចឹមក្រុមគ្រួសារ។ រំពេចនោះឆ្កែញីមួយក្បាលដ៏ធំនេះបានដើេរចេញពីគាត់ តម្រង់ទៅផ្នូរខ្មោចរបស់ក្មេងស្រីដែលស្លាប់កាលពីប៉ុន្មានខែមុន បាត់ស្រមោលឈឹងទៅ ។
លោក ហីុ សំណាង បានរំលឹករឿងមួួយថា ពេលមួយនោះនៅឯស្រុកកំណើតរបស់គាត់ក្នុងខេត្តកំពង់ចាម រូបគាត់និងអ្នកផ្សេងទៀតចំនួន៣នាក់ ខណៈកំពុងជួបជុំអង្គុយនិយាយគ្នាលេងនៅកន្លែងមួយ ស្រាប់តែមានដុំភ្លើងបិសាចមួយយ៉ាងធំធ្លាក់ពីលើមកចំកណ្តាលពួក គាត់ ហើយក៏បានវិលចុះវិលឡើងរហូតដល់បែកខ្ចាយរលត់បាត់អស់ទៅ ។ លុះនៅព្រឹកថ្ងៃបន្ទាប់មក ស្រាប់តែមានបុរសម្នាក់ក្នុងចំណោមពួកគាត់ បានធ្លាក់ខ្លួនឈឺរហូតដល់ជ្រុះសក់ស្ទើរតែស្លាប់។
ប្រភពដដែលបន្តទៀតថា មានរឿងមួយទៀតផងដែរ មានបុរសម្នាក់បានយកពិលដើេរចេញពីផ្ទះដើម្បីទៅរកឆ្លុះកង្កែប ពេលយប់ក្នុងព្រៃក្រៅភូមិ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងជោកជាំនៅពេលថ្ងៃរួចមក ។ លុះពេលគាត់ទៅដល់វាលមួយឆ្ងាយពីផ្ទះ ស្រាប់តែឮកង្កែបយំយ៉ាងទ្រហឹងអឺងកង ហើយគាត់ក៏ដើរសំដៅទៅទីនោះ។ គាត់បានប្រទះឃើញភ្លើងមួយយ៉ាងធំកំពុងតែហោះហើរនៅទាបលើដីក្បែរ កន្លែងកង្កែបយំ គាត់ក៏ចាប់អង្រុតរត់សំដៅទៅចំភ្លើងនោះ ហើយសង្កត់ជាប់ ។ ប៉ុន្តែក្រោយមកភ្លើងនោះបានរើបណ្តាលឱ្យប៉ើងអង្រុតចេញ និងដេញគាត់ពីក្រោយជាប់បណ្តាលឱ្យគាត់រត់អស់ចម្ងាយជាច្រើនម៉ែត្រ និងចុះទៅត្រាំក្នុងទឹកបឹងមួយកន្លែង ឯភ្លើងនោះហោះឆ្វែលគាត់មួយសន្ទុះ តែគាត់បានយកអង្រុតគ្របក្បាលពីលើ ទើបភ្លើងនោះធ្វើអ្វីអត់កើត ក៏ហោះចេញទៅបាត់ស្រមោល ។
លុះពេលបុរសរូបនោះដើរត្រឡប់មកដល់ផ្ទះវិញ ក៏ធ្លាក់ខ្លួនឈឺរហូតជ្រុះសក់ ហើយបានឱ្យគ្រូពេទ្យព្យួរសេរ៉ូមអស់ជាច្រើនប្លោកទើបជាសះស្បើយ ។ តាំងពីថ្ងៃនោះមក គាត់លែងហ៊ានដើរទៅណាពេលយប់ម្នាក់ឯងទៀតហើយ ព្រោះជួបបញ្ហាដុំភ្លើងចម្លែកដេញជាក់ស្តែង ។
ចំណែកស្ត្រីម្នាក់ឈ្មោះ ឆ្នើម សុផុន អាយុ៤១ឆ្នាំ រស់នៅភូមិសួនអំពៅលិចក្បែរមាត់អូរបានរៀបរាប់ថា កាលពីពេលថ្មីៗនេះ នៅយប់មួយគាត់បានងើបទៅបត់ជើងតូច ស្រាប់តែក្រឡេកមើលទៅក្រៅផ្ទះឃើញភ្លើងពណ៌ក្រហមមួយយ៉ាងធំហោះ ក្បែរផ្ទះគាត់ សំដៅទៅឈប់នៅលើដើមឈើមួយដើមក្បែរមាត់អូរ ។ គ្រាន់តែឃើញភ្លាម គាត់ញ័រដៃញ័រជើង ព្រឺក្បាលខ្ញាកៗ ចង់បះសក់ច្រូង ទើបគាត់រត់ស្ទុះទៅដាស់ប្តីដែលកំពុងដេកឱ្យមកមើលទាំងអស់គ្នា ហើយប្តីគាត់ប្រាប់ថាជាភ្លើងព្រាយ ។
រីឯយុវជនម្នាក់ឈ្មោះ ឃាង ស៊ីថា អាយុ១៨ឆ្នាំ រៀបរាប់ថា កាលពីប៉ុន្មានថ្ងៃមុនរូបគេបានដើរទៅដាក់លាន់យកអន្ទង់នៅក្នុង អូរដោយអត់ដឹងថាមានគេយកខ្មោចស្ត្រីម្នាក់ដែលផឹកថ្នាំពុលស្លាប់ កាលពីខែមុនទៅកប់ក្បែរមាត់អូរនោះទេ ។ នៅវេលាម៉ោង៤និង៤០នាទី ទៀបភ្លឺ រូបគេបាននាំប្អូនប្រុសម្នាក់ទៅមើលលាន់ចំនួន៦ ដែលដាក់នៅក្នុងអូរក្បែរផ្នូរខ្មោច។ ពេលគេចុះទៅដល់លាន់ភ្លាម ស្រាប់តែឃើញមានអន្ទង់ជាច្រើនចូលក្នុងលាន់នោះ ពេលទាញចេញមកធ្ងន់ស្ទើរតែលើកអត់រួច លុះពេលយកមកដល់លើគោកកន្លែងប្អូនឈរចាំនៅក្បែរផ្នូរខ្មោច ចាក់នៅលើដីអត់ឃើញមានអន្ទង់មួយក្បាលសោះ មានតែនុយប៉ុណ្ណោះ ។ គ្រាន់តែឃើញដូច្នេះ រូបគេក៏នាំប្អូនត្រឡប់មកផ្ទះវិញភ្លាម ។ ប្រភពដដែលបានឱ្យដឹងទៀតថា មិនត្រឹមតែប៉ុណ្ណឹងទេ ខ្មោចក្មេងស្រីម្នាក់នេះក៏បានលងបន្លាចអ្នកភូមិយ៉ាងច្រើនផងដែរ បន្ទាប់ពីនាងស្លាប់ថ្មីៗបានរយៈពេល៣-៤ថ្ងៃ ដោយស្លៀកពាក់សំពត់ស អាវស ឈរនៅក្បែរផ្ទះរើចាន រើឆ្នាំង មានសំឡេងស្រែកយំនៅពេលយប់ លុះក្រោយមកទៀតក៏បាត់លែងឃើញមានអ្វីតទៅទៀត ។
ផ្ទុយទៅវិញ បុរសចំណាស់ម្នាក់ឈ្មោះ ឯក ស្រៀង អាយុ៦៩ឆ្នាំ បាននិយាយរៀបរាប់ថា គាត់រស់នៅក្នុងភូមិសួនអំពៅលិច កន្លែងដែលមានឆ្អឹងខ្មោចគេសម្លាប់ចោលកាលពីសម័យប៉ុល ពតដែរ តែអត់ដែលឃើញមានខ្មោចព្រាយបិសាចណាមកលងបន្លាចគាត់ និងកូនចៅទេ ហើយរឿងដែលគេនិយាយថាឃើញភ្លើងហោះនេះ ក៏គាត់អត់ធ្លាប់ឃើញដែរ ព្រោះគាត់មិនធ្លាប់ចេញដើរទៅណាមកណានៅពេលយប់។ ដូច្នេះគាត់អត់ជឿថា មានខ្មោចព្រាយបិសាចទេ ហើយបើមានឬអត់ ក៏គាត់មិនដឹងពិតប្រាកដដែរ ព្រោះឮតែគេនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយប៉ុណ្ណោះ ៕












បញ្ចូលអត្ថបទ ៖ ស្រីណា កោះ ដោយ កោះសន្តិភាព