មិត្តភក្តិ ផឹកស្រាស ជាមួយគ្នា ដល់ពេលស្រវឹង វាយគ្នាឯង ម្នាក់ស្លាប់
កណ្តាល៖ យុវជនម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីរូបគេនិងមិត្តភក្តិ បានផឹកស្រាជាមួយគ្នា លុះដល់ ពេលស្រវឹង ឈ្លោះទាស់ពាក្យសំដី នឹងគ្នា រហូតឈានដល់ការប្រើអំពើហិង្សា វាយគ្នាឯងរហូតដល់ ស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ ត្រង់ចំណុចភូមិព្រែកត្រែង៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ។
ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ខាងលើនេះ ឈ្មោះ ជិន វ៉ាន់ដន ភេទប្រុស អាយុ ២៥ឆ្នាំ ដោយឡែកជនសង្ស័យ ដែលបានប្រើអំពើហិង្សា បណ្តាលឲ្យមិត្តភក្តិស្លាប់នោះ ឈ្មោះ ចិន លុញ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
អ្នកភូមិបាននិយាយថា ជនរងគ្រោះ និងជនបង្ក ព្រមទាំងបក្ខពួក ៤-៥នាក់ទៀត ដំបូងឡើយបាន នាំគ្នាផឹកស្រាស លុះដល់ពេលស្រវឹង ក៏ឈ្លោះទាស់ពាក្យសម្តីគ្នា រហូតឈ្មោះ ចិន លុញ ឈានដល់ ការយកកំណាត់ឈើ ប្រវែងកន្លះម៉ែត្រ មកវាយជនរងគ្រោះ ឈ្មោះ ជិន វ៉ាន់ដន ត្រូវចំកញ្ចឹង ក ធ្វើ ឲ្យធ្វើឲ្យជនរងគ្រោះ ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
លោកវរសេនីយ៍ទោ ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា ករណីខាងលើនេះ កម្លាំង នគរបាលរបស់លោក កំពុងស្រាវជ្រាវ និងកសាងសំណុំរឿង ស្នើសុំដីកាចាប់ខ្លួនជនសង្ស័យ ឈ្មោះ ចិន លុញ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ ៕
ដោយ ៖ ដើមអម្ពិល