ជិះម៉ូតូឌុបគ្នា ទៅបុករបងផ្ទះ និងបង្គោលភ្លើង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ អ្នករួមដំណើរពីរនាក់រងរបួសធ្ងន់ម្នាក់ និងនារីម្នាក់ទៀត រងរបួសស្រាល គេចខ្លួនបាត់ ក្រោយពីពួកគេជិះម៉ូតូឌុបគ្នា ទៅបុករបងផ្ទះ និងបង្គោលភ្លើង កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវ១៨២ កែងផ្លូវ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ ពុធ ខេមរា អាយុជាង២០ឆ្នាំ ជាកម្មកររោងចក្រស្បែកជើង ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ។ ចំណែកយុវជនរងគ្រោះម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1L-3518 ជិះឌុបគ្នា តាមបណ្តោយផ្លូវ១៨២ ដោយបានបើកយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវកែងលេខ២១៥ ស្រាប់តែរេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ ហើយបុកបង្គោលភ្លើងមួយដើមទៀត បណ្តាលឲ្យបុរសជាអ្នកបើកបរស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ឯបុរសម្នាក់ទៀតដែលរួមដំណើរជាមួយគ្នានោះ ត្រូវរងរបួសធ្ងន់។ ដោយឡែកនារីម្នាក់ទៀតបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានហៅរថយន្តសាមុយដឹកបុរសរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
សមត្ថកិច្ចបានហៅរថយន្តសាមុយដឹកបុរសរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕