សែនក្បាល ទឹកផឹកស្រវឹងកាប់ ប្រហារគ្នាស្លាប់ ម្នាក់នៅស្រុក សំរោងទង
ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ដេកស្លាប់ក្នុងថ្លុក ឈាមយ៉ាងអាណោចអាធ័ម ខណៈត្រូវជនដៃដល់កាប់ប្រហារមួយកាំបិតផ្គាក់ចំក្បាល បន្ទាប់ពីផឹកស្រវឹងឈ្លោះប្រកែកគ្នាបន្តិចបន្តួច ។ ករណីអំពើហិង្សាដ៏សាហាវនេះ កើតឡើងកាលពីវេលា ម៉ោង៦ល្ងាចថ្ងៃទី២១ សីហា ២០១៣ ស្ថិតក្នុងភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ។
ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះអូក សំអាត អាយុ២៤ឆ្នាំ មានទីលំនៅភូមិកើតហេតុ ចំណែកជនដៃដល់មិនទាន់ស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុរត់គេចខ្លួនបាត់ ហើយពេលនេះ សមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួន ។
សាក្សីឱ្យដឹងថា មុនពេលកើតហេតុ ក្នុងឱកាសសែនក្បាលទឹក យុវជនរងគ្រោះបានជួបជុំគ្នាផឹកស៊ីជាមួយអ្នកជិតខាងនៅផ្ទះឈ្មោះថា ក្បែរផ្ទះជនរងគ្រោះ ដោយមានជនដៃដល់ចូលរួមផងដែរ ។
ប្រភពបន្តថា ពេលផឹកស្រវឹងរៀងខ្លួនមិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែផ្ទុះជម្លោះកើតឡើង រហូតធ្វើឱ្យជនដៃដល់ទាញកាំបិតផ្គាក់កាប់ប្រហារ ជនរងគ្រោះគ្មានញញើតដៃស្លាប់ក្នុងថ្លុកឈាមតែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព