ឈាម​ស្រែក​ ស្បែក​ហៅ​បាញ់​ សម្លាប់​មនុស្ស​ បាន​ប៉ុន្មាន​ម៉ោង​ ត្រូវ​សមត្ថកិច្ច​ ក្របួច​បាន​

8/14/2013 0 Comments A+ a-

ខេត្ដកំពង់ស្ពឺ​ ៖​ បុរស​វ័យ​ចំណាស់​ ម្នាក់​មាន​មុខរបរ​លក់ដូរ​អីវ៉ាន់​ចាប់ហួយ​ ត្រូវ​ឃាតករ​មិន​ស្គាល់​មុខ​បាញ់​១​គ្រាប់​ ត្រង់​ក្បាល​បណ្ដាល​ឱ្យ​ប្រកាច់​ស្លាប់​ភ្លាមៗ​ ក្នុង​ថ្លុកឈាម​ បន្ទាប់​មក​ឃាតក​បាន​រត់​ គេចខ្លួន​បាត់​ ។​
​ករណី​ឃាតកម្ម​យ៉ាង​សាហាវ​នេះ​  បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៨​និង​ ៣០​នាទី​យប់​ ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ក្នុងភូមិ​ទី​២(​ចន្ទ​បុរី​)​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ។​
​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​ដែល​ ដកស្រង់​សម្ដី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​រាយ​ ការណ៍​ថា​ ជន​រង​គ្រោះ​ក្នុង​ករណី​បាញ់​ សម្លាប់​គ្មាន​ញញើត​ដៃ​ពី​សំណាក់​ជន​ដៃ​ ដល់​ជា​ឃាតក​នេះ​មានឈ្មោះ​ សាន់​ សឿង​ ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ​ ជន​រង​គ្រោះជា​ ជន​ពិការ​ដៃស្ដាំ​ មានមុខរ​បរជា​អ្នកលក់​ ដូរ​បន្ដិចបន្ដួច​នៅផ្ទះ​របស់​គាត់​ផ្ទាល់​ ។​
​ប្រភព​ដដែល​បាន​បន្ដ​ថា​ មុន​ពេល​កើតហេតុ​មាន​បុរស​ពីរ​នាក់​បាន​មក​ ស្រែកហៅ​ដាស់​ជន​រង​គ្រោះ​ដើម្បី​រក​ ទិញ​ស្រា​បៀរ​កន្លះ​កេស​ ។​ បន្ទាប់​ពី​បាន​ ស្រា​បៀរ​ហើយ​ជន​ដៃដល់​បានឱ្យ​លុយ​ ចំនួន​២០​ដុល្លារ​ និង​ទារ​រក​សាច់​ក្លែម​ បង្គ្រប់​លុយ​។​ នៅ​ពេល​ប្រពន្ធ​ជន​រង​គ្រោះ​ ដើរ​ចូល​ក្នុង​តូប​ស្រាប់តែ​ឮ​សូរ​សំឡេង​ អាវុធ​ផ្ទុះ​ផូង​។​ ភ្លាម​នោះ​ប្រពន្ធ​ជន​រង​ គ្រោះ​ងាក​មក​មើល​ប្ដី​ ឃើញ​ប្ដី​របស់​ គាត់​ដួល​ផ្កាប់មុខ​ស្លាប់​ក្នុង​ថ្លុកឈាម​បាត់​ ទៅ​ហើយ​ ។​
​ប្រភព​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា​ នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​រក​ឃើញ​ សំបក​គ្រាប់​ម៉ាក​កា​៥៩(​គ្រាប់​ច្នៃ​)​ហើយ​ ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បណ្ដាល​ មក​ពី​រឿង​គំនុំ​ព្រោះ​ជនសង្ស័យ​មិន​បាន​ ប្លន់​យក​ទ្រព្យសម្បត្ដិ​អ្វី​ទាំងអស់​ក្រោយ​ពី​ បាញ់​រួច​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ ស្រាវជ្រាវ​យ៉ាង​យកចិត្ដទុកដាក់​បំផុត​ ដើម្បី​កំណត់​មុខសញ្ញា​ឃាតក​ដៃដល់​ ដែល​បាន​បាញ់​សម្លាប់​មនុស្ស​ដូច​បាញ់​ សត្វ​ចាប​គ្មាន​ញញើត​ដៃ​យក​ទៅ​ផ្ដន្ទា​ ទោស​តាម​ផ្លូវច្បាប់​ ។​
​លោក​អនុសេនីយ៍ទោ​ទិ​ត្យ​ វណ្ណៈ​ នាយ​ ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ ទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ដ​បានឱ្យ​ដឹង​ថា​ ដោយ​បាន​ទទួល​បទបញ្ជា​ពី​លោក​ឧត្ដម​ សេនីយ៍​ត្រី​ ម៉ែ​ន​ ស៊ី​ប៊​ន​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្ដ​ រូប​លោក​បាន​ដឹក​ នាំ​កម្លាំង​សហការ​ជាមួយ​មន្ដ្រី​នគរបាល​ ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ ព្រមទាំង​ សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ដកំពត​ ហើយ​ជា​លទ្ធផល​សមត្ថកិច្ច​ខេត្ដកំពត​ ឃាត់​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ មាន​ភិនភាគ​ដូច​ប្រពន្ធ​ជន​រង​គ្រោះ​ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ នៅ​ភូមិ​ កំពង់បាយ​ខាងត្បូង​ សង្កាត់​កំពង់បាយ​ ក្រុង​កំពត​ ។​
​ប្រភព​ពី​សមត្ថកិច្ច​ខេត្ដកំពត​បាន​ ទម្លាយ​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​រស់​ ពេជ្រ​ ហៅ​ហុ​ក​ អាយុ​៣៤​ ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ទ្រី​ គន្ធរ​ ជា​អតីត​ កីឡាករ​ប្រដាល់​ អាយុ​៣០​ឆ្នាំ​ អ្នក​ទាំង​ពីរ​ ពុំ​មាន​ទីលំនៅ​ពិតប្រាកដ​ទេ​ ។​ ប្រភព​ បន្ដ​ថា​ សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើងខ្លី​ មួយ​ដើម​ម៉ាក​កា​៥៩​ និង​គ្រាប់​ច្នៃ​១៤​ គ្រាប់​ គឺ​ក្នុង​បង់​៦​គ្រាប់​ និង​ច្រក​ថង់​ ៨​គ្រាប់​ ។​
​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ ឈ្មោះ​​ ទ្រី​ គន្ធរ​ ឆ្លើយ​សារភាព​ថា​ រូបគេ​ មិន​បាន​បាញ់​ជន​រង​គ្រោះ​នោះ​ទេ​ គឺ​គ្នា​ គេ​ម្នាក់​ទៀត​ជា​អ្នក​បាញ់​ជន​រង​គ្រោះ​ ។​ ជនសង្ស័យ​បន្ដ​ថា​ ក្រោយ​ធ្វើ​សកម្មភាព​ ហើយ​ ពួក​គេ​បាន​ជិះ​ម៉ូតូ​ម៉ាក​អេស​អិ​ល​ គេចខ្លួន​ទៅ​ខេត្ដកំពត​ ក៏​ត្រូវ​សមត្ថកិច្ច​ ឃាត់ខ្លួន​បាន​តែ​ម្ដង​ ។​ ​នៅ​មិន​ទាន់​មាន​ប្រភព​ណាមួយ​អះ​ អាង​ថា​ តើ​ករណី​ឃាតកម្ម​នេះ​បណ្ដាល​មក​ ពី​បញ្ហា​អ្វី​នោះ​ទេ​តែ​សមត្ថកិច្ច​បាន​ដាក់​ ការ​សង្ស័យ​ជំហាន​ដំបូង​ថា​ជា​ករណី​គំនុំ​។​
​ប្រភព​ពី​មន្ដ្រី​នគរបាល​ឱ្យ​ដឹង​ថា​ ក្រោយ​សមត្ថកិច្ច​ខេត្ដកំពត​ធ្វើ​សន្និសីទ​ កាសែត​រួចរាល់​នឹង​បញ្ជូន​ជនសង្ស័យ​ ទាំង​ពីរ​មក​កាន់​ខេត្ដកំពង់ស្ពឺ​ដែល​ជា​ ម្ចាស់​ករណី​ចាត់ការ​បន្ដ​ ។​ ​តាម​ប្រភព​ព័ត៌មាន​ដោយ​ឡែក​មួយ​ ទៀត​ បានឱ្យ​បង្ហើប​ឱ្យ​ដឹង​ថា​ កន្លង​មក​ជន​ រង​គ្រោះ​ធ្លាប់​មាន​ទំនាស់​ដីធ្លី​ជាមួយ​អ្នក​ដទៃ​ ហើយ​ជនសង្ស័យ​ក្នុង​ករណី​ឃាត​ កម្ម​លើ​ជន​រង​គ្រោះ​ ដែល​សមត្ថកិច្ច​ខេត្ដ​ កំពត​ចាប់​បាន​នេះ​ អាច​ជា​ឃាតក​ស៊ីឈ្នួល​ បាញ់​សម្លាប់​ដើម្បី​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ប៉ុណ្ណោះ​  ៕
_______________________________
ប្រភពព័ត៌មានពី៖ នគវត្ត