រថយន្តកុងតឺន័រ ក្រុមហ៊ុន ផែស្ងួត សុកន បុកអ្នកដើរឆ្លង ថ្នល់ស្លាប់ម្នាក់

8/20/2013 0 Comments A+ a-

ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹង កន្លែងភ្លាមៗ ខណៈដែលបុរសរូប ដើរឆ្លងថ្នល់ ហើយត្រូវ រថយន្តកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួត សុកន បុកមួយទំហឹង នៅលើ កំណាត់ផ្លូវជាតិលេខ១ មុខវត្តវាលស្បូវ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១៩និង៤០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ បណ្តាលឲ្យបុរសរូបនោះ ស្លាប់ភ្លាមមួយរំពេច ហើយរថយន្តបានព្យាយាមបើករត់គេចខ្លួនបានប្រមាណជាងកន្លះគីឡូម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានទាំងរថយន្តនិង អ្នកបើកបរតែម្តង។ 
សូមបញ្ជាក់ថា បុរសដែលស្លាប់បាត់បង់ជីវិត ខាងលើនេះ ឈ្មោះ ជា រី អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិស្វាយតាអុក ក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ។ ដោយឡែកអ្នកបើកបរ រថយន្តបង្កនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។    
យោងតាមសាក្សី ដែលបាន ឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា ដំបូងឡើយរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួត សុកន បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិស ដៅពីកើតទៅលិច ដោយបានបោះពួយយ៉ាងលឿន បណ្តាលឲ្យជ្រុលទៅបុកបុរស ឈ្មោះ ជា រី ស្លាប់ភ្លាមមួយរំពេចនៅនឹងកន្លែងកើតហេតុ។ ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តែបានប្រមាណតែ៥០០ម៉ែត្រតែប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានទាំងរថយន្តនិងអ្នកបើកបរតែម្តង។       
បន្ទាប់ពីកើតហេតុ សាកសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្កសមត្ថកិច្ចជំនាញ បានចុះមកវាស់វែង អូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល