អាមេរិក៖ យន្ដហោះ​អាស៊ី​មួយ​គ្រឿង​ឆេះ បន្ទាប់​ពី​ខកខាន​ ការ​ចុះ​ចត (VDO)

7/08/2013 0 Comments A+ a-

យន្ដហោះប៊ូអ៊ីញ ៧៧៧ (Boeing 777) នៃក្រុមហ៊ុនអាកាសចរណ៍ អាស៊ីយ៉ាណា អ៊ែរឡាញ (Asiana Airlines) របស់កូរ៉េ​ខាងត្បូង បានឆាបឆេះជាអណ្ដាតភ្លើង នៅប្រលានយន្ដហោះអន្តរជាតិ នៃទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ បន្ទាប់ពី​យន្ដហោះ​នេះ បានខក​ខានក្នុងចុះចតកាលពីថ្ងៃសៅរ៍ទី០៦ខែកក្កដា វេលាម៉ោង១១និង៣០នាទី(ម៉ោងក្នុងស្រុក) ដែលបានធ្វើឲ្យមួយផ្នែក​នៃតួរបស់យន្ដហោះ ត្រូវបានភ្លើងឆេះទៅជាធ្យូង។

ផ្សែងត្របាញ់ឡើងលើ ព្រោះយន្ដហោះរបស់អាស៊ីយ៉ាណា អ៊ែរឡាញ ចុះចតមិនស្រួលបណ្ដាលឲ្យឆេះ។
តាមព័ត៌មានដំបូង ដែលផ្ដល់ដោយអាជ្ញាធរអាកាសចរណ៍អាមេរិក (FAA) មានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែល​រងគ្រោះ​នឹងភ្លើងឆេះរលាក ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុត តាមឧទ្ធម្ភាគចក្រ។ ប្រព័ន្ធផ្សព្វផ្សាយ​ប្រចាំ​តំបន់ បានរាយការណ៍ថា មានអ្នករបួសស្រាលច្រើនជាង១០នាក់។ អាជ្ញាធរបានបញ្ជាក់ថា នៅមុនហេតុការណ៍នេះ យន្ដហោះបានផ្ទុកអ្នកដំណើរប្រមាណជា ២៩១នាក់ និង១២នាក់ផ្សេងទៀតជាអ្នកបម្រើការលើយន្ដហោះ។ គ្រប់ជើង​ហោះហើរចេញពី និងឆ្ពោះទៅព្រលានយន្ដហោះ នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ត្រូវបានលប់ចោល ហើយព្រលានយន្ដហោះ ត្រូវបានបញ្ជាឲ្យបិតនៅក្នុងរយៈពេលនោះ។
សាក្សីជាច្រើនបានអះអាងថា កន្ទុយយន្ដហោះបានបុកបោក ទៅនឹងផ្លូវយន្ដហោះ។ អាជ្ញាធរអាកាសចរណ៍អាមេរិក ក៏បាន​បញ្ជាក់ពីហេតុការណ៍នេះដែរ នៅពេលដែលយន្ដហោះកំពុងចុះចត។ សាក្សីម្នាក់ឈ្មោះស្តេហ្វិន ឌៀរ (Stephen Dear) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «មុខរបស់យន្ដហោះ បានងើយឡើងខ្ពស់ខុសពីធម្មតា សម្រាប់យន្ដហោះទាំងឡាយ​ដែលបម្រុងនឹងចុះចត។ ខ្ញុំមានអារម្មណ៍ថា ដូចជាចំលែកណាស់។ (...) ខ្ញុំឃើញកន្ទុយរបស់វា បុកកកិតទៅនឹងដី។»
អគ្គិដែលបានឆាបឆេះបន្ទាប់មកនោះ ត្រូវបានគេពន្លត់។ បើគេមើលរូបភាពផ្សាយតាមទូរទស្សន៍ប្រចាំតំបន់ តួ​យន្ដហោះ​មួយចំហៀង ត្រូវបានភ្លើងអគ្គិឆេះទៅជាធ្យូង និងតួយន្ដហោះឈប់សំចតនៅលើដី ដែលស្របនឹងផ្លូវយន្ដហោះចុះ​ចតនោះ​ដែរ។ កន្លែងដែលយន្ដហោះចុះចតហើយបោកខ្លួននឹងផ្លូវនោះ មានចម្ងាយពីកន្លែងដែលយន្ដហោះឈប់នេះ​ប្រមាណ​ជា​១០០ម៉ែត្រ ហើយត្រូវបានគេសង្កេតឃើញមានស្នាមរបេះ និងបំណែកជាច្រើន ដែលទំនងជាកន្ទុយរបស់យន្ដហោះ៕
សូមទស្សនារូបភាព និងវីដេអូដូចខាងក្រោម៖