Samsung អាចនឹងប្រកាសចេញ Galaxy Note 3 នៅថ្ងៃទី០៤ ខែកញ្ញា
កាលពីចុងខែមិថុនាកន្លងទៅទើបតែមានពាក្យចចាមអារ៉ាមថាក្រុមហ៊ុន Samsung អាចនឹងចេញ Note 3 ពីរម៉ូដែលគឺប្រើអេក្រង់ AMOLED និងអក្រង់ LCD ដោយឡែកសម្រាប់ដើមសប្ដាហ៍ទី១នៃខែថ្មីនេះមានប្រភពមួយទៀតថាក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសចេញជាផ្លូវការនូវទូរស័ព្ទ Galaxy Note 3 នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ ។ កម្មវិធីនោះនឹងប្រព្រឹត្តទៅនាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ប៉ុន្តែបើយោងតាមប្រភពមុនៗថា Samsung នឹងបង្ហាញ Galaxy Note 3 នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មគ្រឿងអេឡិចត្រូនិកអន្តរជាតិ IFA 2013 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែដដែល ។
សូមបញ្ជាក់ផងដែរថាមកទល់ពេលនេះគ្មានប្រភពណាអាចបង្ហាញពីរូបភាព និងលក្ខណសម្បត្តិបច្ចេកទេសរបស់ Note 3 នៅឡើយទេ អ្វីដែលប្រិយមិត្តធ្លាប់បានឃើញនោះគឺជារូបភាពគំរូនិងលក្ខណសម្បត្តិបច្ចេកទេសដែលទទួលបានពីប្រភពចចាមអារ៉ាមតែប៉ុណ្ណោះ ។ បើយោងតាមប្រភពទាំងនោះបានអះអាងថា Note 3 អាចនឹងមានលក្ខណសម្បត្តិបច្ចេកទេសដូចជា៖ អេក្រង់ទំហំ 5.7-inch, CPU Qualcomm 800, បំពាក់ដោយបច្ចេកវិទ្យា LTE-A កាមេរ៉ា 13 MP និងមានពីរជម្រើសគឺ ម៉ូដែលប្រើអេក្រង់ LCD និង មួយម៉ូដែលទៀតប្រើអេក្រង់ Super AMOLED ។ រីឯប្រភពមួយទៀតកាលពីចុងខែមេសា ល្បីថា Galaxy Note 3 មានអេក្រង់ 5.99-inch, CPU Exynos 5 Octa និង RAM 3 GB ។ ធ្លាប់មានសេចក្ដីរាយការណ៍ថាក្រុមហ៊ុន Samsung នឹងចាប់ផ្ដើមផលិត Galaxy Note ជំនាន់ថ្មីក្នុងបរិមាណច្រើននៅក្នុងខែសីហា ដូច្នេះវាពិតជាអាចទៅរួចដែលថា Samsung ប្រកាសចេញ Note 3 នៅដើមខែកញ្ញា ហើយចាប់ផ្ដើមបញ្ចេញទៅលើទីផ្សារក្នុងរយៈពេលបន្តិចក្រោយមកទៀតនោះ នេះបើយោងតាមប្រភពពី UnwiredView ។
គួររំលឹកផងដែរថា Sony ដែលជាគូប្រជែងដ៏ធំមួយរបស់ Samsung ដែរនោះ បានប្រកាសចេញរួចហើយនូវទូរស័ព្ទទំនើប Sony Xperia Z Ultra (ZU) ប្រភេទ Phablet ដែលបំពាក់ដោយ CPU Snapdragron 800 និងថែមទាំងអាចការពារការជ្រាបទឹកនិងធូលីថែមទៀត ដូច្នេះគេជឿថា Samsung នឹងមិនទុកឱកាសឲ្យគូប្រកួតរបស់ខ្លួនទាញយកចំណែកទីផ្សារបានដោយងាយៗនោះទេ ធ្វើយ៉ាងណាក្រុមហ៊ុនត្រូវតែបញ្ចេញប្រភេទ Phablet ឲ្យបានឆាប់ ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងរូបរាងក៏ដូចជាលក្ខណសម្បត្តិបច្ចេកទេសរបស់ Galaxy Note 3 សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ព្រោះថាព័ត៌មានទាំងនោះនឹងត្រូវលាតត្រដាងនៅឯពិព័រណ៌គ្រឿងអេឡិចត្រូនិកអន្តរជាតិ IFA 2013 នាដើមខែកញ្ញា ៕
រូបភាពធ្លាប់លេចចេញដែលគេអះអាងថាជាផ្នែកខាងមុខរបស់ Galaxy Note 3
ខាងក្រោមនេះជារូបភាពគំរូ Galaxy Note 3