ទូរស័ព្ទ​​​ Firefox OS ​ដំបូង​​នឹង​ត្រូវ​ប្រកាស​ ចេញ​​នៅ​អេស្ប៉ាញ​​ ក្នុងតម្លៃ​​ $90​

7/02/2013 0 Comments A+ a-

បច្ចុប្បន្ន​​ស្រប​ពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​កាន់​កាប់​ទីផ្សារ​ទូរស័ព្ទ​ទំនើប​ចំនួន ៧០% ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ Firefox OS ក៏​ត្រូវ​បាន​​បង្ហាញ​ខ្លួន និង​ចាប់​ផ្ដើម​​​​មាន​ចេញ​ទូរស័ព្ទ​ទំនើប​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​នៅ​លើ​ទីផ្សារ​ ។ Firefox OS គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ Open-source ដែល​មាន​មូលដ្ឋាន​គ្រឹះ​​ជា​មួយ​នឹង​ browser-based mobile operating system ​នឹង​ត្រូវ​បាន​ក្រុមហ៊ុន Mozilla បញ្ជាក់​ថា​​ តាម​រយៈ​​​លក្ខណសម្បត្តិ​វា​នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​​​អាច​ដំណើរការ​បាន​លឿន​​ ។
​​​សម្រាប់​​ Firefox OS ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី ​​គឺ​ប្រហែល​ជា​មិន​សូវ​មាន​កម្មវិធី​សំបូរ​បែប​នោះ​ទេ ​យ៉ាង​ណា​មិញ​បើ​យោង​តាម​ប្រភព​ Androidcentral បាន​​ឲ្យ​ដឹង​ថា​​ ដោយ​សារ​តែ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​មាន​​លក្ខណៈ​ជា​ browser-based mobile operating system ដូច្នេះ​គេ​អាច​ធ្វើ​ការ​សរសេរ​នូវ​កម្មវិធី​បាន​យ៉ាង​ងាយ​តាម​រយៈ​ HTML 5 ​។ ដោយ​ឡែក​​​ប្រភព​ដដែល​​​ថែម​ទាំង​បាន​​លើក​ឡើង​ថា ​តាម​រយៈ HTML 5 គេ​​អាច​ធ្វើ​ការ​សរសេរ​នូវ​កម្មវិធី​គណនា​លេខ (calculator) ដែល​មាន​លក្ខណៈ​ស្តង់ដារ​ ​ដោយ​ចំណាយ​រយៈ​​ពេល​ត្រឹម​តែ ២ម៉ោង​ប៉ុណ្ណោះ​ សម្រាប់​​​ប្រព័ន្ធ​ប្រតិបត្តិការ Firefox OS ។
ទូរស័ព្ទ​ ZTE Open នឹង​​ក្លាយ​ជា​ទូរស័ព្ទ​ដំបូង​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Firefox OS ​ហើយ​ទូរស័ព្ទ​នេះ​នឹង​ត្រូវ​​ចេញ​លក់​នៅ​ក្នុង​​ប្រទេស​អេស្ប៉ាញ​ នា​ថ្ងៃ​ស្អែក​នេះ​ហើយ ​ជា​មួយ​នឹង​តម្លៃ​ត្រឹម​តែ $90 ប៉ុណ្ណោះ ។ យ៉ាង​ណា​មិញ​បន្ទាប់​ពី​ទូរស័ព្ទ ZTE Open ដែល​ជា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន ZTE​ ​​ក្រុមហ៊ុន Alcatel ​ដែល​ជា​ក្រុមហ៊ុន​ដៃ​គូ​របស់ Mozila ​មួយ​ផ្សេង​ទៀត​ក៏​មាន​គម្រោង​ចេញ​លក់​នូវ​ទូរស័ព្ទ​របស់​គេ Alcatel OneTouch Fire​ ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Firefox OS នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ ។
លក្ខណ​សម្បត្តិ​បច្ចេកទេស​របស់​ទូរស័ព្ទ​ ZTE Open ៖
  • ​​អេក្រង់​ទំហំ 3.5-inch
  • ​កម្រិត​ភាព​ច្បាស់ 480 x 320​ pixels
  • កាមេរ៉ា​​ទំហំ 3.2 MP
  • CPU Cortex A5 Qualcomm 600Mhz ឬ​ 800MHz
  • RAM 256MB
  • មាន​អង្គ​ផ្ទុក​ទិន្នន័យ​ត្រឹម​តែ 512​MB ​មាន​​​បន្ថែម​ microSD card
សូម​បញ្ជាក់​ថា ក្រៅ​ពី​ក្រុមហ៊ុន ZTE និង Alcatel ក្រុមហ៊ុន Mozilla ក៏​មាន​​​ក្រុមហ៊ុន​ដៃ​គូ​សហការ​​​ផលិត​គ្រឿង hardware ​​ចំនួន​ជាង​២០ ទៀត​​នៅ​ជុំវិញ​សកលលោក​​ផង​ដែរ​ ។ ដោយ​ឡែក Mozilla ​​ក៏​មាន​គ្រោង​នឹង​​ចេញ​​លក់​នូវ​ទូរស័ព្ទ​​របស់​គេ​​នៅ​ក្នុង​ប្រទេស​​មួយ​ចំនួន​បន្ថែម​ទៀត​ផង​ដែរ​ដូច​ជា​៖​ វ៉េណាស៊ុយអេឡា,​ ប៉ូឡូញ, ប្រេស៊ីល និង​ ព័រទុយហ្គាល់​ នៅ​ក្នុង​ឆ្នាំ​នេះ​​ និង​ចេញ​លក់​ទៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​ នា​ឆ្នាំ​២០១៤ ខាង​មុខ ។
ទស្សនា​វីឌីអូ​​នៃ​ Firefox OS ដំណើរការ​លើ​ Alcatel OneTouch Fire និង ZTE Open ៖
តាម​រយៈ​ការ​បង្កើត​កម្មវិធី​ដោយ​ងាយៗ​ជា​មួយ​នឹង HTML 5 តើ​​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Firefox OS នឹង​​​អាច​ដណ្ដើម​​យក​ទីផ្សារ​ទូរស័ព្ទ​ទំនើប​បាន​ចំនួន​ប៉ុន្មាន​ភាគរយ​ទៅ​ថ្ងៃ​អនាគត ?