ពាក្យចចាម អារ៉ាមអំពីកុំព្យូទ័រ បន្ទះស្ដើង Nokia Zoom និងទូរស័ព្ទ ទំនើប Lumia
បន្ទាប់ពីក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញជាផ្លូវការនូវទូរស័ព្ទទំនើប Galaxy S4 Zoom យើងក៏ទទួលបាននូវព័ត៌មានថ្មីថា ទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Nokia ដែលជាគូប្រកួតជាមួយនឹងទូរស័ព្ទទំនើប Galaxy S4 Zoom របស់ក្រុមហ៊ុន Samsung នឹងមានឈ្មោះនិមិត្តសញ្ញាថា Nokia Zoom ។
តាមពាក្យចចាមអារ៉ាមបានឲ្យដឹងថា Nokia Zoom គឺជាការដែលនាំយកនូវបច្ចេកវិទ្យាកាមេរ៉ា ដែលមានគុណភាពខ្ពស់សម្រាប់ទូរស័ព្ទទំនើប និងកុំព្យូទ័របន្ទះស្ដើង គឺដូចជាទូរស័ព្ទកាមេរ៉ាទំហំ 41MP របស់ក្រុមហ៊ុន Nokia ដែលជិតនឹងបញ្ចេញនាពេលខាងមុខជាដើម ។
ដោយឡែកបើយោងទៅតាមប្រភពនៃពាក្យចចាមអារ៉ាមបាននិយាយថា ក្នុងស្រឡាយនៃ Nokia Zoom គឺអាចមាននូវកុំព្យូទ័របន្ទះស្ដើងដែលមានអេក្រង់ទំហំ 8.5-inch និង 10.5-inch ជាមួយនឹងកម្រាស់ 8.5mm ហើយម៉ូដែលទាំងពីរនេះនឹងអាចនឹងត្រូវនាំចេញជាមួយនឹងតួធ្វើពីអាលុយមីញ៉ូម និងមានពណ៌ផ្សេងៗគ្នាផងដែរ ។ ក្រៅពីនេះប្រភពដដែលបន្ថែមថា សម្រាប់ទូរស័ព្ទទំនើបស៊េរី Lumia ដែលមានអេក្រង់ធំៗ និងមានឈ្មោះថា Lumia 252, 625, 725, 825 និង 925 ដែលមានបំពាក់អេក្រង់ទំហំ 4.5-inch, 4.6-inch, 5-inch, 5.2-inch និង 5.5-inch ។
ក្រៅពីព័ត៌មានខាងលើ ក្រុមហ៊ុន Nokia ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងប្រកាសចេញនូវទូរស័ព្ទប្រភេទ phablet ដែលមានអេក្រង់ទំហំ 6-inch ឬ 6.7-inch នាពាក់កណ្ដាលខែ មិថុនា ឆ្នាំ២០១៤ ខាងមុខ ។ សូមបញ្ជាក់ថា ព័ត៌មានទាំងនេះគឺ គ្រាន់តែជាចចាមអារ៉ាមប៉ុណ្ណោះ ដូច្នេះតើក្រុមហ៊ុន Nokia អាចនឹងផលិតនូវឧបករណ៍របស់គេដូចជាពាក្យចចាមអារ៉ាមបាននិយាយឬទេ ?