ម៉ោង១២ អធ្រាត្រនៅ សង្កាត់លេខ១ (ភាគទី១)
ប្រសិនបើមានភ្លៀងកណ្ដាលយប់ គឺច្រើនតែភ្លៀងខ្លាំង…។ នេះជាការចំណាំរបស់ភីណា នារីវ័យក្មេងនៃគេហដ្ឋានពីរជាន់ធំចង្គ្រុងឈរយ៉ាងស្ងៀមស្ងាត់នៅសង្កាត់លេខមួយ…។ អ្នកជិតខាងនៅជុំវិញនេះ…អ្នកណាក៏ស្គាល់ថាវាជាភូមិគ្រឹះរបស់គ្រួសារអ្នកវិនិយោគទុនស្តុកស្ដម្ភដែលទើបតែរើមកនៅប្រមាណជាងមួយខែប៉ុណ្ណោះ…។
គ្រួសារសម្បូរទៅដោយភោគទ្រព្យនេះ…មានសមាជិកតែបីនាក់ និងមានអ្នកបម្រើមើលចាត់ចែងការងារប៉ុន្មាននាក់ប៉ុណ្ណោះ ដូច្នេះការរស់នៅលើគេហដ្ឋានក្នុងផ្ទៃក្រឡាជិត២០០០ម៉ែត្រការ៉េ ជារឿងគួរកោតស្ញប់ស្ញែងមួយបើផ្អែកលើលក្ខខណ្ឌហិរញ្ញវត្ថុ ប៉ុន្តែគួរឲ្យភ័យបារម្ភទៅវិញបើនិយាយពីសន្តិសុខ និងសុវត្ថិភាព…។
ប្រាវ….ព្រះភិរុណបានបង្កើនអានុភាព។ ភីណាដកដៃពី screenទូរសព្ទដោយទឹកមុខភិតភ័យ។ នាងងាកទៅរកទ្វារកញ្ចក់នៅឯរានហាលដែលរសាត់បំប៉ើងវាំងននដោយកម្លាំងខ្យល់។ ស្រីក្មេងនៃត្រកូលអភិជនដឹងថាការប្រើឧបករណ៍ទូរសព្ទក្នុងពេលនោះមិនសមរម្យទេ ម៉្លោះហើយនាងបញ្ចប់ការកម្សាន្ត ហើយតរុណីក្រោកមកទាញទ្វារកញ្ចក់បិទដោយអារម្មណ៍ភ័យបារម្ភ។ ទ្រនិចនាឡិកាចង្អុលដល់ម៉ោង១២នៅលើជញ្ជាំងចំពីមុខនារី ហាក់កំពុងឌឺដងឲ្យក្រសែភ្នែកពិភាល់របស់នាង។ ភីណាថយមករកគ្រែដ៏ទន់ល្មើយ ហើយប្រាសខ្នងទាញភួយមកដណ្ដប់ផុតក្បាលនិងចុងជើង។ ពិតមែនហើយ….ខ្លាចខ្មោចគឺជាចំណុចខ្សោយរបស់នាង។ ដោយចាប់កំណើតក្នុងត្រកូលគហបតីដែលត្រូវបានឪពុកម្ដាយចែកឋានចោលតាំងពីនៅជាកុមារី ស្រីស្រស់ដែលពេលនេះជាយុវវ័យលេចធ្លោជាងគេនៅសង្កាត់លេខមួយ ត្រូវបានចិញ្ចឹមបីបាច់ដោយបងប្រុសបង្កើតជាពាណិជ្ជករដ៏ជោគជ័យម្នាក់។ ប្រវត្តិបុរសអភិជនម្ចាស់ភូមិគ្រឹះស្កឹមស្កៃយ៉ាងណានោះ មិនត្រូវបានបើកទូលាយឲ្យគេដឹងឮនោះឡើយ…តែគេគ្រាន់តែដឹងថា គាត់ជាពាណិជ្ជករម្នាក់ឧស្សាហ៍ធ្វើដំណើរទៅបរទេសញឹកញយពុំសូវមានវត្តមាននៅទីនេះទេ…នៅក្នុងផ្ទះភាគច្រើនគឺមានតែអ្នកស្រីកុលាបប្រពន្ធរូបស្អាតរបស់គាត់ និងតរុណីភីណាប្អូនស្រីតែមួយគត់របស់គាត់តែប៉ុណ្ណោះ។
-អឺ មីងអួន? មីងម៉ាប់?
ស្រីស្រស់ក្មេងចុះជណ្ដើរមកតាំងៗ ដោយសារការសម្ងំក្នុងភួយប្រឆាំងនឹងភាពភ័យខ្លាច មិនបានជួយនាងឲ្យគេងលក់ឡើយ។ នាងហៅយូរហើយក៏នៅតែគ្មានចម្លើយតប ស្របពេលបោះជំហានមកដល់បន្ទប់ទទួលភ្ញៀវធំជាន់ខាងក្រោម វាក់អ៊ើនឹងស្ត្រីម្នាក់កំពុងអង្គុយបែរខ្នងមើលទូរទស្សន៍ធ្វើវាហី។ ទោះបីសំឡេងទូរទស្សន៍នោះបិទស្ទើរតែមិនចង់ឮ ប៉ុន្តែភីណាមើលឃើញរូបរាងខ្មោចអសុរកាយបង្ហាញច្បាស់ទែងលើអេក្រង់ដ៏ធំនោះ ធ្វើឲ្យនាងកាន់តែសៅហ្មងសម្លក់ថ្មែទៅរកស្ត្រីជាបងថ្លៃដែលកម្រនិយាយត្រូវចិត្តនាង។ នាងដើរហួសគាត់ទៅតម្រង់រកបន្ទប់បាយដើម្បីបន្តស្វែងរកមនុស្សចំណាស់ពីរបីនាក់ដែលនាងបានហៅរកតាំងពីជាន់ខាងលើ។ មកដល់បន្ទប់បាយដែលគ្មានសូម្បីតែស្រមោលមនុស្សម្នាក់ តរុណីដើរបណ្ដើរស្រែករកបណ្ដើររហូតដល់បន្ទប់គេងរបស់អ្នកបម្រើ។ ធីតាលើកដៃគោះទ្វារតុៗប្រណាំងនឹងសន្ធឹកគ្រាប់ភ្លៀង។
-មីងអួន! មីងម៉ាប់! ស្ងាត់ច្រៀបគ្មានអ្នកណាឆ្លើយតបនឹងនាងសូម្បីមួយអ៊ឹះទេ។ ដោយសារតាមធម្មតាមនុស្សម្នាក្នុងផ្ទះកម្រមាននរណាហ៊ានជំទាស់ចិត្តខ្លួន កាលដែលស្រីតូចខំចុះមកតាមដល់ទីស្នាក់អាស្រ័យហើយក៏គ្មានឃើញអ្នកណាចេញមកតបនឹងបទបញ្ជាទៀត ធ្វើឲ្យតរុណីត្រកូលហង្សកាន់តែកើតក្ដៅចិត្ត។ នាងស្រែកហៅផងគោះទ្វារផងបន្តរហូតដល់ហត់ទើបឈប់។
ភ្លៀងកាន់តែបង្កើនសូរសំឡេងដែលអមមកជាមួយស្នូរផ្គរស្ទើររហែកមេឃ។ ធីតាងាកទៅរកបន្ទប់សូហ្វ័រឡាននៅឯជ្រុងចុងគេបំផុតនៃអគារផ្ទះក្រោមនេះ។ នាងហៀបនឹងបោះជំហានទៅដែរ ប៉ុន្តែគិតទាន់មកវិញថា កណ្ដាលអធ្រាត្រទៅហើយ ទៅគោះទ្វាររកអ្នកបម្រើប្រុសមានអីសមរម្យទៅ?
….នាងដើរបកត្រឡប់មកបន្ទប់ធំវិញ ហើយដាក់បង្គុយក្រពាត់ដៃលើសាឡុងដោយទោមនស្ស។ អ្នកស្រីកុលាបដ៏មានរូបឆោមលោមពណ៌បែរមកសម្លឹងប្អូនថ្លៃស្រីដែលរក្សាភាពមិនសប្បាយចិត្តលើផ្ទៃមុខ។ អ្នកស្រីវ័យក្មេងមិនទាន់ថាយ៉ាងណាផង ភីណាបន្លឺឡើងមុនដោយអាការរអុះៗ៖
-ដេកៗៗៗៗ! ផ្ទះធំល្វឹងដូចផ្ទះខ្មោចអញ្ចឹង។ រកតែមនុស្សម្នាក់មកប្រើក៏អត់!
ស្ត្រីជាបងថ្លៃដឹងថាការបន្ទោសអ្នកបម្រើ ឬដាស់គេមកប្រើទាំងយប់អធ្រាត្រមិនមែនជារឿងត្រឹមត្រូវទេ ប៉ុន្តែគាត់ក៏នៅតែរក្សាភាពស្ងាត់ស្ងៀមមិនទាន់មានប្រតិកម្មថាយ៉ាងណាមកកាន់ប្អូនថ្លៃស្រីឡើយ។ ភីណានិយាយបន្ថែមវឹង៖
- បងកុសលក៏អញ្ចឹងដែរ ប្រាប់ថាទៅតែ២យប់ទេ ឥឡូវនេះលើសមួយថ្ងៃហើយ! ផ្ទះសុទ្ធតែមនុស្សស្រី!
អ្នកស្រីកុលាប លូកមាត់ឃាត់សំដីប្អូនថ្លៃស្រី៖
- ស្អែកបងប្រុសឯងត្រឡប់មកវិញហើយ…។
ភីណាមិនទាន់ស្រាយភាពមួហ្មងបាននៅឡើយ នាងរអ៊ូ៖
-គាត់ក៏ដឹងដែរ…នៅផ្ទះមានតែប្រពន្ធ និងប្អូនស្រី នៅតែដើរចោលបាត់ៗ ការងារអី? ឲ្យគេទៅជំនួសទៅ ដើរឆ្ងាយពីផ្ទះយ៉ាងនេះ មិនចេះបារម្ភពីអ្នកផ្ទះសោះ។ គង់តែមានថ្ងៃណាមួយ ខ្ញុំទៅនៅផ្ទះលោកយាយនៅខេត្តវិញ។ ចាំមើលបងកុសលហ៊ានដើរចោលផ្ទះឲ្យអ្នកបងនៅម្នាក់ឯងអញ្ចឹងទៀតអត់?
អ្នកស្រីវ័យក្មេងនៅស្ងៀមមិនតបមួយម៉ាត់…ភីណាទឹកមុខក្រញូវសម្លឹងទៅតំណក់ទឹកដែលស្រក់ខាងក្រៅបង្អួចកញ្ចក់មិនដាច់ នាងរអ៊ូដោយមួហ្មង៖
-ភ្លៀងទៅ…ភ្លៀងដល់ព្រឹកតែម្ដងទៅ មិនបាច់រាំងទេ…។
-ភ្លៀងទៅ…ភ្លៀងដល់ព្រឹកតែម្ដងទៅ មិនបាច់រាំងទេ…។
អ្នកស្រីវ័យក្មេងងាកមកសម្លឹងប្អូនស្រីថ្លៃ គាត់សម្រួលទឹកមុខពោលទៅកាន់នាង៖
-អូនឯងហៅរកមីងអួន មីងម៉ាប់ធ្វើអី?។
-អូនឯងហៅរកមីងអួន មីងម៉ាប់ធ្វើអី?។
នៅតែអង្គុយនៅតែខឹងអញ្ចឹង ភីណាតបវិញភ្លាម៖
-គឺគេងមិនលក់….ចង់ធ្វើអីញ៉ាំលេងកំដរមាត់ហ្នឹង…!
-គឺគេងមិនលក់….ចង់ធ្វើអីញ៉ាំលេងកំដរមាត់ហ្នឹង…!
ស្ត្រីជាបងថ្លៃនិយាយវិញទាំងស្ងាបហ៊មៗ៖
-អញ្ចឹងចង់ញ៉ាំអី? ចាំបងធ្វើឲ្យក៏បាន!
-អញ្ចឹងចង់ញ៉ាំអី? ចាំបងធ្វើឲ្យក៏បាន!
នារីទម្រើសទាញខ្នើយមកឱបជាប់ប្រាណ ហើយនិយាយដោយក្និកក្នក់៖
-អត់ទេ! ខឹងពេកលែងឃ្លានហើយ!
-អត់ទេ! ខឹងពេកលែងឃ្លានហើយ!
អ្នកស្រីវ័យក្មេងហួសចិត្ត តែនេះឯងជាចរិតរបស់ភីណា។ គាត់ញាក់ចិញ្ចើមរបៀបខ្ជិលខ្វល់ងាកទៅរកទូរទស្សន៍វិញ បម្រុងថាចុចបិទក្រោកទៅសម្រាកក្នុងពេលដែលគ្រាប់ភ្លៀង និងផ្គរលាន់ពីក្រៅផ្ទះ បង្កជាសព្ទសំឡេងគួរព្រឺព្រួចកណ្ដាលស្បៃរាត្រីស្ងាត់ជ្រងំ។
ស្នូរជើងមនុស្សរត់ឌិបៗនៅជាន់ខាងលើបានបង្អាក់ស្ត្រីអភិជន ដោយធ្វើឲ្យនាងប្រែទឹកមុខទៅជាផ្ទៀងស្ដាប់ ហើយរេគ្រាប់ភ្នែកមកបញ្ជាក់សួរភីណាថា តើនាងបានឮដូចគ្នាដែរឬយ៉ាងណា?។ ច្បាស់ក្រឡែត ទោះបីជាភ្លៀងខាងក្រៅផ្ទះខ្លាំងសន្ធាប់យ៉ាងណា ក៏នារីទាំងពីរដែលកំពុងអង្គុយទល់មុខគ្នាកណ្ដាលបន្ទប់ទទួលភ្ញៀវធំល្វឹងល្វើយនេះ នៅតែមានអារម្មណ៍ថាឯជាន់ខាងលើពិតជាមានស្នូរជើងមនុស្សរត់ច្បាស់ណាស់។
ពេលងាកមកមើលមុខប្អូនថ្លៃ ហើយក៏ប្រទះឃើញភីណាបង្ហាញអាការស្លេកស្លាំងសម្លឹងរកគាត់វិញនោះ ស្ត្រីជាបងងើបមុខសម្លឹងទៅរកជាន់ខាងលើ។ តាមធម្មតាប្រសិនបើគ្មានភារៈបោសសម្អាត ឬត្រូវបានហៅរកនោះទេ គ្មានអ្នកបម្រើណាម្នាក់ត្រូវបានអនុញ្ញាតឲ្យឡើងត្រេងត្រាងនៅជាន់ខាងលើនោះដាច់ខាត ពិសេសរឹតតែវីវរនោះគឺភីណាដឹងថាមនុស្សទាំងពីរដែលនាងបានហៅរក កំពុងបិទគន្លឹះទ្វារដេកលក់ដូចត្រូវសណ្ដំនៅអាគារខាងក្រោយទៅហើយ។
នាងក្រមុំរូបនេះពោលសួរដាច់ៗ របៀបភិតភ័យ៖
-អ្នកបង…អ្នក…ណានៅ…ខាងលើ?…អ្នកណា…?
សភាពបារម្ភពេញប្រៀបលើផ្ទៃមុខអ្នកស្រីវ័យក្មេង…គាត់ដៀងភ្នែកប្រឹងផ្ទៀងត្រចៀកស្ដាប់ដោយប្រុងប្រយ័ត្ន…ស្ងាត់ច្រៀប…ក្រៅពីស្នូរគ្រាប់ភ្លៀងខាងក្រៅផ្ទះ មិនមានឮអ្វីទៀតសោះ គាត់តបទៅកាន់ភីណាវិញតិចៗ៖
-អត់ទេ! លែងឮអីហើយ!
ភីណាស្ទុះក្រោកភ្លែតមកដាក់បង្គុយកៀកនឹងបងថ្លៃដោយអាកប្បកិរិយាភិតភ័យ…នាងពោលដោយភ្នែកក្រឡឹបក្រឡាប់របៀបភ័យខ្លាច៖
-អត់ទេ!…អម្បាញ់មិញខ្ញុំឮសូរជើងមនុស្ស ស្នូរជើងមនុស្សច្បាស់ណាស់…នៅជាន់ខាងលើពិតមែន! អ្នកបង អ្នកបងឮទេ?
អ្នកស្រីនៅរក្សាភាពស្ងៀមស្ងាត់ មិនមានតបមួយម៉ាត់ក៏ពិតមែន ប៉ុន្តែក្នុងចិត្តគាត់កំពុងខ្វល់ខ្វាយស្រេចទៅហើយ អម្បាញ់មិញ…ស្នូរជើងមនុស្សរត់នៅឯជាន់ខាងលើនោះក៏គាត់បានឮដែរ ប៉ុន្តែមួយខណៈក្រោយក៏ស្រាប់តែបាត់ទៅវិញ បើទោះជាត្រចៀកស្ដាប់ច្រឡំ ក៏ស្ដាប់ច្រឡំតែម្នាក់ប៉ុណ្ណោះ មិនអាចស្ដាប់ច្រឡំដូចៗគ្នាទាំងពីរនាក់យ៉ាងនេះទេ។
អ្នកស្រីវ័យក្មេងរេភ្នែកសម្លឹងភូមិគ្រឹះធំទូលំទូលាយដែលស្ងាត់ជ្រងំដោយអារម្មណ៍ច្របូកច្របល់។ មធ្យោបាយល្អបំផុតគឺត្រូវឡើងទៅខាងលើមើលទើបដឹងថាយ៉ាងណា។ គាត់ស្ទុះក្រោកពីសាឡុង តែត្រូវភីណាតោងដៃជាប់៖
-អ្នកបងគិត…គិតទៅណា?
អ្នកស្រីកុលាបប្រឹងរក្សាស្មារតីរឹងប៉ឹងតបនឹងប្អូនស្រីថ្លៃតាមសម្រួល៖
-នៅហ្នឹងហើយ! បងឡើងទៅមើល!
ភីណាក្រោកភ្លាមដោយអាការភិតភ័យ នាងពោលដោយទឹកមុខអល់អែក៖
-ខ្ញុំ…ខ្ញុំ…ខ្ញុំទៅដែរ!
នារីរូបស្អាតទាំងពីររំកិលខ្លួនសន្សឹមៗសំដៅទៅជាន់ខាងលើ…ដោយម្នាក់ខំរក្សាភាពនឹងន ឯម្នាក់ទៀតមានអាការភ័យព្រួយញ័រចំប្រប់។ បាតជើងប៉ះដល់កម្រាលព្រំអារ៉ាប់ដ៏មានតម្លៃ អ្នកស្រីកុលាបបញ្ឈប់ជំហាននៅឯមាត់ជណ្ដើរ ហើយរេភ្នែកសម្លឹងបរិវេណផ្ទៃបន្ទប់ជុំវិញខ្លួនដែលធំល្វឹងល្វើយ និងស្ងាត់ច្រៀបមិនឮសូម្បីខ្យល់ដង្ហើមខ្លួនឯង។
ឃើញអាការម៉ត់ចត់របស់ស្ត្រីដែលមានអាយុច្រើនជាងខ្លួនមិនដល់៥ឆ្នាំនោះ ភីណាលូកដៃតោងបងថ្លៃវ័យក្មេងជាប់ក្នុងបំណងសម្រាលភាពភ័យខ្លាចរបស់ខ្លួន។ ទោះយ៉ាងណា នាងបែរជាចាប់អារម្មណ៍ភ្លាមៗថាត្រចៀកហាក់ឮសូរសំឡេងមនុស្សជជែកគ្នារអ៊ុះៗច្បាស់ណាស់។ នាងបង្វិលគ្រាប់ភ្នែកសម្លឹងជុំវិញខ្លួនដោយភិតភ័យ ហើយចាប់កំភួនដៃបងថ្លៃស្រីតឹងជាងមុនទាំងមាត់ពោលដោយញាប់ញ័រ៖
-មនុស្ស…មនុស្សមកពីណា? អ្នកបងឮ…ឮសំឡេងមនុស្សប្រុសនិយាយគ្នាអត់?…ឮអត់?
សំឡេងលាន់រអ៊ុះៗ ប្រៀបបីដូចជាមនុស្សប្រុសពីរនាក់កំពុងជជែកគ្នាខ្សឹបខ្សៀវ ពិតជាកំពុងហើរមកប៉ះសោតាអ្នកស្រីវ័យក្មេងមែន។ នាងមិនស្ដីតបនឹងសំណួរ ប៉ុន្តែដៀងភ្នែកសម្លឹងទៅកាន់បន្ទប់វត្ថុបុរាណដែលនៅខាងស្ដាំដៃ។… សំឡេងមនុស្សរអ៊ុះៗពិតជាលាន់ឮចេញមកពីបន្ទប់នោះច្បាស់ណាស់។ ក្នុងមួយវិនាទីនោះ ភីណាប្រាកដចិត្តថា ពិតជាមានមនុស្សលួចចូលទៅជជែកគ្នាស្ងាត់ៗក្នុងនោះ ទោះបីមិនដឹងថានោះជាអ្នកណាក៏ដោយ។ ផ្ទុយទៅវិញ អ្នកស្រីវ័យក្មេងបែរជាគិតខុសស្រលះពីនាងក្រមុំយើង។
-ចោរចូលមកលួចវត្ថុបុរាណ?
ប្រយោគនេះខ្លីតែក៏ល្មមឲ្យភីណាភ័យស្ទើរនឹងលោះព្រលឹង។ តើវត្ថុមានតម្លៃទាំងឡាយក្នុងបន្ទប់នោះ ជាដើមហេតុក្នុងការបង្កសំឡេងចម្លែកកណ្ដាលអធ្រាត្រ? ប៉ុន្តែទ្វារបន្ទប់បិទជិតដូចធម្មតា បើចោរលួចចូលមកមែន តើចូលមកតាមណាទៅ?
អ្នកស្រីជាបង ឈានជើងទៅកាន់ទីនោះយឺតៗ ដោយទ្រូងលោតញាប់ស្មេរ ចំណែកនាងក្រមុំភីណាក៏ចេះតែដើរតាមពីក្រោយបងថ្លៃយឺតៗដោយភាពភ័យខ្លាចកំពុងមានប្រសិទ្ធភាពលើរាងកាយ។ នាងសម្លឹងថ្មែទៅកាន់ទ្វារបន្ទប់វត្ថុបុរាណដែលអ្នកស្រីវ័យក្មេងកំពុងតម្រង់ទៅទាំងវាចាយឺតៗតែញាប់ញ័រ៖
-សំឡេងចេញមកពីបន្ទប់វត្ថុបុរាណនោះមែនអ្នកបង!
អ្នកស្រីវ័យក្មេងបន្តជំហានចូលកាន់តែកៀកមាត់ទ្វារបន្ទប់…សំឡេងមនុស្សជជែកគ្នាក៏លាន់កាន់តែច្បាស់ប៉ះសោតាទាំងទ្វេ…។ ម្ដងនេះលែងស្រពិចស្រពិលទៀតហើយ ខាងក្នុងបន្ទប់ប្រាកដជាមានមនុស្សពិតណាស់ អ្នកស្រីកុលាប ប្រឹងតាំងស្មារតីឲ្យនឹងនជាងមុន ទើបវាចាសួរស្រួយស្រែស៖
-អ្នកណានៅខាងក្នុង?
សូរសំឡេងរអ៊ុះៗអម្បាញ់មិញ ស្រាប់តែរលត់បាត់ភ្លាមវិញមួយរំពេច…ស្ងាត់ច្រៀប គ្មានឮសំឡេងអ្វីតបមកវិញសោះ។ អ្នកស្រីវ័យក្មេងក៏ទទួលអារម្មណ៍ថាព្រឺព្រួចណាស់ដែរ គាត់លូកដៃចាប់យកថូផ្កាពណ៌សដែលតាំងលំអលើតុខ្ពស់មុខបន្ទប់មកកាន់ជាប់នឹងដៃ ដោយអាការប្រុងប្រយ័ត្ន រួចបន្តនូវសំណួរទីពីរ ៖
-អ្នកណា?
ស្ងាត់ច្រៀប…សូរដកដង្ហើមបន្តិចក៏មិនមានឮផង។ ស្នូរគ្រាប់ភ្លៀងឯណោះទេ ដែលកាន់តែសន្ធាប់គួរឲ្យព្រឺព្រួច។ អ្នកស្រីកុលាបលូកដៃកាន់លើប្រអប់សោទ្វារទាំងបេះដូងលោតខុសចង្វាក់ មុនពេលប្រើកម្លាំងរុញទ្វារទៅក្នុងយ៉ាងខ្លាំងជាមួយប្រយោគសំណួរដែលញ័រទទ្រើក៖
-អ្នកណា…?
ទ្វារបន្ទប់របើកទៅក្នុងខ្វាក…
កណ្ដាលសភាពងងឹតស្លុបក្នុងបន្ទប់វត្ថុបុរាណ ស្រាប់តែមានឮសូរដង្ហើមមនុស្សពីរនាក់ច្បាស់ណាស់។ មិនបង្អង់អ្នកស្រីរាវចុចកុងតាក់ភ្លើង។ ភ្លើងភ្លឺចែស…បង្ហាញផ្ទៃបន្ទប់ដែលធំទូលាយពោរពេញទៅដោយវត្ថុបុរាណតាំងលំអរាប់សិបមុខ ប៉ុន្តែអត់មានស្រមោលមនុស្សម្នាក់ទេ។ អ្នកស្រីសម្លឹងទៅទ្វារខាងមុខរានហាលដែលកំពុងចំហនៅឡើយ…គឺទីនោះហើយដែលកំពុងខាបយកព្រលឹងព្រលះនារីទាំងពីរនេះឲ្យរន្ធត់ស្ទើរចាកចេញពីរាងកាយ។ អ្នកស្រីកុលាបបើកភ្នែកគ្រលួងសម្លឹងមនុស្សពីរនាក់ដែលគ្របអាវភ្លៀងខ្មៅពីលើដល់ក្រោម ពាក់ម៉ាសបិទបាំងផ្ទៃមុខឈរបង្ហាញខ្លួននៅរានហាលខាងមុខនោះ លើដៃមានកាន់ពូថៅម្នាក់មួយផង។ ទិដ្ឋភាពដ៏គួរឲ្យរន្ធត់កណ្ដាលអធ្រាត្រ បានរុញឲ្យថូផ្កាលើដៃរបស់អ្នកស្រីវ័យក្មេងត្រូវរបូតធ្លាក់ទៅលើកម្រាលឥដ្ឋលាន់ខ្ចាយ។
អ្នកស្រីកុលាបភ្លាត់មាត់ ស្រែកអស់ទំហឹង៖
-ចោរ…ចោរ…! ជួយផង…ជួយផង!
ស្ត្រីទាំងពីរបែរក្រោយរត់យ៉ាងលឿនតម្រង់មកកាន់មាត់ជណ្ដើរ។ ភីណារត់រហ័សជាងបងថ្លៃបន្តចុះជណ្ដើរទៅជាន់ខាងក្រោម តែអ្នកស្រីកុលាបវិញមិនអាចរត់បានរហ័សដូចភីណាឡើយ។ អាវរាត្រីដ៏វែង និងស៊ុលគឃុលពីរបីជាន់របស់គាត់ ចេះតែជាឧបសគ្គដែលបណ្ដាលឲ្យគាត់រត់យឺតទៅៗ។ មកដល់មាត់ជណ្ដើរគាត់ស្ទុះចុះទៅខាងក្រោម…ប៉ុន្តែជំហានទីពីរបែរជាត្រូវទាក់ជើងនឹងអាវរាត្រីគ្របពីក្រៅពណ៌សភ្លឺបណ្ដាលឲ្យរាងកាយតូចច្រឡឹងរបស់អ្នកស្រីរូបស្អាតបាត់ជំហរដួលរមៀលតុកៗតាមចំនួនកាំជណ្ដើររហូតដល់ជាន់ខាងក្រោម។ ម៉ាំង!
ភីណាបែរក្រោយវឹងហើយឈរស្រឡាំងកាំង សម្លឹងរាងកាយបងថ្លៃដែលល្បីថាមានរូបល្អផ្ដាច់គេ ពេលនេះកំពុងដេកស្ងៀមក្បែរជើងសាឡុងគ្មានកម្រើក។ ទោះមិនបានឃើញគ្រាប្រថុចញ៉ុចនោះ តែនាងយល់ថាស្ត្រីជាបងប្រាកដជាបានរមៀលមកដល់ខាងក្រោម ហើយបោកទង្គិចយ៉ាងដំណំទៅនឹងជើងសាឡុងដែកលាន់សូរមុំាង គួរឲ្យព្រឺព្រួច។ អស់ពីភាន់ភាំង ភីណាលាន់មាត់ស្រែកដោយរន្ធត់៖
-អ្នកបង!…អ្នកបង?
នាងក្រមុំសម្លឹងទៅរាងកាយស្ដូកស្ដឹងគ្មានកម្រើករបស់បងថ្លៃដែលនៅចំពោះមុខទាំងញាប់ញ័រក្នុងចិត្ត។ ទោះចង់មិនចង់ នាងចាំបាច់ត្រូវដើរចូលទៅក្បែរគាត់យឺតៗ រួចអង្គុយចុះយ៉ាងរហ័ស អង្រួនផង មាត់ស្រែកហៅដោយតក់ស្លុតផង៖
-អ្នកបង!…អ្នកបង! អ្នកបងយ៉ាងម៉េចហើយ?
សូមរង់ចាំតាមដានអានភាគបន្តនៅថ្ងៃអង្គារស្អែកនេះvai: sabay