លក្ខណសម្បត្តិ បច្ចេកទេសរបស់ Nokia Lumia 1020 ត្រូវបានបង្ហាញ កាន់តែច្បាស់
កាលពីសប្ដាហ៍ទី១នៃខែកក្កដានេះធ្លាប់មានប្រភពមួយចំនួនបានហៅឈ្មោះទូរស័ព្ទទំនើបដែលស្ថិតក្នុងខ្សែស្រឡាយ Lumia របស់ក្រុមហ៊ុន Nokia ខុសៗគ្នាយ៉ាងដូច្នេះថា ប្រភពមុនដំបូងគេបានអះអាងថាទូរស័ព្ទទំនើបនោះនឹងមានឈ្មោះថា Nokia Lumia EOS រីឯប្រភពមួយផ្សេងទៀតថាវានឹងមានឈ្មោះជាផ្លូវការថា Nokia Lumia 1020 ដោយឡែកប្រភពចុងក្រោយគេបានអះអាងថា Lumia ជំនាន់ថ្មីនឹងមានឈ្មោះថា Nokia Lumia 909 ទៅវិញ ។ សម្រាប់ពេលនេះរូបភាពថ្មីទៀតរបស់ Lumia 1020 (ពណ៌លឿង) ត្រូវបានបង្ហាញដោយរួមទាំងលក្ខណសម្បត្តិបច្ចេកទេសមួយចំនួនផងដែរ ។ លក្ខណសម្បត្តិបច្ចេកទេសដែលគេជឿថាបានលេចចេញមុនថ្ងៃប្រកាសចេញជាផ្លូវការនោះរួមមានដូចខាងក្រោម៖
- RAM 2 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 32 GB (គ្មាន microSD card)
- មានបំពាក់ដោយបច្ចេកវិទ្យា NFC
- កាមេរ៉ាទំហំ 41 MP
- ដំណើរការដោយ Windows Phone 8
សូមរំលឹកផងដែរថា បើយោងតាមប្រភពថ្មីដូចជាសមហេតុផលជាងប្រភពមុនៗព្រោះថាដូច អ្វីដែលប្រិយមិត្តធ្លាប់បានដឹងហើយថាទូរស័ព្ទទំនើបទីមួយរបស់ Nokia ដែលបំពាក់ដោយបច្ចេកវិទ្យាកាមេរ៉ា PureView ទំហំ 41 MP គឺ Nokia 808 ដូច្នេះវាអាចនឹងទៅរួចដែលថាជំនាន់ថ្មីរបស់ Lumia នឹងមានឈ្មោះថា Nokia Lumia 909 ព្រោះបើយោងតាមប្រភពដែលធ្លាប់ចេញនាពេលកន្លងមកនោះថាទូរស័ព្ទទំនើបនោះនឹងបំពាក់ដោយកាមេរ៉ា 41 MP PureView ។
បើទោះបីជាមានប្រភពចចាមអារ៉ាមថាទូរស័ព្ទទំនើបម៉ូដែលចុងក្រោយនៃខ្សែស្រឡាយ Nokia Lumia ដែលត្រៀមនឹងប្រកាសចេញនោះនឹងមានឈ្មោះជាផ្លូវការថា Nokia Lumia 909 យ៉ាងណាក្ដីក៏គេហទំព័រល្បីៗដូចជា @evleaks និង TechCrunch ជាដើមនៅតែបន្តហៅឈ្មោះទូរស័ព្ទទំនើបនោះថា Nokia Lumia 1020 ដដែល ។ ចំពោះព័ត៌មានទាក់ទងនឹងឈ្មោះ និងលក្ខណសម្បត្តិបច្ចេកទេសពិតប្រាកដរបស់ Nokia Lumia ជំនាន់ថ្មី ប្រិយមិត្តនឹងបានជ្រាបបន្ទាប់ពីក្រុមហ៊ុន Nokia បើកសន្និសីទកាសែតនៅថ្ងៃទី១១ ខែកក្កដា នេះ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានជាមួយដំណឹងប្រាំពីរ ៕