ម៉ោង១២អធ្រាត្រនៅសង្កាត់លេខ១ (ភាគទី២)
សន្ធឹកព្រះភិរុណ នៅតែលាន់យ៉ាងខ្លាំងក្លាខាងក្រៅផ្ទះ។ នាងក្រមុំយំសស្រាក់ស្ទុះមកលើកទូរសព្ទដើម្បីចុចរកជំនួយ ទូរសព្ទត្រូវផ្ដាច់ពីពេលណាក៏មិនបានដឹងដែរ…នាងបោះទូរសព្ទចោលយ៉ាងរហ័ស ចិត្តនឹកឃើញដល់ទូរសព្ទដៃដែលនៅឯបន្ទប់ដេកជាន់ខាងលើ។ នាងស្ទុះមកកាន់ជណ្ដើរបំណងឡើងទៅរកទូរសព្ទ ប៉ុន្តែឈានបានប្រមាណពីរជំហានប៉ុណ្ណោះ នាងត្រូវនៅទ្រឹងពីមុខសាកសពបងថ្លៃស្រីដែលស្ដូកស្ដឹងពីមុខជណ្ដើរ។ នាងងើយមុខសម្លឹងទៅជាន់ខាងលើដោយញ័ររន្ធត់ចិត្ត។ នាងក៏នឹកឃើញភ្លាមដែរដល់បុរសប្លែកមុខពីរនាក់នោះ។ ភីណាថយក្រោយក្រាកៗទាំងញ័ររន្ធត់។
តរុណីសម្លឹងសភាពស្ងាត់ជ្រងំជុំវិញខ្លួនទាំងអារម្មណ៍ភ័យខ្លាចឡើងៗ។ នាងស្ទុះមករកអាគារអ្នកបម្រើដែលនៅវាងពីក្រោយបន្ទប់អាហារ។ ដូចកាលពីមុននេះបន្តិចដែរ ស្ត្រីទាំងពីរគ្មានអ្នកណាម្នាក់ឆ្លើយតបទេ កុំថាឡើយដល់ក្រោកមកបើកទ្វារ ដូចនេះនាងបន្តទៅកាន់បន្ទប់សូហ្វ័រឡាន។ ពេលនេះភីណាអរព្រើតព្រោះបន្ទប់មិនបានចាក់សោទេ នាងអាចឃើញពូសួសដេកផ្ងារចង្គ្រាងលើគ្រែក្បែរបង្អួចហាក់មិនរវល់នឹងភ្លៀងផ្គរសឹងរហែកមេឃនោះឡើយ។នាងស្រែកហៅដោយតក្កមា៖
-ពូសួសៗៗ
ចម្ងាយជិតសែនជិតដល់ថ្នាក់នេះហើយ បុរសនោះគ្មានប្រតិកម្មសូម្បីតែកម្រើកតិចតួច ធ្វើឲ្យស្រីតូចដែលភ័យស្លន់សុខចិត្តលូកដៃទៅអង្រួនគាត់តែម្ដង។
“គាត់ក៏ស្លាប់បាត់ដែរដឹង! អង្រួនម្ល៉ឹងហើយនៅតែមិនដឹងខ្លួន”?
ភីណាងាកវឹងសម្លឹងត្រឡប់មកកាន់បន្ទប់ស្ត្រីបម្រើពីរនាក់ដែលនាងបានគោះទ្វារច្រើនដងហើយគ្មានការឆ្លើយតបដូចគ្នា។ ស្ថានភាពរបស់ពូសួសពេលនេះធ្វើឲ្យនាងកាត់យល់បានថា សូម្បីតែស្ត្រីចំណាស់ពីរនាក់នោះក៏ប្រហែលគ្មានស្មារតីដូចគ្នា។ នាងតូចដែលកាន់តែវិលវល់ក្នុងភាពរន្ធត់ ងើបមុខសម្លឹងសោឡានមួយជួរព្យួរលើដំណេកបុរសនេះ។ មួយប៉ប្រិចភ្នែកដំបូង គ្មានមួយណាដែលនាងអាចចំណាំបានថាសម្រាប់រថយន្តមួយណានោះទេ ប៉ុន្តែមានតែសោមួយដែលមានជាប់ជាមួយបន្តោងរូបត្រីនាគដែលនាងអាចចាំបានថាជាសោរថយន្តបងប្រុសធំនាង។ នាងស្ទុះទៅទាញវា ហើយរត់វឹងចេញទៅក្រៅផ្ទះ។ កណ្ដាលតំណក់ព្រះភិរុណដែលចេះតែបង្កើនអនុភាពខ្លាំងឡើងៗនោះ កល្យាណីភីណា បើកឡានចាកចេញពីភូមិគ្រឹះដោយទឹកភ្នែកហូរសស្រាក់។ ដងផ្លូវស្ងាត់ច្រៀបគ្មានស្រមោលមនុស្សម្នាក់ហើយតំណក់ភ្លៀងធ្លាក់បោកកញ្ជ្រោលបិទបាំងស្ទើរតែជិតឈឹងផ្ទៃកញ្ចក់ឡានខាងមុខ។ នាងក្រមុំកាន់ចង្កូតដោយញ័រដៃទទ្រើកដោយសារនាងកម្របើករថយន្តខ្លួនឯង ពិសេសនេះជាប្រភេទរថយន្តទំនើបធំចង្គ្រាងផង នាងក៏កាន់តែឆ្លេឆ្លា។ ធីតាមានបំណងទៅដល់ផ្ទះម្ដាយមីងដែលរស់នៅមិនឆ្ងាយពីទីនេះប៉ុន្មាន ឲ្យបានឆាប់នឹងអាលរកគូដណ្ដឹងដែលមាននាទីជាប៉ូលិសស្រាប់ស្វែងរកជំនួយពីគេ។
អារម្មណ៍ច្របូកច្របល់កំពុងមានប្រសិទ្ធភាពលើរាងកាយស្រស់ស្រី ធ្វើឲ្យនាងបន្ថែមល្បឿនតាមសន្ទុះចិត្តអន្ទះសា។ រថយន្តបោលលឿនស្លេវទៅមុខ….គ្រាប់ភ្លៀងកាន់តែធ្លាក់ស្រោចព្រិលបិទបាំងកញ្ចក់ខាងមុខ…ក៏ស្រាប់តែលេចពន្លឺហ្វាពីទិសខាងស្ដាំ ធ្វើឲ្យស្រីស្អាតដែលគ្មានអារម្មណ៍នឹងន បង្ខំជាន់ហ្វ្រាំងពេញទំហឹង។ តែ…ដែលគ្មានផ្លូវរស់នោះគឺហ្វ្រាំងឡានបានដាច់ទៅហើយ! នាងបើកភ្នែកធំៗហើយបន្ទាប់មកស្រែកទ្រហោយំដោយទាល់ច្រកមុនពេលបត់ចង្កូតគេចចេញវឹង ធ្វើឲ្យរថយន្តបាត់ជំហររេទៅប៉ះគល់ដើមរុក្ខជាតិនៅលើចិញ្ចើមថ្នល់ម្ខាងលាន់គ្រាំបន្ទាប់មកក៏ឈប់ស្ងៀម។ នាងក្រមុំភីណាស្រស់សោភាសន្លប់ក្រាបក្បាលលើចង្កូតលែងដឹងខ្លួន។ ព្រះភិរុណស្រោចស្រពទៅលើឡាន និងម្ចាស់ស្រីដែលនៅស្ងៀមគ្មានកម្រើកកណ្ដាលស្បៃរាត្រីស្ងាត់សូន្យឈឹង។
វគ្គទី២
មនុស្ស ឬខ្មោច
ភីណាបើកភ្នែកព្រឹមៗ សម្លឹងពន្លឺថ្ងៃដែលចាំងចូលមកក្នុងបន្ទប់តាមប្រឡោះស្លាបព្រិល។ នាងកម្រើកខ្លួនប្រុងក្រោកអង្គុយ ប៉ុន្តែទទួលអារម្មណ៍ថាក្បាលឈឺខ្ទោកៗ ឯដងកាយទាំងមួលក៏ហាក់ដូចជាល្ហិតល្ហៃអស់កម្លាំងណាស់។ នាងក្រមុំដៀងភ្នែកសម្លឹងជុំវិញខ្លួន ដូចជានឹកមិនឃើញថាទីនេះជាកន្លែងរបស់សាច់ញាតិម្នាក់សោះ។ នាងសម្លឹងទៅតុតូចក្បែរគ្រែដែលមានក្រូចពោធិ៍សាត់ខ្លះ និងផើងផ្កាស្រស់បំព្រង។ ឧបករណ៍ដាំទឹកក្ដៅប្រើដោយចរន្តអគ្គិសនីមួយ និងរបស់របរខ្លះទៀតនៅតែមិនអាចជួយឲ្យនាងចំណាំបានថាទីនេះជាកន្លែងណាសោះ។
នារីវ័យក្មេងច្រត់ដៃក្រោកអង្គុយផ្អែកខ្នងទៅនឹងក្បាលគ្រែ នាងលើកដៃជ្រោងសក់ប្រឹងរំលឹកទៅទាំងប៉ុន្មាន… នាងនឹកឃើញភ្លាមដល់រាត្រីពោរពេញទៅដោយភាពភ័យខ្លាចនោះ។ ហេតុការណ៍ទាំងប៉ុន្មាននាយប់នោះ បង្កឲ្យភីណានូវអារម្មណ៍ភ័យខ្លាចសាជាថ្មីមួយរំពេច នាងឈានជើងប្រុងក្រោកចុះពីលើគ្រែ ស្រាប់តែទ្វារបន្ទប់របើកលេចរួបបុរសម្នាក់ដើរចូលមកដល់។ គ្រាន់តែឃើញបុរសនោះភ្លាមភីណាបញ្ចេញក្ដីត្រេកអរ ពោលហៅឈ្មោះគាត់ ដោយអាការរីករាយ៖
-បងកុសល!
បុរសក៏បង្ហាញក្ដីរីករាយលើផ្ទៃមុខដែរ កាលបើឃើញនាងក្រមុំដឹងខ្លួនដោយប្រក្រតីយ៉ាងដូច្នេះ។ គាត់ស្ទុះចូលមកជិតប្អូនស្រីទាំងពោលសួរ៖
-ដឹងខ្លួនហើយ ?
ភីណាញញឹមសួរវិញ៖
-នេះជាពេទ្យអ្ហីបង?
-ត្រូវហើយ! អូនឯងសន្លប់ពីរថ្ងៃហើយ ឥឡូវនេះក្នុងខ្លួនយ៉ាងម៉េចហើយ?
នាងក្រមុំលើកដៃទាំងពីរជ្រោងសក់ទៅក្រោយទាំងអស់ ដោយពោលទៅកាន់បងប្រុសទាំងញញឹម៖
-អស់អីហើយ! អស់កម្លាំងបន្តិចទេតើ …!
រំពេចនោះនាងនឹកភ្លែតដល់រឿងហេតុដែលកើតឡើងនាយប់មានភ្លៀងធំនោះ ហើយនាងក៏នឹកឃើញដល់ស្ថានភាពនារីជាបងថ្លៃដែលផុតដង្ហើមដេកស្ដូកស្ដឹងក្បែរជើងសាឡុង។ ភីណាបើកភ្នែកធំៗដោយអារម្មណ៍ភ័យខ្លាចចូលសណ្ឋិតក្នុងខ្លួនសាជាថ្មី ផ្ទៃមុខប្រែជាស្លេកស្លាំងហើយខ្លួនប្រាណញ័រចំប្រប់។ បុរសជាបងសម្លឹងឃើញប្រតិកម្មប្អូនស្រី គាត់ពោលសួរភ្លាមដោយភ្ញាក់ផ្អើល៖
-យ៉ាងម៉េច? ភីណា? អូនយ៉ាងម៉េចក្នុងខ្លួនហើយ?
នាងក្រមុំសម្លឹងមុខបងប្រុស…នាងទ្រហោយំហូរទឹកភ្នែកសស្រាក់។ យំបណ្ដើរ ពោលអណ្ដឺតអណ្ដកបណ្ដើរ៖
-បង…! អ្នកបង…គាត់…! គាត់…?
បុរសជាបងបង្ហាញអាការអស់សំណើច គាត់ពោលសួរដោយសម្លឹងប្អូនស្រីមិនដាក់ភ្នែក៖
-យ៉ាងម៉េចហ្នឹងភីណា? និយាយរកស្ដាប់មិនបានសោះ យំធ្វើអ្វី?
ស្រស់ស្រីឈ្ងោកមុខយំខ្សឹកខ្សួល នាងពោលដោយរអាក់រអួល៖
-បងឯងត្រឡប់មកផ្ទះវិញអញ្ចឹងល្អហើយ…បើគ្មានបងខ្ញុំមិនដឹងត្រូវធ្វើម៉េចទេ!
លោកកុសលលូកដៃអង្អែលក្បាលប្អូនស្រីកំព្រាដោយក្ដីស្រឡាញ់ និងអាណិត។ គាត់នឹកថាប្រហែលជាបណ្ដាលមកពីមួយរយៈដែលខ្លួនឃ្លាតឆ្ងាយពីនាង នាងឃ្លាតឆ្ងាយពីការយកចិត្តទុកដាក់ឈឺឆ្អាល អញ្ចឹងហើយទើបបណ្ដាលឲ្យអារម្មណ៍ពោរពេញទៅដោយភាពសោកសៅយ៉ាងនេះ។ គាត់បន្តលួងលោមនាង៖
-អូនមិនដឹងទេអ្ហេះ! វិទូដឹងថាអូនគ្រោះថ្នាក់ភ្លាមគេមកមើលអូនរហូត អូនឯងដេកស្ងៀមពីរថ្ងៃមកនេះ គ្នាក៏គ្មានឈានជើងចេញទៅណាមួយជំហានដែរ ទើបតែអម្បាញ់មិញប៉ុស្តិ៍ប៉ូលិសមានការងារបន្ទាន់ទេ កុំអីអូនភ្ញាក់ឡើងក៏ឃើញរូបរាងស្លេកស្លាំងរបស់គេដែរហើយ។ នៅហ្នឹងសិនហើយ …បងចេញទៅរៀបចំសំបុត្រសុំគេយកអូនឯងចេញទៅផ្ទះយើងវិញស្រួលជាង។ ពេទ្យថាឲ្យតែអូនឯងដឹងខ្លួន ទៅសម្រាកបំប៉នកម្លាំងមួយរយៈអស់អីហើយ…!
នាងក្រមុំងក់ក្បាល…ទឹកភ្នែកមិនទាន់ស្ងួតពីរង្វង់កែវភ្នែកនៅឡើយ នាងឆ្លើយតបនឹងសំដីបង៖
-អូនក៏ចង់ត្រឡប់ទៅផ្ទះឲ្យបានឆាប់ដែរ… !
បុរសជាបងក្រោកចេញពីប្អូន ល្មមពេលអ្នកកំលោះម្នាក់រុញទ្វារចូលមកក្នុងបន្ទប់…។ នោះគឺនាយប៉ូលិសវិទូដែលមិត្តអ្នកអាននៅចាំបានក្នុងសំណុំរឿងស្ទូឌីយោលេខ៧។ គេបញ្ចេញអាការភ្ញាក់ផ្អើល សម្លឹងមកភីណាដែលកំពុងអង្គុយផ្អែកខ្នងលើគ្រែ គេស្ទុះចូលមកជិតពោលដោយអំណរ៖
-ដឹងខ្លួនហើយ?
នាងក្រមុំមិនទាន់តបយ៉ាងណានៅឡើយ តែពាណិជ្ជករកុសលជាបងញញឹមឆ្លើយតបទៅកាន់អ្នកកំលោះ៖
-នាំគ្នានិយាយលេងទៅ បងចេញទៅធ្វើសំបុត្រសុំចេញពីពេទ្យឲ្យភីណា…!
ភីណាសម្លឹងដំណើរបងប្រុសដែលដើរប្រញាប់ប្រញាល់ចេញទៅ នាងងាកមកសួរអ្នកកំលោះដែលទាញកៅអីមកអង្គុយក្បែរគ្រែ៖
-បងកុសលថាបងត្រូវទៅធ្វើកិច្ចការបន្ទាន់នៅប៉ុស្តិ៍មែនអត់? ម៉េចក៏មិនទាន់ទៅទៀត?
អ្នកកំលោះញញឹមតបដោយសម្លឹងមុខនាង៖
-ដោះស្រាយរួចហើយ ក៏មកវិញភ្លាមហ្នឹង?
ភីណាញញឹម នាងប្រុងហើបមាត់និយាយតបទៅនឹងកំលោះជាគូដណ្ដឹង ក៏ស្រាប់តែទទួលអារម្មណ៍ថាឈឺក្បាលខ្ទោកៗ។ នាងជ្រួញចិញ្ចើមលើកដៃស្ទាបថ្ងាសដែលត្រូវបានរុំរបួសមិនទាន់ស្រាយចេញនៅឡើយ។ សម្លឹងឃើញប្រតិកម្មនាង អ្នកកំលោះបញ្ចេញភាពព្រួយបារម្ភលើផ្ទៃមុខមួយរំពេច។ គេប្រញាប់ប្រញាល់ពោលសួរស្រាលៗដោយយកចិត្តទុកដាក់៖
-យ៉ាងម៉េច? យ៉ាងម៉េចហើយ ?
ស្រីតូចពោលមិនឆ្លើយ នាងបែរជាសួរវិញទាំងជ្រួញចិញ្ចើមដោយក្ដីឈឺចាប់៖
-វិទូ ! ម៉េចក៏អូនឈឺត្រង់ក្បាលម្ល៉េះ…?
អ្នកកំលោះវិទូសម្លឹងមកនារីគូបញ្ចាំចិត្ត ដោយក្រសែភ្នែកព្រួយបារម្ភ។ គេពោលប្រាប់នាងស្រាលៗ៖
-កាលអូនរងគ្រោះក្បាលទង្គិចនឹងចង្កូតឡាន។ តែScanមើលអត់មានអីទាំងអស់! គ្រូពេទ្យថាឲ្យតែដឹងខ្លួនវិញសម្រាកបំប៉នខ្លួនមួយរយៈ លែងអីហើយ…!
ស្រស់ស្រីបញ្ចេញអាការក្រៀមក្រំលើផ្ទៃមុខ នាងវាចាបន្ត៖
-យប់នោះអូនបើកឡានទៅផ្ទះបងទេតើ! មិនស្មានថា…ក៏…!
វិទូពោលកាត់ភ្លាម៖
-ភ្លៀងធំហើយយប់ជ្រៅទៀត ម៉េចក៏ហ៊ានបើកឡានតែម្នាក់ឯង?
នាងក្រមុំស្រមៃដល់ព្រឹត្តិការណ៍កាលពីយប់នោះ ហាក់លង់ក្នុងអារម្មណ៍ដូចនៅថ្មីៗ។ គ្រាន់តែមួយយប់សោះ គ្រួសារធ្លាប់សុខសាន្តក៏ប្រែក្លាយទៅជាមានរឿងអាសន្ន។ បងថ្លៃក៏ត្រូវស្លាប់យ៉ាងសោះកក្រោះ មិនដឹងថានៅក្នុងផ្ទះតាមពិតម្នាក់ៗកំពុងសោកសៅយ៉ាងណាទេ។ បងប្រុសខ្លួននៅទីនេះប្រឹងញញឹមនិយាយលួងលោមលើកទឹកចិត្តប្អូន ប៉ុន្តែគាត់ត្រូវបាត់បង់ប្រពន្ធជាទីស្រលាញ់ទៅហើយ មានរឿងអីថាមិនកើតទុក្ខនោះ?
រឹតតែគិត ក៏រឹតតែច្របូកច្របល់ក្នុងចិត្ត ក្បាលក៏កាន់ឈឺខ្ទោកៗ…នាងក្រមុំជ្រួញចិញ្ចើមដោយពិបាកទ្រាំធ្វើឲ្យប៉ូលិសវិទូកាន់តែបង្ហាញក្ដីបារម្ភជាងមុន គេពោលប្រាប់៖
-ភីណា! ឈប់គិតអីច្រើន! សម្ងំគេងសិនទៅ…មិនទាន់ស្រួលខ្លួនមែនទែនទេណ៎ា!
នាងក្រមុំធ្មេចភ្នែកទប់ស្កាត់ការឈឺចាប់ ប្រឹងសម្ងំសម្រាកតាមពាក្យអ្នកកំលោះពោលប្រាប់ ដោយលែងចេញស្ដីទៅរកនាយទៀត។ រសៀលដដែលនោះ នាងត្រូវបានបងប្រុស និងគូដណ្ដឹងមកទទួលត្រឡប់ទៅផ្ទះ។ ក្នុងរថយន្តដែលកំពុងបោះពួយអាការបុរសទាំងទ្វេ រួមទាំងពូសួសអ្នកបើកឡានផង ក្រៅពីបារម្ភចំពោះនាងគឺដូចជាគ្មានកើតទុក្ខពីរឿងអ្វីទៀតសោះ ប្រការនេះបានធ្វើឲ្យនាងក្រមុំងឿងឆ្ងល់ចប់តាមផ្លូវ ប៉ុន្តែនាងនៅសម្ងំស្ងៀមចាំឲ្យទៅដល់ផ្ទះ វិញសិនចាំសួរនាំ។
មកដល់មាត់ទ្វាររបង រថយន្តលូនចូលសន្សឹមៗទៅក្នុងបរិវេណភូមិគ្រឹះ ដោយមានអ្នកបម្រើចំណាស់រត់មកទទួលរង់ចាំបម្រើដូចសព្វដង ប៉ុន្តែភីណាងឿងឆ្ងល់ត្រង់ថាគេហដ្ឋានរបស់ខ្លួនមានមនុស្សស្លាប់ គឺជាក្ដីសោកសៅខ្លាំង សម្បើមណាស់ ចុះហេតុអ្វីបែរជាមិនឃើញមានរៀបចំពិធីបុណ្យសព ឬក៏មានសញ្ញាកាន់ទុក្ខអ្វីសោះយ៉ាងនេះ…។
…បងថ្លៃស្រីរបស់ខ្លួនស្លាប់ក្នុងផ្ទះ គួរណាស់មានរៀបចំពិធីបុណ្យតាមប្រពៃណី ប៉ុន្តែជើងឈានដល់បន្ទប់ទទួលភ្ញៀវទៅហើយ បរិយាកាសក្នុងផ្ទះនៅតែរក្សាបាននូវភាពប្រក្រតី ក្រៅពីមានអ្នកបម្រើប្រុសស្រីស្ទុះមកជួយគ្រានាង គឺគ្មានឃើញអ្វីទៀតសោះ។ នាងចងចិញ្ចើមដោយក្ដីងឿងឆ្ងល់ រេភ្នែកសម្លឹងពេញផ្ទៃបន្ទប់ទទួលភ្ញៀវ រួចទើបពោលទៅកាន់ស្ត្រីចំណាស់ដែលកំពុងគ្រានាងឲ្យដើរ៖
-មីងម៉ាប់! លែងខ្ញុំទៅ ខ្ញុំដើរខ្លួនឯងបានហើយ!
ស្ត្រីឈ្មោះម៉ាប់ពោលតបវិញដោយអាការអល់អែក៖
-នាងតូច! នាងមិនទាន់ជាស្រួលបួលទេ…ទុកឲ្យខ្ញុំគ្រាឡើងលើទៅ!
ភីណាតបវិញដោយមួហ្មងតាមទម្លាប់ដែលមិនចង់ឲ្យអ្នកផងមើលមកថាខ្លួននាងទន់ខ្សោយ៖
-ខ្ញុំមានឈឺជើងឯណាមីង? ខ្ញុំដើរខ្លួនឯងបាន…!
អ្នកបម្រើមិនហ៊ានប្រកែកនឹងបង្គាប់ គាត់លែងដៃពីនាងក្រមុំទាំងរារែក…។ តែលោកកុសលពោលប្រាប់ប្អូនពីចម្ងាយ៖
-ភីណា! ឲ្យមីងម៉ាប់គ្រាឡើងទៅ យើងមិនទាន់ជាស្រួលបួលទេ!
ភីណាមិនទាន់បានតបវិញយ៉ាងណាផង ក៏ស្រាប់តែលាន់ឮសំឡេងស្រួយស្រឹបមកពីជាន់ខាងលើ៖
-មិនអីទេមីងម៉ាប់! ភីណាជាមនុស្សមាំទាំតាំងពីដើមមក!
សព្ទសំឡេងមួយឃ្លានេះបញ្ញាក់ចិត្តនាងក្រមុំភីណាឲ្យភ្ញាក់ស្ទើរផ្ងារក្រោយ ដោយងើបមុខសម្លឹងទៅខាងលើប្រភពនៃសូរសំឡេងភ្លាម…ពេលក្រសែភ្នែកវាត់ទៅប៉ះនឹងរូបរាងមនុស្សម្នាក់ដែលកំពុងញញឹមស្រស់បោះជំហានមួយៗ ចុះមកពីជណ្ដើរ ហើយម្នាក់នោះឯងដែលភីណាឃើញមុខកាលណាភ័យស្ទើរលោះព្រលឹង …ព្រោះថាម្នាក់នោះ គឺបងថ្លៃស្រីរបស់នាងទាំងសាច់ទាំងឈាម។
ក្រមុំអ្នកជំងឺបើកភ្នែកគ្រលួងសម្លឹងអ្នកស្រីកុលាប ដែលកំពុងឈានយឺតៗចុះមកស្រាលស្ងើកពីលើជណ្តើរបង្អួតពីមុខភាពស្រឡាំងកាំងរបស់ខ្លួន។ ដោយភាន់ភាំងក្នុងចិត្ត រឿងហេតុកាលពីយប់នោះលេចធ្លោឡើងក្នុងកែវភ្នែកភីណាដូចនៅថ្មីៗ។ នាងនៅចាំថាបងថ្លៃស្រីរូបនេះបានដួលរមៀលពីលើជណ្ដើររហូតដល់ក្រោម ហើយបោកទង្គិចនឹងជើងសាឡុងពេញមួយទំហឹង។
យប់នោះគាត់មិនត្រឹមហូរឈាមតាមច្រមុះ និងមាត់ទេ សូម្បីតែដង្ហើមក៏លែងដកហើយដែរ។ គាត់ស្លាប់បាត់ហើយ មានរឿងអីពេលនេះបែរជានៅមានជីវិតជ្រងោបែបនេះទៅវិញ?
ស្រីក្មេងឈរសម្លឹងបងថ្លៃមិនដកភ្នែក ឯអ្នកស្រីវ័យក្មេងរូបស្អាតក៏នៅតែរក្សាស្នាមញញឹមស្រស់។ គាត់ដើរចូលមកកាន់តែកៀក…ភីណាកាន់តែថយក្រោយក្រាកៗ… ។ ទោះយ៉ាងណា អ្នកស្រីដូចជាមិនចាប់អារម្មណ៍ជាមួយកាយវិការភាន់ភាំងរបស់នាងទេ។ គាត់នៅតែញញឹមហើយបន្តដើរចូលទៅរកប្អូនថ្លៃ។
ក្រមុំគូដណ្ដឹងនាយប៉ូលិស រឹតតែភ្ញាក់ផ្អើលជាមួយអាការនេះ។ នាងរត់លេចអាការភ័យខ្លាចលើផ្ទៃមុខ ហើយគេចចេញឆ្ងាយដោយពោលញាប់ស្មេរដោយរបៀបតក់ស្លុត៖
-កុំចូល…! កុំចូល…ថយ…ថយចេញ…!
នាងងាកទៅរកគូដណ្ដឹង និងបងប្រុសរកជំនួយ ក៏ឃើញម្នាក់ៗនៅជុំវិញនោះបែរជាបើកភ្នែកគ្រលួងសម្លឹងបកមកនាងវិញដូចផ្ទាំងស៊ីប គឺអាកប្បកិរិយាចម្លែករបស់នាងកំពុងធ្វើឲ្យពួកគេតក់ស្លុត។ ភីណាមិនខ្វល់ ហើយនាងក៏វាចាដោយញ័រមាត់តតាត់ ៖
-ម៉េចអញ្ចឹង…? ក្រែង…ក្រែងគាត់…គាត់។
នាងចង់សួរគេទាំងអស់គ្នាថា ក្រែងបងថ្លៃរបស់ខ្លួនស្លាប់ទៅហើយ? ចុះម៉េចក៏បែរជានៅឈរញញឹមស្រស់ទាំងថ្ងៃបែបនេះទៅវិញ?Via: Sabay
សូមរង់ចាំតាមដានអានភាគបន្តនៅថ្ងៃពុធស្អែកនេះ