HP អាច​នឹង​បញ្ចេញ​ ទូរស័ព្ទទំនើប​ ដំណើរការ​ដោយ​ Android OS ក្នុង​ពេល​ឆាប់ៗ

7/17/2013 0 Comments A+ a-

HP ដែល​ជា​ក្រុមហ៊ុន​​មួយ​ល្បី​ខាង​ផលិត​កុំព្យូទ័រ​នោះ​ បាន​ងាក​មក​ពង្រីក​ផលិតផល​របស់​ខ្លួន​បន្ថែម​ទៀត​តាម​រយៈ​ការ​ផលិត​កុំព្យូទ័របន្ទះស្ដើង (Tablet) នៅ​ពេល​នេះ​មាន​រូបភាព​ទូរស័ព្ទទំនើប​ដែល​មាន​ម៉ាក​ HP ត្រូវ​បាន​បង្ហាញ​នៅ​ពេញ​បណ្ដាញ​អ៊ីនធឹណិត​​ដូច្នេះ​មាន​ន័យ​ថា​ក្រុមហ៊ុន​ HP កំពុង​តែ​ត្រៀម​នឹង​បញ្ចេញ​ទូរស័ព្ទទំនើប​ដែរ​ហើយ ។ សូម​រំលឹក​ផង​ដែរ​ថា​កាល​ពី​ដើម​ឆ្នាំ​នេះ​ក្រុមហ៊ុន​ HP បាន​ប្រកាស​ចេញ​កុំព្យូទ័របន្ទះស្ដើង​ Slate 7 ដំណើរការ​ដោយ​ Android OS តម្លៃ​ត្រឹម​តែ $169 ។
​រូបភាព​ទូរស័ព្ទទំនើប​របស់ក្រុមហ៊ុន​ HP នោះ​ត្រូវ​បាន​គេ​បង្ហាញ​​នៅលើ​គេហទំព័រ PhoneArena ប៉ុន្តែ​ទោះ​ជា​យ៉ាង​​ណា​ នេះ​គឹ​ជា​រូបភាព​ដែល​ទទួល​បាន​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​របស់​ PhoneArena តែ​ប៉ុណ្ណោះ​​ព្រោះ​​ HP មិន​ទាន់​បាន​បញ្ជក់ថា​វា​ពិត​ជា​ផលិតផល​របស់​ខ្លួន​នៅ​ឡើយ​ទេ ។ ថ្មីៗ​នេះ​នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HP លោក Meg Whitman បាន​មាន​ប្រសាសន៍​ប្រាប់ Fox Business ថា​ក្រុមហ៊ុន​កំពុង​តែ​ធ្វើការ​លើ​គម្រោង​ផលិត​ទូរស័ព្ទទំនើប​ ប៉ុន្តែ​លោក​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ទូរស័ព្ទទំនើប​នោះ​នឹងមាន​ឈ្មោះ​អ្វី ហើយ​​ដំណើរការ​ដោយ​ OS មួយ​ណា​នោះ​ទេ តែ​ទោះ​ជា​យ៉ាង​ណា​គេ​រំពឹង​ថា​ទូរស័ព្ទ​ទំនើប​នោះនឹង​ត្រូវ​ក្រុមហ៊ុន​បំពាក់​ដោយ Android OS ។

សូម​បញ្ជាក់​ថា លោក Meg Whitman ធ្លាប់​បាន​ប្រាប់អ្នក​សារព័ត៌មាន​ថា​ វា​មិន​ទាន់​យីត​ពេល​ទេ​ក្នុង​ការ​ប្រកួតប្រជែង​លើ​ ហ្គេម​តាម​ទូរស័ព្ទដៃ​ ហើយ​នៅ​ពេល​ដែល​ HP បញ្ចេញ​ទូរស័ព្ទទំនើប​នោះ ប្រិយមិត្ត​នឹង​ទទួល​បាន​នូវ​បទ​ពិសោធ​ន៍​ថ្មី ។ ដូច្នេះ​មាន​ន័យ​ថា​មិន​យូរ​ទេ​ក្រុមហ៊ុន HP នឹង​បញ្ចេញ​ទូរស័ព្ទទំនើប​​ទៅ​លើ​ទីផ្សារ​ សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក