ការស្នើ សុំរៀបការ ដ៏រ៉ូមែនទិក លើកំពូលស្ពាន Golden Gate ២២៨.៦ម៉ែត្រ
ការស្នើសុំរៀបការទាំងអស់ របស់មនុស្សប្រុសម្នាក់ៗ ទៅលើដៃគូដែលខ្លួនស្រលាញ់ តែងតែស្វែងរកអ្វីដែលពិសេស ដែលធ្វើឲ្យដៃគូរបស់ខ្លួនរភើប ហើយយល់ព្រមរៀបការជាមួយខ្លួន។
ដោយឡែកចំពោះ លោក Jordan Seibert ក៏ដូចជាបុរសគ្រប់រូបដែរ ប៉ុន្តែការស្នើសុំរៀបការរបស់គាត់មានលក្ខណៈប្លែក និងពុំធ្លាប់បានឃើញពីមុន គឺគាត់បាននាំគូដណ្ដឹងរបស់គាត់ ឡើងទៅលើកំពូលនៃស្ពាន Golden Gate ក្នុងទីក្រុង San Francisco របស់អាមេរិក ហើយបង្ហាញចិញ្ចៀន និងសុំនាងរៀបការ។
មុនថ្ងៃដែលលោក Jordan សារភាពសុំដៃគូរបស់គាត់រៀបការ គាត់បានធ្វើឲ្យនាងភ្ញាក់ផ្អើលម្ដងរួចមកហើយ ដោយការហៅនាងទៅលេងលើកំពូលស្ពាន ដ៏ខ្ពស់ ២២៨.៦ម៉ែត្រ។ នៅពេលដែលពួកគេបានឡើងទៅដល់ ទៅនោះលោក Jordan ក៏ចាប់ផ្ដើមយំ ហើយលុតជង្គង់ម្ខាងចុះ ពីមុខគូដណ្ដឹងរបស់គាត់ ខណៈពេលដែលគូដណ្ដឹងរបស់គាត់ កំពុងតែទស្សនាទេសភាព ដ៏ស្រស់ស្អាត នៃទីក្រុងពីលើកំពូលស្ពានដ៏ខ្ពស់។
ទីបំផុត អ្នកនាង Gonzales ដែលជាគូដណ្ដឹងរបស់លោក Jordan បានយល់ព្រម ហើយនឹងរៀបការនៅខែតុលា ខាងមុខនេះ។ ពួកគេទាំងពីរស្រលាញ់គ្នាបាន៥ឆ្នាំហើយ ទើបតែពេលនេះ គាត់បានសំរេចចិត្តសុំនាងរៀបការ។
សូមបញ្ជាក់ថា ស្ពាន Golden Gate នេះមិនបានបើកឲ្យមនុស្ស ឡើងដោយសេរីនោះទេ ហេតុដែលលោក Jordan អាចនាំគូដណ្ដឹងរបស់គាត់ឡើងទៅលើនោះបាន ព្រោះគាត់បានស្គាល់មិត្តម្នាក់ដែលធ្វើការនៅទីនោះ ឈ្មោះ Dennis Tan ទើបគេអានុញ្ញាតឲ្យគាត់ឡើងទៅបាន។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការសុំរៀបការនៅលើកំពូលស្ពានដ៏ខ្ពស់ របស់បុរសម្នាក់នេះ?
ប្រភព : ខ្មែរឡូត