រ៉េត រ៉ាដា ចេញពី Diamond Music ស្ងាត់ៗ តែខាង ផលិតកម្ម បដិសេធ
ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ធ្លាប់មានឈ្មោះល្បី នៅក្នុងផលិតកម្ម Diaamond Music កញ្ញា រ៉េត រ៉ាដា បន្ទាប់ពីបាត់ស្ងាត់មុខ ពីសិល្បៈអស់មួយរយៈធំមក មុននេះបន្តិចក៏មានព័ត៌មាន លេចឮដោយដាក់ការសង្ស័យថា រ៉េត រ៉ាដា នឹងអាចបញ្ឈប់អាជីពសិល្បៈ ខណៈដែលនាង កំពុងតែកាក់កប ជាមួយមុខរបររកស៊ីខាងក្រៅ។
ស្របពេលព័ត៌មាន ដែលលេចឮថា រ៉េត រ៉ាដា ចង់លាឈប់ពីអាជីពសិល្បៈនេះ មិនទាន់ទាំងបានប៉ុន្មានផង ក៏ស្រាប់មានប្រភពថ្មីមួយ បានទម្លាយប្រាប់គេហទំព័រ LookingTODAY ឱ្យដឹងថា រ៉េត រ៉ាដា បានវេចបង្វេចដើរចេញពីផលិតកម្ម Diaamond Music ទាំងភាពអាថ៌កំបាំងបំផុត។
ប្រភពច្បាស់ការមួយ បានទម្លាយប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា តារាចម្រៀងដែលធ្លាប់ ជ្រកកោណក្រោមដំបូល របស់ផលិតកម្ម Diamond Music កញ្ញា រ៉េត រ៉ាដា បានសម្រេចចិត្ត ដើរចេញពីទ្រនំចាស់ ដែលធ្លាប់តែលើក តម្កើងនាង ដោយមិនមានការស្ដាយ ស្រណោះអ្វីបន្តិចសោះឡើយ។ ស្របពេលដែលមុននេះ តារាស្រីរួមដំបូល កញ្ញា ជិន ស្រីនុត ក៏បានប្រកាសជាសារធារណៈថា នាងបានចាក ចេញពី ផលិតកម្ម Diamond Music ផងដែរ។
ប្រភពខាងលើនេះ បាននិយាយទៀតថា បើតាមការដឹង រ៉េត រ៉ាដា ទើបតែបានលាឈប់ពីផលិតកម្ម Diamond Music ប្រហែលជាមួយខែនេះទេ។ ប៉ុន្តែគេនៅពុំទាន់បានដឹង ពីមូលហេតុដែលនាំឲ្យនាងដើរចេញពី Diamond ច្បាស់លាស់នៅឡើយទេ។ ជុំវិញព័ត៌មានដ៏រសើបខាងលើនេះ គេហទំព័រ LookingTODAY មិនទាន់អាចស្វែងរកការបំភ្លឺពី រ៉េត រ៉ាដា បាននៅឡើយទេ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣នេះ ព្រោះលេខទូរស័ព្ទរបស់នាង មិនអាចទាក់ទងបាន។
អ្នកចាត់ការទូទៅ ប្រចាំផលិតកម្ម Diamond កញ្ញា សឿន សុខលីន បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទនាព្រឹកថ្ងៃទីទី២ កក្កដា នេះថា រ៉េត រ៉ាដា នៅតែច្រៀងឲ្យផលិតកម្មចាស់ដដែល។ គ្រាន់តែមួយរយៈ នេះនាងផ្អាកមួយរយៈសិន ព្រោះជាប់រវល់ការងារផ្ទាល់ខ្លួន។ កញ្ញា សឿន សុខលីន បានបន្តថា “ឥឡូវនេះខាងផលិតកម្មនៅតែ មានបទចម្រៀងសម្រាប់ពួកគាត់ ដើម្បីត្រៀមច្រៀងចេញលក់ ហើយចំពោះព័ត៌មានដែលថា រ៉ាដា ឈប់នេះ មិនទាន់ពិតប្រាកដនៅឡើយទេ ព្រោះខាងផលិតកម្មពុំទាន់ទទួល បានដំណឹងលាឈប់ណាមួយពី កញ្ញា រ៉េត រ៉ាដា ឱ្យឃើញច្បាស់នឹងភ្នែកទេ”។
អ្នកចាត់ការទូទៅប្រចាំផលិតកម្ម Diamond រូបនេះ បានបញ្ជាក់ថា “ប្រសិនបើមានរឿងនេះមែន គឺ រ៉ាដា គាត់ប្រាប់ខាងខ្ញុំមុនគេហើយ ប៉ុន្តែខាងខ្ញុំ មិនដែលបានដឹងថា នាងចង់ឈប់ ឬដើរចេញពីDiamondនោះទេ”។
ដោយឡែកប្រភពមួយចំនួន បានលើកឡើងថា មួយរយៈដែលបាត់មុខកញ្ញា រ៉េត រ៉ាដា មិនសូវឃើញបង្ហាញវត្តមាននៅក្នុងសិល្បៈ ក៏ដូចជាចេញនូវបទចម្រៀងថ្មីៗ នៅក្នុងផលិតកម្ម Diamond Music នោះ ដោយសារ តែ រ៉ត រ៉ាដា ជាប់រវល់កាក់កបជាមួយ អ្នកមុខជំនួញរកស៊ីផ្ទាល់ខ្លួន ខាងក្រៅច្រើនជាង៕