អង្គរក្សជិះម៉ូតូ បុករថយន្ត ដឹកឥដ្ឋ ស្លាប់នៅក្បែរ ជញ្ជីង ថ្លឹងរថយន្ត ក្នុងស្រុក អង្គស្នួល

7/02/2013 0 Comments A+ a-


កណ្តាល៖ បុរសជាអង្គរក្សម្នាក់ បានជិះម៉ូតូធំ ទៅបុក រថយន្តដឹកឥដ្ឋពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោក ក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីម៉ោង៦ និង១០នាទីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅ ក្បែរជញ្ជីងថ្លឹងរថយន្ត ស្រុកអង្គស្នួល ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកឥដ្ឋ ម៉ាកហ៊ីយ៉ានមួយគ្រឿង បានធ្វើចរា ចរណ៍ក្នុងទិសដៅពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ ពោលគឺនៅជិតជញ្ជីងថ្លឹងរថយន្តស្រុកអង្គស្នួល រថ យន្តបានបត់ឆ្លងផ្លូវ ពេលបត់បានពាក់កណ្តាល ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកCBR បើកបរដោយមន្រ្តីអង្គរក្ស ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលចង្កូតទៅបុកទំហឹងចំទ្រង់រថយន្តផ្នែកខាងក្រោយឈាងខាងស្តាំ បណ្តាលឲ្យ ដួលបោកក្បាលទៅនឹងថ្នល់បែកស្លាប់ភ្លាមៗនៅនឹងកន្លែង។ រីឯម៉ូតូ ក៏រងការខូចខាតយ៉ាងដំណំផង ដែរ។
ក្រោយកើតហេតុភ្លាមៗ មន្រ្តីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានចុះទៅដល់កន្លែងកើតហេតុ ធ្វើវាស់វែង និង ឃាត់ខ្លួនអ្នកបើកបររួមវត្ថុតាងទាំងរថយន្ត និងម៉ូតូទៅកាន់អធិការដ្ឋានស្រុកអង្គស្នួល ដើម្បីចាត់ការទៅតាមនីតិវិធី ចំណែកឯសពជនរងគ្រោះវិញ ត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
នគរបាលស្រុកអង្គស្នួលបានឲ្យដឹងផងដែរថា បុរសបើកបររថយន្តហ៊ីយ៉ានដាយ ពាណ៌ស ដឹកឥដ្ឋប្រហោង ពាក់ ស្លាកលេខភ្នំពេញ 3A-6616 មានឈ្មោះ ឃៀង ម៉ៅ អាយុ ៤៨ឆ្នាំ មានមុខរបរជាអ្នកបើកបរថយន្ត រស់នៅក្នុង ភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះជាអង្គរក្ស បើកម៉ូតូម៉ាក CBR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BU-9148 ទៅបុករថយន្តនោះ មានឈ្មោះ គឹម ចាន់ថន អាយុ ៣៨ឆ្នាំ រស់នៅ ភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងដោយសារអ្នកបើកបរម៉ូតូខ្វះការប្រុង ប្រយ័ត្ន និងបើកលឿនហួសល្បឿនកំណត់ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានស្មារតីប្រុងប្រយ័ត្នឲ្យបាន ខ្ពស់ ចៀសវាងគ្រោះថ្នាក់ចរាចរអាចនាំឲ្យបាត់បង់អាយុជិវិតតែមួយប៉ព្រិកភ្នែកនោះ៕

Photo by DAP-NEWS
ប្រភព : ដើមអំពិល