CNRP ប្តឹងមេភូមិ CPP ប្រមូល អត្តសញ្ញាណ ប័ណ្ណពីពលរដ្ឋ
កំពង់ចាមៈ ក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ CNRP បានដាក់ពាក្យបណ្តឹងលើករណីដែលមេភូមិ នៅក្នុងស្រុកមេមត់ មកពីគណបក្សប្រជាជន CPP បានបំពានច្បាប់ដោយដើរប្រមូលអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋ ដែលត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកថា ជាយុទ្ធសាស្ត្របំភិតបំភ័យដល់អ្នកបោះឆ្នោត។
លោក គង់ សំអាន ក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកមេមត់ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ លោកបានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការបោះឆ្នោតខេត្ត ដើម្បីឲ្យជួយអន្តរាគមន៍ ចំពោះករណីមេភូមិសម្បូរ ដែលបានដើរប្រមូលយកអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋនៅក្នុងភូមិយកទៅទុក។ លោកបានឲ្យដឹងទៀតថា ៖ «ខ្ញុំបានឃើញលោកមេភូមិនិងគ្នាគាត់បីនាក់ទៀត កំពុងតែដើរប្រមូលអត្តសញ្ញាណប័ណ្ណប្រជាជន តែនៅពេលខ្ញុំសួរគាត់បានឆ្លើយថាប្រមូលយកទៅទុកក្នុងថង់ឲ្យស្អាត ដើម្បីកុំឲ្យត្រូវទឹកភ្លៀងខ្លាចខូចតែហេតុអ្វីបានជាគាត់ដាក់សន្លឹកឆ្នោតគណបក្សប្រជាជននៅជាមួយ»។លោកបានឲ្យដឹងថា នៅពេលដែលលោកបានជួបនោះ គឺក្រុមមេភូមិប្រមូលអត្តសញ្ញាណប័ណ្ណបានចំនួន២០ សន្លឹក តែប្រសិនបើលោកពុំបានជួបករណីនេះទេគឺនឹងមានប្រជាពលរដ្ឋច្រើនទៀតដែលគាត់នឹងត្រូវប្រមូលយកពីគេទៅទុក។ លោកបានថ្លែងឲ្យដឹងថា៖ «ខ្ញុំសួរពលរដ្ឋនៅក្នុងតំបន់នោះគេថា នេះជាទម្លាប់របស់អាជ្ញាធរគាំទ្រគណបក្សប្រជាជនទៅហើយ ដែលតែងតែធ្វើដូច្នេះគឺយកអត្តសញ្ញាណប័ណ្ណទៅទុកដើម្បីគេផ្ទៀងឈ្មោះហើយនៅពេលដែលឃើញឈ្មោះហើយ គេយកមកឲ្យវិញដោយមានដាក់ភ្ជាប់មកជាមួយនូវលេខរៀងរបស់គណបក្សប្រជាជន»។
លោក ហុង ហៀង មេភូមិសម្បូរ បានថ្លែងថា លោកពិតជាបានប្រើសមាជិករបស់លោកឲ្យដើរប្រមូលអត្តសញ្ញាណប័ណ្ណពី ប្រជាពលរដ្ឋពិតមែនដើម្បីយកទៅដាក់ថង់ប្លាស្ទិកឲ្យបានស្អាត ពីព្រោះខ្លាចប្រជាពលរដ្ឋធ្វើឲ្យត្រូវទឹកភ្លៀងខូច ដែលនាំឲ្យមានការពិបាកនៅថ្ងៃបោះឆ្នោត។ លោកនិយាយថា៖«នៅពេលយើងដាក់ថង់ហើយគឺយើងយកឲ្យពលរដ្ឋវិញភ្លាមយើងមិនទុកនោះទេ»។ លោកបានឲ្យដឹងថា ការប្រមូលអត្តសញ្ញាប័ណ្ណប្រជាពលរដ្ឋដែលបានប្រមាណជា៤០ នោះ បានយកទៅឲ្យប្រជាពលរដ្ឋវិញអស់ហើយ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានសួរនាំអំពីបញ្ហានេះ។ លោកហុង ហៀងបានបញ្ជាក់ថា៖«ខ្ញុំធ្វើដូច្នេះតាមបញ្ជារបស់លោកមេឃុំ»។
លោក សុខ ឈិន អនុប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេដោយថ្លែងថា កំពុងជាប់រវល់ប្រជុំ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា ការប្រមូលយកប័ណ្ណព័ត៌មានបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណ ពីប្រជាពលរដ្ឋ ដោយមិនមានការអនុញ្ញាតឬដោយប្រការផ្សេងទៀត«គឺជាអំពើល្មើសច្បាប់»ដែលប្រជាពលរដ្ឋអាចដាក់ពាក្យប្តឹងទៅ គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ សង្កាត់ ឬអាជ្ញាធរដែនដីដោយផ្ទាល់។
លោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ និកហ្វិច បានឲ្យដឹងថានៅក្នុងច្បាប់ បានចែងយ៉ាងច្បាស់ហើយមន្ត្រីអាជ្ញាធរភូមិ ឃុំ សង្កាត់ គឺត្រូវអព្យាក្រឹត ហើយក្នុងករណីមានការប្រមូលអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋ ក្នុងន័យគាបសង្កត់ដើម្បីបម្រើឲ្យគណបក្សនយោបាយណាមួយនោះ គឺជារឿងខុសច្បាប់ដែលអាចធ្វើឲ្យល្អក់កករដល់ការបោះឆ្នោត។ លោកបានថ្លែងថា៖«នៅក្នុងស្រុកខ្មែរយើងអួតថា ជាប្រទេសនីតិរដ្ឋ តែប្រកាន់យកការសម្របសម្រួលច្រើន»។
យោង តាម គ.ជ.ប គិតមកដល់ថ្ងៃទី ១២ ខែកក្កដា គ.ជ.ប បានទទួលបណ្តឹងចំនួន ១៩០ បណ្តឹង ហើយបានដោះស្រាយនៅថ្នាក់ឃុំ សង្កាត់ បានចំនួន១២៥ បណ្តឹងហើយ នៅសល់៦៥បណ្តឹងទៀត។ ចំពោះបណ្តឹងនៅគណៈកម្មការរៀបចំការបោះឆ្នោត ថ្នាក់ខេត្តមានចំនួន២៧ បណ្តឹង ហើយដោះស្រាយបានចំនួន ១៥បណ្តឹងនៅសល់១២បណ្តឹងទៀត។
បើគ្មានអត្តសញ្ញាណប័ណ្ណឬប័ណ្ណសម្គាល់ផ្សេងទៀតដែលមានការទទួលស្គាល់ជាផ្លូវការ ពលរដ្ឋមិនអាចទៅបោះឆ្នោតបានឡើយ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍