មន្ត្រីមានចំណែក ក្នុងដីសង្គមកិច្ច ធ្វើឲ្យមានជម្លោះ ដោះមិនចេញ
ព្រះវិហារៈ អង្គការសិទ្ធិមនុស្ស បានរកឃើញថា មន្រ្តីយោធា និងអាជ្ញាធរស្រុកជាំក្សាន្តចំនួន ៥នាក់ មានឈ្មោះក្នុងបញ្ជីក្បាលដីសម្បទានសង្គមកិច្ចរដ្ឋ ដែលនេះជាមូលហេតុ ធ្វើឲ្យកើតមានជម្លោះដីធ្លីក្នុងតំបន់នោះមិនអាចដោះស្រាយបានអស់រយៈជាង៥ឆ្នាំមកហើយ។
កាលពីឆ្នាំ ២០០៧ រដ្ឋាភិបាល បានផ្តល់ដីសម្បទានសង្គមកិច្ចចំនួន ៥៥៦ ហិកតា ឲ្យទៅអង្គការវ៉ាយអេដស៍ ដែលមានលោកប៉ែន លឹមជាប្រធាន ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ។ ប៉ុន្តែអង្គការមួយនេះបានរងការចោទប្រកាន់ថា បានយកដីទៅលក់ ដោយមួយប្លង់ៗលក់ទៅឲ្យម្ចាស់ជាច្រើន ដែលធ្វើឲ្យមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃកើតឡើងតាំងពីពេលនោះមក។ អាជ្ញាធរខេត្តព្រះវិហារបានធ្វើការបិទប្រកាសក្បាលដីនៅក្នុងស្រុកជាំក្សាន្ត កាលពីពីរសប្តាហ៍មុន បន្ទាប់ពីក្រុមនិស្សិតស្ម័គ្រចិត្ត បានធ្វើការវាស់វែងរួចរាល់។
លោក ឡោ ចាន់ អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ បានឲ្យដឹងថា អង្គការលោកបានរកឃើញថា មន្ត្រីយោធាម្នាក់ ឈ្មោះឈឹម សុខា (មានក្បាលដីចំនួន ៤ប្លង់ ស្មើនឹងជាង ៩ ហិកតា) លោកសុខ ហៃអភិបាលស្រុកជាំក្សាន្ត និងមន្រ្តីសុរិយោដីបីនាក់ទៀតមានឈ្មោះកាន់កាប់ដី នៅក្នុងការបិទប្រកាសនោះ។
លោកចាន់បានបញ្ជាក់ទៀតថា៖«ដីដែលមានឈ្មោះទាហាននិងអាជ្ញាធរ ទាំងនោះ ជាដីសម្បទានសង្គមកិច្ចរបស់រដ្ឋសម្រាប់ចែកជូនឲ្យប្រជាពលរដ្ឋក្រីក្រ តែបែរជាធ្លាក់លើពួកអ្នកមានអំណាច និងមានលុយកាក់ទៅវិញ»។
លោក បានបន្ថែមថា ដោយសារតែមានពាក់ព័ន្ធទៅនឹងមន្ត្រីទាំងនោះទើបបានជាកើតមានជម្លោះដីធ្លីក្នុងដីសម្បទានសង្គមកិច្ចនោះ ដោះស្រាយមិនចេញ រហូតមកដល់ពេលនេះ បើទោះបីជាប្រជាពលរដ្ឋបានឡើងទៅតវ៉ាសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួនបួនលើករួមនឹងការប្រកាសរបស់លោកនាយរដ្ឋមន្រ្តី ឲ្យចាត់វិធានការអ្នកល្មើសច្បាប់យ៉ាងណាក៏ដោយ។
លោក ឡោ ចាន់ បានថ្លែងថា ករណីនេះ វាពាក់ព័ន្ធទៅនឹងអំពើពុករលួយ និងបក្សពួកនិយម ដែលអង្គការអាដហុកបាននឹងកំពុងធ្វើការស៊ើបអង្កេត ហើយនឹងដាក់លិខិត ទៅតុលាការខេត្ត និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឲ្យមានការស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់លើជនល្មើស។
លោក ទី ទុំ អាយុ ៤៦ ឆ្នាំ មានដីទំហំ ១០០ ម៉ែត្រ គុណ ៤០ ម៉ែត្រ ក្នុងដីសម្បទានសង្គមកិច្ចនោះបានអះអាងកាលពីម្សិលមិញថា លោកបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ សុំកុំឲ្យមានការវាស់វែងដីទំនាស់នោះហើយបន្ទាប់ពីអាជ្ញាធរបិទប្រកាសក្បាលដី លោកបានប្តឹងជំទាស់ម្តងទៀត។ ប៉ុន្តែ អត់មានដំណោះស្រាយទេ។
លោកទី ទុំបានថ្លែងដូច្នេះថា៖«ខ្ញុំក៏ឃើញមានឈ្មោះអាជ្ញាធរ និងមន្រ្តីមានអំណាច បុណ្យស័ក្តិពាក់ផ្កាយធំៗ នៅក្នុងបញ្ជីក្បាលដីនោះដែរ។ ពួកខ្ញុំជាង៩០គ្រួសារ គេអត់ធ្វើការដោះស្រាយទាំងអស់។ ក្រុមផ្សេងៗទៀតក៏អត់ដែរ»។
លោកសុខ ហៃ អភិបាលស្រុកជាំក្សាន្ត បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេទាក់ទងទៅនឹងបញ្ហាជម្លោះដីធ្លីនេះ ហើយលោកអ៊ុន ចិន្តា អភិបាលរងខេត្តព្រះវិហារទទួលបន្ទុកដោះស្រាយវិវាទដីធ្លីក្នុងស្រុកជាំក្សាន្តមិនអាចទាក់ទងសុំការបំភ្លឺបានឡើយកាលពីម្សិលមិញ។
ទោះជាយ៉ាងណា លោកមួល ម៉ាប មេឃុំកន្ទួតក្នុងស្រុកជាំក្សាន្ត បានមានប្រសាសន៍ថា ពិតជាមានឈ្មោះទាហាន និងមន្ត្រីអាជ្ញាធរក្នុងដីសម្បទាននោះមែន ប៉ុន្តែលោកមិនដឹងថាតើពួកគាត់ទទួលបានដីនោះដោយរបៀបណានោះទេ។ លោកមួល ម៉ាបបញ្ជាក់ថា៖«ពលរដ្ឋខ្លះថាបានទទួលដីសង្គមកិច្ចតែបង់ថវិការឲ្យដែរ។ ចំពោះជម្លោះដីធ្លីនេះ ដោះមិនទាន់ចប់ទេ ដោយមួយឡូមានម្ចាស់៤ ឬ ៥ នាក់ក៏មាន ហើយពលរដ្ឋដាក់ពាក្យបណ្តឹងជំទាស់»៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍