ម៉ោង​១២​អធ្រាត្រ​ នៅ​សង្កាត់​លេខ​១ (ភាគទី៦)

7/15/2013 0 Comments A+ a-

ភាគទី៦
ភីណា​ដៀង​ភ្នែក​រិះ​គិត នាង​យល់​ថា​បង​ថ្លៃ​ខ្លួន​ដាច់​ខ្យល់​ស្លាប់​ហើយ​បែរ​ជា​រស់​ឡើង​វិញ គឺ​ជា​រឿង​ខុស​ពី​ប្រក្រតី​ទៅ​ហើយ ពេល​នេះ​សភាព​រស់​នៅ​របស់​គាត់​បាន​ប្ដូរ​ផ្លាស់​ទៅ​ជា​ចម្លែក​យ៉ាង​នេះ​ទៀត កាន់​តែ​បង្កើត​នូវ​ក្ដី​ងឿង​ឆ្ងល់​ខ្លាំង​ឡើងៗ​ក្នុង​ចិត្ត​នាង​ នាង​រឹតតែ​យល់​ទៅ​ទៀត​ថា​បង​ថ្លៃ​ខ្លួន​ម្នាក់​នេះ​ចំ​ជា​លាក់​នូវ​អាថ៌កំបាំង​ណា​មួយ​ដែល​ខ្លួន​ គិត​មិន​យល់​ទាល់តែ​សោះ។ ភ្លាម​នោះ​នាង​ស្រមៃ​ដល់​ស្នាម​ញញឹម​ត្រជាក់​ស្រឹប​ដែល​គាត់​ញញឹម​មក​កាន់​នាង​ឯ​មាត់​បន្ទប់​គេង​កាល​ពី​យប់​ម្សិល ស្នាម​ញញឹម​ដែល​គ្មាន​លក្ខណៈ​ដូច​ទៅ​នឹង​ស្នាម​ញញឹម​របស់​មនុស្ស​ធម្មតា​សោះ គាត់​មាន​រូប​រាង​ជា​បង​ថ្លៃ​របស់​ខ្លួន​មែន ប៉ុន្តែ​កាយវិការ​បាន​​ផ្លាស់​ប្ដូរ​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ នាង​បាន​ផ្លាស់​ប្ដូរ​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ នាង​នៅ​តែ​យល់​ថា​បង​ថ្លៃ​ពិត​ប្រាកដ​របស់​ខ្លួន បាន​បាត់បង់​ទៅ​តាំង​តែ​ពី​យប់​ដែល​មាន​ភ្លៀង​ធំ​នោះ​ម្ល៉េះ។
ខណៈ​នោះ​នាង​ងាក​ទៅ​រក​អ្នក​បម្រើ​ចំណាស់ ដោយ​ពោល​សួរ​ពី​រឿង​ផ្សេង៖
-មីង​អួន! មីង​មាន​សំគាល់​ឃើញ​ទេ​ថា​អ្នក​ម្ដុំ​នេះ​គេ​ពុំ​សូវ​មក​ក្បែរ​ផ្ទះ​យើង​ប៉ុន្មាន​ទេ មែន​ទេ?
អ្នក​បម្រើ​ចំណាស់​សញ្ជឹង​គិត​បណ្ដើរ​ងក់​ក្បាល​ផ្ងក់ៗ​ ឆ្លើយ​តប​បណ្ដើរ៖
-មែន! នៅ​ផ្លូវ​ខាង​ដើម​មនុស្ស​អ៊ូអរ​ណាស់ ប៉ុន្តែ​ដូច​ជា​គ្មាន​អ្នក​ណា​មក​ក្បែរ​ម្ដុំ​ផ្ទះ​យើង​សោះ ព្រឹក​អញ្ចឹង​នៅ​មាន​គេ​ទៅ​មក​ខ្លះ ចាប់​ពី​រសៀល​ទៅ​ស្ងាត់​ច្រៀប!
ភីណា​សួរ​វិញ​ភ្លាម​ដែរ៖
-មីង​ឧស្សាហ៍​ចេញ​ទៅ​ក្រៅ មាន​ធ្លាប់​ឮ​គេ​និយាយ​អំពី​ផ្ទះ​យើង​ដែរ​ទេ?
អ្នក​អួន​គ្រវី​ក្បាល គាត់​បន្លឺ​តប៖
-ទេ! ខ្ញុំ​ចេញ​ក៏​ចេញ​ផុត ចូល​ក៏​ចូល​ផុត មិន​ដែល​ឮ​អ្នក​ណា​និយាយ​អី​ទេ ប៉ុន្តែ អុះ! ខ្ញុំ​នឹក​ឃើញ​ហើយ​នាង​តូច។
ភីណា​បើក​ភ្នែក​មូលក្លុំ​សម្លឹង​អ្នក​បម្រើ​ចំណាស់​ទាំង​មាត់​ពោល​សួរ​យ៉ាង​រហ័ស៖
-រឿង​អី​ទៅ​មីង?
អ្នក​បម្រើ​រូប​នោះ​ប្រញាប់ប្រញាល់​ឆ្លើយ​ភ្លាម៖
-កាល​ទើប​នឹង​រើ​មក​នៅ​បាន​ពីរបី​ថ្ងៃ ខ្ញុំ​ និង​អ្នក​ម៉ាប់​ចេញ​ទៅ​ចាក់​សំរាម​ គាប់​ជួន​បាន​ជួប​បង​ស្រី​ម្នាក់​គាត់​នៅ​ក្បែរ​ជិត​ខាង​យើង​នេះ​ដែរ គាត់​សួរ​មក​ខ្ញុំ​ថា​មក​នៅ​ប៉ុន្មាន​ថ្ងៃ​ហើយ មាន​ដែល​ឃើញ​អ្វី​ទេ? ខ្ញុំ​ និង​អ្នក​ម៉ាប់​ឆ្ងល់​ដែរ​ គេ​សួរ​អញ្ចឹង​ កាល​ណោះ​អ្នក​ម៉ាប់​មាន​សួរ​ទៅ​បង​ស្រី​នោះ​វិញ​ដែរ​ថា​ “ឃើញ​អ្វី​ទៅ?” ប៉ុន្តែ​ស្រាប់​តែ​បង​ស្រី​នោះ​លែង​តប​ម្នីម្នា​ដើរ​ចេញ​ទៅ​បាត់។ ក្រោយ​មិន​ដែល​ឮ​អ្នក​ណា​និយាយ​អី​ទេ! អ្នក​ជិត​ខាង​ម្ដុំ​នេះ​ចំ​ជា​ចម្លែក​ណាស់​នាង​តូច ថ្ងៃ​មួយ​នោះ​ខ្ញុំ​ និង​អ្នក​ម៉ាប់​ឡើង​ទៅ​ហាល​ខោអាវ​នៅ​ខាង​លើ ជ្រុល​ដៃ​ធ្វើ​ជ្រុះ​ឈើ​ដែល​ដាក់​ធ្វើ​ជា​ស្នួ​ឮ​សូរ​បន្តិចបន្តួច​ប៉ុណ្ណោះ ក៏​ស្រាប់​តែ​ក្រឡេក​ទៅ​ឃើញ​ផ្ទះ​ប៉ុន្មាន​ក្បែរ​យើង​នេះ គេ​បិទ​បង្អួច​គ្រាំងៗ ខ្ញុំ​គិត​ថា​អ្នក​នៅ​ផ្ទះ​ជាប់​យើង​ទាំង​ប៉ុន្មាន​នេះ​ដូច​ជា​ចម្លែក​យ៉ាង​ម៉េច​ទេ។
ភីណា​ពោល​សួរ​ទៅ​កាន់​អ្នក​បម្រើ​វិញ៖
-យើង​ធ្លាប់​ធ្វើ​អ្វី​ប៉ះ​ពាល់​ទៅ​លើ​គេ​ដែរ​?
-អត់​មាន​ទេ! អត់​មាន​សោះ​នាង​តូច!
ភីណា​នៅ​ស្ងៀម​ដោយ​សញ្ជឹង​គិត ខណៈ​នោះ​អ្នក​បម្រើ​រូប​នោះ​ពោល​របៀប​ភ្ញាក់៖
-យី! ភ្លេច​ទឹក​ដាំ​ចោល​ផង ខ្ញុំ​ចូល​ទៅ​មើល​ទឹក​សិន!
អ្នក​បម្រើ​រូប​នោះ​ចូល​ទៅ​ចង្ក្រាន​បាត់ ភីណា​ក្រោក​ដើរ​ចេញ​មក​សួន​ផ្កា​ខាង​ក្រៅ​ផ្ទះ នាង​សញ្ជឹង​គិត​ពី​រឿង​ដែល​អ្នក​បម្រើ​បាន​រៀបរាប់​អម្បាញ់មិញ នាង​ក្រមុំ​ងើប​មុខ​សម្លឹង​គេហដ្ឋាន​អ្នក​ជិត​ខាង​ដែល​នៅ​អម​សង​ខាង បង្អួច​ទាំង​នោះ​ពិត​ជា​បាន​បិទ​ជិត​ទាំង​អស់​មែន ភីណា​នៅ​តែ​មិន​យល់​ថា​ ហេតុ​អ្វី​បាន​ជា​ផ្ទះ​ខ្លួន​ក្លាយ​កន្លែង​អ្នក​ផង​មិន​ជិតស្និទ្ធ​យ៉ាង​នេះ ឬ​មួយ​ថា​មាន​អ្វី​ម្យ៉ាង​ដូច​ក្មេង​ស្រី​​ជំទង់​នៅ​ឯ​ហាង​បាន​ប្រាប់​មែន?
កំពុង​ដើរ​បណ្ដើរ លង់​អារម្មណ៍​ក្នុង​ការ​ត្រិះរិះ​បណ្ដើរ​ក៏​​ស្រាប់​តែ​របស់​មួយ​ប្លាត​ពី​របង​​ម្ខាង​ចូល​មក​ក្នុង​បរិវេណ​ផ្ទះ​របស់​នាង​ ដែល​ភីណា​មើល​ស្គាល់​ថា​នោះ​គឺ​ជា​បាល់​មួយ។ នារី​យល់​ថា​ទំនង​ជា​អ្នក​ជិតខាង​ក្បែរ​នេះ​បាន​លេង​បណ្ដាល​ឲ្យ​ប្លាត​មក​ដោយ​អចេតនា​ហើយ​ទើប​នាង​រេ​​សម្លឹង​ទៅ​បាល់​ដែល​រមៀល​លើ​ដី​មក​ក្បែរ​ជើង ​ហើយ​​ឈ្ងោក​បម្រុង​នឹង​រើស​​ ប៉ុន្តែ​ភ្លាម​នោះ​ចុង​កន្ទុយ​ភ្នែក​ដូច​ជា​មាន​អារម្មណ៍​ថា​មាន​គេ​ម្នាក់​កំពុង​ឡើង​ពី​របង​ម្ខាង​អើត​មុខ​សម្លឹង​មក។ ភីណា​ងាក​សម្លឹង​ទៅ​ទីនោះ​យ៉ាង​រហ័ស នាង​ឃើញ​ក្មេង​ប្រុស​ម្នាក់​ក្នុង​វ័យ​ប្រមាណ ៥​ ឬ៦ឆ្នាំ​បើក​ភ្នែក​ភ្លឹះៗ សម្លឹង​មក​នាង​ បន្ទាប់​មក​ភ្នែក​​ដៀង​សម្លឹង​មក​បាល់​ដែល​នៅ​លើ​ដី​នៅ​ឡើយ។ ភីណា​យល់​ថា​ក្មេង​ប្រុស​មាន​បំណង​ចង់​រើស​បាល់​របស់​គេ​ ក៏​​ពោល​ទៅ​កាន់​ស្វាគមន៍​​ដោយ​ញញឹម៖
-បាល់​របស់​អូន​ឯង​?
ក្មេង​ប្រុស​ឆ្លើយ​តប​ភ្លាម​ដែរ៖
-បាទ!
ភីណា​ឱន​រើស​បាល់​មក​កាន់​ដោយ​ញញឹម​ដដែល​ងាក​សម្លឹង​ទៅ​ក្មេង​តូច នាង​ពោល​សួរ​បន្ថែម៖
-ចុះ​អូន​ឯង​លេង​បាល់​ជា​មួយ​អ្នក​ណា?
ក្មេង​តូច​ក្របួច​មាត់​តប​ដោយ​ទឹក​មុខ​ស្ងួត៖
-លេង​ម្នាក់​ឯង!
ភីណា​បើក​ភ្នែក​មួល​ក្រឡង់​សម្លឹង​ទៅ​ក្មេង​តូច​ដោយ​កាន់​បាល់​នៅ​នឹង​​ដៃ ដើរ​ចូល​ទៅ​ជិត​វា​ផង៖
-លេង​តែ​ម្នាក់​ឯង​ទេ?​ ម៉េច​ហ្នឹង​សប្បាយ​ទៅ? អ៊ីចេះ​ចុះ ចាំ​បង​លេង​ជា​មួយ​អូខេ?! យើង​លេង​ជា​មួយ​គ្នា​ទៅ ព្រម​អត់?
ក្មេង​តូច​ធ្វើ​ភ្នែក​ម៉ក់ៗ សម្លឹង​មក​ភីណា​របៀប​គិត​មុន​ជឿជាក់។ ​យល់​ចិត្ត​ ទើប​នាង​ញញឹម​ពោល​ប្រាប់​សាជាថ្មី៖
-អូន​មក​ខាង​ណេះ​មក! មក​ខាង​ណេះ​លេង​ជាមួយ​បង​ណា៎!
ក្មេង​តូច​ហើប​មាត់​តប​វិញ​ភ្លាម៖
-បង​ស្រី​ចេះ​លេង​បាល់​​មែន?
ភីណា​ញញឹម នាង​បន្លឺ​តប​ភ្លាម​ដែរ៖
-ចេះ! រឿង​អី​ថា​មិន​ចេះ! តែ​អូន​ឆ្លង​មក​ខាង​ណេះ​មក!
ក្មេង​តូច​ញញឹម​ស្រស់ ភីណា​ឃើញ​ក្មេង​នោះ​​ចុះ​ពី​របង​បាត់​ទៅ។ នាង​ដឹង​ថា​គឺ​កំពុង​តែ​ដើរ​មក​ផ្ទះ​ខ្លួន ​ដូច្នេះ​ទើប​នាង​ដើរ​ទៅ​ឈរ​ចាំ​ឯ​មាត់​ទ្វារ​ជាស្រេច។ មួយខណៈ​គឺ​​ក្មេង​ប្រុស​រត់​សំដៅ​មក​មែន។
នាង​នាំ​ក្មេង​ប្រុស​ចូល​ក្នុង​បរិវេណ​ផ្ទះ ទាំង​ពោល​ប្រាប់​វា៖
-យើង​ទៅ​លេង​ទី​ធ្លា​ខាង​ក្រោយ​ណា អូន​ញ៉ាំ​ទឹកក្រូច​​ទេ ចាំ​បង​ហៅ​គេ​យក​ឲ្យ​ញ៉ាំ អូខេ?
ក្មេង​តូច​ញញឹម​ស្រស់​ហើយ​ងក់​ក្បាល​ញាប់​ស្អេក ប៉ុន្តែ​មិន​ទាន់​បាន​ឆ្លើយ​តប​ថា​យ៉ាង​ណា​ផង ក៏​ស្រាប់​តែ​ភ្លាម​នោះ​ឮ​សូរ​សំឡេង​រន្ធត់​លាន់​មក​​​ឯ​មាត់​ទ្វារ​របង៖
-ស្លាប់​ហើយ​កូន! មក​វិញ មក​វិញ​ភ្លាម! ម៉េច​ក៏​មក​លេង​ទី​នេះ?
ភីណា​សម្លឹង​ទៅ​ស្ត្រី​ម្ចាស់​សំឡេង​ដោយ​ក្ដី​ងឿង​ឆ្ងល់។ នាង​យល់​ថា​គាត់​មាន​អាការ​ទំនង​ជា​ភ្ញាក់ផ្អើល​ខ្លាំង​កាល​បើ​គាត់​ឃើញ​កូន​គាត់​ចូល​មក​ដល់​ផ្ទះ​នាង។ ខណៈ​នារី​អភិជន​ស្រឡាំងកាំង ស្ត្រី​ជា​ម្ដាយ​ក្មេង​ដែល​មិន​ត្រឹម​តែ​មិន​ខ្វល់​ញញឹម​ស្វាគមន៍​នាង ​គឺ​ថែម​ទាំង​​ស្ដី​បន្ទោស​ទៅ​កាន់​ក្មេង​តូច​ចាស់ដៃ៖
-ម៉ែ​ប្រាប់​ថា​ម៉េច? អ្ហះ? ថា​កុំ​ឲ្យ​មក​លេង​ក្បែរ​នេះ ម៉េច​មិន​ស្ដាប់​ម៉ែ?
ភីណា​សម្លឹង​ទៅ​កុមារ​តូច​ដែល​កំពុង​ជ្រប់​មុខ​​របៀប​ទទួល​កំហុស។ នាង​យល់​ថា​មិន​សម​ហេតុផល​សោះ​ដែល​អ្នក​ស្រី​ម្ដាយ​ធ្វើ​ទៅ​លើ​កូន​គាត់​របៀប​នេះ នាង​ចង់​និយាយ​ហេតុផល​ពន្យល់​គាត់ ប៉ុន្តែ​មិន​ទាន់​បាន​ហើប​មាត់​ផង គាត់​អូស​ដៃ​កុមារ​តូច​ដើរ​លឿន​ស្លេវ​ចេញ​ទៅ​រក​តែ​នាង​ក្រមុំ​ហា​មិនទាន់​សូម្បី​មួយ​សំឡេង។​
ភីណា​បែរ​ខ្នង​ដើរ​ចូល​មក​ខាង​ក្នុង​វិញ​​យឺតៗ ខណៈ​ដែល​នាង​នៅ​តែ​​ឮ​សំឡេង​ ស្ត្រី​ដដែល​បន្ត​​រអ៊ូ​បន្ទោស​កូន​ប្រុស​៖
-កូន​ឯង​ម៉េច​មិន​ស្ដាប់​ម៉ែ? ម៉េច​ក៏​ទៅ​លេង​ផ្ទះ​ហ្នឹង? ចាំ​មើល​បើ​ថ្ងៃ​ក្រោយ​កូន​ទៅ​ផ្ទះ​ហ្នឹង​ទៀត ម៉ែ​នាំ​កូន​ទៅ​នៅ​ផ្ទះ​យាយ​ឯង​រហូត​ហើយ!
ភីណា​នៅ​សម្ងំ​ស្ងៀម​ស្ដាប់​ពាក្យ​​សម្ដី​របស់​ស្ត្រី​ម្ដាយ​ក្មេង​ប្រុស​ដែល​កំពុង​បន្ទោស​កូន​ឯ​របង​ម្ខាង ខណៈ​នោះ​នាង​ឮ​ក្មេង​នោះ​ពោល​តប​ទៅ​កាន់​ម្ដាយ៖
-ម៉ែ! ម៉ែ​ថា​ផ្ទះ​នោះ​មាន​ខ្មោច តែ​កូន​ទៅ​អម្បាញ់មិញ​អត់​ឃើញ​ខ្មោច​ផង!
សំឡេង​ពីរ​នាក់​ម្ដាយ ​និង​កូន​កាន់​តែ​ឆ្ងាយៗ​ទៅ តាម​មើល​គឺ​ពួក​គេ​ចូល​ផុត​ទៅ​ក្នុង​ផ្ទះ​ទៅ​ហើយ ប៉ុន្តែ​ពាក្យ​ថា​ “ផ្ទះ​នោះ​មាន​ខ្មោច” របស់​ក្មេង​ប្រុស​អម្បាញ់មិញ​ដែល​និយាយ​ទៅ​កាន់​ម្ដាយ ​នៅ​តែ​លាន់​រងំ​នៅ​ក្នុង​ត្រចៀក​នាង​ក្រមុំ​នៅ​ឡើយ ភីណា​កាន់​តែ​យល់​ច្បាស់​ជាង​មុន​ថា ម៉េច​បាន​ជា​អ្នក​ជិត​ខាង​ទាំង​នោះ​នៅ​ក្នុង​សភាព​ដាច់​ឆ្ងាយ​ពី​គ្រួសារ​ខ្លួន​ម្ល៉េះ សូម្បី​តែ​ទំនាក់​ទំនង​បន្តិចបន្តួច​ក៏​មិន​ដែល​មាន​ដែរ។
នាង​ក្រមុំ​កាន់​បាល់​ដើរ​មួយៗ​ចូល​ក្នុង​ផ្ទះ​ដោយ​អារម្មណ៍​តានតឹង។ ពេញ​មួយ​ថ្ងៃ​នាង​អង្គុយ​ត្រិះរិះ​មិន​អស់​មិន​ហើយ​ពី​លំនៅឋាន​របស់​ខ្លួន ម៉េច​ក៏​ពួក​គេ​នាំ​គ្នា​និយាយ​ពី​ផ្ទះ​ខ្លួន​បែប​នេះ? មាន​ខ្មោច? គួរ​តែ​ជឿ​ ឬ​ក៏​គួរ​បន្ទោស?
ល្ងាច​នេះ​បង​ប្រុស​នាង​មិន​បាន​ត្រឡប់​មក​ផ្ទះ​អាស្រ័យ​បាយ​ទេ ព្រោះ​ថា​គាត់​ជាប់​ទៅ​ទទួល​ទាន​ជា​មួយ​ភ្ញៀវ ដើម្បី​ទំនាក់ទំនង​ការងារ​ជំនួញ ក្នុង​ផ្ទះ​សល់​តែ​ភីណា ​និង​ស្រី​ជា​បង​ថ្លៃ​ប៉ុណ្ណោះ ប៉ុន្តែ​ពេញ​មួយ​ថ្ងៃ​មក​នេះ​អ្នកស្រី​វ័យ​ក្មេង​មិន​បាន​ចុះ​មក​ជាន់​ខាង​ក្រោម​សោះ សូម្បី​តែ​ពេល​បាយ​ទាំង​ពីរ​លើក​ក៏​ដោយ។
ទោះ​បរិយាកាស​ផ្ទះ​មាន​ភាព​ចម្លែក​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ភីណា​នៅ​តែ​មិន​រវល់ ត្បិតអី​នាង​ក៏​មិន​ចង់​ជួប​មុខ​បង​ថ្លៃ​ដែល​នាង​យល់​ថា “គួរ​ឲ្យ​សង្ស័យ” ​នេះ​ឡើយ។
នាង​ទទួល​ទាន​បាយ​តែ​ម្នាក់​ឯង​គត់ រហូត​ដល់​មេឃ​ងងឹត​បន្តិច​ស្រស់​ស្រី​ឡើង​ទៅ​សម្ងំ​អាន​សៀវភៅ​ក្នុង​បន្ទប់​ឯ​ជាន់​ខាង​លើ។ បរិយាកាស​ស្ងាត់​ស្ងៀម​​ចេះ​តែ​កន្លង​ទៅ​មុខ​ រហូត​ដល់​យប់​ងងឹត​មែន​ទែន ទើប​ភីណា​ដក​ភ្នែក​ពី​សៀវភៅ​ក្រោក​ពត់​ខ្លួន​ពត់​ប្រាណ​បម្រុង​បើក​ទូរទស្សន៍​មើល​តែ​អផ្សុក​ ប៉ុន្តែ​ភ្លាម​នោះ​ស្រាប់​តែ​ត្រចៀក​ដូច​ជា​បាន​ឮ​សម្រិប​ជើង​មនុស្ស​រត់​រសឹប​ឯ​ក្រៅ​បន្ទប់។
ភីណា​ផ្ទៀង​ត្រចៀក​ស្ដាប់​ដោយ​​ក្ដី​ងឿង​ឆ្ងល់ នាង​ដឹង​ថា​ខ្លួន​មិន​ច្រឡំ​ទេ ខាង​ក្រៅ​ពិត​ជា​មាន​មនុស្ស​កំពុង​រត់​មែន ណា​មួយ​សម្រិប​ជើង​ដូច​ជា​មាន​ច្រើន​គ្នា​ទៀត​ផង ភីណា​ត្រិះរិះ​ដោយ​ប្រយ័ត្នប្រយែង​ បង​ប្រុស​ខ្លួន​មិន​ទេ ស្នូរ​ជើង​រត់​រសឹប​ខាង​ក្រៅ​បន្ទប់​តើ​ជា​អ្នក​ណា​ទៅ? អ្នក​បម្រើ​ក៏​មិន​សម​ថា​ហ៊ាន​ឡើង​មក​ជាន់​ខាង​រត់​ឆ្លេឆ្លា​ក្នុង​វេលា​យប់​ស្ងាត់​អញ្ចឹង​ដែរ ប៉ុន្តែ​បើ​មិន​មែន​ជា​សម្រិប​ជើង​របស់​សមាជិក​ក្នុង​ផ្ទះ ​តើ​ជា​របស់​អ្នក​ណា​ទៅ​វិញ?
អារម្មណ៍​ភ្ញាក់ផ្អើល​មួយ​លេច​ភ្លែត​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ចិត្ត​មាណវី នាង​នឹក​ដល់​សម្ដី​ក្មេង​ស្រី​ជំទង់​ដែល​និយាយ​ដោយ​ទឹក​មុខ​បារម្ភ​ប្រាប់​នាង​ថា ​”ផ្ទះ​នោះ​មាន​ខ្មោច” ភីណា​ដឹង​ថា​ចុង​ដៃ​ខ្លួន​​កំពុង​ចាប់​ផ្ដើម​ត្រជាក់​ដូច​ទឹកកក ឯ​បេះដូង​ក៏​កំពុង​លោត​ញាប់​រន្ថាន់​ដែរ រួម​ជា​មួយ​គ្នា​នោះ​សម្រិប​ជើង​ខាង​ក្រៅ​នៅ​តែ​ឮ​រសឹប​ចុះ​ឡើង​មិន​ព្រម​បាត់​សោះ ភីណា​ផ្ទៀង​ត្រចៀក​ស្ដាប់​ផង បែក​ញើស​ជោគ​រាងកាយ​ដោយ​ក្ដី​សង្ស័យ​ផង នាង​ក្រមុំ​សម្ងំ​ស្ងៀម​ដោយ​តាំង​ចិត្ត​ថា មក​ពី​អារម្មណ៍​ខ្លួន​មិន​នឹងន​ទេ នាង​ប្រឹង​តាំង​ចិត្ត​មួយ​ដង​ជា​ពីរ​ដង ប្រាប់​ខ្លួន​ឯង​ថា​លើ​លោក​នេះ​គ្មាន​ខ្មោច​ពីណា​មក​ទេ។ សម្រិប​ជើង​រត់​ខាង​ក្រៅ​ដែល​ខ្លួន​ឮ​អម្បាញ់មិញ គឺ​ជា​សូរ​មែក​ឈើ​ទង្គិច​គ្នា​ក្រោម​កម្លាំង​ខ្យល់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​សូរ​សម្រិប​ជើង​នៅ​តែ​រត់​ចុះ​ឡើង​ទៅ​មក​មិន​ឈប់​ឡើយ ខាង​ក្រៅ​បន្ទប់​ប្រាកដ​ជា​មាន​គេ​កំពុង​រត់​ចុះ​ឡើងៗ​មែន កាន់​តែ​ឮ​ក៏​កាន់​តែ​នៅ​មិន​សុខ​ នាង​មិន​មែន​ស្ទុះ​មក​ទទូរ​ភួយ​សម្ងំ​សុខ​នោះ​ទេ ប៉ុន្តែ​បែរ​ជា​លូក​ដៃ​មួល​សោ​ទ្វារ​​បន្ទប់​បើក​យឺតៗ ឈាន​មួយ​ជំហាន​ហើយ​មួយ​ជំហាន​ទៀត មក​ខាង​ក្រៅ​បន្ទប់។
កណ្ដាល​បរិយាកាស​ស្ងាត់​ជ្រងំ​នៃ​ភូមិឋាន​ធំ​ល្វឹង ស្រស់​ស្រី​ភ្នែក​សម្លឹង​ជុំ​វិញ​ទី​នោះ​ដោយ​បេះដូង​លោត​ក្ដុកក្ដាក់​ដូច​គេ​ទូង​ស្គរ​ នាង​សម្លឹង​ដល់​មាត់​ទ្វារ​បន្ទប់​បង​ប្រុស​ខ្លួន​ បន្ទាប់​មក​បន្ទប់​វត្ថុ​បុរាណ បន្ទប់​ធ្វើ​ការ​របស់​បង​ប្រុស បន្ទប់​ដាក់​សៀវភៅ​ ទ្វារ​ទាំង​នោះ​សុទ្ធតែ​បិទ​ជិត​ឈឹង​ទាំង​អស់ រក​មើល​ស្រមោល​មនុស្ស​ម្នាក់​ក៏​មិន​ឃើញ​ដែរ ភីណា​ថយ​ក្រោយ​ក្រាកៗ​មក​ប៉ះ​នឹង​ទ្វារ​បន្ទប់​វិញ អារម្មណ៍​ទាំង​មូល​ដូច​ជា​ច្រាស់ច្រាល់​ក្នុង​សភាព​ភ័យ​ខ្លាច​ច្រើន​ជាង​មុន ទោះ​បី​ថា​សូរ​សម្រិប​ជើង​លែង​មាន​ឮ​ទៀត​ក៏​ដោយ។
ស្រស់​ស្រី​យក​ដៃ​ជូត​តំណក់​ញើស​ដែល​ស្រក់​មក​លើ​ថ្ងាស​មិន​ឈប់ឈរ អម្បាញ់មិញ​ពិត​ជា​បាន​ឮ​សម្រិប​ជើង​មនុស្ស​ច្បាស់លាស់​ណាស់​ ពេល​នេះ​ម៉េច​ក៏​បែរ​ជា​ស្ងាត់​ជ្រងំ​យ៉ាង​នេះ? មាន​គេ​កំពុង​លលេង​ជា​មួយ​ខ្លួន​ទេ​ដឹង?
វាំងនន​ឯ​បង្អួច​ធំ​ខាង​កើត​កំពុង​បំប៉ើង​ខ្លួន​យ៉ាង​ខ្ពស់​តាម​កម្លាំង​ខ្យល់​ដែល​បក់​មក​យ៉ាង​សន្ធាប់​ពី​ខាង​ក្រៅ ភីណា​ទទួល​អារម្មណ៍​ថា​ក្រៅ​ពី​ការ​ភ័យ​ខ្លាច នៅ​មាន​ក្ដី​មួហ្មង​បង្កប់​ក្នុង​ចិត្ត​ទៀត​ផង​ដែរ នាង​កំពុង​បន្ទោស​ស្ងាត់ៗ​ក្នុង​ចិត្ត​ថា ម៉េច​ក៏​អ្នក​បម្រើ​អស់​នេះ​ធ្វេស​ប្រហែស​ចំហ​បង្អួច​ចោល​យ៉ាង​នេះ? នាង​ក្រមុំ​ដើរ​សំដៅ​ទៅ​កាន់​មាត់​បង្អួច លូក​ដៃ​ទាញ​ផ្ទាំង​បង្អួច​កញ្ចក់​បិទ​មក​វិញ។
ដង​ខ្លួន​ទាំង​មូល​ប៉ះ​ជា​មួយ​នឹង​ខ្យល់​ត្រជាក់​គួរ​ឲ្យ​ស្រៀវស្រាញ​ណាស់ ហៀប​នឹង​ដើរ​សំដៅ​មក​កាន់​បន្ទប់​វិញ​ទៅ​ហើយ ក៏​ស្រាប់​តែ​ភ្លាម​នោះ​ចុង​កន្ទុយ​ភ្នែក​បាន​វាត់​ទៅ​ប៉ះ​នឹង​ស្រមោល​អ្វី​ម្យ៉ាង​ឯ​ជណ្ដើរ ដែល​ឡើង​បន្ត​ទៅ​រាន​ហាល​ខាង​លើ ភីណា​នៅ​ទ្រឹង​មួយ​កន្លែង​ទាំង​ទ្រូង​លោត​ដុក​ដាក់ៗ​​​​​ នាង​នៅ​មិន​ទាន់​ហ៊ាន​ដៀង​ភ្នែក​សម្លឹង​ទៅ​នៅ​ឡើយ ប៉ុន្តែ​នាង​បាន​កំណត់​ដោយ​ជឿជាក់​ក្នុង​ចិត្ត​រួច​ជា​ស្រេច​ហើយ​ថា​ នៅ​ទីនោះ​ស្រមោល​ដែល​ខ្លួន​បាន​ប្រទះ​នោះ គឺ ប្រាកដ​ជា​វត្ថុ​មាន​ជីវិត​ពិត​ណាស់ បាត​ដៃ​ទាំង​គូ​ដែល​ទទឹក​ជោក​ទៅ​ដោយ​តំណក់​ញើស បាន​ក្ដាប់​យ៉ាង​ណែន ប៉ុន្តែ​នាង​នៅ​មិន​ទាន់​​មាន​សេចក្ដី​ក្លាហាន​គ្រប់គ្រាន់​នឹង​ងាក​សម្លឹង​ឲ្យ​ចំ​ទៅ​ទី​នោះ​សោះ។
ក្នុង​ស្ថានភាព​របៀប​នេះ ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ក៏​នាង​មិន​ដឹង​ដែរ ចង់​ស្រែក​ក៏​មិន​​ទាន់​ប្រាកដ​ថា​ស្រែក​ចេញ​សំឡេង​ឡើយ ព្រោះ​ថា​សភាព​រន្ធត់​ញាប់ញ័រ​កំពុង​រុករាន​ទន្ទ្រាន​រាងកាយ​នាង​រាងកាយ​យ៉ាង​ខ្លាំងក្លា​បំផុត​ទៅ​ហើយ។ ប៉ុន្តែ មនុស្ស​យើង​គឺ​ចម្លែក​ត្រង់​ម្យ៉ាង​ អ្វី​ដែល​ពិបាក​ទទួល​យក​បំផុត​ក៏​បែរ​ជា​ចូល​ចិត្ត​សម្លឹង​មើល​បំផុត​ដែរ ភីណា​ស្ថិត​ក្នុង​សភាព​តឹងតែង​បំផុត​ក៏​បែរ​ជា​មាន​សន្ទុះ​ចិត្ត​ចម្លែក អ្វី​ម្យ៉ាង​មក​ជំរុញ​ឲ្យ​នាង​បែរ​ខ្លួន​ងាក​សម្លឹង​ទៅ​កាន់​មាត់​ជណ្ដើរ​ឡើង​ទៅ​រាន​រាល​នោះ​ភ្លាម​ដែរ ប៉ុន្តែ​លើក​នេះ​ស្រមោល​ដែល​ខ្លួន​ប្រទះ​ឃើញ​អម្បាញ់មិញ បែរ​ជា​បាត់​សូន្យ​ដូច​កាល​ដែល​ត្រចៀក​បាន​ឮ​សម្រិប​ជើង​អញ្ចឹង​ដែរ។
ម្ដង​នេះ​លែង​គិត​ច្រើន​ទៀត​ហើយ នាង​ក្រមុំ​លើក​សំពត់​រាត្រី​ឲ្យ​ខ្ពស់​ផុត​កជើង​រត់​វឹង​យ៉ាង​រហ័ស​ចុះ​តម្រង់​ទៅ​កាន់​ជាន់​ខាង​ក្រោម​ភ្លាម នាង​រត់​បណ្ដើរ​មាត់​ស្រែក​បណ្ដើរ៖
-មីង​អួន! មីង​ម៉ាប់! មីង​អួន!?
សូរ​សម្រែក​របស់​តរុណី​វ័យ​ក្មេង​លាន់​រំពង​គេហដ្ឋាន​ដែល​ធំ​ទូលាយ​ហើយ​ស្ងាត់​ជ្រងំ អ្នក​បម្រើ​ចំណាស់​ទាំង​ពីរ​រត់​ចេញ​ពី​កន្លែង​សម្រាក​សំដៅ​មក​កាន់​ផ្ទះ​ធំ ​កាល​បើ​ឮ​សម្រែក​ឆោឡោ​ដោយ​ក្ដី​តក់​ស្លុត​របស់​តរុណី​វ័យ​ក្មេង។ ជា​មួយ​គ្នា​នោះ​ដែរ​សូហ្វ័រ​ចំណាស់​ដែល​កំពុង​សម្រាក​ខាង​ក្រោយ​ផ្ទះ​ក៏​ស្ទុះ​ចូល​មក​ដែរ។ គាត់​ទាំង​បី​ឈរ​សម្លឹង​នាង​ក្រមុំ​ភីណា​ដែល​កំពុង​ប្រកប​ដោយ​ទឹក​មុខ​ភិតភ័យ​រត់​ចុះ​យ៉ាង​រហ័ស​មក​ពី​ជាន់​ខាង​លើ មីង​អួន​ដែល​ជា​អ្នក​ថែទាំ​ជិតស្និទ្ធ​នឹង​នាង​ក្រមុំ​ជាង​គេ គាត់​ស្ទុះ​មក​រក​នាង​ដោយ​ពោល​សួរ​យ៉ាង​រហ័ស​៖
-នាង​តូច​ មាន​រឿង​អី? មាន​រៀង​អី? មាន​រឿង​អី​ហ្នឹង​នាង​តូច?
ភីណា​ដែល​ប្រកប​ដោយ​ទឹក​មុខ​ស្វាយ​ល្អូក​ពោល​តប​ដោយ​សំឡេង​ញ័រ​រន្ធត់៖
-ខ្មោច​ ខ្មោច​លង​ ខ្មោច​លង​ មីង​!
មីង​អួន​បង្ហាញ​ទឹក​មុខ​ងឿង​ឆ្ងល់​ ប៉ុន្តែ​គាត់​នៅ​មិន​ទាន់​ពោល​សួរ​យ៉ាង​ណា​នៅ​ឡើយ ស្រាប់​តែ​មីង​ម៉ាប់​ដែល​នៅ​​ឈរ​កណ្ដាល​បន្ទប់​ពោល​សួរ​វិញ៖
-នាង​តូច​ យល់​សប្ដិ​អាក្រក់​មែន​ទេ?
សូម​រង់ចាំ​តាម​ដាន​អាន​ភាគ​បន្ត​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ....

ប្រភព : សប្បាយ