ស្លាប់ពីរនាក់ នៅស្រុក កណ្តាលស្ទឹង ដោយសារ ចងក ធ្វើអត្តឃាត
ខេត្តកណ្តាលៈ បុរសម្នាក់ បានលបលួចចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ផ្ទះរបស់ខ្លួន ដោយសារតែតូចចិត្តនឹងខ្លួន ជាមនុស្ស ពិការ រីឯយុវសិស្សម្នាក់ បានចងក ធ្វើអត្តឃាត់ខ្លួនដែរ ដោយសារតែផឹកស្រាស្រវឹង ជោកជាំបាត់ស្មារតី ដោយករណីទី១ កើត ឡើងកាលពីវេលា ម៉ោង២២និង៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងលំនៅឋាន របស់ជនរងគ្រោះ ភូមិ ស្វាយមីង ឃុំបាគូរ ស្រុកកណ្តាល ខេត្តកណ្តាល និងករណីទី២ កើតឡើងកាលពីវេលា ម៉ោង៧និង២៥ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិ ក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ទី១ មានឈ្មោះ ហ៊ិន ចំរ៉ុង ហៅម៉ុង ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរ លក់ចាប់ហួយ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ (ជាជនពិការជើងទាំងពីរ) ។
បើយោងតាមការបំភ្លឺ របស់ក្រុមគ្រួសារ ប្រាប់នគរបាលឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជាប្រពន្ធ រួមទាំងកូនស្រីម្នាក់ បាន នាំចូលដេក នៅក្នុងបន្ទប់ ផ្ទះល្វែងរបស់ខ្លួន ហើយប្តីរបស់គាត់ ក៏បានចូលដេកផងដែរ លុះរហូតដល់ម៉ោង ២២និង៣០នាទី គាត់បានងើបឡើង ក៏ស្រាប់តែប្រទះឃើញ ប្តីរបស់គាត់ ចងកស្លាប់បាត់ទៅហើយ ដោយចងកភ្ជាប់ទៅនឹងខ្សែរ៉ត ដែលតចេញ ពីដំបូលផ្ទះ ធ្វើទុកសម្រាប់ដាក់ជើង ហាត់ប្រាណជារៀងរាល់ថ្ងៃ។
ក្រោយពេលកើតហេតុ នគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសលវិច្ច័យ រួចហើយប្រគល់សព ទៅឲ្យក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែក ឯជនរងគ្រោះ ទី២ មានឈ្មោះ ជួប ឈុនលី ហៅពីង ភេទប្រុស អាយុ១៨ឆ្នាំ មានមុខ របរជាសិស្ស រស់នៅក្នុងភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ចង់កធ្វើអត្តឃាតស្លាប់។
ម្តាយជនរងគ្រោះ បានប្រាប់នគរបាលថា កាលពីល្ងាច រូបគាត់ជាម្តាយ បាននាំកូនប្រុស ក្នុងស្ថានភាព ស្រវឹងស្រាជោក ទៅ ចូលដេកក្នុងផ្ទះ របស់ ឡាយ ឡៃ លុះដល់ម៉ោង៧និង២៥នាទីព្រឹក ទើបប្រទះឃើញ កូនប្រុសរបស់គាត់ចងកស្លាប់ ដោយ យកក្រមាចងភ្ជាប់ ទៅនឹងម៉ែកព្រីង នៅខាងជើងភូមិក្នុង វាលស្រែ។ ម្តាយជនរងគ្រោះ បានបញ្ជាក់ថា កន្លងមកជនរងគ្រោះ ពេលដែលផឹកស្រាស្រវឹង គេធ្លាប់រត់ទៅចងក ធ្វើអត្តឃាតសម្លាប់ខ្លួន ពីរលើករួចហើយ ប៉ុន្តែត្រូវបានជួយសង្គ្រោះ ទាន់ពេល តែម្តងនេះ គេបានលបលួច ទៅចងកកណ្តាលអធ្រាត្រ ទើបគ្មានអ្នកឃើញ ។
ក្រោយពេលកើតហេតុ នគរបាលជំនាញ ស្រុកកណ្តាលស្ទឹង បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសលវិច័្ចយ រួចក៏ប្រគល់ សពទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕
ដោយ ៖ ដើមអម្ពិល