ធនាគារ​អេស៊ីលីដា​ ប្រកាស​ថា មាន​អ្នក​យក​ឈ្មោះ​ ខ្លួន​ទៅ​បោក​ប្រាស់​ អតិថិជន​យក​ប្រាក់

7/12/2013 0 Comments A+ a-

ធនាគារ​អេស៊ីលីដា ដែល​ជា​ធនាគារ​មាន​សាខា​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​កាល​ពី​ដើម​ខែ​នេះ​ថា មាន​ជន​ខិលខូច​មួយ​ចំនួន​បាន​បន្លំ​យក​ឈ្មោះ​ធនាគារ​នេះ​ទៅ​​បោក​ប្រាស់​យក​ប្រាក់​ពី​អតិថិជន។
សាខាមួយកន្លែងរបស់ធនាគារអេស៊ីលីដា
តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ មាន​ជន​ខិលខូច​មួយ​ចំនួន​បាន​អះអាង​ខ្លួន​ថា ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា ឬ​យក​ឈ្មោះ​ធនាគារ​អេស៊ីលីដា ទៅ​ប្រើប្រាស់​ដើម្បី​ឆបោក​ប្រាក់​ពី​អតិថិជន និង​សាធារណជន​មួយ​ចំនួន​តាម​ទូរស័ព្ទ ឬ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត ដោយ​តម្រូវ​ឲ្យ​អតិថិជន ឬ​សាធារណជន​នោះ​ផ្ទេរ​ប្រាក់​មួយ​ចំនួន​ជា​មុន​សិន ដើម្បី​ចំណាយ​រត់ការ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​រង្វាន់​ជា​ទឹក​ប្រាក់​ពី​ធនាគារ។
ចំពោះ​ករណី​នេះ ធនាគារ​អេស៊ីលីដា បាន​ធ្វើ​ការ​បញ្ជាក់​ថា ធនាគារ​ខ្លួន​ពុំ​មាន​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង ឬ​ផ្តល់​រង្វាន់​ជា​ទឹក​ប្រាក់​ណា​មួយ​ជូន​អតិថិជន និង​សាធារណជន​ឡើយ។
ដូច្នេះ​ដើម្បី​ចៀសវាង​ទទួល​រង​នូវ​ការ​ឆបោក​ពី​សំណាក់​ជន​ខិលខូច ធនាគារ​អេស៊ីលីដា​បាន​អំពាវ​នាវ​ដល់​​អតិថិជន ឬ​សាធារណជន ត្រូវ​ទំនាក់​ទំនង​មក​កាន់​ធនាគារ​ដោយ​ផ្ទាល់។
សូម​បញ្ជាក់​ថា ករណី​ឆបោក​របៀប​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា បាន​កើត​ឡើង​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពេ​ល​ខ្លះ​ជន​ខិល​ខូច​ទាំង​នោះ​បាន​ក្លែង​បន្លំ​ជា​បុគ្គលិក​ទូរទស្សន៍ ធនាគារ ឬ​ក្រុមហ៊ុនផ្សេងៗ ហើយ​​ទូរស័ព្ទ​ទៅ​ជន​រងគ្រោះ​ដោយ​ប្រាប់​ថា ជនរងគ្រោះ​ទទួល​បាន​រង្វាន់​នេះ រង្វាន់​នោះ ប៉ុន្តែ​ត្រូវ​ប្រគល់​ប្រាក់​មួយ​ចំនួន​ដល់​គេ ដើម្បី​ជា​ថ្នូរ​ទទួល​បាន​រង្វាន់​នោះ​ជា​ដើម៕www.fpmonline.net