គង់ ​​សុជាតិ ​​លាក់​​​បាំង​​ ​​​រឿង​​​ស្នេហា​ និង​​​វេលា ​​​រៀប​​​ការ​

7/02/2013 0 Comments A+ a-


ពិធីការិនីចាស់វស្សា និងជាអតីតអ្នកលក់ចេកឆឹង សម្រស់ស្រស់ត្រកាល គួរឱ្យទាក់ទាញ អ្នកនាងគង់ សុជាតិ ដែលត្រូវបានគេនិយាយខ្ចរខ្ចាយថា ត្រៀមរៀបការជាមួយពិធីករវ័យក្មេង ជា វិបុល នោះ ពិតមែនតែធ្វើឱ្យមហាជន ចាប់អារម្មណ៍តាមដានជាខ្លាំង  ប៉ុន្តែនាងមិនបានទម្លាយការពិតទាល់តែសោះ បើទោះបីអ្នកកាសែត តាមជីកសួរដើម្បីបញ្ជាក់ការពិតជូនមហា ជនក៏ដោយ។
អតីតសិស្សសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាពិធីការិនីទឹកមុខស្រទន់សាច់.សស្អាត គង់ សុជាតិ បាននិយាយជាមួយអ្នកប្រមាញ់ព័ត៌មានទស្សនាវដ្តីមហាគ្រួសារថា រឿងរ៉ាវស្នេហាផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំមិនចង់និយាយអ្វីទេ ទុកឱ្យវាធ្វើដំណើរទៅជារបៀបណាមួយ ហើយយើងបត់បែនតាមពេលវេលាទៅចុះ ឯភាពច្បាស់លាស់សម្រាប់មហាជន និងអ្នកកាសែតដែលចង់ដឹងក្នុងរឿងនេះ ខ្ញុំមិនអាចបកស្រាយបានទេ ព្រោះថា  នេះជាស្នេហា ប៉ុន្តែចំពោះរឿងការងារវិញ ខ្ញុំមិនលាក់លៀមទេ ។
ពិធីការិនីស្ត្រីមេម៉ាយវ័យប្រហែល៤០ឆ្នាំ ប្រចាំទូរទស្សន៍លេខ៣ (TV3) ក្នុងកម្មវិធីតារាឯកដែលចាប់ដៃគូជាមួយបុរសវ័យក្មេង ជា វិបុល បានឆ្លើយតបទៀតថា ខ្ញុំអាចនិយាយបានរឿងការងារ, រឿងរកស៊ី, រឿងជោគជ័យក្នុងអាជីព ប៉ុន្តែដោយឡែករឿងស្នេហាសូមមិននិយាយ ។ ពេលវេលាបានបន្សល់ទុកស្នាមអនុស្សាវរីយ៍កន្លងមក គេតែងតែឃើញគង់ សុជាតិ បានបណ្តើរដៃគូលោកជា វិបុល ទៅចូលរួមកម្មវិធីផ្សេងៗនៅសមាគមទូរទស្សន៍កម្ពុជា និងនៅក្នុងកម្មវិធីផ្សេងៗប្រកបដោយភាពល្អូកល្អើន បើទោះបីអ្នកទាំង២មានវ័យខុសគ្នាក៏ដោយ  តែស្ត្រីមេម៉ាយរក្សាសម្រស់ស្អាតគួរឱ្យគយគន់ គង់ សុជាតិ  និងកំលោះ ជា វិបុល ស័ក្តិសមគ្នាណាស់តើ ។
ក្នុងកម្មវិធីប្រគំតន្ត្រីកម្សាន្តផ្សេងៗ គេតែងតែសង្កេតឃើញអ្នកនាង គង់ សុជាតិ អតីតកញ្ញាឯកប្រចាំស្ថានីយទូរទស្សន៍ IBC អំឡុងឆ្នាំ១៩៩៤ រាំសើចសប្បាយជាមួយពិធីករវ័យក្មេង ជា វិបុល ព្រមទាំងធ្លាប់ថតរូបកៀកកិតគ្នាទៀតផង ធ្វើឱ្យតារាមួយចំនួនចំអន់លេង  និងខ្លះទៀតអបអរសាទរ ។ គួរបញ្ជាក់ថា បន្ទាប់ពីបែកបាក់ស្វាមីទី១ ដែលមានឈ្មោះម៉ៅ សាលភាព អស់រយៈពេលជាច្រើនឆ្នាំ ពិធីការិនីរាងចង្វាមូល ទ្រលុកទ្រលន់ សម្តីផ្អែម គង់ សុជាតិ បានរស់នៅក្នុងសភាពជាស្ត្រីមេម៉ាយអស់រយៈពេលជាច្រើនឆ្នាំ និងចិញ្ចឹមកូនប្រុសស្រីស្ទើរតែក្រមុំកំលោះអស់ទៅហើយ ហើយមួយរយៈចុងក្រោយនេះ ចំណងស្នេហ៍ទី២ របស់ពិធីការិនីចាស់វស្សា TV3 រូបនេះ ត្រូវបានគេលើកយកមកទុកដាក់ជាមួយពិធីករជាដៃគូគ្នាគឺលោកជា វិបុល យ៉ាងខ្ចរខ្ចាយដូចបែកក្អម ហើយកាលថ្មីៗនោះនាងធ្លាប់ភ្លាត់មាត់និយាយថា រូបនាងជិតរៀបការជាលើកទី២ហើយ ។
ដូចយ៉ាងកាលពេលទៅចូលរួមមង្គលការរបស់ពិធី ការិនី សុខ សោម៉ាវត្តី កន្លងមក អ្នកនាង គង់ សុជាតិ ដែលនៅមិនអង្គុយមិនឆ្ងាយពីលោកជា វិបុល បានបង្ហើបឱ្យដឹងថា នាងក៏ជិតដល់ពេលចូលរោងការដែរហើយ ដែលការលេចឮបែបនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល កត់សម្គាល់ និងតាមដានរហូតមកដល់ពេលនេះ  ៕
ប្រភព  :  កោះសន្តិភាព