ពាក្យ​ចចាមអារ៉ាម​ «​ក្រុមហ៊ុន Qualcomm ​​ធ្វើ​​​ការ​លើ​ Smartwatch»

7/03/2013 0 Comments A+ a-

Smartwatch ឬ​ហៅ​ថា នាឡិកា​ទំនើប​គឺ​ជា​ឧបករណ៍​បច្ចេកវិទ្យា​ថ្មី​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​​ក្លាយ​ជា​ឧបករណ៍​ដែល​មាន​ប្រជា​ប្រិយ​ភាព​​​​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ ។ ដោយ​ឡែក​​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​​ចូល​រួម​ធ្វើ​ការ​ផលិត​នូវ​ឧបករណ៍​ថ្មី Smartwatch ក៏​កាន់​តែ​មាន​ចំនួន​​ច្រើន​ឡើងៗ​ផង​ដែរ ដែល​បច្ចុប្បន្ន​យើង​ដឹង​ថា ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​​ធំៗ ដូច​ជា Apple និង​ Samsung គឺ​សុទ្ធ​តែ​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ធ្វើ​ការ​ទៅ​លើ​​គម្រោង​ផលិត​ឧបករណ៍​ថ្មី​នេះ ​ហើយ​ឥលូវ​​​សូម្បី​តែ​ក្រុមហ៊ុន Qualcomm ដែល​ជា​អ្នក​ផលិត​បន្ទះ chip ដ៏​ធំ​ក៏​​​អាច​នឹង​ធ្វើ​ការ​​ផលិត​នូវ​ Smartwatch ផង​ដែរ ។
SmartWatch 2 :

​ថ្មីៗ​នេះ​ក្រុមហ៊ុន Sony ទើប​តែ​​បាន​​​ប្រកាស​ចេញ​ ​SmartWatch 2 ដែល​ជា Smartwatch ​ថ្មី​​មាន​រូប​រាង​គួរ​ឲ្យ​ទាក់​ទាញ​​ ប៉ុន្តែ​សម្រាប់​លក្ខណៈ​​​នៃ​ឧបករណ៍​នេះ​នឹង​​​អាច​ខុស​ពី​ផលិតផល​របស់​ក្រុមហ៊ុន​ផ្សេងៗ​ដូច​ជា Apple និង Samsung យ៉ាង​ណា​នោះ​យើង​​​ក៏​មិន​​អាច​​ដឹង​​ដែរ​​ ដោយ​ហេតុ​ថា Smartwatch របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​មិន​​ទាន់​ត្រូវ​បាន​ប្រកាស​​ចេញ​ជា​ផ្លូវការ​នៅ​ឡើយ ។​ ដោយ​ឡែក​​ក្រុមហ៊ុន​ Qualcomm ដែល​យើង​តែង​ស្គាល់​ថា ជា​ក្រុមហ៊ុន​ផលិត​បន្ទះ chip ដ៏​ធំ​មួយ​​ ​ពេល​នេះ​​ត្រូវ​បាន​គេ​រាយការណ៍​ថា ក៏​អាច​នឹង​​កំពុង​ធ្វើ​ការ​ទៅ​លើ​​​គម្រោង​ផលិត​ Smartwatch ផង​ដែរ ។​
បើ​យោង​ទៅ​តាម​ប្រភព Geeeky-gadge បាន​ឲ្យ​ដឹង​ថា​ ​ប៉ាតង់​​នៃ​ឧបករណ៍ Smartwatch របស់​ក្រុមហ៊ុន Qualcomm ​​គឺ​មាន​ឈ្មោះ​និមិត្ត​សញ្ញា​​ថា Qualcomm TOQ ដែល​ត្រូវ​​បាន​គេ​រក​ឃើញ​តាម​រយៈ​ប្រភព​ Phandroid ។ ​Qualcomm TOQ ដែល​​អាច​ជា​ Smartwatch របស់​ក្រុមហ៊ុន Qualcomm ត្រូវ​បាន​​​រៀប​រាប់​​នៅ​ក្នុង​ប៉ាតង់​ថា ​​ជា​ឧបករណ៍​​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ដែល​​​មាន​​លក្ខណៈ​​ជា​នាឡិកា​ដៃ ​​និង​ជា​ឧបករណ៍​អេឡិចត្រូនិក​​ចល័ត​ដែល​អាច​ធ្វើ​ការ​​បញ្ជូន និង​អាន​​នូវ​ Text, data, image, audio files និង​​មាន​ច្រើន​ទៀត​ ។
សូម​បញ្ជាក់​ថា ​ស្រប​ពេល​ដែល​ទូរស័ព្ទ​ទំនើប​កាន់​តែ​មាន​អេក្រង់​ធំៗ​ទៅៗ ​គេ​សង្កេត​ឃើញ​ថា ​ការ​ស្វែង​រក​នូវ​ឧបករណ៍​​អេឡិចត្រូនិក​ទំនើប​​ថ្មីៗ​ក៏​​មាន​​ការ​លេច​ចេញ​ជា​បន្ត​បន្ទាប់​​ដូច​ជា វ៉ែនតា​ទំនើប Google Glass ​និង​នាឡិកា​ទំនើប​ជា​ដើម ។ យ៉ាង​ណា​មិញ​សម្រាប់​នាឡិកា​ទំនើប​ដែល​​​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ចំនួន​​កំពុង​ធ្វើ​ការ និង​​ចរាចរ​លក់​លើ​ទីផ្សារ​នោះ​ គឺ​​​ហាក់​​មិន​ទាន់​មាន​​សមត្ថភាព​ខ្ពស់​នៅ​ឡើយ​ទេ ព្រោះ​ថាពួក​វា​នៅ​ត្រូវ​ការ​ទូរស័ព្ទ​ទំនើប​ដើម្បី​អាច​ដំណើរការ​នូវ​មុខ​ងារ​ពិសេសៗ ដូច្នេះ​តើ​ទៅ​ថ្ងៃ​មុខ​ អនាគត​របស់​នាឡិកា​ទំនើប​អាច​នឹង​ឈាន​ដល់​កម្រិត​ណា ​ស្រប​ពេល​ដែល​ក្រុមហ៊ុន Apple និង Samsung មិន​ទាន់​បាន​​បញ្ចេញ​នូវ​ផលិតផល​នេះ​នៅ​ឡើយ​ ?