នគរបាល សេដ្ឋកិច្ចរបស់លោក ម៉ៅ រង្សី កំពុងអុកឡុក អ្នករកស៊ីនៅខេត្ដបាត់ដំបង និងអ្នកដឹកទំនិញឆ្លងកាត់ ផ្លូវជាតិលេខ៥
យ៉ាងណាក៏ដោយ ក្រុមឈ្មួញបានបញ្ចេញនូវប្រតិកម្មយ៉ាងខ្លាំង ចំពោះភាពអនាធិបតេយ្យ របស់នគរបាលសេដ្ឋកិច្ចខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោក ម៉ៅ រង្សី ដែលបានបង្កផលលំបាកយ៉ាងខ្លាំង ទៅលើក្រុមឈ្មួញ តាមរយៈការបង្ខំឱ្យបង់លុយក្នុងកម្រិតខ្ពស់ និងច្រើនជាងសមត្ថកិច្ច ដែលពួកគេធ្លាប់សូកប៉ាន់។ មន្ត្រីតូចតាចបានលួចបង្ហើប ឱ្យដឹងផងដែរថា លោក ម៉ៅ រង្សី គឺជាអ្នកកាន់កាប់ និងទទួលខុសត្រូវក្នុងការស៊ើបអង្កេត និងបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៅក្នុងខេត្ដបាត់ដំបង ពិសេសទំនិញដែលឆ្លងកាត់ផ្លូវជាតិលេខ៥ ពេលខ្លះលោក ម៉ៅ រង្សី បានអនុវត្ដហួសពីការកំណត់ របស់លោក ស ថេត ជាស្នងការនគរបាលខេត្តបាត់ដំបង នាំឲ្យមានភាពចម្រូងចម្រាស់ផងដែរ ។
នគរបាលសេដ្ឋកិច្ចរបស់លោក ម៉ៅ រង្សី បានឈរជើងនៅស្រុកបវេល ត្រង់ចំណុច ស្ពានពង្រ ដែលទីតាំងនេះគឺចាំស្ទាក់រាប់ក្បាលឡាន ដឹកជញ្ជូនទំនិញមកពី ចំណុច ភ្នំព្រឹក សំពៅលូន កំរៀង ហើយក៏បានដាក់ប៉ុស្តិ៍ជជុះនៅ ក្នុងទីរួមខេត្តបាត់ដំបងជាចំហរ គឺមិនត្រឹមតែយកលុយពីទំនិញ ដែលដឹកមកពីតាមបណ្ដាព្រំដែន ឆ្លងកាត់ខេត្ដបាត់ដំបង ឬឆ្លងកាត់ផ្លូវជាតិ លេខ៥ ប៉ុណ្ណោះទេ សូម្បីតែទំនិញភាគច្រើនដែលបង់ពន្ធនាំចូល ពីប្រទេសវៀតណាម ហើយដឹកមកពីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលខេត្ដបាត់ដំបងក៏កម្លាំងរបស់លោក ម៉ៅ រង្សី បង្ខំឱ្យបង់លុយដោយគ្មាន ការយោគយល់អ្វីឡើយ ។
ក្រុមឈ្មួញបានឱ្យដឹងទៀតថា លោក ម៉ៅ រង្សី បានកេណ្ឌប្រមូលឈ្មួញរកស៊ីធំៗ ជាពិសេសក្រុមឈ្មួញរកស៊ីលោតឆ័ត្រ ធ្វើការចរចាដើម្បីបង់លុយ ហើយជាញឹកញាប់លោក ម៉ៅ រង្សី តែងរអ៊ូប្រាប់ក្រុមឈ្មួញអំពីផលលំបាករបស់គាត់ ដែលមានតួនាទីប្រមូលលុយ សម្រាប់បង់ឱ្យថ្នាក់លើក្នុងកម្រិតខ្ពស់ ប៉ុន្ដែគេពុំបានដឹងថា លោក ម៉ៅ រង្សី ប្រឹងប្រមូលលុយយកទៅ បង់ឲ្យថ្នាក់ណាខ្លះទេ ។ ក្រុមឈ្មួញបាននិយាយថា ជាធម្មតាឡានដឹកទំនិញស្របច្បាប់ ត្រូវបង់ប្រាក់ឱ្យទៅកម្លាំងរបស់លោក ម៉ៅ រង្សី ក្នុងមួយឡានចាប់ពី១០០បាត ទៅ ៥០០បាត ហើយសម្រាប់ទំនិញ បង់ពន្ធមិនគ្រប់ និងទំនិញនាំចូលមិនស្របច្បាប់ ដូចជាសាច់មាន់ខូចគុណភាព ជ្រូកក្រហម សាច់ប្រហិត រួមទាំងការ នាំចូលនូវត្រីចាប ត្រីឆ្ដោរ សុទ្ធតែមានការហាមឃាត់ គឺកម្លាំងរបស់លោក ម៉ៅ រង្សី បង្ខំឲ្យបង់លុយតាមតែអំពើចិត្ត ។
លោក ម៉ៅ រង្សី បានផ្តល់គម្រូអាក្រក់ដល់នគរបាលសេដ្ឋកិច្ចខេត្ដបាត់ដំបង នាំឲ្យគ្រប់ៗគ្នាគិតតែពី ផល ប្រយោជន៍ផ្ទាល់ខ្លួន ផ្ទុយអំពីចំណាត់ការរបស់ថ្នាក់លើ ដែលពេលខ្លះ លោក ម៉ៅ រង្សី បានបញ្ជាកម្លាំងឲ្យដេញចាប់ទំនិញ និងរាប់ក្បាលឡានយកលុយ មានទ្រង់ទ្រាយធំជាងជំនាញ គយនិងរដ្ឋាករ ដែលមានតួនាទីប្រមូលពន្ធជូនរដ្ឋផងដែរ ។ រឿងហេតុដែលមន្ត្រីនគរបាលរបស់លោក ម៉ៅ រង្សី កំពុងតែបង្កើតផលលំបាកខ្លាំងក្លា ចំពោះអ្នករកស៊ីនៅខេត្ដបាត់ដំបង មិនខុសពីកម្លាំងអនាធិបតេយ្យ នៃក្រុមកុងត្រូលជជុះនោះឡើយ គឺទាមទារឲ្យលោកស្នងការ ស ថេត ពិនិត្យកែទម្រង់បញ្ហានេះឡើងវិញជាបន្ទាន់ ៕វត្តភ្នំ
