កម្ម​កា​រិ​នី​ម្នាក់​ ត្រូវ​រថយន្តបុក​ស្លាប់​ ដោយសារតែ​​ បាយ​មួយកញ្ចប់​

7/03/2013 0 Comments A+ a-

ខេត្តកំពង់ឆ្នាំង ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០​៣ ខែកក្កដា ឆ្នាំ​២០១៣ ដែល​បណ្តាល​ឲ្យ​ស្ត្រី​​ជា​​កម្ម​កា​រិ​នី​​កាត់​ដេរ​​ម្នាក់ បាន​​ស្លាប់​​ភ្លាមៗ​នៅ​កន្លែង​ហេតុ ​ដោយសារតែ​ត្រូវ​រថ​យន្ត​ម៉ាក​​​ហ៊ី​ណូ មួយគ្រឿង បាន​បើក​បុក​ពេញទំហឹង​​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​សូវង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​។

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ដែល​ត្រូវបាន​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ​ អ៊ឹម ចន្ថា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ពពេល​ពក ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ជា​កម្មការិនី​កាត់ដេរ​នៅ​រោងចក្រ ​ប្លូ​ម ហ្វ៊ៀ​ល ខេ​ម​បូ​ឌា ។ ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា មុនពេល​កើតហេតុ គឺ​គេ​ឃើញ​ស្ត្រី​រងគ្រោះ​ខាងលើ បាន​ជិះ​រថយន្ត​ដឹក​កម្មករ​មក​ឈប់​កន្លែង​ធ្វើការ​ ខណៈ​ដែល​​នាង​បាន​ចុះ​ពីលើ​រថយន្ត​ក៏បាន​ភ្លេច​យក​កញ្ចប់​បាយ រួច​ក៏​ត្រឡប់​ឆ្លង​ទៅយក​វិញ តែ​ភ្លាមៗ​នោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហ៊ី​ណូ មួយគ្រឿង បាន​បើក​មក​បុក​នារី​រងគ្រោះ ពេញ​ទំ​ហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង ។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍​ធ្វើការ​វាស់វែង និង​បាន​ឃាត់ខ្លួន​អ្នកបើកបរ និង​រថយន្ត​យក​ទៅ​រក្សាទុក​នៅ​អ​ធិ​ការ​​​ស្រុក​កំពង់ត្រឡាច ដើម្បី​រង់ចាំ​ការដោះស្រាយនៅ​ពេល​ក្រោយ។ ចំណែក​សាកសព​រងគ្រោះ ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​យក​​ទៅធ្វើ​បុណ្យ​តាម​ប្រ​ពៃណី​៕ដោយ វត្តភ្នំ