លោក សេង លាង យកឈ្មោះ​ថ្នាក់លើ​ ទៅ​រាប់​ក្បាល​កុងតឺន័រ ដឹកទំនិញ​ចេញចូល​ កំពង់ផែ​ក្រុងព្រះសីហនុ តាមតែ​អំពើ​ចិត្ត​

7/03/2013 0 Comments A+ a-

ខេត្ត​ព្រះសីហនុ ៖លោក សេង លាង ជា​ប្រធាន​ស្នាក់ការ​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ​នៅតែ​ក្រអឺតក្រទម​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត តាមរយៈ​ការចាត់តាំង​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន អង្គុយចាំ​រាប់​ក្បាលឡាន​ដឹក​កុងតឺន័រ​ចេញចូល​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ យកលុយ​ច្រក​ហោប៉ៅ ដោយ​គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់ ឬ​វិធានការ​រឹតបន្តឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ ហើយ​សកម្មភាព​ដែល​លោក សេង លាង កំពុង​អនុវត្តន៍​សព្វថ្ងៃនេះ​គឺ​ផ្ទុយ​ពី​ការចាត់​តាំងរបស់​អគ្គ​ស្នងការ​នគរបាលជាតិ ដែល​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ជាបន្ទាន់​។

អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ បានលើកឡើង​ពី​ការ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ​ពី​សំណាក់​នគរបាល​អន្តោប្រវេសន៍​របស់​លោក សេង លាង ពោលគឺ​ក្នុង​ម៉ោង​រដ្ឋបាល​នគរបាល​អ​ន្តោ​ប្រវេសន៍​កំណត់​ឲ្យ​បង់លុយ​ចំនួន ១,៥​ដុល្លារ​អាមេរិក សម្រាប់​ទំនិញ​ដែល​ដឹក​ចេញពី​កំពង់ផែ ប៉ុន្តែ​ចំពោះ​ទំនិញ​ដែល​ដឹក​ចូល​កំពង់ផែ​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស ត្រូវ​នគរបាល​អន្តោប្រវេសន៍​បង្ខំ​ឲ្យ​បង់លុយ​ចំនួន ៤,៥​ដុល្លារ​អាមេរិក ក្នុង​មួយ​កុងតឺន័រ​។ ដោយឡែក សម្រាប់​បញ្ហា​កកស្ទះ​ឬ​ផុត​ម៉ោង​រដ្ឋបាល សម្រាប់​កុងតឺន័រ ដែល​ដឹក​ចេញពី​កំពង់ផែ ត្រូវ​បង់លុយ​ចំនួន ១,៥​ដុល្លារ​អាមេរិក គេ​បង្ខំ​ឲ្យ​បង់លុយ​ចាប់ពី​២​ម៉ឺន​រៀល ដល់​៣​ម៉ឺន​រៀល ហើយ​កុងតឺន័រ​ដែល​នាំចូល​កំពង់ផែ សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​តម្លៃ​ធម្មតា​ត្រូវ​បង់ ៤,៥​ដុល្លារ​ប៉ុណ្ណោះ ត្រូវគេ​បង្ខំ​ឲ្យ​បង់​ដល់​ទៅ​១៥​ដុល្លារ​ឯណោះ​។
សម្រាប់​ការបង់​លុយកាក់ ឲ្យ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​របស់លោក សេង លាង គឺ​ធ្វើ​ទៅតាម​ការទាមទារ តាមតែ​បបូរមាត់​នៃ​មន្ត្រី​ទាំងនោះ​ដែល​អង្គុយចាំតែ​រាប់​កុងតឺន័រ​ចេញចូល កំពង់ផែ​ក្រុងព្រះសីហនុ​យកលុយ ដោយ​គ្មាន​លិខិតស្នាម​ឬ​វិក្កយបត្រ​អ្វី​ឡើយ អាច​ចាត់ទុកជា​អំពើពុករលួយ ព្រោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានបញ្ជាក់​ជារឿយៗ​ថា រាល់​ការបង់ប្រាក់​លើ​សេវាសាធារណៈ​ដែល​គ្មាន​វិក្កយបត្រ អាច​ចាត់ទុកជា​អំពើពុក​រលួយ ដែល​ត្រូវ​នាំទៅ​ផ្តន្ទាទោស​តាមច្បាប់​។ មន្ត្រីនគរបាល​អន្តោប្រវេសន៍​ដែល​អង្គុយចាំ​រាប់​កុងតឺន័រ​ចេញចូល​កំពង់ផែ​ក្រុងព្រះសីហនុ គឺ​ធ្វើ​តាមតែ​ការចាត់​តាំង និង​ការណែនាំ​របស់លោក សេង លាង ប៉ុន្តែ​ប្រសិនបើ​មានការ​ចាប់កំហុស​ណាមួយ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គេ​យល់ថា លោក សេង លាង ពិតជា​ព្យាយាម​ដោះសា​យករួចខ្លួន​ជាមិនខាន​ឡើយ ។​

​ភាព​អសកម្ម​របស់​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ធ្លាប់​ត្រូវបាន​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​អះអាងថា ផ្ទុយ​ពី​គោលការណ៍​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ព្រោះ​តួនាទី​ជា​នគរបាល​អន្តោប្រវេសន៍​ត្រូវ​បាត់​ចាត់តាំង​ឲ្យ​ទៅ​ត្រួតពិនិត្យ​លិខិតឆ្លងដែន​ទិដ្ឋាការ និង​អ្នកដំណើរ​ឆ្លងកាត់​ច្រក​អន្តរជាតិ​តែប៉ុណ្ណោះ មិនមាន​តួនាទី​អ្វី​ត្រូវ​ទៅ​រាប់​កុងតឺន័រ​ចេញចូល​កំពង់ផែ​ក្រុងព្រះសីហនុ ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​នោះទេ​។ អ្វីដែល​លោក សេង លាង កំពុង​ធ្វើ​មិន​ត្រឹមតែ​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ទាក់ទាញ​អ្នកវិនិយោគទុន​និង​ការ​រឹតបន្តឹង​លុបបំបាត់​អំពើពុករលួយ​របស់​រា​ជ​រដ្ឋាភិបាល​ផងដែរ​។​
ជា​ញឹកញាប់​គេ​តែងតែ​ឮ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ក្រោម​បញ្ជា​របស់លោក សេង លាង អួតអាង​អំពី​ការប្រឹងប្រែង​ប្រមូល​លុយ​យកទៅ​បង់​ជូន​ថ្នាក់លើ​តាម រយៈ​​ ការរាប់​កុងតឺន័រ​ចេញចូល​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ តាមតែ​អំពើ​ចិត្ត ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា តើ​ថ្នាក់លើ​បាន​បញ្ជា​ឲ្យ​លោក សេង លាង ធ្វើ​ដូច្នេះ​ឬក៏​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​អ្វីដែល​នគរបាល​អន្តោប្រវេសន៍​របស់លោក សេង លាង បាន​អួតអាង​ទំនងជា​ការយក​ឈ្មោះ​ថ្នាក់លើ​មក​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​និង​ដើម្បី​កោសរូស​ឲ្យ​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចេញចូល​កំពង់ផែ​ក្រុងព្រះសីហនុ បង់លុយ​រួច​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ ៕ដោយវត្តភ្នំ