មានរឿងអាថ៌កំបាំង ដែលលោក លី វ៉ាន់ហុង អាចបន្តអាជីព រកស៊ីចងមុងបោះពុម្ព សន្លឹកឆ្នោត យ៉ាងសុខស្រួល
រាជធានីភ្នំពេញ ៖ រៀងរាល់ដំណើរការបោះឆ្នោត នៅប្រទេស កម្ពុជា គេសង្កេតឃើញក្រុមហ៊ុន លី វ៉ាន់ហុង ទទួលបានសិទ្ធិ ម៉ៅការផ្តាច់មុខ ក្នុងការបោះពុម្ពខិត្តប័ណ្ណ និងសន្លឹកឆ្នោត ដោយគ្មានការដេញថ្លៃ ឲ្យបានត្រឹមត្រូវនោះទេ ធ្វើឲ្យអង្គការ សង្គមស៊ីវិលមួយចំនួនបានរិះគន់ ចំពោះការចំណាយថវិកាខ្ជះខ្ជាយ របស់ស្ថាប័នរៀបចំការបោះឆ្នោត ដោយគ្រាន់តែការឃុបឃិតឲ្យក្រុមហ៊ុន លី វ៉ាន់ហុង រកស៊ីចងមុងម៉ៅការលើសេវាបោះពុម្ពដែលគ្មានតម្លាភាព គ្មានការដេញថ្លៃជាសាធារណៈធ្វើឲ្យខាតបង់ថវិកាជាតិ គួរឲ្យកត់សម្គាល់ដែលយ៉ាងហោចណាស់ អង្គភាពប្រឆាំងអំពើពុករលួយគួរចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតការរកស៊ីរបស់ក្រុមហ៊ុន លី វ៉ាន់ហុង ឡើងវិញផង។
ក្រុមហ៊ុន លី វ៉ាន់ហុង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏កំពុងដំណើរការបោះពុម្ពសន្លឹកឆ្នោត ជាង១២លានសន្លឹក ដើម្បីបម្រើឲ្យការបោះឆ្នោតជាតិអាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នេះផងដែរ ហើយក្រៅពីតួនាទីជាប្រធានក្រុមហ៊ុន បោះពុម្ពរកស៊ីចងមុងជាមួយ គ.ជ.ប គេសង្កេតឃើញលោក លី វ៉ាន់ហុង បានរត់ការយកតំណែងជាទីប្រឹក្សានៃស្ថាប័នរដ្ឋ ដើម្បីធ្វើជាខែលផងដែរ។ បើតាមមន្ត្រីមួយចំនួនដែលធ្លាប់ស្គាល់លោក លី វ៉ាន់ហុង បានបង្ហើបឲ្យដឹងថា សម្រាប់សម្ភារៈ ច្រើនប្រភេទដែលបម្រើការក្នុងរោងពុម្ព របស់លោក លី វ៉ាន់ហុង ក្នុងពេលកន្លងមកមិនចាំបាច់ទៅទិញឯណាឆ្ងាយទេ គឺគាត់បានត្រូវរ៉ូវជាមួយប្រធានរោងពុម្ពនៅតាមស្ថាប័នរដ្ឋមួយចំនួន យកទៅប្រើប្រាស់យ៉ាងងាយស្រួលបំផុត ព្រោះលោក លី វ៉ាន់ហុង ចេះចែករំលែកផលប្រយោជន៍ដែលបានមក ពីអាជីពរកស៊ីចងមុងឲ្យទៅមន្ត្រីពាក់ព័ន្ធ ដើម្បីបានសុខទាំងអស់គ្នា។
មន្ត្រីមួយចំនួនទៀតបានបង្ហើបឲ្យដឹងថា ដើម្បីកុំឲ្យមានរឿងរ៉ាវស្មុគស្មាញនៅថ្ងៃក្រោយ និងដើម្បីទទួលបានសិទ្ធិរកស៊ីចងមុងម៉ៅការលើសេវាបោះពុម្ពជាមួយ គ.ជ.ប ឲ្យកាន់តែយូរអង្វែង លោក លី វ៉ាន់ហុង បានចំណាយលុយមួយចំនួន ចុះជួយពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តកំពង់ចាម ដូចជាអំឡុងយុទ្ធនាការឃោសនាកាលពីពេលថ្មីៗនេះលោក លី វ៉ាន់ហុង បានចេញមុខចេញមាត់ជាចំហ ទៅចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងខេត្តកំពង់ចាម មិនខ្វល់ពីការរិះគន់អ្វីឡើយ។ បច្ចុប្បន្ននេះក្រុមហ៊ុនដែលរកស៊ីត្រឹមត្រូវ មិនសូវទទួលបានផលចំណេញនោះទេ ព្រោះតែការចំណាយផ្សេងៗ លើការទិញសម្ភារៈបម្រើឲ្យការបោះពុម្ពដែលថ្លៃកប់ពពក ហើយមានការបង់សេវាក្រោមតុ លើតុ ឃើញថា មានការលំបាកយ៉ាងខ្លាំង ប៉ុន្តែសម្រាប់លោក លី វ៉ាន់ហុង វិញបែរជាទទួលបានផលចំណេញកប់ក្តោង ដោយសារតែអាជីពចងមុង ជាមួយ គ.ជ.ប។
កន្លងមក មានមន្ត្រីតូចតាចជាច្រើនបានលាតត្រដាង រឿងរ៉ាវមិនប្រក្រតី ដែលលោក លី វ៉ាន់ហុង មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយមន្ត្រី គ.ជ.ប មួយចំនួន ដូចជាលោក លី វ៉ាន់ហុង ធ្លាប់បានធ្វើជាអ្នកឧបត្ថម្ភអញ្ជើញមន្ត្រី គ.ជ.ប ទៅជប់លៀង ទៅកម្សាន្តសប្បាយទាំងក្នុងនិងក្រៅប្រទេស ដែលទំហំនៃការចំណាយជប់លៀងលើកទឹកចិត្តដល់មន្ត្រី គ.ជ.ប មានទំហំច្រើនសន្ធឹកសន្ធាប់។ ករណីនេះគេសង្ស័យថា ផលប្រយោជន៍ដែលលោក លី វ៉ាន់ហុង ប្រមូលបានពីអាជីពចងមុងជាមួយ គ.ជ.ប ក៏មានចំនួនច្រើនសន្ធឹកសន្ធាប់ទៅតាមនោះផងដែរ ព្រោះរាល់ការបោះពុម្ពខិត្តប័ណ្ណក៏ដូចជាសន្លឹកឆ្នោតមិនមានការដេញថ្លៃ និងគ្មានតម្លាភាពនោះទេ ហើយក្រុមហ៊ុនរកស៊ីបោះពុម្ពជាច្រើនទៀត ចង់ប្រកួតប្រជែងជាមួយលោក លី វ៉ាន់ហុង ផងដែរ ប៉ុន្តែពួកគេមិនដែលមានឱកាសជួយសន្សំសំចៃថវិកាជាតិនោះទេ ៕
ដោយ វត្តភ្នំ
