ចាប់ខ្លួន បុរសអ្នកមាន ស្តុកស្តម្ភម្នាក់ ពីបទឆបោក
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកមានស្តុកស្តម្ភមួយត្រូវបានសមត្ថកិច្ច ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោកវរសេនីយ៍ឯកគង់ សន្ថារិន ប្រធានការិយាល័យដឹកនាំ កម្លាំងអនុវត្តដីកាសាលាដំបូងខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១១ កក្កដា ២០១៣ នេះ ស្ថិតនៅមុខខ្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្តោយមហាវិថីព្រះមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា ពាក់ព័ន្ធពីបទល្មើសឆបោក ។
បុរសដែលត្រូវចាប់ខ្លួននោះឈ្មោះខែក វិទូ អាយុ៤០ឆ្នាំ ត្រូវបានកងរាជអាវុធហត្ថតាមដានឃ្លាំមើល ខណៈពេលដែលបុរសរូបនោះ កំពុងជិះរថយន្តម៉ាកមែរសឺដែស១គ្រឿង ដោយមានតៃកុងបើកឱ្យ ចេញពីសណ្ឋាគារមួយក្បែរកាំបូឌីយ៉ាណា ជិះរហូតមកដល់ខ្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
ប្រភពបានឱ្យដឹងទៀតថា បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថឱ្យរថយន្តនោះឈប់ បុរសជាប់ចោទខាងលើមិនព្រមចុះ ពីលើរថយន្តនោះទេ អស់រយៈពេលជាង១ម៉ោង ទើបព្រមចុះពីរថយន្តទៅជាមួយ កងរាជអាវុធហត្ថ ដោយសារខាងកងរាជអាវុធហត្ថគំរាមស្ទូចមនុស្ស និងរថយន្តនោះទៅ ៕
ប្រភព : កោះសន្តិភាព