ម៉ោង​១២​អធ្រាត្រ​ នៅ​សង្កាត់​លេខ​១ (ភាគទី៣)

7/10/2013 0 Comments A+ a-

ប៉ុន្តែ​សម្លឹង​ដល់​អ្នក​ណា…ក៏​ឃើញ​តែ​គេ​មើល​ត្រឡប់​មក​នាង​វិញ​ដោយ​ក្រសែ​ភ្នែក​ងឿង​ឆ្ងល់។ ភីណា​ជ្រួញ​ចិញ្ចើម​ដោយ​វិលវល់​ក្នុង​ចិត្ត នាងពោល៖
-ទាំង​អស់​គ្នា​សម្លឹង​មក​ខ្ញុំ​អី​របៀប​នេះ? ម៉េច​ក៏​មើល​មក​ខ្ញុំ​ដូច​ជា​ចម្លែក​ម្ល៉េះ?
លោក​កុសល​បន្លឺ​ឡើង​មុន​គេ៖
-កើត​អី​ភីណា? និយាយ​ស្ដី​ស្អី​ជាមួយ​អ្នកបង​ឯង​របៀប​នេះ?
ភីណា​ងាក​វឹង​មក​រក​​បង​ប្រុស​ទាំង​មិន​អស់​ចិត្ត។ ឬ​មួយ​ក៏​ពួក​គេ​សុទ្ធ​តែ​មិន​ដឹង​ថា​បង​ថ្លៃ​រូប​នេះ​បាន​ធ្លាក់​ពី​លើ​ជណ្ដើរ​ស្លាប់​កាល​ពី​យប់​នោះ​ទៅ​ហើយ​ទេ? នាង​នៅ​ទីទើរ​មិន​ដឹង​គួរ​ហា​មាត់​និយាយ​យ៉ាង​ណា​ឲ្យ​សម​សោះ ស្រាប់​តែ​ឮ​បង​ថ្លៃ​វ័យ​ក្មេង​នោះ​លូក​មាត់​ពោល​កាត់​ភ្លាម៖
-បន្ទោស​ភីណា​ធ្វើ​អី​បង! ប្អូន​ទើប​នឹង​ចេញ​ពី​ពេទ្យ​ស្មារតី​មិន​នឹងន​អញ្ចឹង​ហើយ …!
គាត់​ងាក​មក​រក​ភីណា ដោយ​ស្នាម​ញញឹម​ស្រស់​នៅ​ដិតដាម​លើ​បបូរ​មាត់​ជាប់​នៅ​ឡើយ ។
-តោះ! បង​ជូន​ឡើង​ទៅ​សម្រាក​ខាង​លើ!
អ្នកស្រី​កុលាប​លូក​ដៃ​ទៅ​រក​រាងកាយ​ស្រី​តូច​​ភីណា តែ​ត្រូវ​នាង​ក្រមុំ​រលាស់​ចេញ​ដោយ​អាការ​ភិតភ័យ…​នាង​ពោល​ញ័រ​មាត់​ទទ្រើក​ដោយ​សម្លឹង​អ្នកស្រី​វ័យ​ក្មេង​មិន​ដក​ភ្នែក៖
-កុំ​ចូល​មក​ជិត​ខ្ញុំ…!​ កុំ​ប៉ះ​ខ្ញុំ​​ឲ្យ​សោះ! ចេញ​ទៅ​! ចេញ​ឲ្យ​ឆ្ងាយ​ទៅ…!
អ្នកស្រី​កុលាប​នៅ​ស្ងៀម​លែង​ចូល​ក្បែរ​ភីណា​ ហើយ​ធ្វើ​ភ្នែក​ឡិងឡង់​ហាក់​មិន​យល់។ អភិជន​មាន​អំណាច​ជាងគេ​នៅ​ទីនេះ​សម្លឹង​​មក​កាន់​ប្អូន​ស្រី ​របៀប​មិន​ស្រួល​ចិត្ត។ នៅ​ក្នុង​អារម្មណ៍​គាត់​មាន​តែ​សំណួរ​មួយ​ប៉ុណ្ណោះ គឺ​ថា​តើ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ក៏​ប្រព័ន្ធ​សរសៃប្រសាទ​របស់​នាង?
វិទូ​យល់​ថា​បរិយាកាស​នៅ​សុខៗ​ស្រាប់​តែ​ប្រែ​ទៅ​ជា​តឹងតែង​ហាក់​គ្មាន​ទំនង​ដែរ​ ម៉្លោះ​ហើយ​អ្នក​កំលោះប្រឹង​សម្រួល​បរិយាកាស​ដោយ​ពោល​ប្រាប់​ទៅ​អ្នក​បម្រើ៖
-មីង​អួន​មីង​ម៉ាប់! ភីណា​ត្រូវការ​សម្រាក​ឲ្យ​ច្រើន មីង​ជូន​គេ​ទៅ​ខាង​លើ​ទៅ…!
ទោះ​ជា​អ្នក​កំលោះ​គូ​ដណ្ដឹង​ប្រឹង​ស្ដារ​បរិយាកាស​យ៉ាងណា​ ក៏​ភីណា​មិន​បោះបង់​ចោល​ការ​តក់ក្រហល់​​របស់​ខ្លួន​ដែរ។ នាង​ងាក​មក​រក​បង​ប្រុស​តក្កមា៖
-បង​កុសល! ​អ្នក​បង….អ្នកបង​….
នាង​បញ្ឈប់​ប្រយោគ​កណ្ដាល​ទី​ ទោះបី​ជា​នាង​កំពុង​ចង់​បង្ហើយ​ថា​អ្នកបង​នាង​បាន​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ​ក៏​នាង​និយាយ​មិន​ចេញ​អស់​ដែរ​ដោយសារ​ភាព​រន្ធត់​ស្រុត​ស្រុង​រាងកាយ។ នាង​លើកដៃ​ចង្អុល​ទៅ​ស្ត្រី​រូប​ស្អាត​សាជាថ្មី​ ហើយ​ប្រឹង​និយាយ​បន្ថែម៖
-អ្នកបង​ស្លាប់​ហើយ! នេះ​មិនមែន​អ្នកបង​ទេ! មិនមែន​គាត់​ទេ!
គ្រប់គ្នា​ស្ងាត់ច្រៀប ​នៅ​ពេល​ដែល​ស្ត្រី​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ស្លាប់ ចាប់​ប្រែប្រួល​ទឹកមុខ​ទៅ​ជា​រន្ធត់​វិញ​ម្ដង។ អាការ​របស់​នារី​ជា​ភរិយា​លោក​កុសល​បញ្ចេញ​មក​ថា សម្ដី​ចុងក្រោយ​របស់​ប្អូនថ្លៃ​ដែល​ពោល​ប្រមាថ​ជីវិត​នាង​ មិន​អាច​​ឲ្យ​នាង​ទទួល​យក​បាន​ឡើយ។ លោក​កុសល​ដំឡើង​សំឡេង៖
-ភីណា!? ​ឆ្កួត​អត់​ទេ​នេះ?
ភីណា​សម្លឹង​មុខ​បង​ប្រុស​ថ្មែ នាង​ដៀង​ភ្នែក​មើល​អ្នក​ទាំង​អស់​ដែល​នៅ​ជុំ​វិញ​ខ្លួន​ដែល​គ្មាន​សញ្ញា​ថា​មាន​អ្នកណា​ម្នាក់​បាន​យល់​ពី​អ្វី​ដែល​នាង​កំពុង​ព្យាយាម​ប្រាប់​សោះ។ នាង​នៅ​តែ​ជម្នះ​ឧទាន​​ដោយ​មិន​អស់​ចិត្ត៖
-ទាំង​អស់​គ្នា​ដឹង​អត់? អ្នក​បង​ស្លាប់​ហើយ…អ្នក​បង​ស្លាប់​មែន!
នាង​បញ្ចប់​ឃ្លា​នេះ​ជាមួយ​ការ​ស្រែក​ទ្រហោយំ។
នាយ​ប៉ូលិស​វិទូ​មិងមាំង ពេល​ឃើញ​ស្រី​ស្អាត​ខ្ទប់​មុខ​យំ​ដូច​ក្មេង។ គេ​រេ​ភ្នែក​សម្លឹង​លោក​កុសល​ជាមួយ​ការ​គិត​ប្រហែល​គ្នា​ថា​របួស​របស់​នាង​ប្រហែល​ជាដើម​ហេតុ​នៃ​អាកប្បកិរិយា​ថ្មី​ ហាក់​ដូចជា​មនុស្ស​មិន​ដឹង​ខុសត្រូវ​នេះ។ខណៈ​ដែល​មនុស្ស​ទាំង​អស់​ដូច​ជា​គ្មាន​អ្នក​ណា​ម្នាក់​​យល់​ស្រប​​លើ​សម្ដី​ខ្លួន​សោះនោះ…ភីណា​និយាយ​បន្ថែម​ដោយ​អណ្ដឺតអណ្ដក៖
-អ្នក​បង​ដាច់ដង្ហើម​ហើយ! គាត់​ហូរ​ឈាម​តាម​មាត់ ​និង​តាម​ច្រមុះ…គាត់…
ប្រហែល​សម្ដី​ចុងក្រោយ​នេះ​វា​ហួស​ពី​ព្រំដែន​កំណត់​សម្រាប់​ដើមទ្រូង​បុរស​ជា​ស្វាមី​ម្នាក់​អាច​ទទួល​យក​បាន​ បាន​ជា​លោក​កុសល​គំហក​កាត់​ដោយ​សូរ​សំឡេង​ឮៗ​៖
-នាំ​ភីណា ​ឡើង​ទៅ​លើ​សម្រាក​ទៅ…!
អ្នក​បម្រើ​ទាំង​ទ្វេ​ឆ្លើយ​ច៎ាះ ដោយ​ភ័យ​ស្លន់​ជាមួយ​ប្រតិកម្ម​​កំហឹង​របស់​បុរស​មេ​គ្រួសារ​ ហើយ​ស្ទុះ​ចូល​មក​ក្បែរ​នាង​ក្រមុំ​ហាក់​​ញញើត​ញញើម​ខ្លាចចិត្ត។…​មីង​អួន​​ពោល​តិចៗ​ក្បែរ​សោតា​ក្រមុំ​យើង៖
-នាង​តូច!…​តោះ​ឡើង​ទៅ​ខាង​លើ​សម្រាក​សិន​…!
ភីណា​មិន​ខ្វល់​នឹង​អ្នកបម្រើ នាង​នៅ​តែ​ផ្ដោត​សម្លឹង​ស្ត្រី​ដែល​ស្អាត​បំផុត​នៅផ្ទះ​នេះ…​នាង​សម្លឹង​មុខ​គាត់​ ហាក់​ចង់​មើល​ឲ្យ​ធ្លុះ​ថា​គាត់​ជា​អ្នក​ណា…​ម៉េច​ក៏​មក​ក្លែង​បន្លំ​ធ្វើ​ជា​បង​ថ្លៃ​របស់​នាង…? ភាព​មិន​អស់​ចិត្ត​កាន់​តែ​ដុត​កម្ដៅ​ទ្រូង​នាង​ក្រមុំ​ខ្លាំង​ឡើងៗ នាង​ស្រែក​ខ្លាំងៗ​ដោយ​កំហឹង៖
-​ម៉េច​ក៏​គ្មាន​អ្នក​ណា​ស្ដាប់​សម្ដី​ខ្ញុំ… មាន​មនុស្ស​ស្លាប់​ហើយ​អាច​រស់​ឡើង​វិញ​ដែរ​អ្ហេស៎?
អ្នក​ស្រី​កុលាប​ដូច​ជា​គ្មាន​បញ្ចេញ​ប្រតិកម្ម​អវិជ្ជមាន​ណាមួយ​តប​មក​រក​​ភីណា​បន្តិច​សោះ… គាត់​ដើរ​ចូល​មក​ជិត​នាង​ហើយ​​ពោល​ស្រាលៗ៖
-ភីណា! តោះ​បង​ជូន​ឯង​ទៅ​ខាង​លើ​សម្រាក!
ក្នុង​ពេល​អ្នកផង​យល់ថា​អ្នកស្រី​កុលាប​មិន​ប្រកាន់​ជាមួយ​ភីណា​នោះ នៅ​ខាង​ណេះ​វិញ នារី​ជា​ប្អូន​បែរ​ជា​យល់​ថា ស្ថានការណ៍​កាន់​តែ​មិន​ប្រក្រតី​​ហើយ​រឿង​ចម្លែក​នេះ ​កំពុង​តែ​កកូរ​​ឲ្យ​វឹកវរ​គ្រួសារ​របស់​នាង​ប្រាកដ​ណាស់។ ភីណា​ស្រវា​ដកថយ​ចេញ​​ឆ្ងាយ​ពី​ស្ត្រី​ជា​បង​​ថ្លៃ​ដោយ​រំជួលចិត្ត…​នាង​បន្លឺ​ខ្លាំងៗ​របៀប​ខឹង​សម្បារ៖
-ចង់​ធ្វើ​ស្អី? អ្នក​ឯង​មក​ពី​ណា…ហេតុ​អ្វី​ចង់​បន្លំ​ជា​អ្នក​បង​? អ្នក​ឯង​ចង់បាន​ស្អី?
លោក​កុសល​ស្ទុះ​មក​ក្បែរ​ប្អូនស្រី គាត់​ទាញ​ដៃ​នាង​សំដៅ​ជណ្ដើរ​ទាំង​​កំហឹង​អម​ចេញ​មក​តាមរយៈ​សូរ​សំឡេង​គគ្រឺត​ធ្មេញ​៖
-តោះ​ឡើង​លើ!
នាង​ក្រមុំ​ដែល​ត្រូវ​ចាប់​ដៃ​ជាប់​ងាក​មក​សម្លឹង​មុខ​បង​ប្រុស​ថ្មែ… នាង​មិន​អស់​ចិត្ត នាង​ខឹង​ណាស់​ ហេតុ​អ្វី​សម្ដី​ខ្លួន​គ្មាន​អ្នក​ណា​ស្ដាប់​សោះ? សូម្បី​សួរ​នាំ​បន្តិច​ក៏​អត់? នាង​ហៀប​នឹង​និយាយ​តបត​​តាម​កំហឹង​ចិត្ត​ទៅ​ហើយ… តែ​វិទូ​ដែល​យល់​ស្ថានការណ៍​​ ស្ទុះ​មក​ក្បែរ​ពោល​សម្រួល​បរិយាកាស​៖
-ភីណា!… ​ចង់​និយាយ​អី​ក៏​ដោយ!… ចាំ​សម្រាក​បាន​ស្រួល​បួល​សិន​ទៅ…!
នាង​ងាក​មក​រក​បុរស​គូ​ដណ្ដឹង ក្រសែភ្នែក​នាង​នៅ​តែ​ទទូច​ចង់​ប្រាប់​នាយ​ពី​រឿង​អ្វីមួយ តែ​ប៉ូលិស​វិទូ​និយាយ​កាត់​បន្ថែម​ភ្លាម៖
-ស្ដាប់​បង​… ឡើង​ទៅ​លើ​សិន​ទៅ…​ណា៎! អូខេ? សម្រាក​ឲ្យ​បាន​ជា​ស្រួល​បួល​សិន​ណ៎ា!
នាង​ក្រមុំ​មិន​បាន​រសាយ​ចិត្ត​ពី​ភាព​មួហ្មង​បន្តិច​ណា​ទាល់​តែ​សោះ​ទេ…​ប៉ុន្តែ​ក្នុង​ពេល​នេះ​ក្បាល​បែរ​ជា​ឈឺ​ខ្ទោកៗ​ដោយ​មុខ​របួស​មិន​ទាន់​បាន​សះ​ស្បើយ១០០%​នៅ​ឡើយ។ នាង​សម្រួល​ដង្ហើម​ឃូរ​ហើយ​ងាក​មក​រក​អ្នក​បម្រើ​ដែល​​ប្រកបដោយ​អាការ​ញញើតញញើម​ឈរ​ក្បែរ​នោះ។​ ស្រី​តូច​ពោល​រអាក់រអួល​៖
-មីង​អួន!…​ជូន​ខ្ញុំ​ឡើង​ទៅ​បន្ទប់…!
អ្នក​បម្រើ​ចំណាស់​រូប​នោះ ស្ទុះ​មក​គ្រា​នាង​​ក្រមុំ​តាម​បង្គាប់​សំដៅ​ទៅ​ជាន់​ខាង​លើ។ ភីណា​ដើរ​មួយៗ​ទាំង​ឈឺ​ក្បាល​ខ្ទោកៗ ណា​ចិត្ត​ក៏​មិន​ស្រណុក​ផង នាង​កាន់​តែ​យល់​ថា​ពិបាក​ទ្រាំ​ណាស់​ តែ​នាង​ខំ​អត់ធ្មត់​ដោយសារ​រាងកាយ​កាន់​តែ​ខ្សោយ​ជា​លំដាប់។
ក្រមុំ​អភិជន​ឈាន​ដល់​កម្រាល​ឥដ្ឋ​ជាន់​ខាង​លើ​ភ្លាម ក៏​ដៀង​ភ្នែក​សម្លឹង​ទៅ​រក​បន្ទប់​វត្ថុ​បុរាណ​ភ្លាម​ដែរ។ ថូ​ផ្កា​ពណ៌​ស​ដែល​តាំង​លើ​តុ​ខ្ពស់​មុខ​បន្ទប់​ ពេល​នេះ​ពិត​ជា​​បាត់​លែង​ឃើញ​ហើយ។​ ភីណា​កាន់​តែ​ជឿ​ជាក់​យ៉ាង​ច្បាស់​​ក្នុង​ចិត្ត​ថា រឿង​ហេតុ​កាល​ពី​យប់​ដែល​មាន​ភ្លៀង​ធ្លាក់​នោះ ខ្លួន​នៅ​ចាំ​ច្បាស់​គ្មាន​ច្រឡំ​ឡើយ បង​ស្រី​ថ្លៃ​របស់​ខ្លួន​ កាល​យប់​នោះ​បាន​ចាប់​លើក​ថូ​មក​​ការពារ​ខ្លួន​មុន​នឹង​​​ចូល​ទៅ​ក្នុង​បន្ទប់​វត្ថុ​បុរាណ ប៉ុន្តែ​ពេល​ក្រឡេក​ឃើញ​មនុស្ស​ប្រុស​​ពីរ​នាក់​ គាត់​ភ័យ​របូត​ដៃ​​ធ្វើ​ឲ្យ​ថូ​ធ្លាក់​បែក​ខ្ចាយ​ទៅ​លើ​កម្រាល​ឥដ្ឋ ឥឡូវ​នេះ​ថូ​នោះ​បាត់​ គឺជា​ការ​ត្រឹម​ត្រូវ​ណាស់ ប៉ុន្តែ​បង​ថ្លៃ​ខ្លួន​ដែល​បាន​ដាច់​ដង្ហើម​ទៅ​ហើយ​ ហេតុ​អ្វី​ថ្ងៃ​នេះ​គាត់​បែរ​ជា​នៅ​ហាក់​ធម្មតា​ទៅវិញ? ហេតុការណ៍​ចម្លែក​ទាំង​នេះ​តើ​ឲ្យ​ទទួល​យក​ម៉េច​នឹង​បាន?
តរុណី​ឈាន​យឺតៗ​​ចូល​មក​ដល់​បន្ទប់​​ផ្ទាល់ខ្លួន​ដែល​ស្ងប់ស្ងាត់​ដូច​អារម្មណ៍​ក្រៀម​ស្រពោន​របស់​ម្ចាស់​វា​ដូច្នេះ​ដែរ។​ ក្នុង​ភាព​​អាប់អួ​មិន​ជ្រះ​ស្រឡះចិត្ត​សោះ នាង​មិន​អាច​ទប់​ទៀត​បាន​ ទើប​​ងាក​មក​អ្នក​បម្រើ​ចំណាស់​ដែល​ចច្រប់​បើក​ទូ​រើ​រក​សម្ភារៈ​នានា​មក​បម្រើ​ខ្លួន​នៅ​ក្បែរ។ នាង​សួរ​គាត់​តិចៗ​៖
-មីង​អួន…! យប់​នោះ​មីង​កើត​អី? មីង​នៅ​ក្នុង​បន្ទប់​ជាមួយ​មីង​ម៉ាប់​មែន​អត់? ម៉េច​ក៏​ពេល​មាន​រឿង​ខ្ញុំ​ស្រែក​ផង​ ហៅ​ផង​មីង​នៅ​តែ​មិន​ឆ្លើយ?
អ្នក​បម្រើ​រូប​នោះ​បើកភ្នែក​គ្រលួង​បង្ហាញ​សញ្ញា​ងឿងឆ្ងល់។ គាត់​មិនទាន់​តប​ថា​យ៉ាងណា​ផង ស្រី​តូច​និយាយ​ជា​ថ្មី៖
-ខ្ញុំ​និយាយ​ពី​យប់​ដែល​ខ្ញុំ​មាន​គ្រោះថ្នាក់​នោះ​!
អ្នក​បម្រើ​ពោល​មួយៗ​ទាំង​បើកភ្នែក​គ្រលួង​ផង​៖
-យប់​នោះ​ខ្ញុំ​ពិត​ជា​គេង​លក់​ជាមួយ​ម៉ាប់​មែន! តែ​នៅ​ម៉ោង​ជិត​មួយ​យប់ ​មាន​ទូរសព្ទ​ពី​មន្ទីរ​ពេទ្យ​មក​ថា​នាង​តូច​ត្រូវ​​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​ហើយ!
ភីណា​បើក​ភ្នែក​ធំៗ នាង​ពោល​សួរ​កាត់​ភ្លាម៖
-​មីង​ថា​ម៉េច? ទូរសព្ទ​អ្ហេះ? ទូរសព្ទ​នោះ​ក្រែង​ដាច់​ខ្សែ​បាត់​ហើយ​អ្ហេះ? យប់​នោះ​​ខ្ញុំ​ចុច​ទូរសព្ទ​ទៅ​រក​បង​ទូ ប៉ុន្តែ​ទូរសព្ទ​ដាច់​ប្រើ​មាន​កើត​ឯណា មីង​ថា​គេ​ទូរសព្ទ​ពី​មន្ទីរ​ពេទ្យ​មក តើ​មាន​ន័យ​ថា​ម៉េច?
ស្ត្រី​រូប​នោះ​ទៅ​ជា​ទីទើរ​កាល​បើ​បាន​ស្ដាប់​ឮ​សម្ដី​នាង​ក្រមុំ គាត់​ពោល​តប​៖
-ទូរ…ទូរសព្ទ​នោះ​ មាន​ខូច​ឯណា? នាង​តូច​ច្រឡំ​ទេ​ដឹង? ពេល​ខ្ញុំ​រត់​មក​ដល់​​ ទូរសព្ទ​នៅ​ធម្មតា​តើ!
ភីណា​រឹត​តែ​ភ្ញាក់​ផ្អើល​ក្នុង​ចិត្ត នាង​នៅ​ចាំ​យ៉ាង​ច្បាស់​ថា​យប់​នោះ ពេល​ឃើញ​បង​ថ្លៃ​ស្រី​ត្រូវ​ធ្លាក់​ស្លាប់​ ខ្លួន​ភ័យ​ស្លន់ស្លោ​ណាស់​ ក៏​ស្រវា​ទូរសព្ទ​ដើម្បី​ចុច​ទៅ​ប្រាប់​វិទូ ប៉ុន្តែ​ទូរសព្ទ​ក៏​ដាច់​ប្រើ​មិន​កើត​ទៀត ទើប​ខ្លួន​សម្រេច​ចិត្ត​បើក​ឡាន​ចេញ​ពី​ផ្ទះ​ដោយ​តក្កមា​ធ្វើ​ឲ្យ​ជួប​​គ្រោះ​ថ្នាក់​តែ​ម្ដង ចុះ​ម្ដេច​​ក៏​ពេល​វិល​​ត្រឡប់​មក​ដល់​ផ្ទះ​វិញ អ្វីៗ​ក្លាយ​ជា​យ៉ាង​នេះ?
នាង​ខ្វល់ខ្វាយ​ជា​ខ្លាំង​ចំពោះ​មុខ​រឿង​ហេតុ​មិន​ប្រក្រតី​ទាំង​អស់ ​តែ​នាង​ក៏​ដឹង​ដែរ​ថា ​បើ​នាង​នៅតែ​មានះ​បកស្រាយ​រឿង​រ៉ាវ​នេះ​ដោយ​តឹងតែង​ពេក អ្នកបម្រើ​នឹង​ភ័យ​ស្លុត​តាម​ដែរ​មិនខាន ​ដូច្នេះ​ទើប​នាង​​ប្រញាប់​​ទម្លាក់​សំឡេង​​​សួរ​ទៅ​កាន់​អ្នក​បម្រើ​សាជាថ្មី៖
-ចុះ​ពេល​​ហ្នឹង​មីង​មក​ដល់​ផ្ទះ​ធំ​ឃើញ​…ឃើញ…អ្វីខ្លះ? មីង​មាន…មាន….មាន​ឃើញ​អ្នកបង​ទេ?
អ្នក​អួន​តប​វិញ គ្មាន​អាការ​ត្រង់ណា​បញ្ជាក់​ថា​គាត់​ធ្វើ​ពើ ឬ​និយាយ​កុហក​វៀចវេរ​ទេ៖
យប់​នោះ​ខ្ញុំ​ឮ​សូរ​ទូរសព្ទ​ក៏​រត់​មក! ចំណែក​ម៉ាប់​ក្រោក​មក​តាម​ក្រោយ! ពេល​ហ្នឹង​ខ្ញុំ​ងើប​មើល​នាឡិកា​ឃើញ​ថា​ម៉ោង​ជិត​មួយ​យប់​ហើយ នឹក​ថា​មាន​រឿង​អី​បាន​ជា​មាន​គេ​ខល​មក​កណ្ដាលអធ្រាត្រ ក៏​រលះរលាំង​រត់​មក… មេឃ​ភ្លៀង​ទើប​នឹង​រាំង​មិនទាន់​ដាច់​គ្រាប់ ….
ស្រី​តូច​កាន់​តែ​តឹង​ចិត្ត នាង​មិន​អាច​អត់ធ្មត់​បាន​ក៏​និយាយ​កាត់៖
-ឈប់​និយាយ​រឿង​អត់​សាច់ការ​ទៅ​មីង!​ ខ្ញុំ​ចង់​ដឹង​ថា​មីង​មក​ដល់​ភ្លាម​ ឃើញ​អី​ខ្លះ​នៅ​ផ្ទះ​ធំ?
​អ្វី​ដែល​ភីណា​នាង​ចង់​ដឹង​បំផុត ​គឺ​សាកសព​បងថ្លៃ​ដែល​រមៀល​ធ្លាក់​មក​ពី​ខាងលើ​នោះ​ហើយ ​ប៉ុន្តែ​ស្ត្រី​បម្រើ​នោះ​បែរ​ជា​បញ្ចេញ​ភាព​ងឿងឆ្ងល់​តាម​រយៈ​ពន្លឺ​ភ្នែក​ មុន​ពេល​និយាយ​ត្រួសៗ​រៀបរាប់​ពី​ទិដ្ឋភាព​កាល​ពី​យប់​នោះ។​
-ផ្ទះ​ធំ​ធម្មតា​​គ្មាន​អ្វី​ប្លែក​ផង! ខ្ញុំ​នឹក​ថា​អ្នកស្រី ​និង​នាង​តូច​នៅ​សម្រាន្ត​ខាង​លើ តែ​ដល់​ពេល​មន្ទីរ​ពេទ្យ​ទូរសព្ទ​មក​ប្រាប់​ថា​អ្នក​នាង​តូច​មាន​គ្រោះ​ថ្នាក់ ទើប​ខ្ញុំ​ដឹង​ថា​នាង​តូច​អត់​នៅ​ផ្ទះ​ទេ! ខ្ញុំ​ស្លន់​ឲ្យ​ម៉ាប់​ទៅ​តាម​ពូ​សួស​ ហើយ​ខ្ញុំ​រត់​​ឡើង​ទៅ​ខាង​លើ​ជម្រាប​អ្នកស្រី​!
ភីណា​បើកភ្នែក​ធំៗ​ នាង​ពោល​សួរ​សង្ខើញ​៖
-មីង​ថា​មីង​ឡើង​ទៅ​ជម្រាប​អ្នក​បង​ខាង​លើ​អ្ហេស? មីង​ឡើង​ទៅ​ដល់​ឃើញ​គាត់​កំពុង​ធ្វើ​អ្វី?
មីង​អួន​ឆ្លើយ​តប​វិញ​ភ្លាម៖
-អ្នកស្រី​កំពុង​សម្រាន្ត​ដូច​ធម្មតា!
ភីណា​​វិលវល់​ ….នាង​នឹក​គិត​យ៉ាង​ណា​ក៏​គិត​មិន​យល់​សោះ។ យប់​នោះ​នាង​ឃើញ​បង​ថ្លៃ​ខ្លួន​ដាច់​ដង្ហើម​ស្លាប់​ដោយ​ផ្ទាល់​នឹង​ភ្នែក ចុះ​ម៉េច​ក៏​នៅ​ម៉ោង​មួយ​ក្រោយ​មក​មីង​អួន​ថា​ឃើញ​បង​ថ្លៃ​ខ្លួន​កំពុង​សម្រាន្ត​ក្នុង​បន្ទប់​ដូច​ធម្មតា​ទៅ​វិញ?
ស្រី​តូច​​ងាក​មក​រក​​អ្នក​បម្រើ​ចំណាស់ សម្លឹង​ផ្ទៃ​មុខ​របស់​គាត់​ គឺ​មិន​សម​ថា​គាត់​និយាយ​កុហក​ទេ។ នាង​លើក​ដៃ​ជ្រោង​​សក់​ដោយ​ខ្វល់​ខ្វាយ។ អ្នក​អួន​បញ្ចេញ​ទឹកមុខ​អាណិត​អាសូរ​​មក​កាន់​នាង ​ទើប​គាត់​និយាយ​លួងលោម​៖
-នាង​តូច​សម្រាក​ទៅ! ខ្ញុំ​ចុះ​ដួស​បបរ​មក​ជូន!
ភីណា​គ្រវី​ក្បាល​យឺត​ៗ​បន្ទាប់​ពី​​អារម្មណ៍​ភាន់ភាំង។ រំពេច​នោះ​នាង​ស្រាប់តែ​នឹក​ដល់​រឿង​ថូ​ផ្កា​ពណ៌​ស​នោះ នាង​ពោល​សួរ​មួយ​រំពេច៖
-មីង​អ្ហា៎! ចុះ​​ថូ​ផ្កា​ដែល​តាំង​មុខ​បន្ទប់​វត្ថុ​បុរាណ​នោះ​ទៅ​ណា​បាត់​ហើយ?
អ្នក​អួន​តប​ដោយ​សម្លឹង​មុខ​នាង​ក្រមុំ​គ្មាន​ព្រិច៖
-ឆ្មា​​រំលំ​ថូ​នោះ​​បែក​​ហើយ…! ពេល​ខ្ញុំ​រត់​ឡើង​មក​ដល់​លើ ឃើញ​ខ្ចាយ​ពេញ​ដី!
ស្រី​តូច​ងីងើ នាង​សើច​ខឹក​ចំអក​ខ្លួនឯង​រួច​សួរ​ដោយ​ហួសចិត្ត៖
-អញ្ចឹង? ហើយ​ចុះ​ពីណា​និយាយ​ប្រាប់​មីង?
ស្ត្រី​នោះ​តប​មួយ​ៗ៖
-គឺ..គឺ​…អ្នកស្រី!
ភីណា​ហួស​ចិត្ត នាង​ពោល​សួរ​អ្នក​បម្រើ​វិញ៖
-មីង​អួន​ គាត់​ថា​អញ្ចឹង​ មីង​ក៏​ជឿ​ដែរ​អ្ហេស៎? ផ្ទះ​យើង​មាន​សត្វ​ឆ្មា​ពី​ណា​មក? ថូ​នោះ​​អ្នក​បង​កុលាប​គាត់​របូត​ដៃ​ជ្រុះ​បែក​ខ្លួន​ឯង​ទេ! យប់​នោះ​គាត់​នៅ​​ជា​មួយ​ខ្ញុំ ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក!
អ្នក​បម្រើ​រូប​នោះ​សម្លឹង​មក​ភីណា​ដោយ​ក្រសែ​ភ្នែក​មិន​ជឿជាក់។ ទោះ​យ៉ាង​ណា ទម្លាប់​មិន​ស៊ី​សង្វាក់​គ្នា​រវាង​បងប្អូន​ថ្លៃ​ស្រី​ទាំងពីរ អ្នកណា​ក៏​ដឹង​ដែរ​ក្នុង​ផ្ទះ​នេះ​ ប៉ុន្តែ​រហូត​ដល់​ថ្ងៃនេះ​ភីណា​និយាយ​ថា​បងថ្លៃ​ខ្លួន​និយាយ​កុហក​ពី​រឿង​ថូ​គ្មាន​ទំនង​ត្រង់​ណា​គួរ​ឲ្យ​ជឿ​សោះ ​ព្រោះ​ថា​មាន​ហេតុផល​អ្វី​ដែល​អ្នកស្រី​កុលាប​ចាំបាច់​ប្រឌិត​រឿង?
ទោះ​ជា​ថូ​នោះ​ថ្លៃ​យ៉ាងណា​ក៏​គាត់​ជា​ម្ចាស់​ស្រី​ធំ​របស់​ផ្ទះ​នេះ​ស្រាប់​ទៅ​ហើយ​គ្មាន​រឿង​អ្វី​ថា​​មិន​ហ៊ាន​សារភាព​ខ្លួន​ធ្វើ​បែក​ទេ។ ឃើញ­​មីង​នោះ​នៅ​ទីទើរ​ក្នុង​ការ​ហើប​មាត់​តបត​សម្ដី​ខ្លួន នាង​ក្រមុំ​ជ្រួញ​ចិញ្ចើម​ពោល​សួរ​វឹង​៖
-មីង​យ៉ាង​ម៉េច​ហ្នឹង? មិន​ជឿ​ខ្ញុំ​ទេ​អ្ហេស៎? ម៉េច​ក៏​ខ្ញុំ​និយាយ​ប្រាប់​ការ​ពិត​គ្មាន​អ្នក​ណា​ ជឿ​ខ្ញុំ​សោះ…! មីង​ដឹង​ទេ យប់​នោះ​ពេល​មីង​ចេញ​ផុត​ ផ្ទះ​យើង​មាន​ចោរ​លួច​ចូល​មក​ទៀត​ផង!
សូម​រង់ចាំ​តាម​ដាន​អាន​ភាគ​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ