ម៉ូតូ២គ្រឿង បុករថយន្ត កាម៉ារីបានឡែន ស្លាប់ និងរបួសធ្ងន់២នាក់
ភ្នំពេញ៖ យ៉ាងហោចណាស់ បុរសចំនួន២នាក់ បានរងរបួសធ្ងន់ ក្រោយពីពួកគេ បានបើកម៉ូតូធន់ធំ ប្រដេញគ្នា ហើយជ្រុលទៅបុក រថយន្តកាម៉ារីបាឡែន កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ៤៧ កែងផ្លូវលេខ៨៤ (ក្បែរការ៉ាស់សាំងតូតាល់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនមួយក្រុមបើកម៉ូតូធុនធំ២គ្រឿង ប្រដេញគ្នាតាមផ្លូវលេខ៤៧ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងនោះ ម៉ូតូមួយគ្រឿងម៉ាក HONDA CBR ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នា២នាក់ មិនត្រូវបានស្គាល់ឈ្មោះ បានជ្រុលចង្កូតទៅបុករថយន្តកាមរីបាឡែន ពណ៌កណ្តុលប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2O-1825 កំពុងបើកឆ្លងផ្លូវលេខ៨៤ ក្នុងទិសដៅពីកើតទៅលិចចំទ្វាររថយន្តខាងក្រោយ បណ្តាលឲ្យអ្នកបើកម៉ូតូសន្លប់ និងអ្នករួមដំណើរបានផ្លោងចេញពីម៉ូតូជាង១០ម៉ែត្ររងរបួសធ្ងន់ទាំងអស់គ្នា។
ចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង រីឯរថយន្តខូចខាតទ្វារខាងក្រោយ និងផ្ទុះពោងការពារសុវត្ថិភាពចំហៀង ។ ក្រោយពីកើតហេតុម្ចាស់រថយន្តបើកគេចបានបន្តិច ត្រូវបានសមត្ថកិច្ចឃាត់បានយកមកកន្លែងកើតហតុវិញ ។
សមត្ថកិច្ចបានប្រាប់ថា បុរសម្នាក់បានស្លាប់ក្រោយពី បានបញ្ជូនដល់មន្ទីពេទ្យកាលម៉ែត។ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច ចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរផ្លូវគោក រង់ចាំដោះស្រាយគ្នាជាក្រោយ៕
