មន្ត្រីប៉េអឹមទំនើងម្នាក់ ដកកាំភ្លើងបាញ់ ប្រហារបណ្តាល ឲ្យស្ត្រីម្នាក់រងរបួស ដោយសារតែខឹង ហៅថៅកែ ស្រីមកម៉ាស្សា ឲ្យខ្លួនមិនបាន
រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីឈានចូលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៣ ដោយសារតែមានមន្ត្រីកងរាជអាវុធហត្ថម្នាក់ បានប្រើកាំភ្លើងខ្លីធ្វើការបាញ់ប្រហារទៅលើហាងម៉ាស្សាមួយកន្លែង ស្ថិតនៅផ្ទះលេខ២៨២ ផ្លូវលេខ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឲ្យស្ត្រីម្នាក់ជាម្ចាស់ហាងត្រូវបានរងរបួសត្រង់ប្រអប់ជើងខាងស្តាំ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈ្មោះ កែវ ស្រីពៅ អាយុ៣៧ឆ្នាំ មានមុខរបរបើកហាងកោសជប់។ ចំណែកឯជនដៃដល់មានឈ្មោះ នី អាយុប្រហែល៣០ឆ្នាំ មិនត្រូវបានគេស្គាល់អាសយដ្ឋានស្នាក់នោះទេ គ្រាន់តែដឹងថាមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនល្មើស បានទៅរកកោសជប់នៅផ្ទះកើតហេតុខាងលើ។ ខណៈពេលដែលទៅដល់ជនល្មើសមិនព្រម ឲ្យកូនចៅស្ត្រីរងគ្រោះធ្វើការកោសជប់ឲ្យនោះទេ គឺទាមទារចង់ឲ្យស្ត្រីរងគ្រោះជាម្ចាស់ហាងធ្វើការកោសជប់ឲ្យ ប៉ុន្តែស្ត្រីរងគ្រោះបានបដិសេធ ព្រោះជាប់រវល់ឲ្យកូនប៉ៅ។ ក្រោយមកជនល្មើស ក៏បានឡើងជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ៧០១០ ចេញទៅបាត់។ លុះមួយសន្ទុះក្រោយមក ជនរងគ្រោះក៏បានត្រឡប់មកវិញ ប៉ុន្តែហាងម៉ាស្សាបានបិទទ្វារ ទើបជនបង្កមានការខឹងសម្បារបានដកកាំភ្លើងពីចង្កេះ បាញ់មាត់ទ្វារចំនួន ៤ គ្រាប់ ប៉ុន្តែផ្ទុះ៣គ្រាប់ បណ្តាលឲ្យផ្លាតទៅត្រូវប្រអប់ជើងស្ត្រីរងគ្រោះជាម្ចាស់ហាង។
