ឆ្លៀតឱកាសពេល ប្តីគេមិននៅ ចូលទៅរំលោភ ប្រពន្ធគេដល់ ក្នុងបន្ទប់ ត្រូវសមត្ថកិច្ចវ៉ៃ ខ្នោះបញ្ជូនមកតុលាការ
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនខ្លួនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីបុរសខាងលើនេះបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើនារីម្នាក់ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ជនរងគ្រោះ ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈពេលដែលប្តីស្ត្រីរងគ្រោះមិននៅផ្ទះ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួននេះមានឈ្មោះ ចាន់ ដារ៉ាឌៀក អាយុ៤២ឆ្នាំស្នាក់នៅបណ្តោះអាសន្នស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ចំណែកនារីរងគ្រោះមានអាយុ២១ឆ្នាំ ជាស្ត្រីមានប្តី ស្នាក់នៅផ្ទះមានបន្ទប់ជាប់គ្នា នៅភូមិកើតហេតុខាងលើ។
បើតាមចម្លើយរបស់សាក្សីបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃកើតហេតុ ជនសង្ស័យបានអង្គុយផឹកស៊ីជាមួយមិត្តភក្តិ ដោយក្នុងនោះក៏មានជនរងគ្រោះចូលរួមផងដែរ។ លុះផឹកស៊ីដល់ម៉ោងប្រមាណជា ១២អធ្រាត្រ ពួកគេក៏នាំគ្នាត្រឡបទៅផ្ទះរៀងៗខ្លួន។ក្រោយ មកក៏ឮជនរងគ្រោះថា ជនសង្ស័យបានចាប់រំលោភ នាងនៅក្នុងបន្ទប់ដល់បានសម្រេច។ លុះស្អែកឡើងនាង ក៏បានទូរស័ព្ទប្រាប់ប្តី នៅឯភ្នំពេញរួចក៏ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៌។
ក្រោយពីបានទទួលពាក្យបណ្តឹង កម្លាំងជំនាញក៏បានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋានដើម្បីសួរនាំ ប៉ុន្តែជនសង្ស័យបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តអ្វីដូចការចោទប្រកាន់នោះទេ។
ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងសាក្សីបានបំភ្លឺចំពោះមុខសមត្ថកិច្ចរួចមក កម្លាំងជំនាញក៏បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្ត នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីទុកឲ្យតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយវត្តភ្នំ
