ក្រសួង កសិកម្ម រៀបចំ បង្កើត កន្លែង ភ្ញាស់កូនត្រី ដ៏ធំមួយ នៅខេត្តកណ្តាល

7/02/2013 0 Comments A+ a-


ភ្នំពេញ៖ លោក ចាន់ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងឲ្យដឹងថា វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន នឹងត្រូវរៀបចំសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខនេះ ដើម្បីភ្ញាស់កូនត្រី ដែលសង្ឃឹមថា នឹងមានលទ្ធផល គួរជាទីសង្ឃឹម។
លោកថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ ១កក្កដា នៅអាងទឹក១មករា ស្ថិតនៅក្នុងភូមិតាភោគ ឃុំបាល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមវត្តមានលោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយធ្វើការព្រលែងត្រីជាង ១លានក្បាល។
លោកថា ក្នុងឆ្នាំ២០១៣នេះ រដ្ឋបាលជលផល បានកសាងរួចហើយ នូវសមិទ្ធផលថ្មីមួយទៀត គឺវិទ្យាស្ថានជាតិស្រាវជ្រាវនិង អភិវឌ្ឍនវារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ដែលឥឡូវ កំពុងដំណើរការស្រាវជ្រាវ និងភ្ញាស់កូនត្រី និងកូនបង្កង ប្រកបដោយលទ្ធផលល្អ និងគ្រោងដាក់សម្ពោធ នា ពេលឆាប់ខាងមុខនេះ។
លោកថា លទ្ធផលជាក់ស្តែង ក្នុងការបង្រ្កាបបទល្មើស បាន៥៣០៧ករណី ប្រៀបធៀបឆ្នាំ២០១១ កើនឡើង៨៣៨ករណី ដោយបានរឹបអូស និង បំផ្លាញចោល របាំងសាច់អួនក្រឡាញឹក និងស្បៃមុងជាង ១លានម៉ែត្រ និងឧបករណ៍សម្ភារនេសាទ ជាច្រើនទៀត។
លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ បានថ្លែងថា វិស័យកសិកម្មនិងនេសាទ ជាវិស័យមួយ ធ្វើឲ្យប្រជា ពលរដ្ឋកម្ពុជា មានប្រាក់ចំណូល សម្រាប់ផ្តគ់ផ្គង់គ្រួសារ ដោយលោកលើកទឹកចិត្ត ឲ្យប្រជានេសាទ កុំប្រើប្រាស់ឧបករណ៍ ខុសច្បាប់។
សូមជម្រាបថា ផលិតត្រីសរុបឆ្នាំ២០១២ មានចំនួន ៦៨២តោន កើនលើសឆ្នាំមុន១៤ភាគរយ ត្រូវជា៧៤ពាន់តោន ក្នុងនោះមានផលនេសាទ ទឹកសាប ប្រមាណ ៥០៩តោន ផលនេសាទសមុទ្រ ៩៩ពាន់តោន ផលវារីវប្បកម្ម ៧៤ពាន់តោន៕
ប្រភព : ដើមអំពិល