ជាងត​ បណ្តាញ ចរន្តអគ្គិសនី​​ ផ្ទះល្វែង ឆក់ធ្លាក់ ពីលើផ្ទះ ជាន់ទី៣ ស្លាប់

7/02/2013 0 Comments A+ a-


ភ្នំពេញៈ បុរសជាងតបណ្តាញចរន្តអគ្គិសនី ផ្ទះល្វែងម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ធ្លាក់ ពីលើផ្ទះជាន់ទី៣ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះមួយក្បែរ រោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះពុំត្រូវបានគេស្គាល់ឈ្មោះនោះ មានអាយុប្រហែល៣០ឆ្នាំ មានមុខរបរ ជាជាងតបណ្តាញចរន្តអគ្គិសនី រស់នៅក្នុងស្រុក កៀនស្វាយ ខេត្ត កណ្តាល។ ចំណែកម្ចាស់ផ្វះល្វែងឈ្មោះ ស៊ី សាម៉ាន់ រស់នៅម្តុំផ្សារ អូឡាំពិក  រីឯអ្នក មើលការខុសត្រូវនៅផ្ទះល្វែងមានឈ្មោះ ស៊ីណា ស្នាក់ការដ្ឋានផ្វះល្វែងតែម្តង។
សាក្សីបានបន្តថា ជនរងគ្រោះ បានមកស៊ីឈ្នួល តបបណ្តាញអគ្គិសនីឲ្យម្ចាស់ផ្ទះល្វែងនេះអស់រយៈពេលជា ច្រើនថ្ងៃមកហើយ ប៉ុន្តែល្ងាចកើតហេតុជនរងគ្រោះ បានឡើងតបណ្តាញភ្លើងនៅជាន់ទី៣ មិនដឹងជាមានមូលហេតុអ្វីនោះទេ ក៏ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យធ្លាក់មកដី។ ភ្លាមៗនោះសមត្ថ កិច្ច រួមនឹងប្រជាពលរដ្ឋ បាននាំគ្នាជួយសង្គ្រោះជាបឋម ដោយសង្ស័យថា ជនរងគ្រោះមិនទាន់ស្លាប់ ហើយក៏បានហៅ រថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះ ប៉ុន្តែជាអកុសល់ពេលរថយន្តសង្គ្រោះ មកដល់ក្រុមសង្គ្រោះបឋម ចុះពិនិត្យមើលឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕
ប្រភព : ​ដើមអំពិល