រៀនពីវិធី រួមភេទ ឲ្យឆាប់មានកូន
ជម្រាបសួរលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។ ខ្ញុំបាទមានអាយុ៣២ឆ្នាំ រីឯភរិយាខ្ញុំបាទអាយុ១៩ឆ្នាំ យើងបានរៀបការ ជាមួយគ្នាមួយខែមកហើយ។ ហើយខ្ញុំចង់ឱ្យគាត់មានផ្ទៃពោះលឿន បំផុតតាមដែលអាចធ្វើទៅបាន។ ខ្ញុំឮគេនិយាយថា វាអាស្រ័យទៅនឹងថ្ងៃខែដែលរួមភេទ ក្រោយពីធ្លាក់“ឈាមរដូវ”។ សូមលោកវេជ្ជបណ្ឌិតមេត្ដាជួយផ្ដល់ ដំបូន្មានល្អៗដល់ខ្ញុំបាទផង។ សូមអរគុណទុកជាមុន។ ខ្ញុំទន្ទឹងរង់ចាំចម្លើយរបស់លោកវេជ្ជបណ្ឌិត។
លោក ម. ហ. រ អាយុ៣២ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អរគុណប្អូនប្រុសដែល បានសួរសំណួរដ៏មាន សារៈសំខាន់មកកាន់ខ្ញុំបាទ។ គឺជាការត្រឹមត្រូវណាស់ ភរិយារបស់ប្អូននៅក្មេង អាចមានផ្ទៃពោះបានយ៉ាងងាយ បើមានការរួមភេទចំថ្ងៃធ្លាក់មេជីវិត។ ថ្ងៃធ្លាក់មេជីវិតគឺជាចន្លោះកណ្ដាល ពេលនៃការមករដូវទាំង២ដង។ ជាឧទាហរណ៍ បើភរិយារបស់ប្អូនប្រុស មករដូវទៀងទាត់រៀងរាល់២៨ថ្ងៃម្ដង នោះថ្ងៃធ្លាក់មេជីវិតគឺ ថ្ងៃទី១៤រាប់ចាប់ពីថ្ងៃទី១នៃថ្ងៃមករដូវចុងក្រោយគេ។ បើថ្ងៃមករដូវចុងក្រោយ គឺថ្ងៃទី២៨ឧសភា ថ្ងៃធ្លាក់មេជីវិតដែលគណនា ឃើញគឺថ្ងៃទី១២ ខែមិថុនា។ នៅថ្ងៃទី១២ ខែមិថុនា បើមានការរួមភេទគឺជាថ្ងៃដែល អាចមានផ្ទៃពោះបាន។ ប៉ុន្ដែការធ្លាក់មេជីវិត អាចធ្លាក់មុនឬក្រោយ១ថ្ងៃឬ២ថ្ងៃ ហេតុនេះលោកអាចរួមភេទពីថ្ងៃទី១០ទៅ១៤ មិថុនា ជាថ្ងៃអាចមានកូនបាន។ សរុបសេចក្ដីមក ករណីគូស្រកររបស់ប្អូនប្រុស មិនពិបាកមានកូននោះទេ គ្រាន់តែធ្វើយ៉ាងណាត្រូវមានការរួមភេទ នៅរវាងថ្ងៃធ្លាក់មេជីវិត រៀងរាល់ខែ។ សូមប្អូនប្រុស និងភរិយាមានសំណាងល្អ។
អត្ថបទ រក្សាសិទ្ធិដោយwww.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
ប្រភព : LookingToday