ម៉ោង​១២​អធ្រាត្រ​ នៅ​សង្កាត់​លេខ​១ (ភាគទី១៨)

7/31/2013 0 Comments A+ a-

ភាគទី១៨
ប៉ូលិស​ម្នាក់​ទៀត លាន់​មាត់​របៀប​យល់​សាច់​រឿង៖
-តាម​ពិត គឺ​ឯង​នៅ​នឹក​ចង់​បាន​ខ្សែ​ក​ដែល​ឃាតក​ធ្វើ​ជ្រុះ​នោះ​សោះ អញ្ចឹង​ហើយ​ទើប​ឡើង​ទៅកាប់​ផើង​ផ្កា​ម្ដង​ជា​ពីរ​ដង!
ជន​ល្មើស​មិន​ទាន់​ឆ្លើយ​តប​ថា​យ៉ាង​ណា​ផង ប៉ូលិស​ផ្សេង​ម្នាក់​ទៀតបន្លឺ​សួរ​ម្ដង៖
-ចុះ​ម៉េច​ក៏​ឯង​ដឹង​ថា​ខ្សែ​ក​នោះ គឺ​ជា​ខ្សែ​ក​ពេជ្រ​ដ៏​មាន​តម្លៃ?
ជន​ល្មើស​រូប​នោះ​ឈ្ងោក​មុខ​ជាប់ ប៉ុន្តែ​មាត់​នៅ​តែ​តប៖
-ព្រោះ​ថា​ពេល​កាយ​ដី​គ្រប​លើ​សាក​សព អ្នក​ស្រី​នោះ​នៅ​រអ៊ូ​មិន​ឈប់​ថា​ស្ដាយ​ខ្សែ​ក​ពេជ្រ​មាន​តម្លៃ​នោះ​ណាស់ អញ្ចឹង​ហើយ​ទើប​ខ្ញុំ​ដឹង​ថា​នោះ​ជា​ប្រភេទ​ខ្សែ​ក​ដ៏​មាន​តម្លៃ!
វិទូ​ដែល​សំងំ​ស្ដាប់​បណ្ដើរ ពិចារណា​បណ្ដើរ​នោះ​ក៏​លូក​មាត់​ពោល​សួរ​ភ្លាម​ដែរ៖
-ប៉ុន្តែ កន្លង​ទៅ​ជាង​បួន​ឆ្នាំ​ហើយ ម៉េច​ក៏​ឯង​ទើប​នឹង​មក​រក​ជីក​ខ្សែ​ក​ក្នុង​ពេល​នេះ?
ជន​ល្មើស​វ័យ​ចំណាស់​នោះ ឆ្លើយ​តប​ដោយ​មិន​ហ៊ាន​ងើប​មុខ៖
-មក​ពី​ថ្មី​ៗ​នេះ ខ្ញុំ​ជួប​ប្រទះ​ការ​លំបាកលំបិន​ខ្វះ​ខាត​ពេក ក៏​ស្រាប់​នឹក​ឃើញ​ដល់​រឿង​ខ្សែ​ក​នោះ​ទៅ។
វិទូ​ងក់​ក្បាល​ផ្ងក់ៗ ទំនង​ជា​ទទួល​យក​ពាក្យ​ចម្លើយ​នេះ ប៉ុន្តែ​ភ្លាម​នោះ​អ្នក​កំលោះ​ឮ​ជន​ល្មើស​ពោល​បន្ថែម៖
-ខ្ញុំ​និយាយ​ការ​ពិត​អស់​ហើយ សូម​ដោះ​លែង​ខ្ញុំ​ទៅ! ពេល​ក្រោយ​ខ្ញុំ​មិន​ហ៊ាន​ឡើង​ទៅ​ផ្ទះ​នោះ​ទៀត​ទេ!
វិទូ​ងាក​សម្លឹង​មុខ​ជន​ល្មើស​ នាយពោល​ប្រាប់៖
-ឯង​និយាយ​រួច​ហើយ​មែន! ប៉ុន្តែ​ពិត​ឬ​មិន​ពិត នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ! ឯង​ត្រូវ​រង់​ចាំ​ទម្រាំ​ដល់​ការ​ពិត​ត្រូវ​បាន​បញ្ជាក់​ទើប​បាន!
ពេល​ចប់​អ្នក​កំលោះ​បែរ​ខ្លួន​ដើរ​ចេញ​ទៅ​ក្រៅ ប៉ូលិស​ប៉ុន្មាន​អ្នក​ដែល​ជា​ក្រុម​សួរ​ចម្លើយ​ដែរ​នោះ​ក៏​ដើរ​ចេញ​ទៅ​តាម​ពី​ក្រោយ​ដែរ។
មក​ដល់​ខាង​ក្រៅ វិទូ​និយាយ​ទៅ​កាន់​ប៉ូលិស​ក្រោម​៖
-បន្លាយ​ពេល​ពីរបី​ម៉ោង​ទៀត សឹម​ដោះលែង​ពីរ​នាក់​ហ្នឹង​ចេញ តែ​កុំ​ឲ្យ​ដាច់​ឆ្ងាយ​ពី​ភ្នែក​ឲ្យ​សោះ​! ខ្ញុំ​ចង់​ដឹង​ថា មាន​អ្នក​ណា​ខ្លះ​ទាក់​ទង​ជាមួយ​ពួកវា​!
ប៉ូលិស​នោះ​ឆ្លើយ​បាទ​ រួច​ដៀង​ភ្នែក​មើល​ទៅ​កាន់​បន្ទប់​ខាង​ក្នុង​ដែល​ជន​ល្មើស​ទំាង​ពីរ​កំពុង​អង្គុយ​ត្របោម​ជង្គង់។ សំឡេង​វិទូ​លាន់​មក​វិញ​បន្ត​៖
-ទីពីរ យក​កំណក​ដី​ជាប់​នឹង​ឆ្អឹង​សព​ទៅ​ឲ្យ​ដុកទ័រ​សោភ័ណ​នៅ​ខាង​ការិយាល័យ​វិភាគ​វេជ្ជសាស្ត្រ​ពិនិត្យ​ជា​បន្ទាន់!
វគ្គ​ទី​៩
ភីណា​ប្រើ​គ្រឿងញៀន?
ដី​កំពុង​ត្រូវ​ជញ្ជូន​ចេញ​បណ្ដើរ​ៗ​ពី​ក្នុង​ផើង​ផ្កា វិទូ​ជា​មួយ​អ្នក​រួម​ការងារ​តាមដាន​សម្លឹង​យ៉ាង​ពិនិត្យ​ពិច័យ​ទៅ​កាន់​ផើង​ផ្កា​ដោយ​អារម្មណ៍​យ៉ាង​ចម្លែក។ អ្នក​កំលោះ​ងាក​សម្លឹង​ទៅ​ខាង​ឆ្វេង​ដៃ​បាន​ឃើញ​រានហាល​នៃ​បន្ទប់​នោះ​នៅ​ជាប់​គ្នា​ជា​មួយ​បន្ទប់​នេះ​ដូច​សម្ដី​ជន​ល្មើស​ចំណាស់​រៀបរាប់​មែន ហេតុ​នេះ​កាល​ដែល​គាត់​នោះ​និយាយ​ថា​ខ្លួន​បាន​ឈរ​លប​មើល​ពី​ទី​នោះ​មក ក៏​ដូច​ជា​សម​ហេតុ​សម​ផល​ដែរ។
អ្នក​កំលោះសម្លឹង​ទៅ​ផើង​ផ្កា​ដែល​ធំ​លាត​សន្ធឹង​កាត់​ទទឹង​ផ្ទៃ​រានហាល ​ដី​ដែល​ជញ្ជូន​ចេញ​មក​នោះ​កាន់​តែ​ច្រើន​ទៅ​ៗ​ហើយ បញ្ជាក់​ថា​ផើង​ថ្ម​នោះ​ធំ​មិន​ស្ទើរ​ទេ កាល​ដែល​លួច​លាក់​កប់​សាកសព​មួយ​ក្នុង​នេះ គឺ​គ្មាន​បញ្ហា​ទាល់តែ​សោះ។
ខណៈ​ដែល​កំពុង​ជីក​ដី សំឡេង​ប៉ូលិស​ម្នាក់លាន់​មក​យ៉ាង​រហ័ស​របៀប​ភ្ញាក់ផ្អើល៖
-ទាំង​អស់​គ្នា​មក​មើល​នេះ!
វិទូ​ក៏​ដូច​មិត្ត​រួម​ការងារ​ទាំង​អស់​ដែរ​សុទ្ធ​តែ​ស្ទុះ​យ៉ាង​រហ័ស​មក​ក្បែរ​ផើង​ថ្ម ដោយ​ចោល​ភ្នែក​សម្លឹង​ទៅ​ក្នុង​នោះ ដោយ​អារម្មណ៍​ពោរ​ពេញ​​ទៅ​ដោយ​ក្ដី​សង្ស័យ អស្ចារ្យ​ពោរពេញ​ទៅ​ដោយ​ក្ដី​សង្ស័យ អស្ចារ្យ​ណាស់​ខាង​ក្នុង​ផើង​ថ្ម​ជម្រៅ​ប្រមាណ​ជិត​មួយ​ម៉ែត្រ​ប៉ុណ្ណោះ ពិត​ជា​មាន​បន្សល់​នូវ​គម្រោង​ឆ្អឹង​មនុស្ស​ពិត​ៗមាន​ទាំង​ជះ​មក​នូវ​ក្លិន​​ដ៏​​គំរង់​​ផង។
វិទូ​ងាក​មុខ​ចេញ​ទាំង​ចិត្ត​ច្របូកច្របល់ អ្នក​កំលោះមិន​ស្មាន​ដល់​ទាល់​តែ​សោះ​ថា ទី​នេះ​បែរ​ជា​បន្សល់​នូវ​វត្ថុ​បែប​នេះ​សោះ ចំ​ជា​គេហដ្ឋាន​​មិន​ធម្មតា​មែន។
ភ្លាម​នោះ អ្នក​កំលោះ​នឹក​ដល់​សម្ដី​របស់​ក្មេង​​ស្រី​ឯ​តៀម​លក់​អាហារ​ពិសេស​សម្ដី​ភីណា​ដែល​ជា​រឿយៗ​រំលឹក​ថា​ផ្ទះ​នេះ​មាន​ខ្មោច ឥឡូវ​ ​ពិត​ជា​មាន​មនុស្ស​ស្លាប់​កប់​សាកសព​ចោល​នៅ​ទី​នេះ​មែន ឬ​មួយ​ថា​ពាក្យ​ដែល​ថា​ផ្ទះ​នេះ​មាន​ខ្មោច​លង ក៏​គឺ​ជា​ការ​ពិត​?
ឆ្អឹង​សាកសព​ត្រូវ​បាន​លើក​ចេញ​មក បន្ទាប់​មក​ខ្សែ​ក​ពេជ្រ​មួយ​ខ្សែ​ក៏​ត្រូវ​បាន​រក​ឃើញ​ដែរ បញ្ជាក់​ថា​សម្ដី​ទាំង​ប៉ុន្មាន​ដែល​ជន​ល្មើស​វ័យ​ចំណាស់​បាន​រៀបរាប់​ឯ​ប៉ុស្តិ៍​ប៉ូលិស គឺ​សុទ្ធ​សឹង​តែ​ជា​ការ​ពិត​ទាំង​អស់។ បើ​អញ្ចឹង​ជន​ឃោរឃៅ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​បាន​សម្លាប់​មនុស្ស​ហើយ​រត់​យក​រួច​ខ្លួន​នោះ ក៏​មិន​ដឹង​ជា​ទៅ​ដល់​ណា​ហើយ​ដែរ។
សំឡេង​ខ្សឹបខ្សៀវ​គ្នា​មួយ​លាន់​មក​ពី​ក្រោយ​ខ្នង​ឮ​យ៉ាង​ច្បាស់​នឹង​ត្រចៀក​វិទូ៖
-អ្ហូ! អញ្ចឹង​ទេ​តើ បាន​ជា​អ្នក​ជុំ​វិញ​ទី​នោះ​នាំ​គ្នា​និយាយ​ថា​ផ្ទះ​នេះ​មាន​ខ្មោច​លង តាម​មើល​ប្រាកដ​ជា​មាន​មែន​ហើយ! យក​ខ្មោច​មក​កប់​ចោល​របៀប​នេះ រឿង​អី​ថា វា​មិន​លង​នោះ?
អ្នក​កំលោះ​វិទូ​ស្ដាប់​សម្ដី​ពួក​គេ​បណ្ដើរ ដៀង​ភ្នែក​សម្លឹង​ទៅ​ឆ្អឹង​សាកសព​ដែល​កំពុង​ត្រូវ​រៀបចំ​យក​ចេញ​ទៅ​បណ្ដើរ គំនិត​សង្ស័យ​កំពុង​ចាក់​ស្រេះ​ក្នុង​ចិត្ត​អ្នកកំលោះ។ កាល​ដែល​ភីណា​មាន​កាយវិការ​មិន​ធម្មតា ហើយ​ក្នុង​ផ្ទះ​​តែង​កើត​មាន​រឿង​មិន​ចេះ​អស់​មិន​ចេះ​ហើយ​យ៉ាង​នេះ ក៏​គួរ​ឲ្យ​វិទូ​ពិចារណា​ដែរ!
អ្នក​កំលោះ​ត្រឡប់​មក​ផ្ទះ​វិញ គេ​រិះ​គិត​មិន​អស់​មិន​ហើយ​ពី​រឿង​នោះ បើ​តាម​សម្ដី​ជន​ល្មើស​ដែល​សារភាព គឺ​ថា​ពីរ​នាក់​ធ្លាប់​បាន​លួច​ឡើង​មក​រក​ខ្សែ​ក​ មុន​នេះ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​ម្ចាស់​ផ្ទះ​ឃើញ​ទាន់​ហេតុ​នេះ​ពួក​គេ​ក៏​មិន​បាន​សម្រេច ​វា​ដូច​គ្នា​ទៅ​នឹង​សម្ដី​ភីណា ដែល​និយាយ​ថា​យប់​នោះ​នាង​និង​បង​ថ្លៃ​នៅ​ផ្ទះ​តែ​ពីរ​នាក់ បន្ទាប់​មក​ឮ​សំឡេង​ចម្លែក​ឯ​ជាន់​ខាង​លើ​ក៏​នាំ​គ្នា​ឡើង​ទៅ​មើល​ ក្រោយ​មក​បាន​ប្រទះ​មនុស្ស​ចម្លែក​ពីរ​នាក់​កាន់​ពូថៅ​នៅ​នឹង​ដៃ​ឈរ​ឯ​រានហាល​ខាង​មុខ​បន្ទប់​វត្ថុ​បុរាណ អញ្ចឹង​ហើយ​នាង​និង​បង​ថ្លៃ​ភ័យ​ណាស់​ក៏​ប្រញាប់​រត់​ចុះ​មក​ក្រោម នាង​ថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា ពេល​នាំ​គ្នា​រត់​នោះ​ហើយ​ដែល​បង​ថ្លៃ​នាង​ត្រូវ​ទាក់​ជើង​ដួល​យ៉ាង​ដំណំ​រហូត​ដល់​ដាច់​ខ្យល់​ស្លាប់ ប៉ុន្តែ​ក្រោយ​មក​ក៏​ស្រាប់​តែ​ឃើញ​បង​ថ្លៃ​នាង​នៅ​រស់​រាន​ដូច​ធម្មតា​វិញ? បើ​មែន តើ​រឿង​ស្រី​អ្នក​បម្រើ​ត្រូវ​គេ​សម្លាប់​កប់​ក្នុង​ផើង​ថ្ម និង​រឿង​បង​ថ្លៃ​របស់​ភីណា​មាន​ទាក់​ទង​គ្នា​ដែរ​ឬ​ទេ?
ភ្លាម​នោះ​ដែរ ចិត្ត​មួយ​ក៏​ស្រាប់​តែ​នឹក​ភ្លែត​ដល់​រឿង​ចម្លែក​កាល​ពី​យប់​ដែល​​អ្នក​កំលោះបាន​ចូល​ទៅ​ផ្ទះ​ភីណា​តែ​ម្នាក់​ឯង​ គាត់​ក៏​នៅ​សុខ​ៗ​ស្រាប់​តែ​ឮ​សូរ​មាន​សំឡេង​មនុស្ស​ស្រី​យំ​ត្អូញត្អែរ​មក​ពី​ជាន់​ខាង​លើ លុះ​ដល់​ឡើង​ទៅ​មើល​ សម្លឹង​នោះ​បែរ​ជា​ម្ដង​ឮ​ម្ដង​បាត់ ហើយ​រឿង​ដែល​ធ្វើ​ឲ្យ​វិទូ​នឹក​ឡើង​ញាប់ញ័រ​ក្នុង​ចិត្ត​នោះ​គឺ​ថា​សំឡេង​នោះ​បាន​លាន់​ចេញ​មក​ពី​ក្នុង​បន្ទប់​វត្ថុ​បុរាណ ហើយ​ណា​​មួយ​យប់​នោះ​វិទូ​ក៏​បាន​ចូល​ទៅ​មើល​ក្នុង​បន្ទប់​នោះ​ភ្លាម​ដែរ ប៉ុន្តែ​បែរ​ជា​គ្មាន​អ្នក​ណា​ម្នាក់​ទាល់​តែ​សោះ អ្នក​កំលោះមាន​ទាំង​ឈរ​នៅ​នឹង​មុខ​រានហាល​ក្បែរ​ផើង​ថ្ម​នោះ​ផង ប៉ុន្តែ​មិន​នឹក​ដល់​ថា​ក្នុង​នោះ​មាន​សាកសព​មនុស្ស​ទាល់​តែ​សោះ​ឡើយ ឬ​មួយ​ថា​យប់​នោះ​ឯង​ដែល​អ្នក​កំលោះ​ត្រូវ​ខ្មោច​លង?
ថ្ងៃ​បន្ទាប់​វិទូ​ទៅ​ពេទ្យ​រក​ភីណា​តាំង​តែ​ពី​ព្រលឹម​តាម​ពិត គឺ​បណ្ដាល​ពី​រឿង​គាស់​ឃើញ​ឆ្អឹង​ខ្មោច​ក្នុង​ផើង​ថ្ម​ផ្ទះ​នោះ​ធ្វើ​ឲ្យ​អ្នក​កំលោះ​កាន់​តែ​នឹក​អាណិត​នាង។
អ្នក​កំលោះ​ចុះ​មក​ជួប​អ្នក​អួន​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ភ្លាម​ក៏​ឮ​គាត់​ពោល​សួរ​ភ្លាម​ដែរ៖
-លោកក្មួយ​! រឿង​ហេតុ​យ៉ាង​ម៉េច​ខ្លះ? ម៉េច​ក៏​ ម៉េច​ក៏ ក្នុង​ផ្ទះ​មាន​សាកសព​ទៅ​វិញ?
គ្រាន់​តែ​ឃើញ​ទឹក​មុខ​ខ្វល់​ខ្វាយ​របស់​គាត់​ក៏​អ្នកកំលោះ​ដឹង​ថា​គាត់​​កំពុង​ត្រូវ​ភាព​ភ័យ​រន្ធត់​គ្រប​សង្កត់​​ក្នុង​ចិត្ត​ដែរ អ្នក​កំលោះប្រឹង​ពោល​លួង​លោម​៖
-លែង​អី​ហើយ! ប៉ូលិស​យក​ចេញ​អស់​ហើយ មីង​ឈប់​ភ័យ​ទៅ​!
ស្ត្រី​នោះ​ហាក់​មិន​បាន​ធូរ​ស្រាល​ក្នុង​ចិត្ត​សោះ គាត់​នៅតែ​​បង្ហាញ​ទឹក​មុខ​ខ្វល់ខ្វាយ​ដដែល​ដោយ​រអ៊ូ​តែ​ម្នាក់​ឯង៖
-ផ្ទះ​នោះ​មិន​ស្រួល​មែន អ្នកនាង​តូច​កាល​នៅ​ដឹង​ខ្លួន​​ក៏​បាន​និយាយ​ប្រាប់​មីង​រហូត​ដែរ​ថា ផ្ទះ​នោះ​មាន​ខ្មោច​តែ​មីង​ចេះ​តែ​គិត​ថា​អ្នក​នាង​ឈឺ​ពេក ក៏​រវើរវាយ​ផ្ដេសផ្ដាស!
កំលោះ​ងាក​ទៅ​រក​នារី​គូ​ស្នេហ៍​ដែល​នៅ​តែ​បិទ​ភ្នែក​ជិត​ឈឹង​ដោយសារ​នាង​នៅ​មិន​ទាន់​មាន​ស្មារតី​ល្អ​វិញ​ទេ។ អ្នក​កំលោះ​​ពោល​សួរ​មួយៗ​មក​កាន់​ស្ត្រី​ចំណាស់​ដែល​នៅ​មាន​ក្តី​បារម្ភ​លើ​ផ្ទៃមុខ​នៅ​ឡើយ៖
-ភីណា​ធ្លាប់​ប្រាប់​មីង​ថា​ម៉េច​ខ្លះ?
គាត់​ក្រឡាប់​គ្រាប់​ភ្នែក​ភិតភ័យ​រួច​ទើប​ស្រដី​តាម​ត្រង់​ថា៖
-ពេល​ខ្ញុំ​ចូល​ទៅ​បត់​ខោអាវ​រៀបចំ​បន្ទប់​ជូន​អ្នកនាង អ្នកនាង​និយាយ​ថា ម្ចាស់​ផ្ទះ​មុន​បាន​សម្លាប់​ស្រី​អ្នក​បម្រើ​ក្នុង​ផ្ទះ​យើង​ដែរ តែ​ខ្ញុំ​ស្តាប់​ហើយ​គិត​ថា​អាច​ថា​គេ​ជិត​ខាង​កុហក​អ្នកនាង​លេង​ព្រោះ​ឃើញ​អ្នកនាង​ត្រង់! ដឹង​អី​ថា​មិន​ត្រឹម​សម្លាប់​ចោល​ក្នុង​ផ្ទះ​ប៉ុណ្ណឹង​ទេ ថែម​ទាំង​កប់​សាកសព​ក្នុង​ផ្ទះ​ទៀត ​ហួស​ហេតុ​ដល់​ហើយ!
វិទូ​ស្ដាប់​សម្ដី​ស្ត្រី​ចំណាស់​បណ្ដើរ អ្នក​កំលោះ​ផុស​ក្ដី​ងឿង​ឆ្ងល់​ក្នុង​ចិត្ត​បណ្ដើរ ​អ្នក​កំលោះ​ក៏​បន្លឺ​សួរ​ភ្លាម​ដែរ៖
-អ្នក​ជិត​ខាង​ណា​ដែល​​ដឹង​រឿង​ដែល​ម្ចាស់​ផ្ទះ​មុន​គេ​សម្លាប់​ស្រី​បម្រើ? ហើយ​យក​មក​និយាយ​ប្រាប់​ភីណា?
ស្ត្រី​អ្នក​បម្រើ​​ជ្រប់​មុខ​ដោយ​ទឹក​មុខ​ព្រួយ​បារម្ភ​មិន​ទាន់​រសាយ​។ គាត់​​ឆ្លើយ​តប៖
-ខ្ញុំ….ខ្ញុំ​អត់​បាន​សួរ​ដែរ…..
វិទូ​ដៀង​ភ្នែក​រិះគិត៖
“ឬ​មួយ​ក៏…ប្រុស​ស្រី​ពីរ នាក់​បង​ប្អូន​នោះ?”
អ្នក​កំលោះ​ងើប​មុខ​ទៅ​រក​ស្ត្រី​អ្នក​បម្រើ​ដែល​កំពុង​ឈោង​ដណ្ដប់​ភួយ​ឲ្យ​នារី​រូប​ល្អ គេ​ពោល​សួរ​ទៀត៖
-មីង​អ្ហ៎ា!ចុះ​ក្មេង​ស្រី​ប្រុស​ពីរ​នាក់​នៅ​ជាប់​ផ្ទះ​យើង​នោះ ភីណា​ស្គាល់​គេ​តាំង​អី​ពេល​ណា​មក!?
ស្ត្រី​ធ្វើ​ភ្នែក​ឡិងឡង់​ជា​សញ្ញា​ថា​គាត់​ក៏​មិនដឹង​ដែរ។
មិន​ទាន់​ហើប​មាត់​សួរ​បន្ថែម​ផង ស្នូរ​ទូរសព្ទ​រោទ៍​ឡើង​ធ្វើ​ឲ្យ​វិទូ​ត្រូវ​ចាកចេញ​ទៅ​ស្តាប់​នៅ​ខាង​ក្រៅ៖
-អាឡូ! ភ័ណ!?
សំឡេង​ពី​ចុង​ម្ខាង​លាន់​មក​ត្រហេបត្រហប៖
-ទូ​អ្ហា៎! ដូច​ស្មាន​អញ្ចឹង រឿង​ខ្មោច​ក្នុង​ផើង​ផ្កា​នោះ ក្លែង​ក្លាយ​ទេ!
នាយ​ប៉ូលិស​ក្របួចមាត់​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ត​ដោយ​អារម្មណ៍​ក្ដុកក្ដួល​ក្នុង​ចិត្ត សំឡេង​ពី​ចុង​ម្ខាង​ពោល​មក​បន្ថែម៖
-ឆ្អឹង​នោះ​ជា​ឆ្អឹង​អ្នក​ស្លាប់​បួន​ប្រាំ​ឆ្នាំ​មក​ហើយ​មែន ប៉ុន្តែ​វា​មាន​លាយ​ឡំ​ជាមួយ​ដី​មាន​ជាតិ​សំណ​ខ្ពស់​ដែល​គួរ​តែ​ត្រូវ​បាន​គេ​កប់​ក្នុង​តំបន់​ក្បែរ​សមុទ្រ មិនមែន​កប់​នៅ​ក្នុង​ផើង​ផ្កា​នោះ​ទេ!
វិទូ​ជ្រួញ​ចិញ្ចើម។ កែវ​ភ្នែក​ដែល​បង្ហាញ​ថា​មាន​ចម្លើយ​មួយ​ចំនួន​បាន​អណ្ដែត​មក​តប​នឹង​ការ​ស្មុគស្មាញ​ច្រើន​ថ្ងៃ​​មក​ហើយ​នេះ​រុញ​ឲ្យ​អ្នក​កំលោះ​ជះ​សំណួរ​ទៅវិញ​ជា​បន្ទាន់៖
-គេ​បង្កើត​រឿង​នេះ​ឡើង​ក្នុង​គោល​បំណង​អ្វី?
វេជ្ជបណ្ឌិត​ភ័ណ​មិន​ឆ្លើយ​តប​នឹង​សំណួរ​គូកន​តែ​គេ​បែរ​ជា​និយាយ​ពន្យល់​បន្ថែម៖
-ផ្កា​កុលាប​ដែល​ផ្សាំ​ដោយ​សារធាតុ​គីមី​គឺ​គេ​អាច​ដាំ​វា​ក្នុង​រវាង​ពី​៣​ទៅ​៥​អាទិត្យ​ឲ្យ​ស្រស់​បំព្រង​បាន តែ​បើ​ថា​ចង់​ដក​វា​ឡើង​ហើយ​កប់​ឆ្អឹង​ចូល​ទៅ​ក្នុង​ហ្នឹង ក៏​អាច​រក្សា​ជីវិត​វា​បាន ដោយ​គ្រាន់​តែ​គេ​ដាក់​សារធាតុ​ម្យ៉ាង​ដែល​គេ​ប្រើ​លើ​ទី​ផ្សារ​វេជ្ជសាស្ត្រ​ខុស​ច្បាប់​ឈ្មោះ​ថា​3Mជា​អក្សរ​កាត់​​នៃ​ពាក្យ​ថា ​Magic Matrixyl Metal។ របស់​នេះ​ក៏​មាន​នៅ​លាយឡំ​ជា​មួយ​ដី​នោះ​ដែរ​។ ដែល​សំខាន់​គឺ​សារធាតុ នេះ​អត់​ដែល​​ឃើញ​មាន​នៅ​ស្រុក​ខ្មែរ​ទេ​ពី​មុន​មក​។ តាម​រយៈ​សារធាតុ​នេះ​ ឯង​ប្រហែល​ជា​អាច​រក​អ្នក​ដែល​ដាក់​គម្រោង​ឆ្អឹង​សព​ទៅ​បន្លំ​ក្នុង​ផើង​នោះ​ឃើញ។ ចំណែក​គេ​ធ្វើ​អញ្ចឹង​ដើម្បី​អី ឯង​សួរ​ខ្ញុំ ខ្ញុំ​ម៉េច​នឹង​ដឹង? នែ​ខ្ញុំ​កំពុង​ផ្ញើ​ឯកសារ​ 3M ទៅ mail ឯង! File រាង​ធំ​បន្តិច​ប្រហែល​​ត្រូវ​ស៊ី​ពេល​ដែរ! អត់ធ្មត់​សិន​ទៅ!
វិទូ​តប​វិញ​យ៉ាង​រហ័ស៖
-ដឹង​ហើយ! អរគុណ​ណាស់​ភ័ណ!
បុរស​ឈ្ងោក​សម្លឹង​ទៅ​បរិវេណ​ខាង​ក្រោម​នៃ​មន្ទីរពេទ្យ​ដោយ​អារម្មណ៍​តានតឹង។ ស្ថានភាព​ធ្វើ​ឲ្យ​គេ​ស្រាប់​តែ​នឹក​ឃើញ​ទៅ​ដល់​រឿង​សំខាន់​អ្វី​មួយ។ កំលោះ​ប៉ូលិស​ចុច​ទូរសព្ទ​ហើយ​និយាយ៖
-អាឡូ! លោកបង! ខ្ញុំ​សុំ​អនុញ្ញាត​ដាក់​កម្លាំង​នៅ​ពេទ្យ​មើល​ភីណា​ឲ្យ​បាន​តឹងតែង​បន្តិច!
សំឡេង​លោក​កុសល​ឆ្លើយ​តប​ពី​ចុង​ម្ខាង៖
-បាន! បង​ក៏​មិន​សូវ​ទុក​ចិត្ត​ដែរ! តែ​សំខាន់​បង​ចង់​យក​នាង​មក​ផ្ទះ​ឲ្យ​បាន​ឆាប់​កាន់​តែ​ល្អ!
វិទូ​មិន​ចេញ​ស្តី​តែ​នាយ​រិះគិត​ម្នាក់​ឯង៖
“នាង​មិន​គួរ​ទៅ​កាន់​ទីនោះ​វិញ​ទេ​មុន​ពេល​ខ្ញុំ​រក​ឃើញ​ការពិត​ទាក់ទង​នឹង​ផើង​ផ្កា​នោះ​”
គេ​ជម្រាប​លា​អនាគត​បង​ថ្លៃ​ហើយ​បិទ​ទូរសព្ទ​គាប់​ជួន​ស្ត្រី​អ្នក​បម្រើ​រត់​មក​អរ​កខិបកខុប៖
-លោក​ក្មួយ​នាង​តូច​ភ្ញាក់​ហើយ! ឥឡូវ ទារ​រក​បបរ ខ្ញុំ​រត់​ទៅ​ទិញ​សិន​!
វិទូ​អរ​ភើត​ពេល​លឺ​ថា​នាង​ក្រមុំ​ចេះ​នឹក​ឃ្លាន​ព្រោះ​មួយ​យប់​មួយ​ថ្ងៃ​មក​ហើយ​នាង​គេង​ស្ងៀម​គ្មាន​កម្លាំង​កំហែង​សួរ​អ្វី​ក៏​គ្រវី​ក្បាល​និង​ធ្វើ​មុខ​ស្លេកស្លាំង។ អ្នក​កំលោះ​​រវៀសរវៃ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ជាមួយ​សម្ដី​ពោល​ប្រាប់​អ្នក​អួន​ថា៖
-មីង​ទៅ​ចុះ! រក​ផ្លែឈើ​ល្អៗ​មក​ផង!
អ្នក​កំលោះ​​ចូល​ទៅ​រក​គូ​ស្នេហ៍​ដែល​បើក​ភ្នែក​ប្រឹមៗ​សម្លឹង​មក​នាយ។ ឃើញ​នាយ​កាលណា​នាង​រលីង​រលោង​រក​កល​នឹង​យំ។ វិទូ​ប្រឹង​ញញឹម​លួង​ចិត្ត​ដោយ​ចូល​ទៅ​អង្គុយ​ក្បែរ​នាង​លើក​ដៃ​នាង​មក​កាន់​ថ្នមៗ​ផង។
-អូន​ចង់​ទៅ​ផ្ទះ​!
នេះ​ជា​សម្ដី​ដំបូង​ដែល​នារី​និយាយ​មកកាន់​នាយ​ខ្សោយៗ​បន្ទាប់​ពី​នាង​ខ្លួន​ឯង​ជា​អ្នក​ចាកចេញ​ពី​ផ្ទះ​ហើយ​​ទៅ​រស់​នៅ Apartment ស្ងាត់​ជ្រងំ​រហូត​ដល់​មាន​រឿង​កើត​ឡើង។ នាង​ច្រត់ដៃ​ក្រោក​អង្គុយ​ផ្អែក​ខ្នង​នឹង​ជញ្ជាំង​ អ្នក​កំលោះ​ក៏​ជួយ​នាង​ហើយ​និយាយ​ថ្នមៗ​ទៅកាន់​នាង៖
-អូន​មក​នៅ​ផ្ទះ​បង​វិញ​​ទៅ​ម៉េច​ដែរ!
នាង​ក្រមុំ​ងាក​សម្លឹង​មុខ​គេ​ភ្លាម កាល​បើ​ឮ​សម្ដី​នេះ នាង​បញ្ចេញ​អាការ​ហួស​ចិត្ត​ ដោយ​បន្លឺ៖
-និយាយ​​អញ្ចឹង​ទៅ​កើត​ដែរ?
វិទូ​យល់​ចិត្ត​តរុណី​គូ​ស្នេហ៍​ថា​នាង​គិត​ឃើញ​យ៉ាង​ណា​ទៅ​ហើយ ក៏​ប៉ុន្តែ​អ្នក​កំលោះ​នៅ​តែ​ព្យាយាម​រើស​យក​ពាក្យ​សម្ដី​ដែល​ចេញ​ពី​ទឹក​ចិត្ត​ពិត​ៗ​និយាយ​ទៅ​រក​នាង៖
-មុន​ក្រោយ​គង់​តែ​រៀប​ការ​ជា​មួយ​បង​ហ្នឹង បើ​នៅ​ផ្ទះ​នោះ​មិន​សប្បាយ​ចិត្ត​ បង​មាន​តែ​យក​អូន​ទៅ​នៅ​ក្បែរ​បង! បើ​មិន​អញ្ចឹង ឬ​ខ្លាច​បង​កុសល​មិន​ព្រម ចាំ​បង​រើ​ទៅ​នៅ​ក្បែរ​អូន​វិញ​ក៏​បាន​!
នាង​ក្រមុំ​សម្លឹង​មុខ​នាយ​បន្តិច រួច​ដក​ក្រសែ​ភ្នែក​ចេញ​លែង​មើល​មុខ​គេ នាង​ពោល៖
-វិទូ! អូន​កំពុង​ខ្វល់ខ្វាយ​ណាស់ គ្មាន​ចិត្ត​នឹង​និយាយ​លេង​សើច​ទេ!
វិទូ​សម្លឹង​ទៅ​ស្រី​ស្រស់​ដែល​បិទ​ភ្នែក​​លែង​ចេញ​ស្ដី អ្នក​កំលោះសម្លឹង​ទៅ​ម្រាម​ទាំង​ប្រាំ​ដែល​ទន់​ល្វក់​ហើយ​ត្រជាក់​ស្រិប​ក្នុង​ប្រអប់​ដៃ​ខ្លួន​ស្រាប់​តែ​ចេញ​ចំហាយ​ក្តៅ​អ៊ុនៗ អ្នក​កំលោះ​ដឹង​ថា​នាង​អៀន​ក៏​បន្ត​ពោល​ស្រាល​ៗ​ក្បែរ​សោតា​នាង៖
-បើ​ពិបាក​ពេក​យើង​រៀបការ​ឲ្យ​ហើយ​ទៅ​?
នាង​ក្រមុំ​នៅ​រក្សា​ការ​ស្ងាត់​ស្ងៀម​របស់​ខ្លួន​បាន​បន្តិច​ទើប​ឆ្លើយ​តប​តិច​ៗ៖
-ទោះ​ជា​ចង់​រៀបការ​ ក៏​មិន​ត្រូវ​​មក​សួរ​ខ្ញុំ​ដែរ​!
វិទូ​ញាក់​ស្មា​ញញឹម​ស្រស់ អ្នក​កំលោះឈ្ងោក​សម្លឹង​តាម​ដែល​នាង​ឱន​មុខ អ្នក​កំលោះពោល​តប៖
-ត្រូវ​តែ​សួរ​អូន​អញ្ចឹង​ហើយ ព្រោះ​បង​ចង់​រៀបការ​ជា​មួយ​អូន! ឯ​បង​កុសល បង​ដឹង​ថា គាត់​មិន​ជំទាស់​ទេ តែ​បើ​គាត់​ជំទាស់​ក៏​បង​មិន​ខ្លាច​ដែរ ឲ្យ​តែ​ភីណា​ឆ្លើយ​ថា​ព្រម​បាន​ស្រេច​ទៅ​ហើយ!
ភីណា​ញញឹម​បន្លឺ​វាចា​ទាំង​គិត​មិន​ងើប​មុខ៖
-បាន​តែ​មាត់​ទេ!
វិទូ​ញញឹម​កាល​បើ​ឃើញ​អាការ​របស់​ក្រមុំ​គូ​ស្នេហ៍ អ្នកកំលោះ​ពោល​ទៅ​កាន់​នាង៖
-ម៉េច​ក៏​ដឹង​ថា​បង​បាន​តែ​មាត់? រៀបការ​នឹង​បង​ទៅ មិន​ចាំ​បាច់​ទៅ​នៅ​ផ្ទះ​នោះ​វិញ​ទេ ហើយ​ក៏​មិន​បាច់​ភ័យ​ខ្លាច​រាល់​ថ្ងៃ​ដែរ! យល់​ព្រម​ធ្វើ​ប្រពន្ធ​បង​ដែរ​អត់?
ភីណា​ពោល​តប​វិញ​ដោយ​ឈ្ងោក​មុខ​ជាប់​ដដែល៖
-ប្រពន្ធ​អី​ទៅ? ខ្ញុំ​មិន​ចេះ​ធ្វើ​ម្ហូប​ឲ្យ​បង​ឯង​ហូប​ទេ!
វិទូ​គ្រវី​ក្បាល​ឆ្លើយ​តប​ដោយ​ញញឹម៖
-អាហារ​អន់​យ៉ាង​ណា​ក៏​បង​ព្រម​ញ៉ាំ​ដែរ​!
ភីណា​នៅ​តែ​ពោល​បន្ថែម៖
-ហើយ​អូន​ប៉ិន​ខឹង​ទៀត!
-មាន​អី! បង​ចូល​ចិត្ត​លួង​លោម​គេ​ណាស់! ​ពេល​ណា​អូន​ខឹង ​ចាំ​បង​ជា​អ្នក​លួង​ចុះ!
ភីណា​ងើប​មុខ​ដែល​ញញឹម​ដោយ​អាការ​អៀនប្រៀន​សម្លឹង​មក​អ្នក​កំលោះ នាង​សម្លក់​ដោយ​គ្នាន់ក្នាញ់ ហើយ​ឧទាន​៖
-ចុះ​ពេល​មុន​ បង​ក្រែង​ថា​សរសៃ​ប្រសាទ​អូន​​មាន​បញ្ហា​នោះ​អី? បង​សុខ​ចិត្ត​រៀបការ​ជា​មួយ​អ្នក​សរសៃ​ប្រសាទ​មាន​បញ្ហា​បែប​នេះ​ដែរ​អ្ហេស៎!
វិទូ​ញញឹម​ស្រស់ អ្នកកំលោះ​ឆ្លើយ​តប​ដោយ​សម្លឹង​មុខ​នារី​គូ​ស្នេហ៍​មិន​ដាក់​ភ្នែក៖
-បើ​អូន​មាន​បញ្ហា​សរសៃប្រសាទ បង​សុខ​ចិត្ត​វិកល​ចរិត​ដែរ​ទៅ​ចុះ នឹង​បាន​នៅ​ជិត​អូន!
ភីណា​ឈ្ងោក​មុខ​បង្ហាញ​អាការ​គ្នាន់ក្នាញ់ នាង​ឧទាន​តិច​ៗ៖
-សម្ដី​ផ្អែម គួរ​ឲ្យ​ស្អប់​ណាស់!
តាម​ពិត​វត្ថុ​បំណង​សំខាន់​ក្នុង​ពេល​នេះ​គឺ​វិទូ​ត្រូវ​ការ​នាំ​ភីណា​ចេញ​ពី​ផ្ទះ​នោះ​បណ្តោះ​អាសន្ន​សិន ហើយ​គេ​គួរ​រក​ហេតុផល​ឲ្យ​បាន​សមស្រប​ជា​ជាង​ប្រាប់​នាង​ថា​ផ្ទះ​នោះ​មាន​គ្រោង​ឆ្អឹង​និង​មាន​គេ​ណាម្នាក់​នៅ​ទី​ងងឹត​រចនា​សេណារីយោ​នេះ​ឡើង​យ៉ាង​អាថ៌កំបាំង​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​វា​នោះ​ជា​អ្នកណា​ហើយ​អ្វី​ទៅ​ជា​បំណង​ពិត​របស់​វា​។
នៅ​ពេល​ស្រី​ស្អាត​រសាយ​ពី​អារម្មណ៍​តប់​ប្រមល់​និង​ខ្វល់ខ្វាយ​ដោយសារ​សម្តី​លួង​​លោម​មុន​នេះរបស់​ខ្លួន ទើប​ប៉ូលិស​វ័យ​ក្មេង​ចូល​ដល់​សាច់​រឿង​។ គេ​និយាយ​សួរ​តិច​ៗ​ទៅ​កាន់​ភីណាដែល​កំពុងចុច​ទូរសព្ទ៖
-អូន​ដឹង​រឿង​ស្រី​អ្នក​បម្រើ​ត្រូវ​គេ​សម្លាប់​ក្នុង​ផ្ទះ​កាល​ពី​បួន​ឆ្នាំ​មុន​ដែរ​អត់​?
ភីណា​បើក​ភ្នែក​ធំៗ។ នាង​ងើប​មុខ​យ៉ាង​រហ័ស​សម្លឹង​គូ​ដណ្តឹង​សញ្ជឹង​ថា​ហេតុអ្វី​គេ​ដឹង​រឿង​នេះ​ដែរ។ តែ​បុរស​ពោល​សួរ​នាង​បន្ថែម​មុន​ពេល​នាង​ឆ្លើយ​នឹង​សំណួរ​គេ​ទៅ​ទៀត៖
-អ្នកណា​ជា​អ្នក​ដឹង​រឿង​នេះ​ហើយ​និយាយ​ប្រាប់​អូន!
នាង​មិន​តប​ព្រោះ​តក់ស្លុត។ ពេល​អារម្មណ៍​ទើបតែ​បាន​ល្អ​បន្តិច​ស្រាប់តែ​ចិត្ត​ផ្ដើម​នឹក​ឃើញ​ដល់​រឿង​តំណាល​ដ៏​គួរ​ឲ្យ​ស្ញើប​នោះ​សាជាថ្មី គួបផ្សំ​នឹង​ឥទ្ធិពល​គ្រឿង​ស្រវឹង​ផ្ដោត​អារម្មណ៍​ទៅ​ដែល​មិន​ទាន់​បន្សាប​បាន​១០០​ភាគរយ​ផង​បេះដូង​ភីណា​ទៅ​ជា​លោត​ញាប់។ វិទូ​ខំ​ស្រវា​អោប​នាង​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​រំជួល​ចិត្ត៖
-បាន! អត់​និយាយ​ក៏​មិន​អី​ដែរ! មិន​អី​ទេ! បង​សួរ​លេង​ៗ​ប៉ុណ្ណឹង!
មិន​ស្មាន​ដល់​ថា​ភីណា​ស្រាប់​តែ​ហុច​ទូរសព្ទ​មក​ឲ្យ​អ្នក​កំលោះ​ ដោយ​មាន​ឈ្មោះ​នេត្រ​នៅ​ពី​លើ​អេក្រង់​នោះ។ តាម​ពិត​នាង​កំពុង​ចុច​ទៅ​រក​នារី​និស្សិត​នៅ​ក្បែរ​ផ្ទះ​គាប់​ជួន​លឺ​វិទូ​ពោល​សួរ​នាង​ទៅ​ជា​រន្ធត់​ហើយ​គាំង​ឆ្លើយ​មិន​រួច ​ក៏​ហុច​ទូរសព្ទ​មក​ឲ្យ​គូស្នេហ៍​ជា​ចម្លើយ​ជំនួស​វិញ។ វិទូ​មើល​ឃើញ​កាលណា​គេ​សង្ខើញ​សួរ​ដោយ​បើកភ្នែក​មូលក្លុំ៖
-បង​ប្អូន​ពីរ​នាក់​ហ្នឹង​ជា​អ្នក​ប្រាប់​អូន?
ភីណា​ងក់​ក្បាល​ផ្ងក់ៗ​ជំនួស​ចម្លើយ​ធ្វើ​ឲ្យ​វិទូ​រេ​ភ្នែក​សញ្ជឹង​គិត។ សំឡេង​ក្មេង​ប្រុស​របស់​ស្ត្រី​ជា​និស្សិត​នោះ​លាន់​មក​ក្នុង​សោតា​អ្នក​​កំលោះហាក់​នៅ​ថ្មីៗ៖
“ដំបូង​ខ្ញុំ​ចេញ​មក​ក្រៅ​ទន្ទេញ​មេរៀន ក៏​ស្រាប់​តែ​ឮ​សូរ​សំឡេង​ដូច​មិន​ធម្មតា ក៏​ឡើង​លើ​រាន​ហាល​សម្លឹង​មើល​មក​ផ្ទះ​ជាប់​គ្នា​នេះ ខ្ញុំ​ឃើញ​ពីរ​នាក់​នោះ​កំពុង​កាន់​ពូថៅ​ម្នាក់​មួយ​ឈរ​រេរា​មុខ​បន្ទប់​ ខ្ញុំ​ភ័យ​ណាស់​ក៏​រត់​ទៅ​រក​ប៉ូលិស​ភ្លាម​ទៅ។”
គេ​ងើប​មុខ​មក​រក​គូស្នេហ៍​ដែល​នៅ​តែ​សម្លឹង​គេដោយ​ក្រសែភ្នែក​ព្រួយ​ខ្វល់​។ អ្នក​កំលោះ​សួរ​នាង​ស្រាល​ៗ​ថា៖
-ភីណា! អត់​អី​ទេ! កុំ​ភ័យ​ណា៎! បង​គ្រាន់តែ​មាន​រឿង​ខ្លះ​មិនសូវ​យល់! បង​សួរ​ធម្មតា​ៗ ​បើ​ដឹង​ចាំ​ឆ្លើយ​បើ​អត់​ក៏​ហី​ទៅ! អូខេ!
នារី​ងក់​ក្បាល​តិចៗ​ហាក់​កក់​ក្ដៅ​ចំពោះ​ពាក្យ​ពន្យល់​របស់​វិទូ គេ​ក៏​សួរ​បន្ត៖
-អូន​ស្គាល់​បងប្អូន​ពីរ​នាក់​នោះ​យូរ​ប៉ុណ្ណា​ហើយ?
នារី​នៅ​ទីទើរ​​ព្រោះ​មិន​ដឹង​ត្រូវ​ឆ្លើយ​យ៉ាងណា​ វិទូ​ចាប់​ប្រើ​ចិត្តសាស្ត្រ​សួរ​ចម្លើយ​របស់​នាយ៖
-គឺ​បង​ចង់​ដឹង​ថា​អូន​ជួប​ពួកគេ​សរុប​ប៉ុន្មាន​ដង​ហើយ?
-គឺ​ជួប​នៅ​ផ្ទះ​យើង​ម្ដង នៅ​ផ្ទះ​គេ​ម្ដង​ដែល​អូន​ទៅ​ជាមួយ​បង​នោះ!
វិទូ​និយាយ​កាត់៖
- ចុះ​កាល​ជួប​នៅ​ផ្ទះ​យើង គេ​មាន​ធុរៈ​អី​ដែរ? គេ​ស្គាល់​អ្នកណា​ខ្លះ​នៅ​ផ្ទះ​យើង?
- គេ​មក​ថត​ខ្មោច!
សូម​រង់ចាំ​តាម​ដាន​អាន​ភាគ​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ