យកកាំភ្លើង កែច្នៃរបស់ ឪពុកមកលេង បណ្តាលឲ្យផ្ទុះ ត្រូវសៀតផ្កា ស្លាប់ភ្លាមៗ
ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ៤និង១០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីគេបានយកកាំភ្លើងបាញ់សត្វរបស់ឪពុកយកមកកេះកៃលេង បណ្តាលឲ្យផ្ទុះត្រូវចំ សៀតផ្កាខាងស្តាំស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅចំណុចអូរថ្ម ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កុមារដែលរងគ្រោះស្លាប់បាត់បង់ជីវិតនេះមានឈ្មោះ វុន ផាន់នី អាយុ ១១ឆ្នាំ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ខណៈដែលឪពុកម្តាយមិននៅផ្ទះ កុមាររងគ្រោះបានយកកាំភ្លើងដែលឪពុកកែឆ្នៃទុកសម្រាប់បរបាញ់សត្វព្រៃ និងការពារសន្តិសុខក្នុងផ្ទះមកលេង បណ្ដាលឲ្យផ្ទុះត្រូវចំសៀតផ្កាខាងស្ដាំស្លាប់ភ្លាមៗតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យភ្លាមៗនៅកន្លែងកើតហេតុ និងបានប្រទះឃើញកាំភ្លើងកែឆ្នៃ១ដើម។ បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសជាឪពុកអាចប្រឈមនឹងផ្លូវច្បាប់ បើតុលាការរកឃើញកំហុសអំពីការលាក់ទុកអាវុធកែឆ្នៃរហូតបង្កឲ្យ មានមនុស្សស្លាប់បែបនេះ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភពពី វត្តភ្នំ
