ដោយសារមិន យោគយល់គ្នា ធ្វើឲ្យអ្នកបើក បររថយន្ត ២ គ្រឿងបុកគ្នា
ភ្នំពេញ ៖ ដោយសារមិន យោគយល់គ្នា ធ្វើឲ្យអ្នកបើកបររថយន្ត ២ គ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ២១ និង ៣០ នាទីយប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅចំណុចផ្លូវលេខ ១៨២ កែងផ្លូវលេខ ២១៥ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក។
មន្រ្តីនគរបាលមូល ដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបាន ឃើញរថយន្ត១ គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-8668 បើកបរ ដោយបុរសម្នាក់ រួមដំណើរជាមួយភរិយា ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត ដោយបានបើកយ៉ាងលឿន ខណៈមក ដល់ ចំណុចកែង ផ្លូវលេខ ២១៥ ស្តុបផ្សារដេប៉ូ ក៏មានរថយន្ត១ គ្រឿងទៀត ម៉ាកសាំងយ៉ុង ១២កៅអី ពណ៌ស ពាក់ស្លាកលេខ ដឹកបន្លែ ដែលកំពុងបើកបរ តាមបណ្តោយផ្លូវ លេខ២១៥ ក្នុងទិសដៅពី ត្បូងទៅជើង ដោយរថយន្តទាំងពីរគ្រឿងបើកលឿនដូចគ្នា ខណៈមកដល់ចំណុចផ្លូវកែង មិនបន្ថយ ល្បឿនទើបបណ្តាលឲ្យជ្រុលបុកគ្នា យ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យរថយន្តកាមរីឆ្លាមខ្ទេចផ្នែកខាងមុខស្ទើទាំងស្រុង ចំណែករថយន្តសាំយ៉ុង ត្រូវខូចខាត១ចំហៀងផ្នែកខាងស្តាំ ។ ហើយក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់ ត្រូវរងរបួសនោះទេ ។
នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ក្រោយកើតហេតុ រថយន្តទាំងពីរគ្រឿងត្រូវបាន សមត្ថកិច្ចចុះ មក ធ្វើការវាស់វែងអូស យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក រង់ចាំដោះ ស្រាយតាម ផ្លូវច្បាប់ ។ លើសពីនេះគ្រោះថ្នាក់ខាងលើបង្កឡើង ដោយម្ចាស់រថយន្តទាំង ២ គ្រឿង បើកបរក្នុង ល្បឿន លឿនដូចគ្នា ខណៈមកដល់ចំណុចផ្លូវកែង ពួកគេមិនចេះយោកយល់ អធ្យាស្រ័យគ្នា ទើប បណ្តាល ឲ្យជ្រុលបុកគ្នាយ៉ាងពេញ ទំហឹងតែម្តងទៅ៕
ដោយៈ ដើមអម្ពិល
