ស្រ្តីវ័យចំណាស់ ម្នាក់ត្រូវរថយន្ត បុកប៉ើងរបួសធ្ងន់
កំពង់ឆ្នាំង៖ រថយន្ត១គ្រឿង មិនស្គាល់ម៉ាក បុកស្ត្រីម្នាក់ប៉ើង៦ម៉ែត្រ បណ្តាលរបួសធ្ងន់ ដេកស្តូកស្តឹង ក្នុងថ្លុកឈាម ខណៈស្រ្តីរងគ្រោះដើរឆ្លងផ្លូវ កាលពីវេលាម៉ោង៨ និង ០០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់-ក្រុងកំពង់ឆ្នាំង ។
នគរបាលចរាចរណ៍ នៅកន្លែងកើតហេតុ បានអោយដឹងថា ស្រ្តីរងគ្រោះឈ្មោះ រី ស្រី អាយ៤៥ឆ្នាំ មានស្រុក កំណើតភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមកធ្វើការជាអ្នកស៊ីឈ្នួល លាងចាន ក្នុងភោជនីយដ្ឋានមួយស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញស្ត្រីរងគ្រោះបានដើរចេញទៅ ធ្វើការឆ្លងផ្លូវ ទិសដៅពី កើតទៅលិច ក៍ស្រាប់តែមានរថយន្ត១គ្រឿង មិនស្គាល់ម៉ាក បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីជើង ទៅត្បូង បានបុកស្ត្រីរងគ្រោះពេញមួយទំហឹងប៉ើងជាង៦ម៉ែត្រ បណ្តាលឲ្យដួលសន្លប់ដេកស្តូកស្តឹង ក្នុងថ្លុក ឈាម រីឯរថយន្តបង្ក ក្រោយពីបុកស្ត្រីរងគ្រោះបានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល ។ ស្រ្តីរងគ្រោះ ក្រោយពីកើតហេតុ ត្រូវបានរថយន្តល្បាត របស់នគរបាលដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ៕