ម៉ោង១២អធ្រាត្រ នៅសង្កាត់លេខ១ (ភាគទី៨)
ភាគទី៨
មាណវីដៀងភ្នែកសម្លឹងទៅកាន់មាត់ទ្វារបន្ទប់វត្ថុបុរាណ និងមាត់ទ្វារបន្ទប់បងប្រុសខ្លួន នាងទទួលអារម្មណ៍ថាខ្លួនដូចជាព្រឺរងាយ៉ាងម៉េចមិនដឹងទេ ស្រស់ស្រីស្ទុះចូលមកក្នុងបន្ទប់វិញបិទទ្វារគ្រឹបយ៉ាងរហ័ស។
នាងស្ទុះមកអង្គុយលើគ្រែដណ្ដប់ភួយដល់ត្រឹមក បើកភ្នែកភ្លឹះៗរិះគិតចុះឡើងតែម្នាក់ឯង ម៉េចក៏អ្នកជិតខាងនាំគ្នាខ្លាចរអាផ្ទះនេះហើយនិយាយនឹងគ្នាថាទីនេះមានខ្មោច? គេដឹងរឿងនេះមកពីណា? ធ្លាប់ឃើញខ្មោចពីកាលណា? បងប្អូនពីរនាក់អម្បាញ់មិញ និយាយថាឃើញខ្មោចបណ្ដែតខ្លួនពីបន្ទប់មួយទៅបន្ទប់មួយ តើគេនិយាយពិតឬក៏មិនមែន? ប៉ុន្តែបើគេមិនងឿងឆ្ងល់ពីរឿងខ្មោចទេនោះ យប់អធ្រាត្របែបនេះហើយ តើចូលមកធ្វើអ្វី?
នាងក្រមុំរលឹកពីហេតុការណ៍ប៉ុន្មានម៉ោងមុនមកនេះ តាំងពីខ្លួនបានឮសម្រិបជើងរត់ចុះឡើង បានឃើញស្រមោលចម្លែកខ្លួនបានស្រែកភ្ញាក់អស់អ្នកនៅបម្រើ ប៉ុន្តែចុះម៉េចក៏បងថ្លៃស្រីដែលសម្ងំសម្រាន្តក្នុងបន្ទប់រហូតនោះ មិនមានឃើញភ្ញាក់ផ្អើលឈានចេញពីបន្ទប់មកក្រៅមួយជំហានណាសោះយ៉ាងនេះ? ម៉េចគ្រាន់តែគេង ក៏ដូចមនុស្សស្លាប់ដែរ?
ស្រស់ស្រីងើបមុខសម្លឹងទៅទ្រនិចនាឡិកាដែលចង្អុលដល់ម៉ោងជិត “ដប់ពីរ” ទៅហើយ មិនទាន់ឮសូរឡានបងប្រុសខ្លួនត្រឡប់មកផ្ទះវិញនៅឡើយ នាងដឹងថាបើចេះតែរស់ក្នុងសភាពភិតភ័យរបៀបនេះតទៅទៀត មិនយូរទេ ទោះជាខ្លួនមិនឆ្កួតក៏មុខជាក្លាយជាឆ្កួតមែនទែនមិនខាន!
នាងប្រឹងសម្ងំបិទភ្នែក ប៉ុន្តែនៅតែមិនលក់សោះ ឬមួយថាឲ្យតែយប់កាលណា ត្រូវតែប្រើថ្នាំងងុយគេង? បើចេះតែយ៉ាងនេះរហូតទៅ តើនាងទ្រាំទ្របានដល់ពេលណាទៅ?
នាងក្រមុំអង្គុយត្របោមជង្គង់លើគ្រែដោយមួហ្មង តាមពិតផ្ទះធំ! មើលពីក្រៅទៅដូចជាកក់ក្ដៅណាស់ប៉ុន្តែ តើមានអ្នកណាដឹងទេថា លើផ្ទះធំដាច់គេនេះ តរុណីរូបនេះកំពុងអង្គុយមួហ្មងខ្វះភាពកក់ក្ដៅខុសពីគេឯងរាល់គ្នាដែលកំពុងលង់លក់យ៉ាងស្កប់ស្កល់ហើយសុខសាន្ត។
ពេលវេលាចេះតែកន្លងទៅ ប៉ុន្តែភីណានៅតែស្វាងចែសដដែល ភ្លាមនោះនាងស្រមៃស្ងាត់ៗតែឯងថា ឯក្រៅទ្វារបន្ទប់ខ្លួន បងថ្លៃដែលស្លាប់ហើយរស់វិញយ៉ាងចម្លែកនោះ កំពុងឈរញញឹមត្រជាក់ស្រឹបប្រកបដោយភាពព្រឺព្រួច នាងចាប់ផ្ដើមព្រឺក្បាលសំពោង សសៀរខ្លួនម្ដងបន្តិចទៅកាន់ជ្រុងជញ្ជាំង ដណ្ដប់ភួយផង ប្រឹងបិទភ្នែកបំផ្លាញអារម្មណ៍ស្រមៃរបស់ខ្លួនឲ្យបែកខ្ញែកកុំឲ្យនឹកគិតដល់មនុស្សចម្លែកនោះតទៅទៀត។
ភ្លាមនោះដែរ សូរម៉ាស៊ីនឡានឯខាងក្រោមផ្ទះដាស់អារម្មណ៍ភីណាឲ្យត្រេកអរបើកភ្នែកវិញភ្លាម ដោយនឹកក្នុងចិត្តថាបងប្រុសខ្លួនត្រឡប់មកវិញហើយ។ សភាពភ័យខ្លាចទាំងប៉ុន្មាននឹងត្រូវរលាយបាត់ក្នុងពេលនេះ យប់នេះរួចខ្លួនហើយ ប៉ុន្តែនៅយប់ស្អែក ខានស្អែកទៀត?
វគ្គទី៤
សម្ដី និង ការពិត
ស្នូរទូរសព្ទរោទ៍ញាប់រន្ថើនលើដំណេក ភីណាបើកភ្នែកព្រឹមៗសម្លឹងជុំវិញខ្លួន នាឡិកាប៉ោលលើជញ្ជាំងចង្អុលចំលេខ៧ហើយ នាងក្រោកខ្លួនអង្គុយដោយលើកដៃជ្រោងសក់ទាំងអស់ឲ្យទៅក្រោយ ទាំងក្បាលឈឺខ្ទោកៗ ណាមួយដៃជើងក៏រសេះរសោះអស់កម្លាំងដែរនាងមិនឆ្ងល់ទេ នាងដឹងថាក៏បណ្ដាលមកតែពីខ្លួនគេងមិនគ្រប់គ្រាន់អញ្ចឹងហើយទើបក្រោកពីគ្រែយ៉ាងដូច្នោះ។
ទូរសព្ទលើដំណេកនៅតែរោទ៍មិនឈប់ នាងលូកដៃទៅលើគ្រែមកស្ដាប់៖
-អាឡូ! អ្នកណា?
សំឡេងមនុស្សជិតស្និទ្ធម្នាក់លាន់មកលាយដោយសូរសំឡេងសើចស្រាលៗ៖
-អាល័យយល់សប្ដិឃើញអី? ម៉ោង៧ហើយ! នៅឈឺមិនទាន់ទៅសាលាកើត ក៏មិនត្រូវទម្លាប់គេងជ្រុលដែរ!
ដឹងថាវិទូគេមកចាំនៅខាងក្រោមហើយ ស្រស់ស្រីលើកដៃម្ខាងឈ្លីក្បាលដើម្បីបំបាត់ការឈឺចាប់ខ្លះ នាងតបបណ្ដើរដោយទឹកមុខមិនសូវស្រស់៖
-បងចាំបន្តិចសិនទៅ ខ្ញុំចុះទៅឥឡូវហើយ!
នាងបិទទូរសព្ទច្រត់ដៃក្រោកពីគ្រែ កុំថាឡើងតែក្បាលដែលវិលខ្ញាល់ សូម្បីតែជើងក៏ល្វើយស្ទើរតែលើកដាក់មិនរួចដែរ នាងក្រមុំដើរមួយៗចូលទៅបន្ទប់ទឹក សម្លឹងមុខខ្លួនក្នុងកញ្ចក់ ចំជាគួរឲ្យភ្ញាក់ផ្អើលណាស់ ទោះជាមនុស្សប្រកបដោយរូបរាងផូរផង់យ៉ាងណា ក៏ត្រូវកប់សម្រស់បាត់អស់ហើយដែរ កាលបើផ្ទៃមុខស្លេកស្លាំងហើយល្ហិតល្ហៃយ៉ាងនេះ។ នាងលើកម្រាមស្ទាបផ្ទៃមុខដោយសម្លឹងផ្ដោតទៅក្នុងកញ្ចក់ ទោះបីជាទឹកត្រជាក់ស្រឹបមកផ្សើមផ្ទៃមុខឲ្យបានស្វាងច្រើនជាងមុនខ្លះហើយក៏ដោយ ប៉ុន្តែភីណានៅតែមើលរូបខ្លួនឃើញថាមានស្ថានភាពប្រៀបដូចជាអ្នកជំងឺធ្ងន់ធ្ងរម្នាក់អញ្ចឹង។
នាងរៀបចំខ្លួនរួចរាល់ ចុះមកបន្ទប់ធំខាងក្រោមឃើញវិទូនៅអង្គុយអានកាសែត ប៉ុន្តែនៅមិនទាន់ឃើញបងប្រុសខ្លួននៅឡើយ នាងគិតថាយប់មិញមកដល់ផ្ទះយប់ជ្រៅពេក តាមមើលថ្មើរណេះគាត់មិនទាន់ក្រោកពីដំណេកនៅឡើយទេ។
មាណវីដើរចុះមកដល់ វិទូងើបមុខសម្លឹងមកកាន់នាងសភាពមិនស្រស់បស់របស់តរុណីក៏ត្រូវបានអ្នកកំលោះរូបនេះមើលឃើញមិនរំលងឡើយ គេលាន់មាត់ពោលសួរ៖
-យ៉ាងម៉េចហើយ? យប់មិញទូរទស្សន៍មានកម្មវិធីអ្វី ដូចគេងមិនឆ្អែតសោះ?
នាងក្រមុំដាក់បង្គុយទល់មុខនាយ ហើយឆ្លើយតបកំបុតឆ្កុយ៖
-រឿងខ្មោច!
វិទូនៅតែមានចេតនាចង់លលេង គេញញឹមបត់កាសែតទុកដោយបន្លឺសួរបន្ថែម៖
-ហើយខ្មោចមានចេញពីទូរទស្សន៍មកលងអត់ទេហ្នឹង?
ភីណាលូកដៃទាញកាសែតយកមកអានបណ្ដើរ មាត់រអ៊ូបណ្ដើរ៖
-មិនដឹងជាអ្នកណាទេ ពីម្សិលមិញថាទូរសព្ទមក!?
វិទូគិតថាតាមមើលទំនងជានាងង៉ក់ងរឿងដែលខ្លួនរវល់មិនបានទូរសព្ទរកនោះហើយមើលទៅ ទើបអ្នកកំលោះខំញញឹមពោលដោះសា៖
បងរវល់ទេតើ! មិនមែនមិនយកចិត្តទុកដាក់ជាមួយអូនឯណា? ប៉ុន្តែរកដកឃ្លាមិនបាន ឥឡូវអ៊ីចេះចុះ បងជូនទៅទិញអីវ៉ាន់ ទុកថារួចគ្នាចុះបានអត់?
ភីណាញញឹមតបដោយមិនមើលមុខកំលោះគូស្នេហ៍៖
-ប្រយ័ត្នតែដើរសុខៗ ស្រែកថាដល់ម៉ោងទៅបង្ហាញខ្លួននៅកន្លែងធ្វើការទៀត!
វិទូប្រញាប់ប្រញាល់ពោលតបភ្លាម៖
-អត់ទេ! យប់មិញមានក្ដីថ្មី ធ្វើការដល់ភ្លឺ ព្រឹកនេះបានច្បាប់សម្រាកហើយ ក៏មករកអូនតែម្ដងហ្នឹង!
ភីណាងើបមុខសម្លឹងគេ ជាក់ស្ដែងគឺនាងកំពុងឈឺឆ្អាលចំពោះសុខភាពអ្នកកំលោះគូបញ្ចាំចិត្តរូបនេះណាស់ ប៉ុន្តែនាងធ្វើជាពោលចំអន់៖
-ធ្វើការមួយយប់ទល់ភ្លឺផង? មើលមុខចុះ ស្រស់ជាងអូនទៅទៀត!
វិទូឱនមុខមកក្បែរនារីគូស្នេហ៍ អ្នកពោលតិចៗក្បែរនាង៖
-មិនជឿបងទេអ្ហេស៎! មើលថា Facebook ទៅ យប់មិញចាប់ចោរបានមួយខ្សែដល់ទៅដប់បីនាក់ឯណោះ គ្រាន់តែសួរចម្លើយម្ដងម្នាក់ៗហ្នឹង ស្ទើរតែមិនដឹងភ្លឺ ហ៊ឺយ អស់កម្លាំងណាស់!
ភីណាសម្លក់ដោយគ្នាន់ក្នាញ់នាងឧទាន៖
-អញ្ចឹងរឹតតែមិនបាច់ទៅទិញអីវ៉ាន់ជាមួយបងហើយ វរៗបងសម្រាន្តលក់នៅផ្សារ ធ្វើម៉េចទៅ?
អ្នកកំលោះផ្ដេកខ្លួនទៅនឹងបង្អែកសាឡុងទាំងស្ងាបហ៊មៗ ភីណាពោលបន្តទាំងដៃបត់កាសែតទុក៖
-មិនបាច់ធ្វើប៉ូលិស មិនបានទេអ្ហេស៎? គ្មានបងក៏មិនខ្វះអ្នកចាប់ចោរដែរ ការងារអីគ្មានយប់គ្មានថ្ងៃ បើទំនេរក៏ទំនេរដោយទន់ខ្លួនដោយបើកភ្នែកមិនចង់រួច យ៉ាងនេះដដែលបងដូរការងារទៅ មិនបានសង្ហានឹងឯកសណ្ឋានប៉ូលិសហ្នឹងក៏មិនទាស់ខុសអ្វីដែរ!
វិទូធ្មេចភ្នែកផ្ដេកក្បាលនឹងបង្អែក ប៉ុន្តែបបូរមាត់នៅញញឹមស្រស់ បញ្ជាក់ថាគេនៅឮសម្ដីនាងក្រមុំដែរ គ្រាន់តែមិនឆ្លើយតបប៉ុណ្ណោះ ភីណាដកដង្ហើមធំពោលដោយដាក់កាសែតទុកទៅម្ខាង៖
-នៅហ្នឹងហើយ! អូនក្រោកទៅឆុងកាហ្វេឲ្យ! គួរឲ្យស្អប់ណាស់ ប្រាប់ឲ្យហើយកន្លែងនេះមិនអនុញ្ញាតឲ្យគេងលក់ទេ!
វិទូញញឹមស្រស់ បើកភ្នែកមកវិញសម្លឹងដំណើរនាងក្រមុំដែលដើរសំដៅផ្ទះចង្ក្រាន។ នៅឯណេះភីណារៀបចំឆុងកាហ្វេផង ចិត្តមួយអាណិតវិទូព្រួច នាងដឹងថាវិទូពេញចិត្តការងារនោះ ទោះបីថាវាលំបាកលំបិន គ្មានទទួលបានមកវិញនូវផលប្រយោជន៍អ្វីជាបុគ្គលក៏ដោយ ណាមួយនាងជាគូដណ្ដឹង អាចចាត់ថាជាគូទៅអនាគតរបស់គេ ទោះបីថាមិនសប្បាយចិត្តនឹងឲ្យគេធ្វើប៉ូលិស ក៏មិនហ៊ានរារាំងដែរ គ្រាន់តែពោលឲ្យឃើញគេហត់នឿយពេក ក៏ពោលរអ៊ូតាមចិត្តនឹកទៅ ប៉ុន្តែសេចក្ដីឈឺឆ្អាលអាណិតយកចិត្តនឹកទុកដាក់នោះវិញទេ ដែលច្រាលពេញដើមទ្រូង។
នាងឈរឆុងកាហ្វេបណ្ដើរ រិះគិតពីអ្នកកំលោះបណ្ដើរ ក៏ស្រាប់តែឮអ្នកបម្រើចំណាស់ពោលរអ៊ូដោយភ្ញាក់ផ្អើលក្បែរទូទឹកកក៖
-ស្លាប់ហើយ! បាត់សាច់គោទៀតហើយ! ដាក់នៅហ្នឹងច្បាស់ណាស់ ម៉េចក៏ចេះបាត់ទៅកើត?
ភីណាជ្រួញចិញ្ចើមបែរមកសម្លឹងអ្នកបម្រើចំណាស់ដែលកំពុងឱនរុករើទូទឹកកក នាងក្រមុំពោលសួរទាំងងឿងឆ្ងល់៖
-មីងអួន! បាត់សាច់ទៀតហើយអ្ហេស៎?
អ្នកបម្រើងាកមកតបទាំងទឹកមុខងឿងឆ្ងល់៖
-ទុកត្រង់ហ្នឹងច្បាស់ណាស់ ស្រាប់តែបាត់ទៅកើត!
ភីណាដើរទៅក្បែរគាត់ដោយមានកាន់ពែងកាហ្វេនៅនឹងដៃផង នាងសម្លឹងទៅក្នុងទូទឹកកក ទាំងមាត់ពោល៖
-រកឲ្យសព្វសិនទៅមីង!
អ្នកបម្រើរូបនោះប្រឹងរុករកបន្ត មួយខណៈក្រោយគាត់ងាកមកវិញតបដោយទឹកមុខមិនសប្បាយចិត្ត៖
-អត់ឃើញមែននាងតូច!
នាងក្រមុំជ្រួញចិញ្ចើម នាងពោលដោយអាការហួសចិត្ត៖
-អ្នកណាអីចង្រៃយ៉ាងនេះ? បើថាសត្វណាក៏វាមិនទំនង ព្រោះផ្ទះយើងគ្មានសត្វចិញ្ចឹមផង!
អ្នកបម្រើដឹងថាបណ្ដាលឲ្យនាងក្រមុំមិនសប្បាយចិត្តទៀតហើយ ម្ល៉ោះហើយគាត់ប្រឹងរៀបចំទឹកមុខឲ្យស្រួលបួលជាងមុនពោលទៅកាន់នាង៖
-នាងតូច! ចាំខ្ញុំធ្វើអាហារផ្សេងសិនចុះ!
ភីណាឈ្ងោកមុខកាន់ពែងកាហ្វេដើរចេញបណ្ដើរ មាត់និយាយតបបណ្ដើរ៖
-មិនបាច់ទេមីង ខ្ញុំទៅញ៉ាំខាងក្រៅមួយថ្ងៃទៀតចុះ!
នាងក្រមុំដើរមកកាន់បន្ទប់ទទួលភ្ញៀវដោយទឹកមុខមិនរីករាយ។ នាងហុចពែងកាហ្វេទៅឲ្យអ្នកកំលោះ ទាំងនិយាយប្រាប់៖
-ឆាប់ពិសាកាហ្វេទៅ ព្រឹកនេះហាមគេង!
វិទូលូកដៃទទួលកាហ្វេមកកាន់ ភ្នែកសម្លឹងទៅកាន់ក្រមុំដែលកំពុងដាក់បង្គុយចុះទល់មុខខ្លួន ដោយអាការដូចជាមិនសូវសប្បាយចិត្ត អ្នកកំលោះពោលសួរទៅកាន់នាងភ្លាម៖
-គ្រាន់តែឆុងកាហ្វេមួយពែង ក៏ធ្វើមុខមិនរីកទៅហើយ!
ភីណាតបទាំងជ្រប់មុខ៖
-អូនត្រូវគេងបង្អត់ណា៎! ឆាប់ៗទៅ ទៅញ៉ាំអីខាងក្រៅ!
វិទូក្រេបជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់បន្តិចទើបសម្លឹងមកនាងក្រមុំសាជាថ្មី ដោយពោលមកកាន់នាងទាំងញញឹម៖
-ម្សិលមិញបាត់សាច់ ឥឡូវថ្ងៃនេះបាត់សាច់ទៀតហើយមែនទេ?
ភីណារអ៊ូដោយទឹកមុខមិនពេញចិត្ត៖
-មីងៗហ្នឹងគាត់ភ្លេចទិញក៏មិនដឹង ចេះតែថាបាត់ៗ ផ្ទះអត់មានឆ្កែឆ្មា តើធ្វើម៉េចអាចបាត់សាច់ទៅទៅកើត?
វិទូសើចស្រស់តបវិញភ្លាមដែរ៖
-បងថាយប់មិញអូនឃ្លានក៏ក្រោកចុះមកធ្វើញ៉ាំអស់ទៅ បើបាត់ក៏បាត់តែមួយថ្ងៃទេ ក៏មិនអាចបាត់រាល់ថ្ងៃអញ្ចឹងដែរ! អូនធ្វើញ៉ាំអស់ហើយ ភ្លេចតែខ្លួនឯងទេដឹង? អូនចូលចិត្តសាច់គោម្ល៉ឹងៗ អ្នកណាទុកចិត្តបាន!
ភីណាដឹងថាអ្នកកំលោះចង់ពោលលលេងនឹងខ្លួនហើយ នាងសម្លក់គេទាំងពោលរអ៊ូ៖
-បងឯងទេដែលរវើរវាយអញ្ចឹងនោះ ខ្ញុំវិញមិនចេះភ្លេចភ្លាំងរបៀបហ្នឹងទេ! តោះឈប់និយាយទៅ ល្មមជូនអូនទៅរកអីញ៉ាំហើយ។
វិទូក្រោកពីបង្គុយ ដើរចេញមកក្រៅតាមពីក្រោយនាងក្រមុំគូស្នេហ៍។ អ្នកពោលទៅកាន់នាងដែលកំពុងរុញបើកទ្វាររបង៖
-ទៅត្រឹមដើមផ្លូវនោះទេអ្ហេស៎?
ភីណាឆ្លើយតបដោយមិនងាកក្រោយ៖
-ចា៎! យើងដើរទៅបានហើយ!
វិទូដើរមកក្បែរនាង គេអើតសម្លឹងទៅផ្លូវថ្នល់ដែលស្ងាត់ច្រៀប គេពោលប្រាប់ភីណា៖
-ម្ដុំនេះចម្លែកដែរ ព្រឹកព្រលឹមសោះក៏ស្ងាត់ច្រៀប!
ឮសម្ដីគេ ភីណានឹកភ្នកទៅដល់រឿងចចាមអារ៉ាមដែលអ្នកនៅជុំវិញទីនេះគេបាននិយាយពីផ្ទះខ្លួន ភ្លាមនោះក៏នឹកឃើញដល់បងប្អូនស្រីប្រុសពីរនាក់ កាលពីយប់មិញបានលួចចូលមកក្នុងផ្ទះ ពួកគេប្រាប់ថាផ្ទះនៅជាប់ខាងស្ដាំដៃនេះដែរទេ។ នាងក្រមុំងើបមុខសម្លឹងទៅកាន់ភូមិគ្រឹះសង់របៀបអឺរ៉ុបតូចច្រឡឹងរុំព័ទ្ធដោយសួនផ្ការីកស្គុះស្គាយជាប់គ្នានឹងរបងផ្ទះខ្លួន នាងសួរក្នុងចិត្តស្ងាត់ៗតែម្នាក់ឯង៖
-ពីរនាក់នោះកុហកទេដឹង? ផ្ទះនេះជាផ្ទះរបស់ពួកគេអ្ហេស៎? ប៉ុន្តែបើចង់ដឹងច្បាស់ ទាល់តែចូលទៅមើលទើបបាន!
គិតរួចភីណាស្ទុះស្ទាដើរសំដៅទៅមាត់ទ្វាររបងនោះភ្លាម នាងអើតសម្លឹងទៅក្នុងតាមចន្លោះរបង ប៉ុន្តែគ្មានឃើញស្រមោលមនុស្សម្នាក់សោះ មិនរវល់គិតច្រើននាងលូកដៃចុចកណ្ដឹងភ្លាម វិទូដែលទើបតែដើរមកដល់នោះពោលសួរទាំងងឿងឆ្ងល់៖
-គិតធ្វើអីហ្នឹង? ក្រែងថាទៅស្រស់ស្រូបអ្ហេស៎?
ភីណាងាកមកញញឹមស្រស់ដាក់អ្នកកំលោះដោយពោលប្រាប់៖
-អូននឹកឃើញភ្លាមៗនេះថា ចង់ចូលជួបមិត្តម្នាក់សិន! នែ៎ចាំអូននាំបងឲ្យស្គាល់គេណា៎!
ទ្វាររបងត្រូវបើកដោយដៃបុរសចំណាស់ មាឌស្ដើង ទឹកមុខស្លូតបូត សម្បុរខ្មៅ ឫកពាស័ក្ដិសមជាអ្នកជនបទ គាត់បន្លឺសួរមកកាន់ភីណាដោយអាការគួរសម៖
-អត់ទោស! អ្នកនាងមានការអ្វីដែរ?
ភីណាគ្រាន់តែមើលភ្លាម ក៏ស្គាល់ថាគាត់ជាអ្នកថែសួនដែលខ្លួនឧស្សាហ៍ប្រទះភ្នែកដែរ ប៉ុន្តែគាត់បែរជាមិនស្គាល់នាងទៅវិញ នាងញញឹមស្រស់ដើម្បីបង្កឲ្យគេនូវអារម្មណ៍ល្អចំពោះខ្លួន ដោយបន្លឺតប៖
-ចាស៎ពូ! ក្រែងទីនេះ មាននិស្សិតស្រីម្នាក់ទើបតែត្រឡប់មកពីបរទេសតើមែនទេ?
បុរសចំណាស់សម្លឹងមកនាងក្រមុំ និងអ្នកកំលោះបណ្ដើរ ឆ្លើយតបបណ្ដើរដោយអាការស្លូតបូត៖
-បាទ! នាងតូចនេត្រ! អ្នកនាងរកនាងតូចនេត្រតើមែនទេ? នាងតូចខ្ញុំទើបត្រឡប់មកពីបរទេសមែន!
ភីណាញញឹមស្រស់ជាងមុនទៅទៀតកាលបើបានឮចម្លើយនេះ នាងដឹងថាពីរនាក់បងប្អូននោះប្រាកដជាមិនមាននិយាយកុហកទេ នាងតបទៅកាន់បុរសចំណាស់បន្ថែម៖
-ជម្រាបទៅអ្នកនាងនេត្រផង ថាខ្ញុំជាអ្នកជិតខាងសុំជួប!
បុរសចំណាស់បញ្ចេញទឹកមុខភ្ញាក់ផ្អើល គាត់រអ៊ូតាមពីក្រោយពាក្យនាងក្រមុំ៖
-អ្នកជិតខាង?
មិនរង់ចាំយូរឡើយ ស្រស់ស្រីប្រញាប់ប្រញាល់ពោលទៅកាន់គាត់វិញ៖
-ចាស៎! ផ្ទះខ្ញុំនៅជាប់គ្នានេះទេ!
និម្មិតណាបានឮសម្ដីនេះ បុរសអ្នកថែសួនងាកយ៉ាងរហ័សសម្លឹងទៅរកគេហដ្ឋានធំចង្គ្រុងដែលនៅជាប់របងខាងឆ្វេងដៃ គាត់ងាកមកសម្លឹងភីណា និងវិទូវិញតបដោយពោលគួរសម៖
-សូមអញ្ជើញចូល!
