គឹម លីហ្សា ជម្រះបញ្ជី​ ជាមួយសូ​ណូ មុន​ទៅ​អូស្ត្រាលី​

7/05/2013 0 Comments A+ a-

ភ្នំពេញ ៖ មុននឹង​ឡើង​យន្តហោះ​ឆ្ពោះទៅកាន់​ទឹកដី​អូស្ត្រាលី​ជា​លើក​ទី​៣​នេះ តារា​សម្តែង​នាង គឹម លីហ្សា ដែល​កំពុង​បារម្ភ​ខ្លាច​អ្នកនាង ច័ន្ទ សុ​ផានី តាម​រករឿង​ក្រោយពេល​បែកធ្លាយ​ថា​នាង​មាន​ស្នេហា​ជាមួយ នឹង​តារាចម្រៀង សូ​ណូ ដែលជា​ប្តី​អត់​ខាន់ស្លា​របស់​ច័ន្ទ​សុ​ផានី នោះ បានចេញ​មុខមក​បញ្ជា​ក់​ប្រាប់​អ្នកកាសែត ចំពោះ​ដំណឹង​ចំណង​ស្នេហ៍​ត្រីកោណ​នេះ​។​ ​ស្រប​ពេលដែល​តារាចម្រៀង ហ្សូ​ណូ វេច​បង្វេច​ចុះចោល​ប្រពន្ធ​និង​កូនស្រី​វ័យ​៥​ឆ្នាំ​ឲ្យ​ទឹកភ្នែក​ហូរ​ឥត​ឈប់​បានតែ​ប៉ុន្មាន​ខែស្រាប់​តែមាន​ព័ត៌មាន​ចុះផ្សាយ​ថា​តារាចម្រៀង​រស្មី​ហង្ស​មាស លោក​ហ្សូ​ណូ បាន​បង្កាត់ភ្លើង​ស្នេហា​ជាមួយនឹង​តារា​សម្តែង​សាច់​សខ្ចី​នាង គឹម លីហ្សា ដែល​ដំណឹង​នេះ បានធ្វើ​ឲ្យ គឹម លីហ្សា ស្រៀវ​ខ្លួន​តែម្តង ព្រោះ​ខ្លាច​អ្នកនាង ច័ន្ទ សុ​ផានី ដែលជា​ប្រពន្ធ​គ្មាន​ខាន់ស្លា​របស់ សូ​ណូ ដែល​កំពុង​មានទុក្ខ​ធំ​តាមរក​រឿង​នោះ​។​

​ថ្វីដ្បិតតែ​កន្លងមក គឹម លីហ្សា ធ្លាប់​បញ្ជាក់​រួចមកហើយ តែ​បំណកស្រាយ​របស់​នាង​ហាក់​មិនអាច​លុបបំបាត់​ដំណឹង​ស្នេហ៍​មួយ​នេះ​បាន​នៅឡើយ​។ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ តារាចម្រៀង​សម្តែង​នាង គឹម លីហ្សា នឹងត្រូវ​ស្ពាយ​យួរ​វ៉ា​លី​ស​សំពីងសំពោង​ធ្វើដំណើរ​ហោះហើរ​តាម​យន្តហោះ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​ជាង​មួយខែ​ជាមួយនឹង​តារា​សម្តែង អេ​ឡិច ច័ន្ទ​ត្រា រតនៈ ពិសិដ្ឋ និង​នាង ឆ​យី តែ​មុននឹង​ឃ្លាត​ចាក​ចេញពី​ដែនដី​កម្ពុជា​គឹម លីហ្សា ក៏​មិន​ទុក​ឲ្យ​រឿងអាស្រូវ​ស្នេហា​ប្តី​គេ​កាន់តែ​រីក​សុសសាយ​បន្តទៀត​ដែរ ដោយ​នាង​បាន​ចេញមុខ​បញ្ជាក់​ជាថ្មី​ថា នាង និង សូ​ណូ គ្មាន​សម្ព័ន្ធ​ស្នេហា​នឹង​គ្នា​ដូច​គេ​និយាយ​នោះឡើយ​។​

​ចំពោះ​ដំណឹង​បែបនេះ នាង​បាន​និយាយ​ជាថ្មី​​ថា​៖ «​និយាយ​ទៅ​គឺ​អត់​មានរឿង​នេះ​ទេ ខ្ញុំ​និង​ហ្សូ​ណូ អត់​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​នោះទេ មួយខែ​មិនទាន់បាន​ជួប​មុខ​គ្នា​ម្តង​ផង តែ​គេ​បែរជា​ចោទថា មាន​ស្នេហា​នឹង​គ្នា ទៅវិញ​។ យើង​បាន​ជួបគ្នា​នៅពេល​ថត​ខារ៉ាអូខេ ម្តងម្កាល​ប៉ុណ្ណោះ ហើយក៏​ពុំ​ធ្លាប់​ទៅណា​តែ​ពីរ​នាក់ ដូច​ការលេចឮ​នោះដែរ គឺ​វា​ជា​រឿង​មិន​ពិត​នោះទេ​»​។​ ​ដោយឡែក​តារាចម្រៀងរ​បស់រ​ស្មី​ហង្ស​មាស​លោក សូ​ណូ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ ដោយសារ​លេខ​ទូរស័ព្ទ​ដែល​លោក​ធ្លាប់ប្រើ មាន​បុរស​ម្នាក់​លើក​តែ​ប្រាប់ថា មិនមែន​សូ​ណូ​។​ ​

ការ​បែកធ្លាយ​ដំណឹង​មិនគួរ​ឲ្យ​គិតបែបនេះ ត្រូវបាន​តារាចម្រៀង​ដែល​វិ​វត្ត​ខ្លួន​ពី​តារាចម្រៀង​មកជា​តារា​សម្តែង​នាង គឹម លីហ្សា បញ្ជាក់ថា នាង​គិត​យ៉ាងណា​ក៏​មិនដឹងថា ហេតុអ្វី​បានជា​គេ​ផ្គូផ្គង​រូបនាង​ជាមួយនឹង​តារាចម្រៀង ហ្សូ​ណូ ដែរ​ហើយ​ដោយសារតែ​ការនិយាយ​គ្មាន​ការពិត​នេះ​បានធ្វើ​ឲ្យ​រូបនាង​កាន់តែ​មានការ​បារម្ភ​ខ្លាច​អតីត​ប្រពន្ធ​របស់លោក ហ្សូ​ណូ គឺ​នាង ច័ន្ទ សុ​ផានី យល់ច្រឡំ​លើ​នាង និង​ចេញមុខ​មករក​រឿង​នាង​នោះ​។​ ​

តារា​សម្តែង​វ័យ​២៤​ឆ្នាំ ថៅកែ​ផ្ទះសំណាក់​២​កន្លែង​នៅ​ភ្នំពេញ​នាង គឹម លីហ្សា បាន​បញ្ជាក់ថា​៖«​ខ្ញុំ​មិនដឹង​គេ​ដឹង​មកពីណា​ទេ ខ្ញុំ​អត់​ដឹងអី​សោះ គេ​បែរជា​ផ្គូផ្គង​ខ្ញុំ និង​ហ្សូ​ណូ ទៅវិញ​។ សម្រាប់​ខ្ញុំ​ធម្មតា​ទេ ព្រោះ​យើង​អ្នកសិល្បៈ​គេច​មិន​ផុតពី​រឿងអាស្រូវ​ទេ​។ តែ​ខ្ញុំ និង​បង ផានី សុទ្ធតែ​អ្នក​ស្គាល់គ្នា ហេតុនេះហើយ ខ្ញុំ​ចេះតែមាន​អារម្មណ៍​ខ្លាច​ច័ន្ទ សុ​ផានី (​ប្រពន្ធ​ហ្សូ​ណូ​មាន​កូនស្រី​ម្នាក់​) យល់ច្រឡំ និង​ប្រតិកម្ម​មកលើ​ខ្ញុំ គឺ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ផ្តេសផ្តាស​មកលើ​ខ្ញុំ​អ៊ីចឹង​ទេ​»​។​ ​

នាង​បាន​បញ្ជាក់ថា​៖«​ថ្វីដ្បិតតែ​ខ្ញុំ និង​សូ​ណូ មិន​ស្និទ្ធស្នាល​នឹង​គ្នា តែ​ពួកយើង​បាន​ស្គាល់គ្នា​តាំងពីក្មេងៗ​មកម្ល៉េះ បើ​ប្រុង​ស្រឡាញ់គ្នា គឺ​ស្រឡាញ់​យូរហើយ មិនបាច់ចាំ​ទល់​សព្វថ្ងៃនេះ​ទេ​»​។​ ​ដោយសារតែ​ភ្លើង​ស្នេហ៍ ច័ន្ទ សុ​ផានី លើ សូ​ណូ មាន​ទំហំធំធេង​នោះ ទស្សនិកជន​ចង់ដឹង​ណាស់​ថា អ្នកនាង ច័ន្ទ សុ​ផានី មាន​អារម្មណ៍​បែបណា​ចំពោះ​ព័ត៌មាន​ដែល​ធ្លាយ​ថា សូ​ណូ បញ្ឆេះ​ភ្លើង​ស្នេហ៍​ជាមួយ​គឹម លីហ្សា នោះ​។ តែ​យ៉ាងណា ច័ន្ទ សុ​ផានី មិន​លើក​ទូរស័ព្ទ​ឡើយ​។​ ​នៅពេលនេះ មហាជន​កំពុង​អង្គុយចាំ​មើលថា តើ​ស្នេហា​នោះ ជាការ​ពិត​ឬ​យ៉ាងណា​? តែ​ភាគច្រើន​គេ​ជឿថា មិនអាច​ទៅរួច​ហើយ ព្រោះ​កន្លងមក គឹម លីហ្សា ធ្លាប់​ប្រកាស​ក្តែ​ងៗ​ឲ្យ​គេឯង​បានដឹងថា នាង​មិន​យកប្តី​ជា​អ្នកសិល្បៈ​ដាច់ខាត​។ នាង​ធ្លាប់​និយាយថា​៖«​ខ្ញុំ​មិន​ចង់បាន​ប្តី​ជា​អ្នកសិល្បៈ​ដូចគ្នា​ទេ ខ្ញុំ​ចង់បាន​ប្តី​ជា​អ្នករកស៊ី ឬ​ធ្វើការ​ជាង​»​។​

​ក្នុងនាម​ជា​ស្រី​ស្អាត​សាច់ឈាម​តារា នេះ​មិនមែនជា​លើកទីមួយ​ទេ​សម្រាប់​ការ​បែកធ្លាយ​ចំណង​ស្នេហ៍​របស់​នាង គឹម លីហ្សា នោះ​។ មុននេះ​បន្តិច នាង​បាន​ក្លាយជា​ថៅកែ​ផ្ទះជួល​តម្លៃ​រាប់ម៉ឺន​ដុល្លារ ដែល​គេ​សង្ស័យថា ប្រហែលជា​នាង​មាន​ឥទ្ធិពល​ពី​គូស្នេហ៍​របស់​នាង​ណា​ម្នាក់​តែ​ភ្លាមនោះ​នាង​ក៏​បដិសេធ​យ៉ាងច្បាស់​ផងដែរ​។​ ​
ក្រៅពីនោះ​លីហ្សា ក៏​ធ្លាប់​លេចចេញ​នូវ​ចំណង​ស្នេហ៍​ឆ្លង​ទ្វីប​ជាមួយនឹង​អាណិកជន​អូស្ត្រាលី​ផងដែរ តែ​នៅពេលនេះ​នាង​បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា ទាំង​គូស្នេហ៍​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​គឺ​នាង​អត់​មាន​ទាំងអស់​។ នាង​បាន​បញ្ជាក់ថា​៖«​និយាយ​រួម​ទៅ ពេលនេះ ខ្ញុំ​មិនមាន​គូស្នេហ៍​ឬ​កំណាន់ចិត្ត​ទេ អ្នក​ក្នុងស្រុក​ក៏​អត់ អ្នក​នៅ​អូស្ត្រាលី​ក៏​អត់​ដែរ​»៕ via: techno2day
v_0381
Liza