ណុប បាយ៉ារិទ្ធ ឈឺឆ្អាល​នឹង​រឿង ទេព បូព្រឹក្ស ដូច​គូស្នេហ៍​មែន​ទែន

7/13/2013 0 Comments A+ a-

ភ្នំពេញ : ក្រោយ​ពី​ព្យុះភ្លៀង​បោកបក់​បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​មក​លើ​តារាចម្រៀង​រួម​ទ្រនំ​កញ្ញា ទេព បូព្រឹក្ស ម្តង​ហើយ​ម្តង​ទៀត ហើយ​ម្ចាស់​ខ្លួន​មិន​ទាន់​មាន​ពន្លឺ​វែក​មុខ​ជន​នោះ​នៅក្នុង​បណ្ដាញ​ហ្វេសប៊ុក​លោក ណុប បាយ៉ារិទ្ធ ក្រៅពី​អះអាង​ថា ទេព​បូព្រឹក្ស មិនមែន​ជា​មនុស្ស​ប្រភេទ​នោះ​លោក​នៅ​ហ៊ាន​អះអាង​ប្រាប់​ថា ជន​ខិលខូច​ដែល​មាន​បំណង​មិន​ល្អ​ចំពោះ​ទេព បូព្រឹក្ស នោះ​លោក​បាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​មួយរយ​ភាគរយ ហើយ​ក៏​មាន​ការ​ព្រមាន​យ៉ាង​ធ្ងន់​ៗ​ទៅ​អ្នក​មាន​បំណង​មិន​ល្អ​ចំពោះ​ទេព បូព្រឹក្ស នោះ​ទៀត​ផង​។

កាយវិការ​ដែល​ស្តែង​ចេញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​តារាចម្រៀង​ចាស់វស្សា​នៅ​ក្នុង​ទ្រនំ​ហង្សមាស លោក ណុប បាយ៉ារិទ្ធ មកលើ​សិស្ស​ប្អូន​ជំនាន់​ថ្មី​នាង ទេព បូព្រឹក្ស ដូចជា​គូស្នេហ៍​យល់​ចិត្ត​គ្នា​ទើប​តែ​ស្តែង​ចេញ​គ្រា​ដែល​សិស្ស​ប្អូន​ធ្មេញ​ចំពើស​សម្បូរ​ក្បាច់រាំ​នាង ទេព បូព្រឹក្ស ត្រូវ​បាន​ជន​ខិលខូច​យក​រូបថត​និង​ឈ្មោះ​នាង​ទៅ​បង្កើត​គណនេយ្យ​ហ្វេសប៊ុក​ហើយ​បាន​សរសេរ​ពាក្យពេចន៍​ជាច្រើន​លម្អៀង​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ជា​ពាក្យ​ថា «រីករាយ កម្សាន្ត​ជាមួយ​នាងខ្ញុំ​ទេព បូព្រឹក្ស​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​»។
សកម្មភាព​នេះ​ផ្ទុយ​ពី​សិល្បករ​សិល្បការិនី​ជាច្រើន​នាក់​ដែល​កំពុង​សម្តែង​ការ​គាំទ្រ​បក្ស​នយោបាយ​ដឹកនាំ​ប្រទេស​មួយ​នេះ​។ ប៉ុន្តែ​ការ​លេច​ចេញ​ឈ្មោះ ទេព បូព្រឹក្ស លើ​ទំព័រ​ហ្វេសប៊ុក​និង​បំផុស​អក្សរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល មិន​នឹកស្មាន​ដល់​នោះ ត្រូវ​បាន​នាង​អះអាង​ថា នោះ​មិនមែន​ឈ្មោះ​ទំព័រ​ហ្វេសប៊ុក​ពិត​របស់​នាង​ឡើយ ដោយ​មាន​អ្នក​ខិលខូច​លួច​បង្កើត​ដើម្បី​បង្ខូច​កិតិ្តយស ហើយ​នាង​ក៏​បាន​ប្រកាស​ថា នាង​កំពុង​តាម​វែក​រក​មុខ​មនុស្ស​អាក្រក់​នោះ​ដែរ​។
បើ​ទោះ​ជា​សាមី​ខ្លួន​កញ្ញា ទេព បូព្រឹក្ស ប្រកាស​ពី​មហិច្ឆតា តាម​រក​វែក​មុខ​ជន​មាន​បំណង​មិន​ល្អ​ចំពោះ​នាង​យ៉ាង​ដាច់​អហង្ការ​ក្តី តែ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ដែល​ប្រើ​ឈ្មោះ​ថា Teb Boprek Singer នោះ​មិន​បាន​បញ្ឈប់​នូវ​សកម្មភាព​នោះ​ឡើយ ធ្វើ​ឲ្យ​តារាចម្រៀង​សម្បូរ​ក្បាច់រាំ​កញ្ញា ទេព​បូព្រឹក្ស វិល​មុខ​នឹង​ការ​តាម​រក​ជន​អាថ៌កំបាំង​ដែល​យក​ឈ្មោះ​នាង​ប្រើ​ក្នុង​បំណង​មិន​ល្អ​នោះ​។
យ៉ាង​ណា ទង្វើ​ផ្គើន​នឹង​ឧត្តមគតិ​សាមី​ខ្លួន ត្រូវ​បាន​តារាចម្រៀង​ចាស់វស្សា​នៅ​ទ្រនំ​ហង្សមាស​លោក ណុប បាយ៉ារិទ្ធ បាន​បង្ហាញ​ពី​ពន្លឺ​នៃ​លទ្ធផល​ក្នុង​ដំណើរ​ជួយ​វែក​រក​មុខ​អ្នក​ដែល​មាន​បំណង​បង្កាច់បង្ខូច​កិត្តិយស​សិស្ស​ប្អូន កញ្ញា ទេព បូព្រឹក្ស អម​ជាមួយ​ហេតុផល​ជាច្រើន ដែល​ហេតុផល​ខ្លះ​នោះ​ហាក់​ស្តែង​ឲ្យ​គេ​ដឹងថា​ជា​ហេតុផល​មិនមែន​ជា​លក្ខណៈ​ស្និទ្ធស្នាល​ធម្មតា។
លោក ណុប បាយ៉ារិទ្ធ​បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ថា​៖ «បណ្តា​មិត្តភក្តិ​បងប្អូន​ក្នុង​ហ្វេសប៊ុក​rethfc​ជា​ទី​រាប់អាន​។ មួយ​រយៈ​នេះ​ហ្វេសប៊ុក​របស់​ប្អូនស្រី​ទេព បូព្រឹក្ស​ត្រូវ​ជន​ថោកទាប​តែងតែ​fake​បន្លំ​របស់​នាង​យក​ទៅ​សរសេរ​មិន​ល្អ​ជាច្រើន​ទាក់ទង​នឹង​រឿង​នយោបាយ​និង​រឿង​មិន​ល្អ​ផ្សេង​ៗ​ទៀត​ក្នុង​គោលបំណង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​នាង​»។
ប៉ុន្តែ​តារាចម្រៀង​មុខ​ដូច​កូរ៉េ​លោក ណុប បាយ៉ារិទ្ធ ក៏​បាន​ថ្លែង​ពី​លទ្ធផល​ពោរពេញ​ការ​ជឿជាក់​ទៅ​ឲ្យ​នាង ទេព បូព្រឹក្ស ផង​ដែរ ដោយ​លោក​ប្រាប់​ថា​៖ «ទៅ​មក​ៗ​ដង្កូវ​ចេញ​ពី​សាច់​ឯង​សោះ។ ហាស់​! អាព្រឹក្ស​អើយ​!​សំណាង​ហើយ​អូន​ដែល​ព្រះ​ជួយ​អូន​ឯង​។ បង​រក​មុខ​អា​អ្នក​fake​profile​អូន​ឯង​ចេញ​បាន​ត្រឹម​ក្បាល​ហើយ​។ ល្ងង់​ៗ​ដូច​ពួក​យើង​វា​នឹង​ទៅ​ជា​មនុស្ស​ឆ្លាត​ក្នុង​ថ្ងៃ​១​គឺ​ថ្ងៃ​នេះ។ មកពី​គេ​គិតថា​យើង​ល្ងង់​ពេក​។ គិត​ទៅ​ម្យ៉ាង​ហ្ន​! ធ្វើ​ដើម្បី​សងសឹក​»​។
លោក ណុប បាយ៉ារិទ្ធ បាន​បញ្ជាក់​ថា​៖​«ខ្ញុំ​ទុក​មុខ​ឲ្យ​ទើប​មិន​សរសេរ​ចំ​ឈ្មោះ​ជន​នោះ។​ឲ្យ​ដឹង​ថា​មនុស្ស​យើង​ម្នាក់​ៗ​មិនមែន​ដំឡូងមូល​ទេ»​។
បន្ថែម​លើ​ហេតុផល​នោះ សិស្សច្បង​ដែល​ស្តែង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​មកលើ​សិស្ស​ប្អូន​លើស​ពី​កាយវិការ​រាប់អាន​ធម្មតា​នោះ លោក ណុប បាយ៉ារិទ្ធ ក៏​បាន​លើក​ពី​ហេតុផល​ដែល​បង្ហាញ​ផ្លូវ​ឲ្យ​លោក​មាន​ភាព​ងាយស្រួល​ក្នុង​ការ​តាម​រក​វែក​មុខ​ជន​ខិលខូច​មកលើ​ទេព បូព្រឹក្ស ក្នុង​ពេល​ខ្លី​ដែល​ងាយ​ដូច​គេ​បកចេក​នោះ​លោក​អះអាង​ថា​៖​«​វា​ចម្លែក​ដែរ​ដែល​រឿង​អាក្រក់​វា​មក​ធ្វើ​ដាក់​តែ​ចំពោះ​នាង​តែ​ម្នាក់​គត់​? វា​ហាក់​ដូច​រឹត​តែ​ធ្វើ​ឲ្យ​មិត្តភក្តិ​ក្នុង​ហ្វេសប៊ុក​ដឹងថា​មនុស្ស​ថោកទាប​នោះ​ចង់​បង្ហាញ​ថា​គេ​ជា​សត្រូវ​របស់​នាង​? ហើយ​ក៏​មាន​ន័យថា​ទាល់​តែ​មនុស្ស​ឆ្អិន​នឹង​លេង​ហ្វេសប៊ុក នឹង​អ៊ីនធឺណិត​ទើប​រត់​ទៅ​បង្កើត ​account fake ធ្វើ​ជា​នាង​ពី​១​ទៅ​១​បាន​»។
លោក​បាន​បន្ត​ថា​៖ «តើ​មនុស្ស​មិន​ស្និទ្ធ​គ្នា​ណា​ដែល​សុខ​ៗ​ទៅ​ដឹង​លេខ​ទូរស័ព្ទ​របស់​បូព្រឹក្ស ក្រៅ​ពី​មិត្តភក្តិ​ជិតស្និទ្ធ fans​អ្នក​គាំទ្រ​របស់​នាង​និង​អ្នក​សារព័ត៌មាន​នឹង​មនុស្ស​ដែល​ធ្លាប់​ស្រឡាញ់​នាង​? រឿង​មួយ​នេះ​វា​បាន​ចង្អុល​បង្ហាញ​ឲ្យ​ខ្ញុំ​យល់​បាន​ច្រើន​ថា ជន​នោះ​ជា​នរណា​»​។
លោក ណុប បាយ៉ារិទ្ធ បាន​បញ្ជាក់​ថា​៖ «​កាល​ពី​សប្តាហ៍​មុន​ក្រោយ​ពី​post​រឿង​មិន​ល្អ​ដល់​បូព្រឹក្ស​ហើយ បូព្រឹក្ស​បាន​សម្ភាស​ដល់​វេបសាយ​មួយ​ដើម្បើ​បង្ហាញ​ពី​ការ​ពិត​អំពី​រឿង​នេះ។
account fake ដ៏​ថោកទាប​មួយ​នេះ​វា​ក៏​បាន ​block account ខ្លួន​ឯង​ចោល​ប៉ុន្មាន​ថ្ងៃ​ដើម្បី​សម្ងំ​ទៅ​ប្តូរ​ email ​របស់​វា​ដែល​ប្រើ​ក្នុង ​account fake នោះ​»។ តារា​ដែល​សម្តែង​ភាព​ឈឺឆ្អាល​នឹង​សិស្ស​ប្អូន​រូប​នេះ បាន​ថ្លែង​បន្ថែម​ថា​៖​«វា​គិតខ្លី​ណាស់​ព្រោះ​វា​គិតថា​គេ​មិន​ដឹង។ វា​យក​រឿង​ផ្ទាល់​ខ្លួន​របស់​វា មក​បំផ្លាញ​នាង​ដោយ​យក​រូបភាព​ធ្វើ​ជា fake​account ​របស់​នាង​ហើយ​ប្រើប្រាស់​ក្នុង​ផ្លូវ​នយោបាយ​ក្នុង​បំណង​ចង់​ឲ្យ​នាង​មាន​បញ្ហា និង​ចង់​បំបាក់​ទីផ្សារ​របស់​ទេព បូព្រឹក្ស​»។
លោក​ក៏​បាន​ថ្លែង​ជា​សារ​យ៉ាង​ក្តៅ​ៗ​ទៅ​ឲ្យ​អ្នក​ដែល​មាន​បំណង​មិន​ល្អ​ចំពោះ ទេព បូព្រឹក្ស ផងដែរ ថា​៖ «​សូម​ចាំ​ឲ្យ​ច្បាស់​ថា​សម័យ​នេះ​ខួរក្បាល​មនុស្ស​ឆ្លាត​ខ្លាំង​ជាង​អេឡិចត្រូនិក​ទៅ​ទៀត​ឲ្យ​ដឹង​! ទោះ​អ្នក​ប្រឹង​លាក់​ថា​ខ្លួន​អ្នក​ជា​នរណា​ក៏​គេ​ដឹង​ទោះ​ជា​នៅ​ដល់​អឺរ៉ុប​ក៏​ដោយ​ដឹង​នៅ​?​សូម​ផ្តាំ​ថា​បើ​មិន​បញ្ឈប់​ទេ​គឺ​អ្នក​មិន​រួច​ខ្លួន​ពី​ច្បាប់​ទេ​ទោះ​ជា​អ្នក​នៅ​ដល់​ក្រហែង​មេឃ​ក៏​ដោយ​គិត​ឬ​ថា​គេ​ល្ងង់​? គិត​ឬ​ថា​គេ​រក​មុខ​អ្នក​មិន​ឃើញ​? អ្នក​ចង់​បំផ្លាញ​គេ​ណាស់​មែន​ទេ​មិន​សម្រេច​ទេ ត្រូវ​ចាំ​ថា​កុំ​គិត​ថា​ខ្លួន​ឯង​តែ​ម្នាក់​ដែល​ឆ្លាត​ធ្វើ​មិន​ឲ្យ​គេ​ដឹង​»៕
___________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍