លួច​​លាក់​ ថ្នាំ​​ញៀន​​4​​កញ្ចប់ ​ឱ្យ​​បង​​ជក់​​ ក្នុង​​ពន្ធ​នា​​គារ ប៉ូលិស​​ឆែក​​ ឃើញ​​ជាប់​​ខ្នោះ

7/11/2013 0 Comments A+ a-

ខេត្ដពោធិ៍សាត់ ៖ បុរសម្នាក់បានលួចយកថ្នាំញៀន ទៅឱ្យបងប្អូនដែលកំពុងជាប់ឃុំក្នុង ពន្ធនាគារមណ្ឌលអប់រំកែប្រែទី៤ មានទីតាំងនៅភូមិ ព្រហស្បតិ៍ក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ  ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងចាប់ខ្លួន កាលពីថ្ងៃទី៨ កក្កដា ។ ជនសង្ស័យឈ្មោះ នុយ ចាន់ឌី អាយុ២៨ឆ្នាំមានទីលំនៅភូមិឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាងថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ ទម្ងន់២ជី ហើយបានបញ្ជូនមកកាន់ស្នងការ ដ្ឋាននគរបាលខេត្ដ នៅថ្ងៃទី១០ កក្កដានេះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នុយ ចាន់ឌី បានសារភាពថា បងប្រុសរបស់ខ្លួនឈ្មោះ នុយ ចាន់ដែន អាយុ៣១ឆ្នាំ ជាប់ឃុំជិត៤ឆ្នាំហើយ ពីបទប្លន់នៅភ្នំពេញ ។ ប្រហែលកន្លះឆ្នាំមកនេះ គេបានបញ្ជូនបងរបស់ខ្លួនមកឃុំ នៅមណ្ឌលអប់រំកែប្រែទី៤ ខេត្ដពោធិ៍សាត់ ។ ដោយសារតែបងប្រុសញៀនថ្នាំពីមុនមក ហើយចេះតែទូរស័ព្ទឱ្យខ្លួនរកថ្នាំញៀន មកឱ្យគាត់ជក់ ទើបនៅថ្ងៃទី៨ កក្កដា ខ្លួនបានទិញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ តម្លៃ៣០០ដុល្លារ យកមកឱ្យបងប្រុស ។
លុះពេកចេញមកវិញ ខណៈកំពុងអង្គុយផឹក កាហ្វេនៅម្ដុំផ្សារស្រុកភ្នំក្រវាញ ក៏ត្រូវប៉ូលិសឃាត់ខ្លួនតែម្ដង ។ លោកវរសេនីយ៍ត្រី ស៊ី សាវិន ប្រធានការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀនខេត្ដបានមានប្រសាសន៍ថា ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួន ក្រោយពេលរកឃើញថ្នាំញៀន៤ កញ្ចប់នៅនឹងឈ្មោះ នុយ ចាន់ដែន ដែលជាប់ឃុំក្នុងមណ្ឌល៤ ។ ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ដ នារសៀលថ្ងៃទី១០ កក្កដា ដើម្បីចាត់ការតាមនីតិវិធី ៕

ប្រភព : កោះសន្តិភាព