យន្ដហោះ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​មួយ​គ្រឿង​ បាន​សម្រេច​ការ​ហោះហើរ​ចម្ងាយ​ឆ្ងាយ (VDO)

6/10/2013 0 Comments A+ a-

យន្ដហោះដំបូងគេ ដែលដើរដោយពន្លឺព្រះអាទិត្យ មានឈ្មោះហៅថា សូលាអាមភូល្ស៍ (Solar Impulse) បានត្រឡប់​មក​កន្លែងដើមវិញ នៅក្រុងសាំងល្វី (Saint-Louis) នៃរដ្ឋមីស៊ូរី (Missouri) សហរដ្ឋអាមេរិក នៅថ្ងៃអង្គារកន្លងមកនេះ បន្ទាប់​ពីបានធ្វើការហោះហើរ ដ៏ឆ្ងាយចេញពីក្រុងដាឡាស (Dallas)  នៃរដ្ឋតិចសាសនោះមក។

ក្នុងដំណើរត្រឡប់មកវិញនេះ យន្ដហោះដើរដោយពន្លឺព្រះអាទិត្យ ត្រូវបានកាន់ចង្កូតដោយ អាកាសយានិកលោក ប៊ែរត្រង់ ពីការ (Bertrand Piccard) ជាជនជាតិស្វីសមួយរូប។ យន្ដហោះបានចុះចតដោយសុវត្ថិភាព នៅព្រឹកថ្ងៃអង្គារ ក្នុងក្រុង​សាំងល្វី ហើយនេះជាការហោះហើរសាកល្បងលើកទី៣ហើយ ដែលគេបានបង្ហោះយន្ដហោះ បំពាក់ដោយ​បច្ចេកវិទ្យា​ថ្មីនេះ ឆ្លងកាត់ប្រទេសអាមេរិក ក្នុងចម្ងាយមួយឆ្ងាយជាងគេ ដោយប្រើពេលរហូតដល់២១ម៉ោង។
ពិភពមួយផ្សេងទៀត
ទោះជាមានព្រឹត្តិការណ៍ ព្យុះខ្យល់គួចកើតឡើងនៅ នៅព្រលានយន្ដហោះនៃទីក្រុងសាំងល្វីក៏ដោយ តែពួកអ្នករៀបចំ និង​អ្នកបើកយន្ដហោះស្វីស នៅតែរក្សាជើងហោះហើរសាកល្បងរបស់ខ្លួន ចេញពីរដ្ឋតិចសាសនោះដដែល។ នៅពេល​មក​ដល់​ទីក្រុង​សាំងល្វី លោកប៊ែរត្រង់ អ្នកបើកបរយន្ដហោះនេះ បាននិយាយដោយក្ដីអំណរ ផ្សាយក្នុងគេហទំព័រនៃអ្នករៀបចំ​ការហោះហើរ ថា «ខ្ញុំមានអារម្មណ៍ ដូចទើបនឹងត្រឡប់ ពីពិភពមួយផ្សេងទៀត»។
ការហោះហើរសាកល្បង ត្រូវបានធ្វើក្នុងប្រាំជំហាន ហើយបានចាប់ផ្ដើមជំហានទីមួយតាំងពីខែឧសភាមុន នៅជិត​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៃរដ្ឋកាលីហ្វ័នី (Californie) មុននឹងចេញផ្សាយយកជាការបាន ស្ដីពីបច្ចេកវិទ្យថ្មីមួយ​នេះជាសាធារណៈ។
យន្ដហោះនេះ បំពាក់ដោយប្រដាប់ទទួលពន្លឺព្រះអាទិត្យ ចំនួន ១២០០០បន្ទះ ហើយមានសមត្ថភាពបញ្ចូលភ្លើង​ទៅក្នុង​អាគុយស្ងួត ដែលមានទំងន់៤០០គីឡូក្រាម ដើម្បីបញ្ជាទៅម៉ាស៊ីនប្រតិកម្មទាំងបួនគ្រឿង នៅខាងស្លាបសងខាងរបស់តួ​យន្ដហោះ។ យន្ដហោះទាំងមូលមានទម្ងន់១៦០០គីឡូក្រាម និងមានប្រវែងពីចុងស្លាបម្ខាងទៅម្ខាងទៀត ៦៣,៤ម៉ែត្រ ដែលប្រហាក់ប្រហែលនឹងយន្ដហោះ ប៊ូអីញ ប្រភេទ៧៤៧ (Boeing 747) មួយគ្រឿងដែរ។
សូលាអាមភូល្ស៍ ហោះបានកំពស់ខ្ពស់បំផុត ៨៥០០ម៉ែត្រពីកំពស់ទឹកសមុទ្រ និងមានល្បឿនជាមធ្យម ៧០គីឡូម៉ែត្រ ក្នុង​មួយម៉ោង។ គម្រោងផលិតយន្ដហោះនេះ បានកើតជារូបរាងតាំងពីជាង១០ឆ្នាំមុន ប៉ុន្តែទើបនឹងដាក់ឲ្យហោះ​សាកល្បង​លើកដំបូងគេ នៅខែមិថុនាឆ្នាំ២០០៩។ ក្នុងខណៈនេះ យន្ដហោះត្រូវបានផលិតឡើង សម្រាប់ដាក់បានតែអ្នកបើកបរវា តែម្នាក់ឯងប៉ុណ្ណោះ៕
ខាងក្រោមនេះ ជារូបមួយចំនួនទៀត និងវីដេអូ នៃការហោះហើរនៃយន្ដហោះពិសេសនេះ៖
-----------------------------------------------------------------