គុយបា៖ សេវាកម្ម​ហាង​អាំងធើណែត បើក​ទ្វា​ដំបូង​ទទួល​អតិថិជន

6/10/2013 0 Comments A+ a-

ហាងអាំងធើណែតជាច្រើន បានបើកទ្វាជាបន្តបន្ទាប់ នៅក្នុងប្រទេសគុយបា ដើម្បីអនុញ្ញាតឲ្យប្រជាជនគុយបា អាច​ធ្វើការ​ពីគ្រោះព័ត៌មានបាន តាមរយៈបច្ចេកវិជ្ជាថ្មីស្រឡាងមួយនេះ នៅក្នុងរបបកុម្មុយនីស ដែលមានវ័យចំណាស់​ជាងគេ​ក្នុង​លោក។

ថ្ងៃដំបូង នៃការបើកឲ្យប្រើប្រាស់ នូវសេវាកម្មអាំងធើណែត នៅតាមហាងសាធារណៈ ក្នុងប្រទេសគុយបា។
ហាងអាំងធើណែតប្រមាណជា១០០កន្លែង បានបើកទ្វាទទួលអតិថិជនរបស់ខ្លួន នៅក្នុងក្របខ័ណ្ឌនៃការបើកទូលាយ ក្នុង​វិស័យបច្ចេកវិទ្យា របស់រដ្ឋាភិបាលកុម្មុយនីសនៃប្រទេសគុយបា។ ប៉ុន្តែតម្លៃនៃការភ្ជាប់ក្នុងមួយម៉ោង នៅថ្លៃស្មើ​នឹង​មួយ​ភាគប្រាំ នៃប្រាក់ខែទាបបំផុតរបស់ពលរដ្ឋគុយបាម្នាក់ៗ ដែលវានឹងនៅតែធ្វើឲ្យសេវាកម្មនេះ ស្ថិតនៅឆ្ងាយពីអ្នកដែល​ចង់​សិក្សាស្រាវជ្រាវ ឬចង់ពិគ្រោះព័ត៌មានអ្វីមួយនោះនៅឡើយ។
សិល្បករមួយរូបរស់នៅក្នុងទីក្រុងឡាហាវ៉ាន (LaHavane) អាយុ៣៨ឆ្នាំ បាននិយាយថា «ជាលទ្ធភាពដ៏ធំមួយ។ វានៅ​តិច​តួច​ណាស់ ក្នុងពេលនេះ តែយ៉ាងហោចណាស់ វាគ្រាន់បើជាងអត់។»
ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងបែបណាក៏ដោយ នៅថ្ងៃអង្គារទី០៤ខែមិថុនា (ថ្ងៃដែលសេវាកម្មតាមហាងនេះ ត្រូវបានបើក​អោយមានប្រើប្រាស់ដំបូង ជាសាធារណៈ) មនុស្សម្នាបានទៅឈរតម្រៀបជួរគ្នា ដើម្បីបានភ្លក្ស​ពី«ការភ្ជាប់អាំងធើណែត»​នៅតាមហាងដ៏ថ្មីស្រឡាង ផ្ដល់ដោយក្រុមហ៊ុនជាតិទូរគមនាគមន៍នៃប្រទេសគុយបា។ អ្នកខ្លះបានបើក​ជាបន្ទាន់នូវ​ប្រអប់​ទូរសារផ្ទាល់ខ្លួនមួយ ដើម្បីអាចបញ្ជូន ឬទទួលសារ ដែលពួកគេគិតថាចាំបាច់ ក្នុងការទាក់ទងគ្នា និងខ្លះទៀតបាន​ទាញ​យកកម្មវិធីជាច្រើន ដូចជាពីគេហទំព័រយ៉ាហូ (Yahoo) ជាដើម ដើម្បីដាក់បញ្ជូលក្នុងម៉ាស៊ីនកំព្យូទ័រ ទុកជាការប្រើប្រាស់​ជាប្រចាំ។
វេជ្ជបណ្ឌិតមួយរូប អាយុ៣៣ឆ្នាំ ដែលទើបនឹងពិគ្រោះគេហទំព័រមួយនោះ ក៏បាននិយាយឡើងដែរថា «សម្រាប់យើង ជា​សេវាកម្មមួយ ដែលអនុញ្ញាតឲ្យប្រើអាំងធើណែត និងដឹងពីព័ត៌មានជាច្រើន ដែលពិមុនមក យើងមិនដែលបាន​ដឹង​ទាល់​តែសោះ»។
តាមស្ថិតិចុងក្រោយគេបង្អស់របស់រដ្ឋាភិបាល នៅក្នុងប្រទេសដែលបិតជើងមេឃជិតឈឹងនេះ ប្រជាជនតែ២​,៩%ប៉ុណ្ណោះ ដែលអាចទទួលសេវាកម្មភ្ជាប់ទៅអាំងធើណែត។ តែអ្នកវិភាគបានរំពឹងថា បើនិយាយពីការចង់ចេះចង់ដឹងរបស់ពលរដ្ឋ តួលេខស្ថិតិអាចមានចំនួនពី៥ទៅ១០%  បៀបធៀបទៅនឹងតួលេខមួយចំនួនធំ ដែលទូរស័ព្ទដែលភ្ជាប់​ទៅអាំងធើណែត​បាន ត្រូវគេលួចលក់នៅលើទីផ្សារងងឹត។
ប៉ុន្តែតម្លៃភ្ជាប់សេវាកម្ម ៤,៥ដុល្លាអាមេរិក ក្នុងមួយម៉ោង ជាតម្លៃដ៏ខ្ពស់មួយ សម្រាប់ជនជាតិគុយបា ដែលរកបានតែ​២០​ដុល្លាក្នុងមួយខែ។ ក្នុងឆ្នាំ២០០៨ នៅពេលដែលមានការអនុញ្ញាតិ ឲ្យប្រើប្រាស់ទូរស័ព្ទដៃដែលភ្ជាប់ទៅអាំងធើណែតបាន ជាលើកដំបូង គេត្រូវចំណាយរហូតដល់ទៅ១០០ដុល្លា ដើម្បីបើកគណនីអាំងធើណែតមួយបាន។ តែនៅថ្ងៃនេះ គេ​ចំណាយតែ១៥ដុល្លាប៉ុណ្ណោះ ហើយបើតាមស្ថិតិឆ្នាំ២០១១ បានឲ្យដឹងថា ប្រជាជនគុយបាចំនួនជាងមួយលាននាក់ មានទូរស័ព្ទដៃប្រើ។
ការភ្ជាប់ទៅបណ្ដាញអាំងធើណែត នៅជាចំណោទខាងនយោបាយមួយ យ៉ាងខ្លាំងនៅឡើយ ក្នុងប្រទេសកុម្មុយនីស​មួយ​នេះ។ ក្រុមអ្នកប្រឆាំង បានចោទរដ្ឋាភិបាលលោក រ៉ូល កាស្ត្រូ (Raul Castro) ថាបានមានបំណងដាក់កំហិត​ការភ្ជាប់​ទៅ​អាំងធើណែត ដើម្បីងាយស្រួល ក្នុងការឃ្លាំមើលប្រជាជន។ តែខាងរដ្ឋាភិបាល បានអះអាងថា ជាបញ្ហាបច្ចេកទេស​ទាំង​ស្រុង ព្រោះហេត្ថារចនាសម្ព័ន្ធ នៅមិនទាន់មានបំពាក់គ្រប់គ្រាន់នៅឡើង សម្រាប់ដាក់ឲ្យដំណើរការ នូវសេវាកម្មដ៏ថ្មី​ស្រឡាង​នេះ៕